តើ​រដ្ឋាភិបាល​ត្រូវ​ទទួល​ខុសត្រូវ​អ្វីខ្លះ ដើម្បី​ដោះស្រាយ​បញ្ហា​បំណុល​ពលរដ្ឋ?

ដោយ សុជីវី
2020-03-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទីស្នាក់ការ​កណ្ដាល​របស់​ធនាគារ​អេស៊ីលីដា។
ទីស្នាក់ការ​កណ្ដាល​របស់​ធនាគារ​អេស៊ីលីដា។
Photo courtesy of acledabank.com.kh

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម និង​អ្នក​នយោបាយ​ថា​រដ្ឋាភិបាល​មាន​តួនាទី​ជួយ​ដល់​ធនាគារ និង​ស្ថាប័ន​មីក្រួ​ហិរញ្ញវត្ថុ​ក្នុង​ករណី​ពលរដ្ឋ​គ្មាន​លទ្ធភាព​សង​បំណុល​ទាន់​ពេល​វេលា។

កូន​បំណុល​ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​កំពុង​បារម្ភ​ថា ពួកគេ​នឹង​គ្មាន​ប្រាក់​សង​ត្រឡប់​ទៅ​ម្ចាស់​បំណុល​វិញ​ឡើយ ដោយសារ​តែ​ប្រាក់​ចំណូល​ធ្លាក់​ចុះ ឬ​គ្មាន​ប្រាក់​ចំណូល​តែ​ម្ដង ដោយសារ​វិបត្តិ​កូវីដ​១៩​(CVID-19) ដែល​នឹង​រុញច្រាន​អោយ​រាំង​ស្ទះ​អាជីវកម្ម​គ្រប់​ប្រភេទ និង​បាត់បង់​ការងារ។

ទោះ​បី​យ៉ាង​ណា​ធនាគារ​ជាតិ​បញ្ជាក់​ថា​ការសម្រេច​ថា​ផ្ដល់​ការ​ពន្យារ​ការ​បង់​ត្រឡប់ ឬ​បញ្ចុះ​ការប្រាក់​គឺ​ជា​សិទ្ធិ​សម្រេច​របស់​ស្ថាប័ន​ផ្ដល់​ប្រាក់​កម្ចី​ឯកជន។

ចំពោះ​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម និង​អ្នកនយោបាយ​លើក​ឡើង​ថា​រដ្ឋាភិបាល​ត្រូវ​ទទួល​ខុសត្រូវ​ជួយ​ទៅ​ដល់​ស្ថាប័ន​ធនាគារ​ពាណិជ្ជ និង​មីក្រូហិរញ្ញវត្ថុ​ក្នុង​ស្ថានភាព​អាសន្ន​បែបនេះ។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​អោយ​ដឹង​ថា ការពឹងផ្អែក​តែ​ទៅ​លើ​សិទ្ធិ​សម្រេច ឬ​ឆន្ទៈ​របស់​ធនាគារ​ពាណិជ្ជ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​អោយ​ផ្ដល់​ការ​ពន្យារ​ពេល​សង​ត្រឡប់​អោយ​ពលរដ្ឋ​ជា​កូន​បំណុល ឬ​បន្ធូរ​បន្ថយ​ការប្រាក់​នោះ​គឺ​ជា​រឿង​ពិបាក​នឹង​ទៅ​រួច ព្រោះ​ស្ថាប័ន​ទាំងនេះ​ត្រូវការ​ទុន​បង្វិល​សង​ទៅ​ម្ចាស់​បំណុល​វិញ​ដែរ។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក បណ្ឌិត មាស នី អោយ​ដឹង​ថា​រដ្ឋាភិបាល​គឺ​ជា​អ្នក​ទទួល​ខុសត្រូវ​ធំជាង​គេ​ក្នុង​ស្ថានភាព​អាសន្ន​នេះ​គឺ​ត្រូវ​បញ្ចេញ​ថវិកា​ជាតិ​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ទាន់​ពេលវេលា គឺ​មិន​គួរ​បណ្ដែតបណ្ដោយ​តទៅ​ទៀត​ទេ។ ប្រសិន​បើ​ស្ថាប័ន​ធនាគារ​ពាណិជ្ជ និង​មីក្រូហិរញ្ញវត្ថុ​មិន​អាច​ប្រមូល​ប្រាក់​មកវិញ​ទេ ស្ថាប័ន​ទាំងនោះ​អាច​ប្រឈម​នឹង​ដួល​រលំ ដែល​នឹង​ប៉ះពាល់​ដល់​វិស័យ​សេដ្ឋកិច្ច​ជាតិ​ធ្ងន់ធ្ងរ៖ «មែនទែន​ទៅ​ប្រៀប​ដូច​ជា​រដ្ឋ​ហ្នឹង ចេញ​លុយ​កញ្ចប់​លុយ យក​ទៅ​ទប់​នៅ​ក្នុង​អំឡុង​ពេល​ដែល​កុំ​ឱ្យ​ពលរដ្ឋ​សង ដើម្បី​ការពារ​កុំ​ឱ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ​ហ្នុង​ត្រូវ​ដួល​រលំ កាលណា​ដួល​រលំ​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​ហ្នុង​គឺ​ស្មើនឹង​ដួល​រំលំ​សេដ្ឋកិច្ច​ជាតិ។ នៅ​ក្នុង​ស្ថានភាព​សាកល​បែប​នេះ ខ្ញុំ​គិត​ថា​លទ្ធភាព​នៃ​ការ​ជួយ គឺ​វា​អាស្រ័យ​ទៅ​លើ​លទ្ធភាព​ និង​ធនធាន ដែល​រដ្ឋ​នីមួយៗ មាន។ ប្រទេស​គេ​ដទៃ​ដូច​សហរដ្ឋ​អាមេរិក​គេ​ត្រៀម​ដល់​ទៅ ៣ពាន់​ពាន់​លាន​ដុល្លារ ឬ ៣ទ្រីលាន​សម្រាប់​ជួយ​សង្គ្រោះ​ស្ថានភាព​បែប​ហ្នឹង»

លោក បណ្ឌិត មាស នី បន្ត​ថា ចំណែក​ធនាគារ​កណ្ដាល ឬ​ធនាគារ​ជាតិ​ក៏​ត្រូវ​មាន​ចំណែក​ចូលរួម​ដោះស្រាយបញ្ហា​ថវិកា​នេះ​ដែរ៖ «អ៊ីចឹង​ហើយ​បាន​ជា​ក្នុង​ប្រទេស​នីមួយៗ នៅ​ពេល​ដែល​យើង​បង្កើត​ស្ថាប័ន​ក៏​ដោយ ឬ​ក៏​ធនាគារ​ឯកជន​ក៏​ដោយ គឺ​ត្រូវ​តែ​មាន​លុយ​តម្កល់​ទុក​នៅ​ធនាគារ​កណ្ដាល ដូច្នេះ​ក្នុង​ស្ថានភាព​បែបនេះ​ធនាគារ​កណ្ដាល​ត្រូវ​តែ​មាន​តួនាទី​មួយ​ក្នុង​ការ​បង្វិល​លុយ​ទាំង​អស់​ហ្នុង​ ដើម្បី​មក​គាំទ្រ​ដល់​ធនាគារ​ឯកជន ឬ​ធនាគារ​ផ្ដល់​ប្រាក់​កម្ចី​វិញ​នៅ​ក្នុង​អំឡុង​ពេល​អ្នក​សង​មិនទាន់​មាន​លទ្ធភាព​សង​បាន»

ធនាគារ​ជាតិ​នៃ​កម្ពុជា​កាលពី​ថ្ងៃ​ទី១៧ ខែ​មីនា បាន​ចេញ​គោលការណ៍​៥​ចំណុច ដែល​និយាយ​ច្រើន​ពី​បច្ចេកទេស​ក្នុង​ផ្នែក​ធនាគារ និង​ការ​ផ្ដល់​ឥណទាន ឬ​កម្ចី​មាន​ការ​ប្រាក់ ដែល​ស្ថាប័ន​នេះ​ចាត់​ទុក​ថា​ជា​ការ​ជួយ​ទៅ​ដល់​ស្ថាប័ន ដែល​ផ្ដល់​កម្ចី​នៅ​ក្នុង​បរិបទ​ប្រឈម​នឹង​បញ្ហា​រីក​រាល​ដាល​ជំងឺ​កូវីដ១៩។ ក្នុង​នោះ​រួម​មាន​រក្សា​កម្រិត​ទ្រនាប់​ដើម​ទុន​ត្រឹម ៥០ភាគ​រយ កាត់​បន្ថយ​ការ​ប្រាក់​អប្បបរមា​ចំនួន ០,៥ភាគ​រយ ចំពោះ​ប្រតិបត្តិការ​កម្រិត​ទិញ​លក់​ទ្រព្យ​សកម្ម កាត់​បន្ថយ​ការ​ប្រាក់​លើ​មូលបត្រ​អាច​ជួញដូរ​បាន​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​បម្រុង​មក​នៅ​ត្រឹម ៧ភាគ​រយ​រយៈ​ពេល ៦ខែ​ជា​ដើម។

អគ្គនាយក​នៃ​ធនាគារ​ជាតិ​អ្នកស្រី ជា សេរី បាន​សរសេរ​ពន្យល់​នៅ​លើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ថា​វិធានការ​ទាំងនេះ​មាន​គោល​បំណង​បន្ធូរ​បន្ថយ​ថ្លៃដើម​នៃ​ដើមទុន​របស់​គ្រឹះស្ថាន ដើម្បី​ឲ្យ​ស្ថាប័ន​ទាំងនោះ​បន្ត​ផ្ដល់​ឥណទាន​ក្នុង​តម្លៃ​ទាប​ដល់​អតិថិជន និង​មាន​សាច់​ប្រាក់​ច្រើន​ក្នុង​ដៃ​ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ការសម្រេច​ចិត្ត​ពន្យារ​ពេល​សង​របស់​ស្ថាប័ន​ទាំង​នោះ។ ជាមួយគ្នា​នេះ​អ្នកស្រី​បញ្ជាក់​ថា ការ​ត្រូវ​ផ្ដល់​ការ​ពន្យារ ឬ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់ គឺ​ជា​សិទ្ធិ​របស់​វិស័យ​ឯកជន។ អ្នកស្រី​សរសេរ​បន្ត​ថា​នៅ​បរទេស​គេ​ធ្វើ​បាន ព្រោះ​រដ្ឋ​គេ​ចេញ​ខាត​ជំនួស​តាម​រយៈ​ការ​មិន​យក​ពន្ធ​ ឬ​វិធានការ​ផេ្សងៗ។ អ្នកស្រី​លើកឡើង​ទៀត​ថា​យើង​អាច​បង្ខំ​ឲ្យ​ធនាគារ​ធ្វើ​បាន​លុះ​ត្រា​តែ​ធនាគារ​ទទួល​ផលប្រយោជន៍​អី្វ​មួយ​ពី​រដ្ឋ​វិញ។

អ្នក​ជំនាញ​ផ្នែក​កសិកម្ម ការ​ផ្ដល់​ប្រាក់​កម្ចី​ទៅ​អោយ​កសិករ និង​ជា​ស្ថាបនិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​លោក យ៉ង សាំងកុមារ ថ្លែង​ថា​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ត្រូវ​ការ​ទុន​បង្វិល​សម្រាប់​សង​ទៅ​ម្ចាស់​បំណុល​ផង សង​ការ​ប្រាក់​ទៅ​ម្ចាស់​ប្រាក់​បញ្ញើ​ផង និង​ប្រាក់​ចំណាយ​សម្រាប់​ប្រតិបត្តិ​ការងារ​ទាំងឡាយ​របស់​ស្ថាប័ន​នីមួយៗ​ផង។ លោក​ថា​ប្រសិន​បើ​ស្ថាប័ន​ទាំងនោះ​មិន​ទទួល​បាន​ប្រាក់ ដែល​កូន​បំណុល​ត្រូវ​សង​ត្រឡប់​មក​វិញ​ទេ នោះ​រដ្ឋាភិបាល​ត្រូវ​ធានា​គាំទ្រ​ទៅ​ដល់​ស្ថាប័ន​ទាំង​នោះ​នៅ​កម្រិត​ណា​មួយ៖ «ទន្ទឹម​ហ្នឹង​រដ្ឋាភិបាល​ត្រូវ​ជួយ​ដល់​គាត់​ដែរ។ ត្រូវ​តម្រូវ​ឱ្យ​គាត់​ធ្វើ​ ប៉ុន្តែ​ត្រូវ​តែ​មាន​វិធានការ​ជួយ​សម្រួល​ដល់​ពួកគាត់​​ក្នុង​ការ​ទប់​ចរន្ត​សាច់​ប្រាក់​ដើម្បី​អោយ​ពួកគាត់​អាច​មាន​លុយ​បើក​ប្រាក់ខែ បើក​អី ចំណាយ​ផ្សេងៗ។ អ៊ីចឹង​អ្វី​ដែល​ធនាគារ​ជាតិ​ដាក់​វិធានការ​ចំនួន ៥ចំណុច​ហ្នឹង ថែម​នឹង​ប៉ុន្មាន​ចំណុច ​ដែល​ខ្ញុំ​បាន​លើក​អម្បាញ់មិញ​ហ្នឹង បូក​នឹង​ការ​ដាក់​កម្រិត​បន្ថែម​ពី​រដ្ឋាភិបាល​ហ្នឹង​អោយ​មាន​ការ​ផ្អាក​នូវ​ការ​បង់​រំលស់​ក្នុង​រយៈ​ពេល​ណា​មួយ អាច​ថា រយៈ​ពេល ៣ខែ។ អីចឹង ហ្នឹង​គឺ​អាច​ធ្វើ​បាន​ហើយ​អត់​អី​ទេ»

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ឆ្លើយតប​នឹង​ធនាគារជាតិ​ដែរ​ដោយ​ស្នើ​បន្ថែម​នូវ​វិធានការ​៣ចំណុច​ទៀត​គឺ​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​លើ​ប្រាក់​ចំណូល ប្រាក់​ចំណេញ និង​លើ​ការ​បង់​អាជ្ញាប័ណ្ណ ធនាគារ​ជាតិ​គួរ​ផ្ដល់​លុយ​បន្ថែម​ដល់​ធនាគារ​ឯកជន និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ជា​កម្ចី​ការ​ប្រាក់​ទាប ឬ​គ្មាន​ការប្រាក់ និង​ត្រូវ​ធានា ចំពោះ​ពលរដ្ឋ​ដែល​យក​ប្រាក់​ទៅ​ផ្ញើ​កុំ​ឱ្យ​មាន​ការ​បារម្ភ។

ចំណែក​អ្នក​ឯកទេស​ហិរញ្ញ​វត្ថុ និង​កិច្ចការ​វិនិយោគ លោក ង៉ែត ជូ មើល​ឃើញ​ថា​វិធានការ​របស់​ធនាគារ​ជាតិ​អាច​ជួយ​បាន​មួយ​ផ្នែក​ទៅ​ដល់​ស្ថាប័ន​ផ្ដល់​ប្រាក់​កម្ចី​ទាំងឡាយ។ ប៉ុន្តែ​លោក​ក៏​មើល​ឃើញ​ថា​ធនាគារ​ជាតិ ឬ​ធនាគារ​កណ្ដាល​ហាក់​មិន​មាន​លទ្ធភាព​លើស​ពី​នេះ​ទេ ដើម្បី​ជួយ​ទៅ​ដល់​ស្ថាប័ន​ផ្ដល់​ប្រាក់​កម្ចី។ ចំណែក​ការពឹងផ្អែក​លើ​ជំនួយ​ពី​រដ្ឋាភិបាល​ក៏​លោក ង៉ែត ជូ គិត​ថា​ជា​ការ​លំបាក​ដែរ​ព្រោះ​រដ្ឋាភិបាល​ក៏​ទំនង​ជា​មាន​លទ្ធភាព​តិចតួច​ដែរ។ លោក​ថា​ដំណោះស្រាយ​មួយ​ដែល​អាច​ធ្វើ​បាន​គឺ​ត្រូវ​មាន​ការពិភាក្សា​គ្នា​រវាង​រដ្ឋាភិបាល ធនាគារ​កណ្ដាល និង​ស្ថាប័ន​សាមី ដើម្បី​ដោះ​ស្រាយ​បញ្ហា​ចំពោះ​មុខ៖ «ទាមទារ​អោយ​មាន​ការ​យោគយល់​អធ្យាស្រ័យ​គ្នា ហើយ​ប្រឹង​អោយ​អស់​លទ្ធភាព។ អតិថិជន ដែល​មាន​លទ្ធភាព​បន្ត​បង់ អតិថិជន​ដែល​មាន​លទ្ធភាព​ខ្លះ​បន្ត​បង់​ខ្លះ ចំណែក​អតិថិជន ដែល​គ្មាន​លទ្ធភាព​បង់​សោះ គឺ​ជា​ករណី​ដាច់​ដោយ​ឡែក»

ប្រធាន​ចាត់ការ​ទូទៅ​នៃ​សមាគម​ធនាគារ​លោក ហេង កូយ ប្រាប់​អាស៊ី​សេរី​តាម​សារ​អេឡិចត្រូនិច​នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា​ថា ទាំង​ស្ថាប័ន​ធនាគារ​ពាណិជ្ជ និង​មីក្រូហិរញ្ញវត្ថុ​​នៅ​មិនទាន់​មានការ​សម្រេច​យ៉ាង​ណា​នៅ​ឡើយ​ទេ ចំពោះ​បញ្ហា​បំណុល​ពលរដ្ឋ​នេះ។ បើ​ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​បញ្ជាក់​ថា ស្ថាប័ន​ផ្ដល់​កម្ចី​ទាំងនេះ​ប្រកាន់​ជំហរ​អនុវត្ត​តាម​វិធានការ​រដ្ឋាភិបាល ធនាគារ​កណ្ដាល និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ។ នៅ​ក្នុង​ន័យ​នេះ​ស្ថាប័ន​ទាំងនេះ​ទំនង​រង់ចាំ​មើល​ជំនួយ​ថវិកា​ពី​រដ្ឋាភិបាល​ដែរ ដោយ​សំអាង​ថា​ពួក​គេ​មាន​កាតព្វកិច្ច​សំខាន់​ក្នុង​ការ​ថែ​រក្សា​ប្រាក់​បញ្ញើ​សន្សំ របស់​អ្នក​ផ្ញើ​ប្រាក់ ដូចនេះ​ធនាគារ និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ក៏​ជា​កូនបំណុល​របស់​ម្ចាស់​ប្រាក់​បញ្ញើ​ដែរ និង​ត្រូវ​ទទួល​ខុស​ត្រូវ ចំពោះ​អ្នក​ផ្ដល់​ប្រាក់​កម្ចី​​ ទាំង​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស ដែល​ត្រូវ​គោរព​រាល់​​លក្ខខណ្ឌ​នៃ​ប្រាក់​កម្ចី​ទាំង​នោះ រួម​ទាំង​ធានា​ឲ្យ​បាន​នូវ​និរន្តរ​ភាព​អាជីវកម្ម និង​ទទួលខុស​ត្រូវ​ចំពោះ​កម្មករ​និយោជិត​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​ផ្នែក​នេះ​ផង​ដែរ។

លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៩ មីនា បាន​ណែនាំ​អោយ​ធនាគារ និង​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ពិចារណា​បន្ធូរបន្ថយ​លក្ខខណ្ឌ​នៃ​ការ​សង​ត្រឡប់​ទៅ​ស្ថាប័ន​ទាំង​នោះ​វិញ ចំពោះ​កម្មករ ដែល​ជួប​បញ្ហា​ដូចជា​រោងចក្រ​បិទ​បណ្ដោះអាសន្ន ឬ​ព្យួរ​ការងារ។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​មក​ដល់​ពេល​នេះ​ពុំ​មាន​ចម្លើយ​ពី​ស្ថាប័ន​ទាំងនេះ​ថា នឹង​ចាប់​ផ្ដើម​ផ្ដល់​ការ​ពន្យារ ឬ​បន្ធូរ​បន្ថយ​យ៉ាង​ណា​ដល់​កម្មករ​នៅ​ឡើយ បើ​ទោះ​ជា​មក​ដល់​ពេល​នេះ​សារ​ព័ត៌មាន​ក្នុង​ស្រុក​បាន​រាយការណ៍​ថា យ៉ាង​ហោច ក៏​មាន​រោងចក្រ​ចំនួន ៥០ បាន​ដាក់​ពាក្យ​សុំ​ព្យួរ​ការងារ​កម្មករ​ក្នុង​វិស័យ​កាត់ដេរ។ លើស​ពី​នេះ​ក្រុម​អ្នកធ្វើ​ការ​ក្នុង​វិស័យ​សេវាកម្ម​កម្សាន្ត និង​ភាពយន្ត​កំពុង​បាត់បង់​ចំណូល ដោយសារ​រដ្ឋាភិបាល​តម្រូវ​ឱ្យ​បិទ​សេវាកម្ម​ផ្នែក​នេះ​បណ្ដោះអាសន្ន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ១៩។ សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា​បញ្ជាក់​ថា ការ​ផ្អាក​ការងារ​ក្នុង​ផ្នែក​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​អ្នកធ្វើការ ប្រមាណ​៨​ម៉ឺន​នាក់ នៅ​ទូទាំង​ប្រទេស​ដែល​ភាគច្រើន​ជា​ស្ត្រី។ ទាំងនេះ​នៅ​មិន​ទាន់​រាប់​បញ្ចូល​ដល់​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​ទេសចរណ៍ សណ្ឋាគារ អាជីវកម្ម​ខ្នាត​តូច និង​មធ្យម​គ្រប់​ប្រភេទ កសិករ​ និង​អ្នកធ្វើ​ការ​ទាំង​ក្នុង ​និង​ក្រៅ​ប្រព័ន្ធ​ជា​ច្រើន​ទៀត ដែល​កំពុង​រង​ផល​ប៉ះពាល់​ធ្វើ​ឱ្យ​បាត់​បង់​ប្រាក់​ចំណូល​ដោយសារ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩ នេះ។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ដែល​ជា​អ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​នោះ​លើកឡើង​ដែរ​ថា​រដ្ឋ​គួរ​មាន​វិធានការ​ផ្អាក​ការ​ទារ​បំណុល​ពី​ពលរដ្ឋ​ក្នុង​គ្រា​អាសន្ន​នេះ៖ «ប៉ុន្តែ​ទន្ទឹម​នឹង​ស្បៀង​នេះ យើង​ត្រូវ​មើល​បញ្ហា​ប្រជា​ពលរដ្ឋ​មាន​អ្វី​ដែល​ចាំបាច់ ដូច​ជា បំណុល បើ​មិន​សង​បំណុល​ឲ្យ​ធនាគារ សហគ្រាស​អី មីក្រូ​ហិរញ្ញវត្ថុ​នោះ គេ​មក​រឹបអូស​ផ្ទះ កំពុង​តែ​ភ័យ​ខ្លាច​ស្លាប់ កំពុង​តែ​ជួប​ប្រទះ​ជីវភាព​រស់​នៅ​ខ្លាច​ដាច់​បាយ ស្រាប់​តែ​គេ​មក​រឹបអូស​ផ្ទះ រឹប​អូស​ដី​ធ្លី។ ដូច្នេះ​ហើយ​បាន​ត្រូវ​ចាត់​វិធានការ​ថា ផ្អាក​ឲ្យ​ធនាគារ អង្គការ​ទាំង​អស់​ហ្នុង ផ្អាក គឺ​ប្រាប់​ប្រជាពលរដ្ឋ​ទៅ​ថា ក្នុង​គ្រា​អាសន្ន ដែល​ប្រជា​ពលរដ្ឋ​ជួប​ការ​លំបាក មិន​ដឹង​ស្លាប់ មិន​ដឹង​រស់​នេះ មិន​ចាំបាច់​បង់​ការ​ប្រាក់ មិន​ចាំបាច់​សង​បំណុល​ទេ»

លោក ហ៊ុន សែន ធ្លាប់​ប្រកាស​ថា​កម្ពុជា​បាន​ត្រៀម​ថវិកា ៨០០លាន​ដុល្លារ​សម្រាប់​ទប់ទល់​វិបត្តិ​កូវីដ​១៩ ប្រសិនបើ​អូស​បន្លាយ​រយៈ​ពេល ៦ខែ និង ២ពាន់​លាន​សម្រាប់​រយៈ​ពេល​មួយ​ឆ្នាំ។

លោក បណ្ឌិត មាស នី មើល​ឃើញ​ថា​ប្រសិន​បើ​រដ្ឋាភិបាល​ពិតជា​មាន​ប្រាក់​ទាំង​នេះ​មែន​គឺ​គួរតែ​ដល់​ពេល​យក​មក​ប្រើប្រាស់​ដោះ​ស្រាយ​បញ្ហា​បំណុល​ពលរដ្ឋ​នេះ​ហើយ បើពុំនោះសោត​រដ្ឋាភិបាល​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់​ទំនុក​ចិត្ត៖ «បាទ​ដល់​ពេល​មាន​អាសន្ន​មក យើង​មិន​ដឹង​ថា ចាប់​អី​យក​អី ហើយ​ហ្នឹង​ជា​កំណត់​ត្រា​មួយ​ដែល​បង្ហាញ​ពី​សមត្ថភាព​របស់​រដ្ឋាភិបាល​ដែរ នៅ​ក្នុង​ការ​គ្រប់គ្រង​ប្រទេស​មួយ ប្រសិន​បើ​ក្នុង​ករណី​អាសន្ន​នេះ​យើង​ដោះ​ស្រាយ​មិន​រួច​ទេ​ ហើយ​យើង​ធ្វើ​ឱ្យ​ប្រទេស​យើង​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​មួយ​ជាន់​ទៀត​ នេះ​ជា​វាសនា​អាក្រក់​មួយ​របស់​ពលរដ្ឋ​ខ្មែរ»

របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ​លីកាដូ និង​សមាគម​ធាង​ត្នោត កាល​ពី​ឆ្នាំ២០១៩ រក​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ជិត ២លាន ៤សែន​គ្រួសារ កំពុង​ជំពាក់​បំណុល​មីក្រូ​ហិរញ្ញវត្ថុ ដែល​គិត​ជា​ប្រាក់​សរុប​ស្មើ​នឹង​ប្រមាណ​ជាង ៨ពាន់​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ឆ្នាំ២០១៨។ ក្នុង​នោះ​គិត​ជា​មធ្យម ពលរដ្ឋ​ក្នុង​មួយ​គ្រួសារ​អាច​ជំពាក់​បំណុល​រហូត​ដល់​ទៅ​ជិត ៣ពាន់ ៤រយ​ដុល្លារ​អាមេរិក។ ចំណែក​របាយការណ៍​របស់​ធនាគារ​ជាតិ​ឱ្យ​ដឹង​ថា គិត​ត្រឹម​ដំណាច់​ឆ្នាំ ២០១៩ ផលប័ត្រ​ឥណទាន ឬ​ប្រាក់​កម្ចី​ផ្ដល់​ឱ្យ​កូន​បំណុល​សរុប​ប្រមាណ ៣២ពាន់​លាន​ដុល្លារ​អាមេរិក។

បើ​ទោះ​ជា​យ៉ាង​ណា​ក្នុង​ស្ថានភាព ដែល​កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នេះ​ទាំង​អ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ ទាំង​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​ស្នើ​រដ្ឋាភិបាល​ប្រឹងប្រែង​ទប់ស្កាត់​ការ​រាល​ដាល​ជំងឺ​កូវីដ១៩ ឱ្យ​បាន​ត្រឹម​ត្រូវ និង​ទាន់​ពេល​វេលា ដើម្បី​បញ្ចៀស​ស្ថានការណ៍​អាក្រក់ ដែល​ធ្វើ​ឱ្យ​កម្ពុជា​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល