អ្នក​ប្រកប​របរ​កំប៉ិកកំប៉ុក ​ធ្លាក់​ចុះ​ចំណូល​ខ្លាំង​​​ ដោយសារ​ ឥទ្ធិពល​ជំងឺ​ Covid-19

ដោយ សេក បណ្ឌិត
2020-03-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​អ្នក​លក់ដូរ​បន្លែ​នៅ​ផ្សារ​នាគ​មាស​ជិត​ម្ដុំ​ផ្សារ​ដើម​គ នៅ​ព្រឹក​ថ្ងៃ​ទី៩ ខែ​មីនា ឆ្នាំ២០២០ ដែល​មិន​សូវ​មាន​អ្នក​ទិញ។
ទិដ្ឋភាព​អ្នក​លក់ដូរ​បន្លែ​នៅ​ផ្សារ​នាគ​មាស​ជិត​ម្ដុំ​ផ្សារ​ដើម​គ នៅ​ព្រឹក​ថ្ងៃ​ទី៩ ខែ​មីនា ឆ្នាំ២០២០ ដែល​មិន​សូវ​មាន​អ្នក​ទិញ។
រូប៖ ពលរដ្ឋ

ក្រុម​អ្នក​ប្រកប​មុខ​របរ​កំប៉ិកកំប៉ុក នៅ​ភ្នំពេញ​ត្អូញ​ថា មុខ​របរ​របស់​ពួក​គេ​ក៏​រង​ការ​ធ្លាក់​ចុះ​ខ្លាំង​ដែរ ដោយសារ​តែ​ឥទ្ធិពល​នៃ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី កូវីដ១៩ (Covid-19)។ អ្នក​ឃ្លាំមើល​​អាជីវកម្ម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ អះអាង​ថា ​អាជីវករ​​ប្រកប​របរ​តូច​តាច ពិត​ជា​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​មែន និង​ស្នើសុំ​ឲ្យ​រដ្ឋ​ជួយ។

ស្ត្រី​ជា​អ្នក​លក់​​កាហ្វេ និង​​មាន​លក់​​សំលៀក​បំពាក់​​ផង នៅ​ផ្សារ​ដើម​គ ឈ្មោះ​ ម៉ៅ លក្ខិណា ឲ្យ​ដឹង​ថា អាជីវកម្ម​របស់​លោកស្រី ធ្លាក់​ចុះ​ខ្លាំង​ នៅ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ដោយសារ​តែ​មនុស្ស​ម្នា​បង្ហាញ​ការ​ខ្លាច​រអា លែង​សូវ​ហ៊ាន​ដើរ​ផ្សារ និង​ហូប​អាហារ​ នៅ​ខាង​ក្រៅ​ដូច​មុន។

លោកស្រី​បន្ត​ថា មិនមែន​​តែ​តូប​លក់ដូរ​របស់​លោកស្រី​ទេ ដែល​លក់​មិន​ដាច់ តូប​ផ្សេងៗ​ទៀត ក៏​ធ្លាក់​ចុះ​ដូច​គ្នា។ ពិសេស​ អ្នក​លក់​បាយ​ គុយទាវ​ ពេល​ព្រឹក និង​អ្នក​លក់​បន្លែ​ តាម​កញ្ឆេរ លក់​មិន​សូវ​បាន​ដូច​មុន​ទេ៖ «ស្ងាត់​ពេក លក់​ចេះ​តែ​សល់។ តាម​មើល​មក​ពី​អា​ Covid-19 ហ្នឹង គេ​អត់​សូវ​មក ឬ​ក៏​យ៉ាង​ម្ដេច​ ព្រោះ​អ្វី​លក់​អត់​ដាច់ ស្ងាត់​ជាង​មុន​មែន​ទែន​តែ​ម្ដង។ ដល់​អ៊ីចឹង​ទៅ ប៉ះពាល់​ដល់​តែ​បន្ថយ​(ថ្លៃ​) ម្ហូប អ៊ីចឹង​ណា។ បន្ថយ​នៅ​តែ​២​ម៉ឺន ៣​ម៉ឺន​ (រៀល)​វិញ។ អ្នក​លក់​បាយ​វិញ ត្អូញ​ប្រាប់​ខ្ញុំ​ថា លក់​មាស​អស់​៥​ជី​ហើយ លក់​ចូល​ដើម លក់​ចូល​ដើម ដល់​អ៊ីចឹង​ទៅ​លក់​មាស​ចាយ​ អា​ចំណេញ​លើក​មុន ឥឡូវ​លក់​វិញ​ចាយ​ចង់​អស់​ហើយ។ អ្នក​លក់​បន្លែ​វិញ អត់​ហ៊ាន​ឈប់​ទេ ខ្លាច​អត់​លុយ​បង់​គេ»

ស្ត្រី​ចំណាស់ លក់​ចេក​ចៀន ដំឡូង​ចៀន តាម​ផ្លូវ​ម្នាក់​ទៀត ក៏​អះអាង​ស្រដៀង​គ្នា​ដែរ។ លោកស្រី ណឹប សឿន មាន​វ័យ​ជាង ៦០ឆ្នាំ ជា​អ្នក​លក់​ចេក​ចៀន នៅ​រាជធានី​ភ្នំពេញ​ដែរ ឲ្យ​ដឹង​ថា មនុស្ស​ម្នា ក៏​រាង​ស្បើយ ក្នុង​ការ​ធ្វើ​ដំណើរ​ដែរ តាំង​តែ​ពី​ល្បី​ករណី​ខ្យល់​គ ដួល​ស្លាប់ និង​ជំងឺ​កូវីដ១៩ មក។ ស្ត្រី​លក់​ចេក​ចៀន​រូប​នេះ អះអាង​ថា មនុស្ស​គ្រប់​គ្នា ផ្អើល​ទិញ​តែ​អង្ករ ប្រហុក គ្រឿង​ទេស និង​ម៉ាស់​ពាក់ និង​បណ្ដាល​ឲ្យ​អ្នក​លក់​ដូរ​តូចតាច ​រង​ការ​ខាត​ច្រើន៖ «អ្នក​ទិញ​គេ​ផ្អើល​អា​ជំងឺ​ហ្នឹង គេ​ទិញ​​របៀប​ថា ចាប់ហួយ​ ណា​អូន ដូច​ស្ករ​ ប៊ីចេង ប្រហុក អំបិល​ ហើយ​ត្រី​ងៀត ត្រី​ខ​កំប៉ុង។ ឯ​អាជីវករ​ដង​ផ្លូវ​ អត់​ដាច់​ទេ​អូន។ វា​អត់​មាន​ត្រូវ​មុខ​អ្វី​ត្រូវ​ទិញ គេ​ទិញ​តែ​ចាប់ហួយ​ទេ ដល់​មុខ​របរ​តាម​ដង​ផ្លូវ លក់​បន្លែ លក់​ដំឡូង​អ្វី​ហ្នឹង អត់​ដាច់​ទេ»

អាជីវករ​ម្នាក់​ទៀត ជា​អ្នក​លក់​ផ្លែឈើ​ នៅ​ម្ដុំ​ផ្សារ​សិនជូរី ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ លោកស្រី ណុប សំអូន ក៏​ត្អូញត្អែរ​ដែរ​ថា លក់​មិន​សូវ​ដាច់​ដែរ។ លោកស្រី​និយាយ​ថា ឮ​តែ​អ្នក​ផ្សារ​ផ្អើល​ថា គេ​នាំ​គ្នា​ទិញ​អង្ករ​ទុក តែ​សម្រាប់​ការ​លក់​ដូរ​​ប្រភេទ​តូប​​តូចៗ នៅ​ក្នុង​ផ្សារ​មិន​សូវ​ដាច់​ទេ៖ «រាង​ស្ងាត់​ជាង​មុន។ ខ្ញុំ​ក៏​អត់​ទាន់​ទិញ​អ្វី​ទុក​ដែរ គ្រាន់​តែ​លឺ​​គេ​ថា ទិញ​អ្វី​ទុក​អ៊ីចឹង​ណា​ តែ​មិន​ដឹង​ទិញ​អ្វី ទុក​ផង»

ក្រុម​អ្នក​លក់​ដូរ​ទាំង​នេះ​កំពុង​បារម្ភ​ថា ប្រសិន​បើ​​ការ​លក់​ដូរ​ដូច​ពួក​គាត់​ នៅ​តែ​​បន្ត​ធ្លាក់​ចុះ​ទៀត បញ្ហា​​ប្រឈម​ខ្លាំង គឺ​ការ​គ្មាន​លទ្ធផល​​សង​លុយ​ធនាគារ។

ក្រៅពី​អ្នក​លក់​ដូរ អ្នក​រត់​ម៉ូតូ​រម៉ក​កង់​បី ក៏​អះអាង​ពី​ស្ថានភាព​ធ្លាក់​ចុះ​ នៃ​ការ​ដឹក​ភ្ញៀវ​ដែរ។ លោក ខែក វិចិត្រ ជា​អ្នក​រត់​ម៉ូតូ​សណ្ដោង​រម៉ក​កង់​បី នៅ​រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ថា​ លោក​ធ្លាក់​ចំណូល​អស់​ពាក់​កណ្ដាល ដោយ​សារ​ឥទ្ធិពល​ជំងឺ​កូវីដ១៩ នេះ។ លោក​ប្រាប់​ទៀត​ថា មុន​ពេល​​ករណី​ជំងឺ​កូវីដ​១៩ ផ្ទុះ​ឡើង លោក​ធ្លាប់​រត់​កង់​បី​ បាន​​ចំណូល​ចន្លោះ ៦ ទៅ ៨ម៉ឺន​រៀល ឬ​ប្រហែល ២០ដុល្លារ​អាមេរិក តែ​ឥឡូវ លោក​រត់​បាន​តែ ៤ម៉ឺន ឬ ១០ដុល្លារ​ប៉ុណ្ណោះ។

លោក​ថា អ្នក​រត់​ម៉ូតូ​ឌុប និង​អ្នក​រត់​ឡាន​​ឈ្នួល ឬ​តាក់ស៊ី ក៏​ធ្លាក់​ចុះ​ចំណូល​ដូច​គ្នា​ដែរ ដោយសារ​ លែង​សូវ​មាន​ម៉ូយ​ដឹក ហើយ​អ្នក​រត់​ម៉ូតូ​ឌុប​ខ្លះ បាន​ផ្អាក​រត់​ឌុប​តែ​ម្ដង ដោយសារ​ធ្លាក់​ចំណូល​ខ្លាំង​ពេក៖ «ឥឡូវ​ស្ងាត់​បង។ វា​ខុស​ពី​មុន ស្ងាត់​អត់​សូវ​មាន​មនុស្ស​ដើរ​ណា​បង។ ស្ងាត់​តាម​ហាង​ តាម​អ្វី គេ​អត់​សូវ​ដើរ​លេង​អ៊ីចឹង​ណា​បង។ គេ​អត់​សូវ​ចេញ​ទៅ​ណា គេ​នៅ​ផ្ទះ​អ៊ីចឹង ភាគច្រើន​គេ​នៅ ផ្ទះ​។ គេ​ដើរ​តិច​តួច មិន​មែន​អត់​សោះ​ទេ»

ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក ​វន់ ពៅ សង្កេត​ឃើញ​ថា កំឡុង​ពេល​ផ្ទុះ​ករណី​ជំងឺ​កូវីដ​១៩​នេះ ក្រុម​អ្នក​​អ្នក​រក​ស៊ី​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ពិត​ជា​លក់​មិន​ដាច់​មែន។ លោក ​វន់ ពៅ បញ្ជាក់​ទៀត​ថា ពលរដ្ឋ​សម្រុក​ទៅ​ទិញ​ទំនិញ​តែ​នៅ​ផ្សារ​ទំនើប ឯ​អាជីវករ​ខ្នាត​តូច និង​ក្រុម​លក់​តាម​ចិញ្ចើម​ផ្លូវ​​​សឹង​គ្រប់​កន្លែង​ លក់​មិន​ដាច់​នៅ​សល់​ទំនិញ​រាល់​ថ្ងៃ។

លោក ​វន់ ពៅ សំណូម​ពរ​ឲ្យ​រដ្ឋាភិបាល​ ជួយ​​​ដោះស្រាយ​បញ្ហា​នេះ​ ដោយ​ខិតខំ​ធ្វើ​យ៉ាង​ណា ផ្ដល់​ទំនុក​ចិត្ត​ផ្នែក​សុខភាព ​ឲ្យ​ពលរដ្ឋ​មាន​ជំនឿ​លើ​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា រដ្ឋ​ត្រូវ​ជួយ​ទិញ​ផលិត​ផល​របស់​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ យក​ទៅ​ចែក​ជូន​ពលរដ្ឋ ត្រូវ​ចាត់​វិធានការ​ទប់​ស្កាត់​ការ​ឡើង​ថ្លៃ​ទំនិញ និង​ងាក​ទៅ​រក​កិច្ច​ចរចា​យក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA មក​វិញ ដើម្បី​ផល​ប្រយោជន៍​អ្នក​ក្រៅ​ប្រព័ន្ធ៖ «អ្នក​ក្រៅ​ប្រព័ន្ធ​រដ្ឋាភិបាល​គួរ​តែ​ជួយ​ទិញ​​សម្ភារៈ​ទាំង​អស់​របស់​អ្នក​ក្រៅ​ប្រព័ន្ធ ដើម្បី​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​បន្ថែម​ទៀត ព្រោះ​រដ្ឋាភិបាល​ស្រុក​គេ​ កាល​ណា មាន​បញ្ហា​គេ​ជួយ​អ្នក​ក្រៅ​ប្រព័ន្ធ ទិញ​របស់​របរ​អ្នក​ក្រៅ​ប្រព័ន្ធ​ដើម្បី​ឧបត្ថម្ភ​ទៅ​អ្នក​ដែល​កំពុង​ខ្វះ​ខាត​ផ្សេងៗ​ទៀត។ អា​ហ្នឹង​ហើយ ជា​កម្មវិធី​សំខាន់​ដែល​រដ្ឋ​ត្រូវ​គិត​បញ្ហា​ហ្នឹង ហើយ​បញ្ហា​មួយ​ទៀត រដ្ឋ​ត្រូវ​ទប់​ស្កាត់ អា​កូរ៉ូណា វ៉ាយរើស (Corona Virus) បាន​ច្រើន ធ្វើ​ឲ្យ​មាន​ទំនុក​ទុក​ចិត្ត​ឡើងវិញ លើ​ប្រព័ន្ធ​សុខាភិបាល​ហ្នឹង ជា​ការ​ជួយ​មួយ​ផង​ដែរ»

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា ប៉ុន្មាន​ថ្ងៃ​​មក​នេះ ពលរដ្ឋ​នាំ​គ្នា​សម្រុក​ទិញ​ទំនិញ​ស្ដុក​ទុក។ អាជ្ញាធរ​​អំពាវនាវ​​ពលរដ្ឋ​កុំ​សម្រុក​​ទិញ​ទំនិញ​ស្ដុក​​ទុក ដែល​នាំ​ឲ្យ​ជន​ឱកាស​និយម​ឆ្លៀត​ឱកាស​ដំឡើង​ថ្លៃ។ ចំណែក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​អំពាវនាវ​ដល់​ពលរដ្ឋ​ថា កុំ​មាន​ព្រួយបារម្ភ​លើ​បញ្ហា​ខ្វះ​អង្ករ​ ព្រោះ​​​អង្ករ​នៅ​ក្នុង​ស្ដុក​មាន​ពេញ​​​បរិបូរណ៍​សម្រាប់​ផ្គត់ផ្គង់​នៅ​ក្នុង​ប្រទេស និង​មាន​អង្ករ​​នាំ​ចេញ​ទៀត​ផង។ ទន្ទឹម​គ្នា​នេះ សហព័ន្ធ​ស្រូវ​អង្ករ បាន​ប្រកាស​បើក​ស្តង់​លក់​អង្ករ​នៅ​ទីតាំង​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៩ មីនា​ស្អែក​នេះ។ ដូច្នេះ​ អាជ្ញាធរ​អំពាវនាវ​ពលរដ្ឋ​ កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​​ពី​បញ្ហា​អង្ករ និង​ស្បៀង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល