អ្នក​សៀមរាប​ថ្លែង​ថា ទោះ​ប្ដូរ​ប្រធាន​មន្ទីរ​៣​រូប ក៏​ផ្លូវលំ​ក្នុង​ក្រុង​មាន​ស្ថានភាព​លំបាក​ដដែល

ដោយ ថន ថារ៉ូ
2019-09-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ថានភាព​ផ្លូវ​លំ​ក្នុង​ក្រុង​សៀមរាប។ រូប​ថត​ថ្ងៃ​ទី៦ ខែ​កញ្ញា ឆ្នាំ​២០១៩។
ស្ថានភាព​ផ្លូវ​លំ​ក្នុង​ក្រុង​សៀមរាប។ រូប​ថត​ថ្ងៃ​ទី៦ ខែ​កញ្ញា ឆ្នាំ​២០១៩។
RFA

ផ្លូវ​លំបាក​ធ្វើដំណើរ​ក្នុង​ក្រុង​សៀមរាប នៅតែ​ជា​ឧបសគ្គ ប៉ះពាល់​មធ្យោបាយ​សេដ្ឋកិច្ច និង​អារម្មណ៍​ភ្ញៀវ​ទេសចរ ដែល​ទៅ​កម្សាន្ត​ក្នុង​ខេត្ត​នេះ ជាច្រើន​អាណត្តិ​មក​ហើយ។ ពលរដ្ឋ និង​ក្រុម​មគ្គុទ្ទេសក៍​បង្ហាញ​អារម្មណ៍​ខកចិត្ត​ថា អាជ្ញាធរ​មិន​បាន​យក​ចិត្ត​ទុក​ដាក់ ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ ឱ្យ​គ្រប់​ជ្រុងជ្រោយ និង​មាន​គុណភាព​ខ្ពស់​នៅឡើយ​ទេ។

ពលរដ្ឋ​រស់នៅ​ក្រុង​សៀមរាប និង​ក្រុម​មគ្គុទ្ទេសក៍ មាន​មន្ទិល​ចំពោះ​រដ្ឋាភិបាល​ដែល​ទទួល​បាន​ប្រាក់ចំណូល​រាប់​រយ​លាន​ដុល្លារ ពី​វិស័យ​ទេសចរ​ក្នុង​មួយ​ឆ្នាំៗ ក៏ប៉ុន្តែ​ល្បឿន​នៃ​ការ​អភិវឌ្ឍ​ផ្លូវ​ថ្នល់ តាម​ភូមិ​/​ឃុំ​/​សង្កាត់ នៅ​មាន​កម្រិត​តិចតួច​បំផុត។ ពួកគេ​ត្អូញ​ថា អាជ្ញាធរ​ខេត្ត និង​រដ្ឋាភិបាល​ហាក់​គ្មាន​ការ​ទទួលខុស​ត្រូវ​អនុវត្ត​គោលនយោបាយ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​មួយ​នេះ​ឱ្យ​មាន​គុណភាព ដូច​ការសន្យា​នៅ​មុន​ពេល​បោះឆ្នោត​ទេ។

អ្នក​រត់​ម៉ូតូ​កង់​បី ក្នុង​ក្រុង​សៀមរាប លោក រឹង ភារុន ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ កញ្ញា​ថា ផ្លូវលំ​ជាច្រើន​ខ្សែ​ត​ភ្ជាប់​ពី​ផ្លូវជាតិ និង​ផ្លូវ​តាម​ឃុំ​/​សង្កាត់ ក្នុង​ក្រុង​សៀមរាប​ខូចខាត​ធ្ងន់ធ្ងរ​ស្ទើរ​គ្រប់កន្លែង។ លោក​ថា ផ្លូវ​លំបាក​ធ្វើដំណើរ​បែបនេះ កើតមាន​ជាច្រើន​ឆ្នាំ​មក​ហើយ បើ​ទោះ​បី​ជា​ផ្លាស់ប្ដូរ​អភិបាល​ខេត្ត​ជា​ច្រើន​រូប​ហើយ​ក្ដី ក៏​គ្មាន​ដោះស្រាយ​ជា​វិជ្ជមាន​ដែរ៖ «សន្យា​ខ្យល់​ឱ្យ​ផុត​ពី​មាត់​ទៅ តាមពិត​។ អត់​ធ្វើ​អី​កើត​ទេ​និយាយ​មែន មួយៗ​ឡើង​មក (​អភិបាលខេត្ត​) គួស​រាស្ត្រ​យក​តែ​លុយ​​ទេ។ អភិបាលខេត្ត​មួយ​ឡើង​មក ចាំ​យក​តែ​លុយ​ទេ គ្មាន​ធ្វើ​ផ្លូវ និង​ស្ពាន​ទេ​។ អត់​អត់​មើល​ពី​ប្រជាជន និង​ការ​លំបាក​អត់​មាន​មើល​ទេ»

លោក រឹង ភារុន ចំណាំ​ថា ផ្លូវលំ​ក្នុង​ក្រុង ដែល​អាជ្ញាធរ​កសាង​កន្លង​ទៅ គ្មាន​គុណភាព​ល្អ​នោះ​ទេ​។ លើស​ពី​នេះ​ទៀត ផ្លូវ​ក្រវាត់ក្រុង ផ្លូវ​ស្មែលលីង (Smiling) ផ្លូវ​ជា ស៊ីម និង​ផ្លូវលំ​ជាច្រើន​ខ្សែ​ទៀត រង​ការ​ខូចខាត ដាច់​ជា​ដុំៗ មាន​ជង្ហុក​ច្រើន និង​មាន​ផ្លូវ​ជាច្រើន​កន្លែង​ទៀត នៅតាម​បណ្ដា​ស្រុក​ក៏​ទទួល​រង​ការខូចខាត​ធ្ងន់ធ្ងរ​ដែរ៖ «ម្សិលមិញ​ខ្ញុំ​ដឹក​ភ្ញៀវ​ទៅ បឹងមាលា ផ្លូវ​ទៅ​ដុំ​ដែក​ខ្ទិច​អស់​អា​លីង ផ្លូវ​ជង្ហុក​ធំៗ មិនបាច់​និយាយ​ជនបទ​ទេ នៅ​ក្នុង​ក្រុង​ដូច​តែ​គ្នា​ទេ​។ ផ្លូវ​ក្រវាត់​ក្រុង​ខូច​អស់ហើយ ខូច​គ្រប់កន្លែង ផ្លូវ​ធ្វើ​មិន​បាន​មួយ​ឆ្នាំ​ទេ ធ្វើ​ខែ​វស្សា​ដល់​ខែប្រាំង​ខូច។ អត់​ឃើញ​ដោះស្រាយ​ចេញ​ទេ នៅ​ដដែល​។ ឡើង​មួយៗ មាន​សួរ ភា​រិ​ន ឡើង​ឃឹម ប៊ុន​សុង ហើយ​ឃឹម ប៊ុន​សុង​រួច ឡើង​ក្រោយ​កូន​តា ទៀ បាញ់ អត់​មាន​ធ្វើ​អី​ទេ ពួកនេះ​ឡើង​មក ចាំ​កើប​តែ​លុយ​ទេ»

ប្រធាន​សមាគម​ក្រុម​មគ្គុទ្ទេសក៍​អង្គរ លោក ខៀវ ធី ថ្លែង​ថា ផ្លូវលំ​មួយ​ផ្នែក​ធំ នៅ​ទីប្រជុំជន ក្នុង​ក្រុង​សៀមរាប ខូចខាត បែក​ភក់ល្បាប់ បង្ក​ឱ្យ​ប៉ះពាល់​ភ្ញៀវ​ទេសចរ និង​ជីវភាព​ប្រជាជន​ធ្ងន់ធ្ងរ​។ លោក​ថា ភាព​យឺតយ៉ាវ​ក្នុង​ការ​ស្ថាបនា​ផ្លូវ​ក្នុង​ក្រុង​សៀមរាប និង​ការ​កសាង​ផ្លូវ​គ្មាន​គុណភាព នៅតែ​ជា​បញ្ហា​ប្រឈម​ជាច្រើន​ឆ្នាំ​មក​ហើយ៖ «ក្រុង​សៀមរាប​យើង មាន​ផ្លូវថ្នល់​មួយ​ចំនួន​ធំ បាន​ខូចខាត រហូត​បច្ចុប្បន្ន​ពុំ​ទាន់​មាន​ការ​ជួសជុល​នៅឡើយ​ទេ ជាពិសេស​ចាត់តាំង មាន​រដូវភ្លៀង​ធ្លាក់​ជោគ​ជាំ មួយ​ខែ​កន្លង​មក​នេះ​គឺថា ផ្លូវ​ខូច​ទាំងអស់។ នេះ​ជា​កត្តា​មួយ ដែល​យើង​អាម៉ាស់​ចំពោះ​ភ្ញៀវ​ទេសចរ ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ធ្លាក់​ចុះ»

ឆ្លើយតប​រឿង​នេះ អ្នកនាំពាក្យ​ក្រសួង​សាធារណការ លោក ប៉ាល់ ចន្ទតារា មានប្រសាសន៍ថា ក្រសួង​កំពុង​យកចិត្តទុកដាក់​អនុវត្ត​ផែនការ កសាង​ផ្លូវ​ឱ្យ​មាន​គុណភាព​ខ្ពស់ និង​បាន​រៀបចំ​ក្រុម​ឆ្មក់​ពិសេស ដើម្បី​ត្រួតពិនិត្យ​ផ្លូវ។ លោក​បញ្ជាក់​ថា មាន​ផ្លូវ​ខ្លះ​នៅ​ខេត្ត​សៀមរាប គ្រប់គ្រង​ដោយ​អាជ្ញាធរ​អប្សរា។ ចំពោះ​សំណួរ​ដែល​សួរថា កន្លង​ទៅ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ លោក ស៊ុន ចាន់ថុល បាន​ប្ដេជ្ញា​ថា នឹង​ជួសជុល​ផ្លូវ​ក្នុង​ក្រុង​សៀមរាប​ឱ្យ​ស្អាត​ទាំងអស់ ដោយ​ប្រើ​ថវិកាជាតិ ១៥​លាន​ដុល្លារ​នោះ តើ​គម្រោង​នេះ​ចាប់ផ្ដើម​ឬ​នៅ​? អ្នកនាំពាក្យ​រូប​នេះ​ឆ្លើយថា ពាក់ព័ន្ធ​ថវិកា​នេះ លោក​មិនទាន់​ក្ដាប់​បាន​នៅឡើយ​ទេ តែ​លោ​កថា ប្រសិនបើ​មាន​គោលការណ៍​ដូច្នេះ ក្រសួង​នឹង​ចាប់ផ្ដើម​អនុវត្ត​នីតិវិធី​៖ «ក្រសួង​កំពុងតែ​យកចិត្តទុកដាក់​ណាស់ ហើយ​បាន​និយាយ​ជាមួយ ប្រធាន​មន្ទីរ​ថ្មី ឱ្យ​យកចិត្តទុកដាក់​រៀបចំ​តំបន់​ទេសចរ​ប្រវត្តិសាស្ត្រ​ឱ្យ​បាន​លឿន។ ពាក់ព័ន្ធ​តំបន់ ទេសចរ​ប្រវត្តិសាស្ត្រ​នេះ​។ យកចិត្តទុកដាក់​ណាស់ យើង​កំពុង​ពង្រឹង​ការងារ​នេះ ធ្វើ​ម៉េច​ឱ្យ​បាន​លឿន នៅ​សៀមរាប»

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូ​នី បង្ហើប​ថា ក្រុមការងារ ១០០​រាត្រី នឹង​បង្ហាញ​របាយការណ៍ ពី​ផល​ប៉ះពាល់​អវិជ្ជមាន​នានា ទាក់ទិន​ភាព​យឺតយ៉ាវ​ស្ថាបនា​ផ្លូវ​នៅ​ខេត្ត​សៀមរាប និង​ការ​អភិវឌ្ឍ​ផ្លូវ​គ្មាន​គុណភាព ក្រោយ​ពី​ចុះ​ស្រាវជ្រាវ​រួចរាល់។ លោក​ថា បើ​ទោះ​បី​ជា រដ្ឋាភិបាល​ដាក់​ចេញ​គោល​នយោបាយ អភិវឌ្ឍន៍​ផ្លូវ ជា​ទិសដៅ ជា​អាទិភាព​ក្ដី តែ​ការអនុវត្ត​ជាក់ស្ដែង​នៅ​មាន​កម្រិត​ខ្សោយ៖ «សព្វថ្ងៃ​យើង​កំពុង​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ ផ្ដោត​សំខាន់​ទៅលើ វិស័យ​ទេសចរណ៍ នៅ​ខេត្ត​សៀមរាប និង​ការអនុវត្ត​គោលនយោបាយ​របស់​រដ្ឋាភិបាល ចំពោះ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប ហើយ​យើង​នឹង​បង្ហាញ​របាយការណ៍​នៅ​ថ្ងៃ​ខាងមុខ។ ផ្ដោត​សំខាន់​ដែល​មាន​អាទិភាព។ យើង​នឹង​ប្រៀបធៀប​ជាមួយ​ប្រទេស​ថៃ តើ​តំបន់​ណាខ្លះ​នៅ​ខេត្ត​សៀមរាប ត្រូវ​អភិវឌ្ឍន៍​វិស័យ​ទេសចរ ហើយ​នាំ​ចំណូល​ចូលជាតិ»

ក្រុម​មគ្គុទ្ទេសក៍ និង​ពលរដ្ឋ​បន្ថែម​ថា ពួកគេ​ខ្មាសអៀន​ភ្ញៀវ​ទេសចរ នៅ​ពេល​ឃើញ​ផ្លូវ​អាក្រក់ បែក​ភក់ នៅ​តំបន់​អង្គរ ដែល​ជា​តំបន់​ទេសចរ​ប្រវត្តិសាស្ត្រ​ល្បីល្បាញ​លំដាប់​ពិភពលោក​បែបនេះ។ ពួកគាត់​បញ្ចេញមតិ​ថា ប្រសិនបើ​នៅ​ប្រទេស​ថៃ និង​វៀតណាម​វិញ គេ​មាន​ចក្ខុវិស័យ​វែងឆ្ងាយ ស្ថាបនា​ផ្លូវ​មាន​គុណភាព​ខ្ពស់ និរន្តរភាព និង​ស្ថិរភាព​សេដ្ឋកិច្ច​រយៈពេល​យូរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល