រដ្ឋសភា​អនុម័ត​គម្រោង​ផលិត​អគ្គិសនី​ដុត​ធ្យូង​ថ្ម​ខ្នាត​ធំ​នៅ​ខេត្ត​កោះកុង និង​ខេត្ត​ឧត្តរមានជ័យ

ដោយ ហេង រស្មី
2020-03-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បង្គោល​អគ្គិសនី​ស្ថិត​ក្នុង​ខេត្ត​កណ្ដាល ក្បែរ​ស្ពាន​ព្រែកក្ដាម។ រូបថត​ខែ​ឧសភា ឆ្នាំ​២០១៣
បង្គោល​អគ្គិសនី​ស្ថិត​ក្នុង​ខេត្ត​កណ្ដាល ក្បែរ​ស្ពាន​ព្រែកក្ដាម។ រូបថត​ខែ​ឧសភា ឆ្នាំ​២០១៣
RFA/Mom Sophon

រដ្ឋសភា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សម្រេច​អនុម័ត​គម្រោង​ផលិត​អគ្គិសនី​ដុត​ធ្យូង​ថ្ម​ខ្នាត​ធំ​​ចំនួន​២ កន្លែង តាម​សំណើ​របស់​រដ្ឋាភិបាល​ នៅ​ថ្ងៃ​ទី២៦ មីនា ក្នុង​អង្គប្រជុំ​វិសាមញ្ញ​របស់​ខ្លួន​។ សង្គម​ស៊ីវិល​​យល់​ថា ស្ថាប័ន​នីតិបញ្ញត្តិ​មិន​គួរ​ប្រើ​ពេល​ប្រថុចញ៉ុច ដើម្បី​អនុម័ត​គម្រោង​ដែល​មាន​ទឹក​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​បែប​នេះ​ទេ។

រដ្ឋសភា​របប​ក្រុង​ភ្នំពេញ​បាន​ប្រើ​ពេល​ប្រហែល​១ ម៉ោង ដើម្បី​អនុម័ត​សេចក្តីព្រាង​ច្បាប់ចំនួន៣ ពាក់ព័ន្ធ​នឹង​វិស័យ​ធុរកិច្ច ដែល​មាន​ទឹក​ប្រាក់​វិនិយោគសរុបប្រមាណ១ ពាន់​៧ រយលាន​ដុល្លារ​អាមេរិក។ សេចក្ដី​ព្រាង​ច្បាប់​ទាំង៣ នេះ រួម​​មាន ការ​អនុម័ត​យល់​ព្រម​ឱ្យ​​ក្រុមហ៊ុន​រ៉ួយ៉ាល់​គ្រុប​ (Royal Group) សាង​សង់​រោង​ចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម អានុភាព៧០០ មេហ្កាវ៉ាត់​នៅខេត្ត​កោះកុង​ ការ​អនុម័ត​យល់​ព្រម​ឱ្យ​ក្រុមហ៊ុន​ ហាន សេង ខូល ម៉ាញ (HAN SENG COAL MINES Co., LTD) សាង​សង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូង​ថ្ម​ អានុភាព២៦៥ មេហ្កាវ៉ាត់​នៅ​ខេត្ត​ឧត្តរមានជ័យ ព្រម​ទាំង​ការ​អនុម័ត​យល់​ព្រម​ឱ្យ​ក្រុមហ៊ុន​​ ហាន សេង ខូល ម៉ាញ ដដែល​នេះ​សាងសង់​ខ្សែ​បណ្ដាញ​បញ្ជូន​អគ្គិសនី​តង់ស្យុង​២៣០ គីឡូវ៉ុល​ តភ្ជាប់​ពី​រោងចក្រអគ្គិសនី​ដុត​ធ្យូង​ថ្ម​ខេត្ត​ឧត្តរមានជ័យ​ មក​អនុស្សាវរីយ៍​សៀមរាប​ខាង​កើត។

ព័ត៌មាន​របស់​រដ្ឋសភា​ឱ្យ​ដឹង​ថា សេចក្ដី​ព្រាង​ច្បាប់​នីមួយៗ មាន​ចំនួន៣ មាត្រា ដូច​គ្នា ហើយ​សមាជិកសភា​ចំនួន១០៩ រូប ដែល​មាន​វត្តមាន​ក្នុង​អង្គប្រជុំ បាន​លើក​ដៃ​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​ទាំង៣ នេះ ទាំង​អស់​គ្នា។

ទោះ​ជា​យ៉ាង​ណា ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា គម្រោង​ដែល​មាន​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​បែបនេះ គួរ​តែ​មាន​ការ​ពិភាក្សា​ដេញ​ដោល​ឱ្យ​បាន​ហ្មត់​ចត់។ លោក​រិះគន់​ថា ការ​​ប្រើ​ពេល​តែមួយ​ម៉ោង​ដើម្បី​អនុម័ត​គម្រោង​ទាំងនេះ គឺ​គ្រាន់​តែ​ជា​ការ​ធ្វើ​បង្គ្រប់​កិច្ច​តាម​សំណើ​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ៖ «គម្រោង​វិនិយោគ គម្រោង​សម្បទាន​ធំៗ នេះ មុន​នឹង​អនុម័ត​ដោយ​សភា វា​គួរ​តែ​ឆ្លង​កាត់​ការ​ពិគ្រោះ​យោបល់​ឱ្យ​បាន​ទូលំទូលាយ​​ពី​សង្គម​ស៊ីវិល ពី​តួអង្គ​ពាក់ព័ន្ធ​ផ្សេងៗ ហ្នឹង ក៏ប៉ុន្តែ​វា​អត់​ចម្លែក​ទេ សភា​ឯក​បក្ស​គេ​ធ្វើ​អ្វីៗ​ទៅតាម​ការ​ស្នើសុំ​របស់​រដ្ឋាភិបាល។ អ៊ីចឹង​មើល​ទៅ​ យើង​មិន​សង្ឃឹម​ថា វា​នឹង​មាន​តម្លាភាព​ ហើយ​នឹង​មាន​​ផល​ប្រយោជន៍​អ្វី​ច្រើន​សម្រាប់​​សាធារណៈ​ប៉ុន្មាន​នោះ​ទេ»

អគ្គលេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា លោក ឡេង ប៉េងឡុង ប្រាប់​អាស៊ី​សេរី​ថា​ សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​អាច​ជួយ​ប្រទេស​កម្ពុជា​មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់​។​ទាក់​ទិន​នឹង​ការ​ចូលរួម​ប្រជុំ​របស់​សមាជិកសភា​ដោយ​ដោយ​ពុំ​មាន​ពាក់​ម៉ាស​ត្រឹមត្រូវ។ លោក ឡេង ប៉េងឡុង មាន​ប្រសាសន៍​ថា​សមាជិក​សភា​ទាំងនេះ​សុទ្ធតែ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​សុខភាព​ត្រឹម​ត្រូវ​មុន​អនុញ្ញាត​ឲ្យ​ចូល​រួម​ប្រជុំ​សភា​ហើយ​រាល់​ឯកសារ​នឹង​ចែក​ជូន​តាម​អនឡាញ​ ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីត១៩៖ «ខ្លះ​ពាក់​ម៉ាស ហើយ​ខ្លះ​ទៀត​ក៏​មិន​បាន​ពាក់​ម៉ាស។ ពាក់​ម៉ាស​ហ្នឹង តាម​ធម្មតា​ខ្លាច​គាត់​ក្អក ឬ​កណ្ដាស់​ឆ្លង​ពី​គេ​ទេ។ដូច្នេះ​ហើយ​កាល​ពី​មុន កាល​ខាង​រាជធានី​ក្រុង​គេ​ចែង​ថា មិន​ចាំបាច់​ពាក់​ក៏​បាន​ មាន​ខ្លះ​ពាក់ ហើយ​មិន​ពាក់​ មាន​ខ្លះ​ក៏​មាន​ក្រមា​ទៅ។ អ៊ីចឹង​នៅ​កម្ពុជា​មិន​ទាន់​មាន​អ្វី​ធ្ងន់ធ្ងរ ដូច​ជា ប្រទេស​ដទៃ​ទេ»

កាលពីថ្ងៃទី៧ កុម្ភៈ​កន្លង​ទៅ គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​គម្រោង​រោង​ចក្រ​អគ្គិសនី​ដុត​ធ្យូង​ថ្ម​ចំនួន ២កន្លែង ដោយ​មួយ​​មាន​ទីតាំង​ស្ថិត​នៅ​ស្រុក​​បុទុមសាគរ ខេត្ត​កោះកុង និង​មួយ​ទៀត​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្ត​ឧត្តរមានជ័យ។ គម្រោង​នៅ​ខេត្ត​កោះកុង វិនិយោគ​ដោយ​ក្រុមហ៊ុន​រ៉ូយាល់​គ្រុប (Royal Group) របស់​ឧកញ៉ា គិត ម៉េង ដែល​ជា​អ្នក​​ជំនួញ​ស្និទ្ធ​នឹង​លោកនាយក​​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង១ ពាន់៣ រយ​លា​ន​ដុល្លារ​អាមេរិក។ ចំណែក​ គម្រោង​នៅខេត្ត​ឧត្តរមានជ័យ​វិញ វិនិយោគ​ដោយ​ក្រុមហ៊ុន ហាន សេង ខូល ម៉ាញ (HAN SENG COAL MINES Co., LTD) របស់​ឧកញ៉ា វិញ ហួរ ដែល​ជា​ជំនួញ​ស្និទ្ធ​នឹង​បក្ស​កាន់​អំណាច ក្នុង​ទំហំ​ទឹក​ប្រាក់​ជាងជិត៣ រយ​លាន​ដុល្លារ​អាមេរិក (២៩៤)។ ក្រុម​ហ៊ុន​នេះ​ក៏​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​គម្រោង​ខ្សែ​បណ្ដាញ​អគ្គិសនី​ចេញ​ពី​រោងចក្រ​របស់​ខ្លួន​នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ​ទៅ​កាន់​អនុស្សាវរីយ៍​សៀម​រាប​ខាង​កើត​ផង​ដែរ ដែល​គម្រោង​នេះ​មាន​ទំហំ​ទឹក​ប្រាក់​ជាង ៦១លាន​ដុល្លារ​អាមេរិក។

រដ្ឋាភិបាល​លោក ហ៊ុន សែន រំពឹង​ថា រោងចក្រ​អគ្គិសនី​ដុត​ធ្យូង​ថ្ម​ពីរ​កន្លែង​នេះ នឹង​អាច​ផលិត​អគ្គិសនី​បាន​ជិត១ ពាន់​មេហ្កាវ៉ាត់ នៅ​ពេល​ដំណើរ​ការ​បាន​ពេញលេញ។ រដ្ឋាភិបាល​អះអាង​ទៀត​ថា នេះ​ជា​គម្រោង​ចាំបាច់​ ដើម្បី​ធានា​សុវត្ថិភាព ​សន្តិសុខ និង​ស្ថិរភាព​នៃ​ការ​ផ្គត់​ផ្គង់​អគ្គិសនី​នៅ​កម្ពុជា ក្នុង​ពេល​អនាគត។

ទោះ​ជា​យ៉ាង​ណា ក្រុម​អ្នក​ការពារ​បរិស្ថាន​លោក​ ហេង​ ស្រស់​ និយាយ​ថា​យល់​ថា​លោក​មិន​គាំទ្រ​ចំពោះ​គម្រោង​ផលិត​ថាមពល​នេះ​ទេ ពី​ព្រោះ​គម្រោង​ផលិត​ថាមពល​អគ្គិសនី​នីមួយៗ​រដ្ឋាភិបាល​មិន​ដែល​គិតគូរ​ពី​បរិស្ថាន​ទេ៖ «ក្នុងនាម​យើង​ជា​សកម្មជន​យើង​ព្រួយបារម្ភ​ចំពោះ​គម្រោង​វិនិយោគ​ទាំង​៣ខេត្ត​ហ្នឹង​ វា​អាច​នឹង​មាន​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្រឡឹង​ជុំវិញ»

កន្លងមក​សកម្មជន​បរិស្ថាន​យល់​ថា មិន​មែន​ជា​ការ​វិនិយោគ​បែប​ឆ្លាត​វៃ​នោះ​ទេ ពីព្រោះ​​ធ្យូង​ថ្ម​មាន​តម្លៃ​ថ្លៃ ​បើ​ប្រៀបធៀប​នឹង​ការ​ផលិត​អគ្គិសនី​ចេញ​ពី​ប្រភព​ខ្យល់ ពន្លឺ​ព្រះអាទិត្យ ឬ​ជីវម៉ាស់។ ជាង​នេះ​ទៅទៀត រោងចក្រ​អគ្គិសនី​ដុត​ធ្យូង​ថ្ម​នេះ នឹង​បញ្ចេញ​ឧស្ម័ន​កាបូនិក​ច្រើន​ទៅ​ក្នុង​បរិយាកាស ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​ជីវិត​មនុស្ស​សត្វ​ នៅ​ជុំ​វិញ​តំបន់​នោះ។ ជា​ពិសេស វា​ប្រាស់​ចាក​ទៅ​នឹង​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ខ្លួន​ឯង​ផ្ទាល់ ដែល​កំពុង​លើក​កម្ពស់​ផែន​ការ និង​បច្ចេកវិទ្យា​បញ្ចេញ​កាបូន​ទាប​ ដើម្បី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល