កសិករ​បារម្ភ​ពី​ផល​ប៉ះពាល់​ជីវភាព​កាន់តែ​ខ្លាំង​ប្រសិនបើ​គ្មាន​EBA

ដោយ ហេង រស្មី
2019-08-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កសិករ​នៅ​ខេត្ត​សៀមរាប ប្រមូល​ផល​កសិកម្ម​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៨។
កសិករ​នៅ​ខេត្ត​សៀមរាប ប្រមូល​ផល​កសិកម្ម​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៨។
Photo: RFA

ប្រជាកសិករ​នៅ​តាម​ខេត្ត​មួយ​ចំនួន​ព្រួយបារម្ភ​ថា ផល​ប៉ះពាល់​ក្នុង​ជីវភាព​នឹង​មាន​កាន់​តែ​ខ្លាំង​ប្រសិនបើ​សហភាព​អឺរ៉ុប​សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA។ ពួកគេ​អំពាវនាវ​ដល់​របប​ក្រុងភ្នំពេញ​ថា គួរតែ​ពន្លឿន​ការ​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ព្រមទាំង​លក្ខខណ្ឌ​ផ្សេងៗ​របស់​សហភាព​អឺរ៉ុប​ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA

ប្រជាកសិករ​ខ្មែរ​ត្អូញត្អែរ​ថា ពួកគាត់​បាន​ទទួល​រង​ផល​ប៉ះពាល់​ជា​បណ្ដើៗ​ហើយ ដោយសារតែ​សហភាព​អឺរ៉ុប​យកពន្ធ​អង្ករ​កម្ពុជា កាល​ពី​ដើម​ឆ្នាំ​២០១៩ និង​គ្រោង​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBAក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​នេះ។ ផល​ប៉ះពាល់​ទាំងនោះ​គឺ​កសិករ​លក់​កសិផល​បាន​តម្លៃ​ថោក​ជា​បន្តបន្ទាប់​ដែល​ធ្វើ​ឱ្យ​ពួកគេ​ខាតបង់​ច្រើន ជួប​ការ​លំបាក​ក្នុង​ជីវភាព​ជំពាក់​បំណុល​វ័ណ្ឌក។ពួកគាត់​អស់សង្ឃឹម​ក្នុង​ការ​ធ្វើ​កសិកម្ម​បង្ខំចិត្ត​លក់​ដីធ្លី​កូន​ៗ បោះបង់​ការសិក្សា​និង​នាំគ្នា​ធ្វើ​ចំណាកស្រុក។

កសិករ​ម្នាក់​រស់នៅ​ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង លោក ម៉ាស់ បូរ៉ា រៀបរាប់​ថា សហភាព​អឺរ៉ុប​មិន​ទាន់ កាត់​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBAផង ប្រជាកសិករ​រងគ្រោះ​លំបាក​លក់​កសិផល​ទៅ​ហើយ​ទម្រាំ​សហភាព​អឺរ៉ុប​ផ្ដាច់​EBAជា​ផ្លូវការ​ទៀត គឺ​កសិករ​ខ្មែរ​នឹង​កាន់​តែ​មាន​ជីវភាព ធ្លាក់​ដុនដាប​ថែមទៀត​។ លោក​បញ្ជាក់​ថា កាលពី​ឆ្នាំមុន​ៗ នៅ​ពេល​សហគមន៍​អឺរ៉ុប​មិន​ទាន់​យក​ពន្ធ​លើ​ការ​នាំចូល​អង្ករ​ពី​កម្ពុជា និង​មិនទាន់​ប្រឈម​បាត់បង់​EBAគឺ​តម្លៃ​ស្រូវ និង​កសិផល​ផ្សេងៗ​មានតម្លៃ​សមរម្យ​អាច​ទទួល​យក​បាន​ដោយសារ​មាន​ឈ្មួញ​ច្រើន​សម្រុក​ប្រកួតប្រជែង​គ្នា​ទិញ៖ «កន្លងទៅ​ថ្មីៗ​នេះ​ស្រូវ​ខាង​ខ្ញុំ មិន​ដែល​មាន​ប្រវត្តិ​ធ្លាក់​ដល់ ៦​រៀល​ក្នុង​មួយ​គីឡូក្រាម​ឡើយ យ៉ាងហោចណាស់​សល់ ៨០០​រៀល​ដែរ។ ឥឡូវ​កសិករ​វគ្គ​ពីរ​នេះ​គឺ​ម្នាក់ៗ​ខាត​ច្រើន​មែនទែន ខាត​ទាំង​ថវិកា​ខាត​ទាំង​កម្លាំង​ពលកម្ម។ អ្នកខ្លះ​ខាត ៥​ទៅ ៦​លាន​រៀល គ្រាន់តែ​ធ្វើ​ស្រូវ​ក្នុង​រដូវ​កាល​វគ្គ​ពីរ​នេះ។ អ្នក​ខ្លះ​ជំពាក់​បំណុល​កាន់តែ​ច្រើន ៣ ទៅ ៤​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ហើយ​កូន​ក៏​មិនបាន​រៀន​សូត្រ​ចប់​ចុង​ចប់​ដើម​ដែរ»

កសិករ​មួយ​រូប​ទៀត​នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង លោកស្រី ខៀវ សារ៉ុន រៀបរាប់​ថា កសិករ​បារម្ភ​អំពី​ផល​ប៉ះពាល់​ជីវភាព​ខ្លាំង ជាង​អង្គការ​សង្គម​ស៊ីវិល​ទៅទៀត ប្រសិនបើ​សហភាព​អឺរ៉ុប​ផ្ដាច់​EBA ព្រោះ​កសិករ​គឺជា​អ្នករងគ្រោះ​ផ្ទាល់។ លោកស្រី​បន្ត​ថា ផលិតផល​កសិកម្ម​ខ្មែរ​មិន​អាច​ពឹង​ផ្អែកលើ​ទីផ្សារ​ប្រទេស​ជិតខាង​ដូចជា ប្រទេស​វៀតណាម​បាន​ទេ ព្រោះ​ឈ្មួញ​វៀតណាម ឱ្យ​តម្លៃ​ថោក។ កសិករ​រូប​នេះ​យល់​ថា ប្រសិនបើ​រដ្ឋាភិបាល​ខ្មែរ​ដោះស្រាយ​បញ្ហា​នយោបាយ​ដើម្បី​រក្សា EBAនោះ គឺ​ឈ្មួញ​ខ្មែរ​និង​រោង​ម៉ាស៊ីនកិនស្រូវ​ប្រាកដជា​សម្រុក​ប្រមូល​ទិញ​ស្រូវ​ដើម្បី​កិន​នាំ​អង្ករ​ទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប ហើយ​ពេលនោះ​កសិករ​ក៏​អាច​ទាមទារ​តម្លៃ​ថ្លៃ​សមរម្យ​បាន​ដែរ៖ «គេ​យកពន្ធ​អង្ក​រហើយ គឺ​តម្លៃ​ស្រូវ​អត់​ឡើងថ្លៃ​ទេ​វា​មានតម្លៃ​ទាប មែនទែន។ ដូច​កាល​ពី​ឆ្នាំ​កន្លងទៅ​ស្រូវ​ធម្មតា​បាន​តែ ១​គីឡូក្រាម ៦​រយ​រៀល។ កសិករ​ដូច​ខ្ញុំ​កាន់​តែ​មាន​ផល​លំបាក​ថែមទៀត បើ​គេ​យកពន្ធ​អង្ករ។ ពេល​អ៊ីចឹង​ទៅ​យើង​ជំពាក់​បំណុល​គេ​ច្រើន ហើយ​កូន​មិន​សូវ​បាន​រៀន​ទេ គឺ​បាន​រៀន​ត្រឹម​ថ្នាក់​ទី​៩​អី​ទេ»

កាល​ពី​ដើម​ឆ្នាំ​២០១៩​កន្លងទៅ ប្រជាកសិករ​ខ្មែរ​បាន​នាំ​គ្នា​ស្រែក​តវ៉ា​ស្ទើរ​គ្រប់​ទីកន្លែង​ដោយសារ​តម្លៃ​ស្រូវ​ចុះថោក​ខ្លាំង មិន​ធ្លាប់​មាន និង​មិន​សូវ​មាន​ឈ្មួញ​ចុះ​ទិញ​បន្ទាប់ពី​សហភាព​អឺរ៉ុប​បាន​កំណត់​យកពន្ធ​លើក​ការ​នាំចូល​អង្ករ​សម្រាប់​ទីផ្សារ​អឺរ៉ុប​ដោយ ១​ឆ្នាំ​ដំបូង ត្រូវ​បង់ពន្ធ ២០០​ដុល្លារ ក្នុង​មួយ​តោន។ ឆ្នាំ​ទី​២ ត្រូវ​បង់ពន្ធ​ចំនួន ១៧០​ដុល្លារ​ក្នុង​មួយ​តោន និង​ឆ្នាំ​ទី​៣ ចំនួន​១៤២​ដុល្លារ។

មិន​ខុសគ្នា​ប៉ុន្មាន​ឡើយ​ប្រជាកសិករ​ម្នាក់ទៀត​រស់នៅ​ស្រុក​ចម្ការលើ ខេត្ត​កំពង់ចាម ឈ្មោះ ហេង ហ៊ន់ មានប្រសាសន៍​ថា រយៈពេល​មួយ​ឆ្នាំ​នេះ កសិករ​កាន់តែ​ជួប​បញ្ហា​លំបាក​ក្នុង​ជីវភាព​ជា​បន្តបន្ទាប់​ដោយសារ​តម្លៃ​កសិផល​គ្រប់​ប្រភេទ​ចុះថោក​ដូចជា ស្រូវ ម្រេច និង​កៅស៊ូ​ជាដើម​ហើយ​រដ្ឋាភិបាល​មិន​មាន​ការទទួលខុសត្រូវ​នោះ​ទេ។ លោក​សង្កេត​ឃើញ​ថា ប្រជាកសិករ​នៅ​តំបន់​របស់​លោក​គឺ​ចាប់ផ្ដើម​បង្ខំចិត្ត​លក់​ដីធ្លី ធ្វើ​ចំណាកស្រុក​ដើម្បី​រកលុយ​ដោះ​បំណុល​ធនាគារ និង​បង្ខំ​ចិត្ត​ឱ្យ​កូន​បោះបង់​ការសិក្សា​ជាដើម ដែល​នៅ​ពេល​អនាគត គឺ​ពួកគេ​ក្រទាំង​ទ្រព្យ និង​ក្រ​ទាំង​វិជ្ជា​ទៀត​ផង៖ «ខ្ញុំ​សូវ​អំពាវនាវ​ឱ្យ​អ្នកនយោបាយ​អស់ គិត​ប្រយោជន៍​ជាតិ​ជាធំ​ហើយ​រក​ដំណោះស្រាយ​រួម​ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBAពីព្រោះ​ប្រទេស​កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ហើយ​កសិករ​រស់នៅ​ពឹង​ផ្អែកលើ​ការ​លក់​កសិផល​ដូច្នេះ​ការនាំចេញ​ត្រូវ​គេ​យក​ពន្ធ គឺ​ធ្វើ​ឱ្យ​កសិផល​ពិបាក​រក​ទីផ្សារ​លក់​និង​ថែមទាំង​មាន​តម្លៃ​ថោក»

កាលពី​ចុង​សប្ដាហ៍​មុន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ចេញ​សេចក្ដី​ប្រកាស​ថា គ្រាន់តែ​សហភាព​អឺរ៉ុប​យកពន្ធ​អង្ករ​កម្ពុជា​នោះ​បាន​ធ្វើ​ឱ្យ​ពួកគេ​ឈឺចាប់​រួច​ទៅ​ហើយ ទម្រាំ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​ថែមទៀត គឺ​នឹង​កាន់តែ​ឈឺចាប់​បន្ថែម​ទៀត​ព្រោះថា ឧស្សាហកម្ម​ស្រូវ​អង្ករ​នឹង​ត្រូវ​បំផ្លាញ​ខ្ទេចខ្ទី និង​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រជាកសិករ​ខ្មែរ​ជាង​កន្លះ​លាន​គ្រួសារ។ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បង្ហាញ​ថា គ្រាន់តែ​នៅ​ដើម​ឆមាស​ទី​១​ក្នុង​ឆ្នាំ​២០១៩ ប្រទេស​កម្ពុជា​បាន​នាំចេញ​អង្ករ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប បាន​ធ្លាក់​ចុះ​ពាក់​កណ្ដាល បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨ ដោយសារតែ​សហគមន៍​អឺរ៉ុប​បាន​យក​ពន្ធ​លើ​ការ​នាំចូល​អង្ករ​ពី​កម្ពុជា។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ស្នើសុំ​ឱ្យ​សហភាព​អឺរ៉ុប​បន្ត​ការ​អនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី​''​អ្វីៗ​ទាំងអស់ លើកលែងតែ​អាវុធ​ឬ​EBA'' ដល់​កម្ពុជា​តទៅទៀត ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាកសិករ​ខ្មែរ​ជាង​កន្លះ​លាន​គ្រួសារ និង​រក្សា​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​កន្លង​មក ក្នុង​ការពង្រីក​ការ​ផលិត​ស្រូវ​អង្ករ​ដែល​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ។

ម្ចាស់​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​អាស៊ីសេរី ថា ប្រសិនបើ​គ្មាន​ប្រពន្ធ​អនុគ្រោះ​ពន្ធ​EBAគឺ​ធ្វើ​ឱ្យ​ប្រជាកសិករ​ឈ្មួញ​ទិញ​ស្រូវ និង​ក្រុមហ៊ុន​នាំ​ចេញ​អង្គរ ជួប​ការ​លំបាក​ដូចគ្នា។ លោក​មិន​សង្ឃឹមថា វិធានការ​របស់​រដ្ឋាភិបាល​អាច​ជួយ​ដោះស្រាយ​បាន​នោះ​ទេ ហើយ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា នឹង​ពិបាក​ប្រកួតប្រជែង​ទីផ្សារ​ជាមួយ​ប្រទេសជិតខាង៖ «បើ​កាលណា​គាត់ (ក្រុមហ៊ុន) ទិញ​អង្ករ​ពី​កសិករ​ថ្លៃ​ហើយ​គាត់​លក់​ទៅ​ទីផ្សារ​អឺរ៉ុប​ថ្លៃ​ដែរ ហើយ​គេ​យក​ព័ន្ធ​ទៀត គឺ​រឹត​តែ​ថ្លៃ​ទៀត ដូច្នេះ​គេ (សហភាព​អឺរ៉ុប) ម៉េច​ទិញ​អង្ករ​ពី​យើង។ គេ​ទៅ​ទិញ​ពី​វៀតណាម និង​ថៃ​មិនល្អ​ជាង។ ដូច្នេះ​ករណី​នេះ ក្រុមហ៊ុន​ត្រូវ​ទិញ​អង្ករ​ពី​កសិករ​ថោក​ហើយ ដើម្បី​យក​មក​កិន​នាំ​ចេញ​ទៅ​លក់​ឱ្យ​គេ​ដូច​តម្លៃ​មុន។ EBAនេះ​សំខាន់​ណាស់​ហើយ បើ​សិន​ជា​រដ្ឋាភិបាល​ដឹង​តែ​ទៅ​មុខ​ហើយ គួរតែ​រក​វិធានការ​ជួយ​ដល់​កសិករ និង​រោង​ម៉ាស៊ីន​កិនស្រូវ និង​ក្រុមហ៊ុន​នាំ​អង្ករ​ចេញ​តាមរយៈ​ដូចជា​ផ្ទល់​កម្ចី​ដែល​មាន​ការប្រាក់​ទាប​សម្រាប់​គ្រប់គ្នា។ ស្រុក​យើង​នេះ​ថ្លៃ​ដើម​ថ្លៃ​ណាស់ ហើយ​ការប្រាក់​សម្រាប់​យក​មក​រក​ស៊ី​អី​នេះ​ក៏​ថ្លៃ​ទៀត​។ កាត់បន្ថយ​ថ្លៃដើម​នេះ ខ្ញុំ​លឺ​រាប់​ឆ្នាំ​ហើយ​តែ​បញ្ហា​នៅ​ដដែល​ដូចជា​ថ្លៃ​ភ្លើង​ថ្លៃ​ដឹក និង​ថ្លៃ​ប្រេង​សាំង​នៅ​តែ​ថ្លៃ»

ការ​ព្រួយ​បារម្ភ​កាន់តែ​ខ្លាំង​រឿង​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ​គឺ​ផ្ទុយ​ពី​របប​លោក ហ៊ុន សែន ដែល​បង្ហាញ​ជំហរ​រឹងត្អឹង​ដាក់​សហភាព​អឺរ៉ុប។

កាលពី​ថ្ងៃ​ទី​២៦ ខែ​សីហា កន្លង​ទៅ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អះអាង​ថា ប្រឈមមុខ​នឹង​ស្ថានភាព​ដែល​សហភាព​អឺរ៉ុប​ចាប់ផ្ដើម​យកពន្ធ​លើ​អង្ករ​កម្ពុជា​នេះ រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​​ចំនួន ដើម្បី​លើកកម្ពស់​ធុរកិច្ច​ស្រូវ​អង្ករ​ដូចជា ជួយ​អន្តរាគមន៍​កាត់បន្ថយ​ថ្លៃដើម​ផលិត​កែច្នៃ និង​វេច​ខ្ចប់​ជាដើម​ដើម្បី​ឱ្យ​អង្ករ​កម្ពុជា​អាច​ប្រកួតប្រជែង​ទីផ្សារ​បាន។

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក ង៉ែត ជូ មាន​ប្រសាសន៍​ថា សមត្ថ​ភាព​កែច្នៃ​អង្ករ​របស់​កម្ពុជា​មិនទាន់​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​នោះ​ទេ ហើយ​ភាព​ខ្លាំង​របស់​កម្ពុជា គឺ​ពឹង ផ្អែកលើ​ការនាំចេញ​អង្ករ​សរីរាង្គ​ប៉ុណ្ណោះ។ ដូច្នេះ​ប្រសិនបើ​កម្ពុជា​ប្រឈម​ការ​ព្យួរ​EBAគឺ​ប្រាកដ​ជា​កាន់តែ​លំបាក​សម្រាប់​កសិករ និង​ក្រុម​អ្នក​រកស៊ី​នាំ​ចេញ​អង្ករ​ទៅ​ផ្សារ​អឺរ៉ុប។ ជាមួយ​គ្នា​នេះ ការ​ងាក​ទៅ​រក​ទីផ្សារ​ប្រទេស​ផ្សេងៗ មិនមែន​ជា​រឿង​ងាយស្រួល​ដែរ។ លោក​ទទួល​ស្គាល់​ថា កសិកម្ម​នៅតែ​ជា​វិស័យ​សំខាន់​មួយ​ហើយ​ប្រសិនបើ​កសិករ​ខាតបង់​ច្រើន​វិស័យ​ធនាគារ ក៏​នឹង​ប៉ះពាល់​ដែរ​ព្រោះ​ពួកគេ​គ្មាន​ប្រាក់​សង​ត្រឡប់​ទៅវិញ។ លោក​បន្ត​ថា ប្រសិនបើ​រដ្ឋាភិបាល​​កម្ពុជា​អាច​អនុវត្ត​វិធានការ​របស់​ខ្លួន​ដែល​បាន​ដាក់​ចេញ​ឱ្យ​មាន​ប្រសិទ្ធភាព​មែន​នោះ គឺ​អាច​ជួយ​សម្រាល​ស្ថានការណ៍​បាន​ខ្លះ​បើ​កម្ពុជា​បាត់បង់ EBA។ លើស​ពី​នេះ ខាង​សហព័ន្ធ​ស្រូវ​អង្ករ​គួរតែ​ពិភាក្សា និង​លើក​អនុសាសន៍​ផ្សេងៗ ទៅ​រដ្ឋាភិបាល​ចំពោះ​អ្វី​ដែល​ពួកគេ​កំពុង​ប្រឈម​៖ «ប្រសិនបើ​រដ្ឋាភិបាល​បោះ​ជំហាន​ទៅ​មុខ​ថា មិន​ខ្វាយខ្វល់​ចំពោះ ការ​បាត់បង់​EBA​ទេ គឺ​រដ្ឋាភិបាល​គួរតែ​រក​វិធានការ​ដើម្បី​ជួយ​ដល់​សមាគម​អាជីវកម្ម​ឱ្យ​បាន​ច្រើន។ កាត់បន្ថយ​ថ្លៃដើម​ឱ្យ​បាន​ច្រើន​កាន់តែ​ប្រសើរ ពីព្រោះ​ទោះបីជា​នៅ​មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មែន ក៏ប៉ុន្តែ​ថ្លៃដើម​របស់​យើង​គឺ​មិន​មាន​ការ​ប្រកួត​ប្រជែង​ជាមួយ​នឹង​ប្រទេសជិតខាង។ អ៊ីចឹង​ចង់​មិន​ចង់​កិច្ច​ការដែល​យើង​ធ្វើ​គឺជា​រឿង​អាទិភាព»

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រូប​នេះ​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​លើកទឹកចិត្ត​ឱ្យ​មាន​ការ​វិនិយោគ​ក្រុម​ហ៊ុន​កែច្នៃ​ឱ្យ​បាន​ច្រើន​ជាជាង​នាំ​ផលិតផល​វត្ថុធាតុដើម​ទៅ​លក់​នៅ​បរទេស ព្រោះ​ក្នុង​បរិបទ​សេដ្ឋកិច្ច​ទីផ្សារ​សេរី​បែបនេះ ប្រទេស​ផលិត​វត្ថុធាតុ​ដើម​មិន​សូវ​ទទួល​បាន ផល​សេដ្ឋកិច្ច​ច្រើន​នោះ​ទេ។

សហភាព​អឺរ៉ុប ទើបតែ​បិទ​បញ្ចប់​នីតិវិធី ៦​ខែ​ដំបូង​នៃ​ការពិនិត្យ និង​វាយតម្លៃ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​១២ សីហា។ ការសម្រេចចិត្ត​ចុងក្រោយ​ថា តើ​ត្រូវ​ដក ឬ​មិន​ត្រូវ​ដក EBA ពី​កម្ពុជា​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២០។

សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ប្រាប់​របប​ក្រុងភ្នំពេញ​ម្ដង​ហើយ​ម្ដង​ទៀត​ថា អឺរ៉ុប​នឹង​មិន​ផ្លាស់ប្ដូរ​ជំហរ​រឿង EBA នេះ​ឡើយ ហើយ​បើ​របប​នេះ​ចង់បាន​ការ​អនុគ្រោះ​ពន្ធ​បន្ត​ទៀត​នោះ របប​នេះ​ត្រូវតែ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​ឱ្យ​បាន​ជាដាច់ខាត ដូចជា ការ​​ដោះលែង​លោក កឹម សុខា ការ​អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បើក​ដំណើរការ ការ​ផ្ដល់​អាសនៈ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដល់​មន្ត្រី​បក្ស​ប្រឆាំង និង​រៀបចំ​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ឡើងវិញ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល