អង្គការ​លីកាដូ​បង្ហាញ​វីដេអូ​ស្ដីពី​បំណុល​មីក្រូហិរញ្ញវត្ថុ​នាំ​ឱ្យ​មានការ​ចំណាកស្រុក

ដោយ ជាតិ ចំណាន
2020-05-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
​របាយការណ៍​របស់​អង្គការ​លីកាដូ (Licadho) ចេញ​ផ្សាយ​ដើមខែ​ឧសភា ឆ្នាំ​២០២០។
​របាយការណ៍​របស់​អង្គការ​លីកាដូ (Licadho) ចេញ​ផ្សាយ​ដើមខែ​ឧសភា ឆ្នាំ​២០២០។
Screenshot

អង្គការ​លីកាដូ ផ្សព្វផ្សាយ​វីដេអូ​មួយ​ស្ដីពី​បំណុល​មីក្រូហិរញ្ញវត្ថុ ជំរុញ​ឱ្យ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​ចំណាកស្រុក​ឆ្លងដែន រក​ការងារ​ធ្វើ​ដើម្បី​ដោះ​បំណុល​នោះ​។ អំឡុង​ពេល​រីក​រាលដាល នៃ​ជំងឺ​កូវីដ-១៩​នេះ ពលរដ្ឋ​កំពុង​ព្រួយបារម្ភ​គ្មាន​លទ្ធភាព​សងបំណុល​ទាំងនោះ​បន្ត​ទៀត ដែល​ទាមទារ​ឱ្យ​មានការ​ជួយ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ជាបន្ទាន់​។ ចំណែក​អ្នកនាំពាក្យ​រដ្ឋាភិបាល​អះអាង​ថា រដ្ឋាភិបាល មិន​អាច​ដោះស្រាយ​តាម​ការ​ត្អូញត្អែរ​របស់​ប្រជាពលរដ្ឋ​បាន​ទេ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​(LICADHO) លោក អំ សំអាត មាន​ប្រសាសន៍ថា ការ​ចេញ​ផ្សាយ​វីដេអូ​នេះ គឺជា​ការ​រម្លឹក​ដល់​ភាគី​ពាក់ព័ន្ធ​ជាពិសេស​រដ្ឋាភិបាល និង​ស្ថាប័ន​មីក្រូហិរញ្ញ​វត្ថុ ពិចារណា​អនុគ្រោះ​បន្ថែម​ទៀត​ដល់​ពលករ​ចំណាកស្រុក​ដែល​ជំពាក់​បំណុល។ លោក អំ សំអាត ពិនិត្យ ឃើញ​ថា បច្ចុប្បន្ន​នេះ មាន​កម្មករ​ប្រមាណ​ជាង​៩​ម៉ឺន​នាក់​ត្រឡប់ ពី​ប្រទេស​ថៃ​មក​កម្ពុជា​វិញ ដោយសារ​ពួកគេ កំពុង​រងគ្រោះ​បាត់បង់​ការងារ​ធ្វើ​បង្កឡើង​ជំងឺ​កូវីដ-១៩ ហើយ​ពួកគេ កំពុង​ព្រួយបារម្ភ​គ្មាន​លទ្ធភាព​សងបំណុល​ទាំងនោះ​បន្ត​ទៅ​ទៀត៖ «ការ​ព្រយ​យ​បារម្ភ​របស់​គាត់​ខ្លាច​អត់​មាន​លុយ​សង​ទៅ​ធនាគារ ហើយ​គាត់​អាច​នឹង​ប្រឈមមុខ​នឹង​ការ​លក់​ដី​លក់​ធ្លី ដើម្បី​សង​ទៅ​ធនាគារ​ដោយសារ​គ្មាន​ចំណូល​ហើយ​ពួកគាត់​ដែល​ខ្ចី​ទាំងអស់​នេះ សុទ្ធ​តែ​មាន​ដាក់​ទ្រព្យ​ធានា​ក្នុង​ការ​ខ្ចី​លុយ​។ ការខ្ចី​ទាំងអស់​នេះ គឺ​អ្នក​ខ្លះ​លី​ដើម្បី​ធ្វើ​ផ្ទះ ធ្វើ​ចម្ការ ប៉ុន្តែ​ការ​សង​នេះ​គឺ​អត់​អាច​សង​បានទេ គឺ​ពឹងពាក់​ទៅ​លើ​កូន​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ ផ្ញើ​លុយ​មក​អ៊ីចឹង​ទៅ។ មួយទៀត គាត់​ខ្ចី​លុយ​ធ្វើ​ប៉ាស្ព័រ​ដើម្បី​ឱ្យ​កូនចៅ​របស់​គាត់​ចំណាក់​ស្រុក ហើយ​អ្នក​ខ្លះទៀត ធ្វើ​ចំណាក់​ស្រុក​ដោយ​ខុសច្បាប់ ដែល​ប្រឈម​នឹង​ការ​ធ្វើបាប​ពី​ថៅកែ​និង​ការ​ចាប់​ខ្លួន​ពី​ប៉ូលិស​ថៃ»។

វីដេអូ​នេះ មាន​ចំណងជើង​ថា បំណុល​មីក្រូហិរញ្ញវត្ថុ និង​ការ​ចំណាកស្រុក​ឆ្លងដែន​។ វីដេអូ​នេះ ត្រូវ​បាន​ក្រុម ការងារ​ស្រាវជ្រាវ​របស់​អង្គការ​លីកាដូ ចុះ​សិក្សា​តាំង​ពី​ចុង​ឆ្នាំ​២០១៩ ដោយ​រក​ឃើញ​ថា នៅ​ភាគ​ពាយ័ព្យ ឬ​ភាគ​ខាងលិច​នៃ​ប្រទេស​កម្ពុជា គឺ​ពលរដ្ឋ​ប្រុស ស្រី និង​កុមារ បាន​ចាក​ចេញពី​ក្រុម គ្រួសារ​របស់​ពួកគេ ដើម្បី​ឆ្លងដែន​រក​ការងារ​ធ្វើ​នៅ​ឯ​ប្រទេស​ថៃ​។ ការងារ​ចំណាកស្រុក​នេះ គឺជា​មធ្យោបាយ​តែមួយគត់​ដែល​អាច​ធ្វើ​ឱ្យ​ពួកគាត់​មានលទ្ធភាព​រក​ប្រាក់​ដោះ​បំណុល​។ ប្រជាពលរដ្ឋ​ដែល​ត្រូវ​បា​​​​​ន​សម្ភាស​នៅ​ក្នុង​វីដេអូ​នេះ បាន​ចែករំលែក​ពី​ការ​ព្រួយ​បារម្ភ​រឿង​គ្មាន​លទ្ធភាព​សង បំណុល​បន្ត​ទៀត ហើយ​ពួកគេ​ត្រូវការ​ការ​អនុគ្រោះ​ជាបន្ទាន់​ពី​រដ្ឋាភិបាល៖ «ខ្មែរ​យើង​មួយៗ​គ្មាន​ពី​ណា​គេ​ចង់​ទៅ​ប្រទេស​ថៃ​ទេ តែ​ដោយសារ​អី​ដោយសារ​យើង​ជំពាក់​លុយ​គេ គ្មាន​លុយ​ផ្គត់ផ្គង់​គ្រួសារ​អ៊ីចឹង​ទៅ ។ និយាយ​ទៅ បើ​ខ្ញុំ​មាន លុយ​ដោះ​បំណុល​គេ​រួច មិន​ជំពាក់​លុយ​អង្គការ​សោះ ហើយ​ខ្ញុំ​មាន​លុយ​ត្រឹម​ពីរ​ទៅ​បី​ម៉ឺន​បាត គឺ​ខ្ញុំ​អត់​ទៅ​ទេ ប្រទេស​ថៃ​។ ខ្ចី​លុយ​គេ​នេះ សុទ្ធតែ​ការចាំបាច់​មែនទែន បាន​ខ្ញុំ​ហ៊ាន​ខ្ចី មិនមែន​ខ្ចី​យក មក​ចាយ​លែង​នោះ​ទេ។ ខ្ចី​នេះ​បើ​មិន​ឪពុក​ឈឺ ឬ​កូន​ឈឺ​អីចឹង»

មិនមែន​មានតែ​ប្រជាពលរដ្ឋ​ក្នុង​វីដេអូ​នេះ​ទេ ដែល​ព្រួយបារម្ភ​អំពី​ការ​ជំពាក់​បំណុល​មីក្រូ​ហិរញ្ញវត្ថុ​នោះ។ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កោះរាម ឃុំ​ខ្នាចរមាស ស្រុក​បវេល ខេត្ត​បាត់ដំបង លោក ចាន់ យឿត ប្រាប់​អាស៊ីសេរី​ថា កូនៗ​របស់​លោក​ចំនួន​បី​នាក់​ដែល​ធ្លាប់តែ​ធ្វើការ​ក្នុង​កាស៊ីណូ​នៅ​ប៉ោយប៉ែត ដើម្បី​រក​ប្រាក់​សង​ធនាគារ​នោះ ពេលនេះ​ពួកគេ បាន​បាត់បង់​ការងារ​ទាំង​បី​នាក់។ លោក​មិន​ដឹង​ថា ពេលនេះ បាន​ប្រាក់​ឯណា​សម្រាប់​ដោះ​បំណុល​ជាង​១​ម៉ឺន​ដុល្លារ​នោះ​ទេ៖ «បើ​បារម្ភ​គឺ​បារម្ភ​ហើយ​ដោយសារ​ខ្ញុំ​ទៅ​យក​លុយ​នេះ គឺ​បាន​បញ្ចាំ​ប្លង់ដី​ភូមិ​និង​ដីស្រែ ហើយ​បើ​យើង​អត់​មាន​លុយ​បង់​នេះ មិន​ដឹង​ប្រឈមមុខ​យ៉ាងម៉េច ដោយ​មិន​ដឹង​ថា គេ​រឹបអូស​យក​ដី​ភូមិ​ឬ​យក​ដីស្រែ​ទេ​។ ករណី​នេះ​ចង់​សុំ​ឱ្យ​ប្រមុខ​រាជរដ្ឋាភិបាល ជួយ​ឱ្យ​ខាង​មីក្រូហិរញ្ញវត្ថុ​ពន្យារ​ពេល​សង​ប្រាក់​យ៉ាងហោចណាស់​៣​ខែ ឬ​ទៅ​៦​ខែ​អ៊ីចឹង​ទៅ ឱ្យ​កូវីដ​-១៩​នេះ វា​ធូរស្រាល​សិន​ទៅ ដើម្បី​ឱ្យ​កូន​មាន​ការងារ​ធ្វើ​នៅ​កាស៊ីណូ​ប៉ោយប៉ែត​វិញ គឺ​យើង​មិនសូវ​ភ័យ​ទេ»

ឆ្លើយតប​នឹង​ករណី​នេះ ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង និង​ជា​អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក កាំង តុងងី នៅតែ​លើកឡើង​ដដែល​ថា បញ្ហា និង​កម្រិត​ផល​ប៉ះពាល់​របស់​កូ​វីដ​១៩ ទៅលើ​អតិថិជន មាន​ស្ថានភាព និង​កម្រិត​ខុសៗ​គ្នា ដូច្នេះ​មិន​អាច​ប្រើប្រាស់​ដំណោះស្រាយ​មួយ ដូចៗ​គ្នា​សម្រាប់​អតិថិជន​គ្រប់ៗ​រូប​បានឡើយ​។ លោក​អំពាវនាវ​ដល់​អតិថិជន​ណា ដែល​គិត​ថា មាន​ផល​ប៉ះពាល់​ជាក់ស្តែង អាច​ទៅ​ជួប​ជាមួយ​បុគ្គលិក​គ្រឹះស្ថាន​នោះ ដើម្បី​ដោះស្រាយ​ជាមួយគ្នា៖ «ហើយ​ប្រសិនបើ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មិន​ជួយ​រក​ដំណោះស្រាយ​សមស្រប​ហើយ​បើ​បងប្អូន​ប្រាកដ​ថា បងប្អូន​ពិត​ជា​មាន​លក្ខខណ្ឌ​ដែល​គួរតែ​ទទួល​បាន​ដំណោះស្រាយ​សមរម្យ​ណាមួយ គឺ​បងប្អូន​អាច​ទាក់​ទង់​សមាគម​យើង​នូវ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​លេខ ០១៥ ៣៦៥ ២២២ នោះ​សមាគម​នឹង​ពិនិត្យមើល​ទៅលើ​ករណី​បងប្អូន​ហើយ​នឹង​អាច ជួយ​អន្តរាគមន៍​នៅ​ក្នុង​ករណី​ខ្លះ​ដែល​បងប្អូន​ពិតជា​គ្រប់​តាម​លក្ខខណ្ឌ​ដែល​បាន​ប្រកាស​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា»

ចំណែក​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា រដ្ឋាភិបាល មិន អាច​ដោះស្រាយ​តាម​ការ​ត្អូញត្អែរ​របស់​ប្រជាពលរដ្ឋ​បានទេ ប៉ុន្តែ​លោក​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែល បាត់បង់​ការងារ​ធ្វើ​នោះ អាច​ដាក់​ពាក្យ ឬ​ទៅ​ជួប​ក្រសួង​ការងារ​ឬ​មន្ទីរ​ការងារ​តាម​បណ្ដា​ខេត្ត ដើម្បី​រក​ការងារ​ធ្វើ​។ លោក​បន្ត​ថា មក​ដល់​ពេល​នេះ រដ្ឋាភិបាល គ្មាន​វិធានការ​អ្វី​បន្ថែម​ទៀត ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ដែល​ជាប់​បំណុល​ឡើយ ព្រោះ​កន្លង​មក ធនាគារ​ជាតិ​នៃ​កម្ពុជា ធ្លាប់​បាន​ដាច់​ចេញ វិធានការ​មួយ​ចំនួន​រួច​ហើយ៖ «កុំ​ភ្លេច​ថា កម្ពុជា​មិនមែន​ជា​ស្រុក​កុម្មុយនិស្ត​ទេ គឺ​ស្រុក​ទីផ្សារ​សេរី ដូច្នេះ​យើង​អត់​មាន​ឥទ្ធិពល​ណា​ទៅ​សង្កត់សង្កិន​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ធ្វើ​ការ​កញ្ចប់ តែ​គេ មាន​បច្ចេកទេស​ធ្វើការ​សម្រួល​ទីផ្សារ​នេះ​មិន​ឱ្យ​ខូច​ទីផ្សារ​នេះ​ទេ។ ​នេះ​គឺជា​សំណូមពរ​របស់​រាជរដ្ឋាភិបាល។ ការ​រអ៊ូ​នេះ​មិនមែន​តែ​កម្ពុជា​ទេ សូម្បីតែ​នៅ​អាមេរិក​ដែល​ជា​ប្រទេស​អ្នកមាន​ក៏​មាន​ការ​រអ៊ូរទាំ​ដែរ»

អង្គការ​លីកាដូ រក​ឃើញ​ថា បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​កម្ពុជា​ច្រើនជាង ២​លាន ៥​សែន​នាក់ មាន​ជាប់ជំពាក់​កម្ចី​ខ្នាត​តូច ជាមួយ​នឹង​អត្រា​កម្ចី​ជា​មធ្យម ៣​ពាន់ ៨​រយ​ដុល្លារ (.៨០០​ដុល្លារ) ដែល​ជា​ចំនួន​ច្រើន​ជាងគេ​នៅ​លើ​ពិភពលោក។ បញ្ហា​នេះ​ធ្វើ​ឱ្យ​ជីវភាព​រស់នៅ សុខភាព និង​សុវត្ថិភាព​កម្មសិទ្ធិ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់ ប្រឈម​នឹង​ហានិភ័យ។ អង្គការ​មួយ​នេះ អះអាង​ថា ភាគច្រើន​នៃ​បំណុល​ទាំងនោះ មានការ​ដាក់​បញ្ចាំ​ជាមួយ​ប្លង់​ដីធ្លី​របស់​ពួកគេ ដូច្នេះ ប្រសិនបើ​មិន​អាច​រក​ប្រាក់​ដោះ​បំណុល​នេះ​បានទេ ពួកគេ​អាច​នឹង​បាត់បង់​ដីធ្លី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល