នីតិវិធី​តំណាក់​កាល​ទី ២ ក្នុង​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA បិទ​បញ្ចប់​ថ្ងៃ​នេះ

ដោយ មួង ណារ៉េត
2019-11-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកស្រី ហ្វេដេរ៊ីកា មូហ្ការ៊ីនី (Federica Mogherini) តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប ផ្នែកកិច្ចការបរទេស និង គោលនយោបាយសន្តិសុខ និង ជាអនុប្រធានស្នងការអឺរ៉ុប ជួបជាមួយលោក ហ៊ុន សែន (រូបឃើញតែខ្នង) នៅទីក្រុងប្រ៊ុចស្សែល ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៨។
អ្នកស្រី ហ្វេដេរ៊ីកា មូហ្ការ៊ីនី (Federica Mogherini) តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប ផ្នែកកិច្ចការបរទេស និង គោលនយោបាយសន្តិសុខ និង ជាអនុប្រធានស្នងការអឺរ៉ុប ជួបជាមួយលោក ហ៊ុន សែន (រូបឃើញតែខ្នង) នៅទីក្រុងប្រ៊ុចស្សែល ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៨។
Photo Courtesy of the EU Audio Visual Services

គិត​មក​ត្រឹម​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា​នេះ គឺ​ដល់​ថ្ងៃ​ដែល​គណៈកម្មាការ​អឺរ៉ុប ត្រូវ​បិទ​បញ្ចប់​នីតិវិធី​តំណាក់​កាល​ទី ២ នៃការ​ត្រួតពិនិត្យ និង​វាយ​តម្លៃ​ស្ថានភាព​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ នៅ​ថ្ងៃ​នេះ ដែរ​គណៈកម្មកា​នេះ នឹង​ចេញ​របាយការណ៍​សន្និដ្ឋាន​បឋម​មួយ ដើម្បី​សម្រេច​ថា តើ​ត្រូវ​ព្យួរ ឬ​មិន​ព្យួរការ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា។

តើ​នីតិវិធី​បន្តរបស់គណៈកម្មការ​អឺរ៉ុប​​ នៅ​មាន​អ្វី​ខ្លះ​ទៀត?

ក្រោយ​​ទុកឱកាស​ជា​ច្រើន​លើក និង​ភាព​គ្មាន​ប្រសើរ​ឡើង​ផ្នែក​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ សហភាព​អឺរ៉ុប បាន​សម្រេច​ដាក់​ចេញ​ជា​ផ្លូវការ​នូវ​នីតិវិធី​ ដែល​ឈាន​ដល់​ការ​ព្យួរ​អនុគ្រោះ​ពន្ធ EBA ពីកម្ពុជា។​

បញ្ហា​មិន​ប្រសើរ​ឡើង​នៃ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នេះ ត្រូវ​បាន​សហភាព​អឺរ៉ុប លើក​យក​មក​ព្រមាន និង រម្លឹក​របប​លោក ហ៊ុន សែន សា​ជា​ថ្មីម្តង​ទៀត កាល​ពី​ចុង​ខែ​មុន​នេះ គឺ​នៅ​ក្នុង​សម័យ​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាល​ពី​ថ្ងៃ​ទី​២៥ ខែកញ្ញា។ តំណាង​សហភាព​អឺរ៉ុប​លោក បេឡា ហ្សំបាទី (Béla Szombati) លើក​ឡើង​ថា សហភាព​អឺរ៉ុប នៅ​តែ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង អំពី​ការ​រឹតត្បិត​សិទ្ធិសេរីភាព​របស់​ពលរដ្ឋ ក្នុង​ជីវភាព​នយោបាយ​នេះ។

លោក បេឡា ហ្សំបាទី ទទូចឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់វិធានការចាំបាច់​ទាំងអស់ ដើម្បី​ធ្វើ​ឲ្យ​មាន​ប្រជាធិបតេយ្យ គោរព​សិទ្ធិកម្មករ និង ស្តារ​បរិយាកាស​នយោបាយឡើងវិញ ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​គណបក្ស​នយោបាយ​ប្រឆាំង​ អង្គការ​សង្គមស៊ីវិល និង ប្រព័ន្ធផ្សព្វផ្សាយ​ មាន​សេរីភាព​គ្រប់គ្រាន់ ក្នុងការ​បំពេញការ​ងារ​របស់ខ្លួន៖ «យើង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ ចាត់​វិធានការ​ជា​បន្ទាន់ និង​ដោយ​ស្មោះ​ស ដើម្បី​ការ​ពារ​សុវត្ថិភាព​អ្នក​សារ​ព័ត៌មាន អ្នក​ការពារ​សិទ្ធិមនុស្ស និង​បញ្ឈប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ ជា​ឧបករណ៍​នយោបាយ ក្នុង​ការ​ធ្វើទុក្ខបុកម្នេញ​​សំឡេង​ប្រឆាំង  អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​ការពារ​សិទ្ធិ​កម្មករ។ សហភាព​អឺរ៉ុប​ចង់​ឃើញ​កម្ពុជា​ បង្ហាញ​ជំហរ​ក្នុង​ចាប់​ផ្តើម​រៀបចំ​ឲ្យ​ចំណាត់​ការ ក្នុង​ការ​ស្តារ​ប្រជាធិបតេយ្យ​ សិទ្ធិមនុស្ស និងនីតិរដ្ឋ»

តំណាង​សហភាព​អឺរ៉ុប​រូប​នេះ បាន​រម្លឹក​របប​លោក ហ៊ុន សែន ផង​ដែរ ឲ្យ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ លើ​ករណី​បន្ត​ចោទ​ប្រកាន់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា និង ការ​ហាម​ឃាត់​សិទ្ធិ​នយោបាយ​មន្រ្តី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​ទាំង​អស់ និង​តំណែង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជាប់​ឆ្នោត​របស់​បក្សប្រឆាំង ដែល​ត្រូវ​បាត់បង់ដោយសារ​ការ​រម្លាយ​គណបក្សប្រឆាំងនោះ៖ «យើង​សូម​បញ្ជាក់​ជំហរ​របស់​យើង​សា​ជា​ថ្មី ដោយ​ទាមទារ​ឲ្យ​បើក​លំហ​សេរីភាព​ឡើង​វិញ​ដល់​មន្រ្តី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​ទាំង ១១៨ និង​ស្តារ​ប្រជាធិបតេយ្យ​ឡើង​វិញ នៅ​កម្រិត​មូលដ្ឋាន និង​ថ្នាក់ឃុំ​សង្កាត់»

ប៉ុន្តែ របប​លោក ហ៊ុន សែន នៅ​តែ​ចចេស​មិន​ព្រម​ស្តារ​ស្ថានការណ៍​នេះ​ឡើង​វិញ ដោយ​របប​នេះ​សម្អាង​ថា ខ្លួន​មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ​មេ​ដឹក​នាំ​របប​នេះ គឺ​លោក ហ៊ុន សែន ថែម​ទាំង​ធ្លាប់​​ឌឺ​ថា បើ​ទោះ​បី​ជា​អត់ EBA ក៏​កម្ពុជា​អត់​បញ្ហា។ លោក​ថែម​ទាំង​រុញ​ឲ្យ​គេ​ប្រញាប់​ផ្តាច់​វា​ទៀត​ផង៖ «បើសិន​គេ​ផ្តល់​ភាព​អនុគ្រោះ​ឲ្យ​យើង យើង​ក៏មិន​អាច​ក្លាយ​ទៅ​​ជា​អ្នកមាន​បាន​ទេ។ តែ​បើ​គេ​ដក​ភាព​អនុគ្រោះ​ពី​យើង​ ក៏មិន​ធ្វើ​ឲ្យ​យើង​ស្លាប់​ដែរ។​ យល់​ទេ​អា​កន្លែង​ហ្នឹង? កុំ​ធ្វើជា​សត្វឆ្កែ​ គ្រាន់​តែ​ដើម្បី​ជាមួយ​ឆ្អឹង ឬ​សាច់​មួយ​ដុំ វា​មិន​ថ្លៃថ្នូរ​ទេ។ ឧទាហរណ៍​គេ​គម្រាម បើ​មិន​ធ្វើ​តាម​អញ អញនឹង​កាត់​ផ្តាច់​នេះ កាត់​ផ្តាច់​នោះ។ កាត់​ទៅ! លោកឯង​កាត់​ទៅ! ធ្វើ​ឲ្យ​វា​អស់​សេចក្តី​ទៅ»

ភាព​មានៈ​របស់​លោក ហ៊ុន សែន នេះ បាន​បង្ខំចិត្ត​ឲ្យ​គណៈកម្មការ​អឺរ៉ុប ដាក់ចេញ​នូវ​នីតិវិធី​បី​តំណាក់​កាល​ធំៗ ដើម្បី​ត្រួត​ពិនិត្យ និង​វាយ​តម្លៃ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា មុននឹង​ឈាន​ទៅ​សម្រេចជាចុងក្រោយ ថាព្យួរការអនុគ្រោះ​ពន្ធ ឬ​យ៉ាង​ណា។

ឥឡូវនេះ នីតិវិធីនេះ កំពុង​ស្ថិត​ក្នុង​តំណាក់​កាល ៦ខែ ចុង​ក្រោយ នៃ​នីតិវិធី​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នោះ​ ដែល​ចែក​ចេញ​ជា​បី​តំណាក់កាល​ធំៗ៖

· តំណាក់កាលទីពីរ​នេះ មាន​រយៈ​ពេល ៦ខែ ដូច​តំណាក់​កាល​ទី​មួយ​ដែរ។ កាល​ក្នុង​តំណាក់​កាល​ទី​មួយ​ពី​ថ្ងៃ​ទី១២ កុម្ភៈ ដល់​ថ្ងៃ​ទី១៣ សីហា​នោះ គណៈកម្មការ​អឺរ៉ុប​ ត្រួត​ពិនិត្យ​តាមដាន និង វាយតម្លៃស៊ីជម្រៅ ថាតើ​កម្ពុជាបានធ្វើអ្វីខ្លះ ដើម្បី​កែ​ប្រែ​ស្ថានការណ៍​បច្ចុប្បន្ន ដែល​សហភាព​អឺរ៉ុប​ស្នើ​ឲ្យ​កែ​ប្រែ​ឬ​នៅ។ ប៉ុន្តែ ក្នុង​តំណាក់​កាល​ទីពីរ​នេះ គឺ​ចែក​ចេញ​ជា​បី​តំណាក់​កាល​ត​ទៅ​ទៀត (គឺ​តំណាក់​កាល ៣ខែ តំណាក់​កាល ១ខែ និង​តំណាក់​កាល ២ខែ)

o តំណាក់​កាល ៣ខែ​ដំបូង គឺ​ជា​ពេល​សរសេរ​របាយការណ៍​សន្និដ្ឋាន​​បឋម ដោយ​ផ្អែក​លើ​​​អ្វី​ដែល​ប្រតិភូ​គណៈកម្មការ​អឺរ៉ុប ប្រមូល​បាន​ក្នុង​អំឡុង​ទស្សនកិច្ច​ស្វែង​រក​ការ​ពិត​នៅ​កម្ពុជា និង​ឯកសារ​ភ័ស្តុតាង​ ដែល​ប្រមូល​បាន​ពី​ភាគីពាក់ព័ន្ធ។ ដំណាក់​កាល​បី​ខែ​ដំបូង​នេះ បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ទី១៣ ខែ​សីហា​​មក​ម្ល៉េះ ពោល​គឺ​ចាប់​ផ្តើម​ភ្លាមៗ ក្រោយ​ចប់​ដំណាក់​កាល ៦ខែ​ដំបូង។ តំណាក់​កាល​សរសេរ​របាយការណ៍​បឋម​នេះ នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា​នេះ។

o តំណាក់កាល ១ ខែ បន្ទាប់ គឺការ​ផ្តល់​ឱកាស​ចុងក្រោយ​ឲ្យ​របបលោក ហ៊ុន សែន តប​ទៅនឹង​របាយការណ៍​សន្និដ្ឋាន​បឋម ដែល​ចាប់ផ្តើម​ភ្លាមៗ ក្រោយ​សរសេររបាយការណ៍សន្និដ្ឋាន​នោះចប់។ តំណាក់​កាល​នេះ គឺ​គិត​ចាប់​ពី​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី១២ ខែ​ធ្នូ។ ក្នុង​រយៈ​ពេល​ពេញ​មួយ​ខែ​នេះ គណៈកម្មការ​អឺរ៉ុប ទុក​ឱកាស​ឲ្យ​របប​លោក ហ៊ុន សែន ឆ្លើយ​តប។ ផុត​ពី​មួយ​ខែ​នេះ​ទៅ គឺ​ចូល​ដល់​តំណាក់​កាល ២ខែ​ចុង​ក្រោយ។

o តំណាក់កាល ២ខែ​ចុង​ក្រោយ​នេះ គឺ​ជា​ពេល​វេលា​សរសេរ​សេចក្តី​សម្រេច​ស្ថាបពរ ថា​តើ​ត្រូវ​ព្យួរ​ ឬ​ មិន​ត្រូវ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA នោះ។ មន្ត្រី​នាំ​ពាក្យ​គណៈកម្មការ​អឺរ៉ុប​ផ្នែក​ពាណិជ្ជកម្ម និង​កសិកម្ម លោក ដានីញ៉ែល រ៉ូសារីយ៉ូ (Daniel Rosario) ប្រាប់​អាស៊ីសេរី ថា​សេចក្ដី​សម្រេច​ស្ថាពរ នឹង​ត្រូវ​ចុះ​ផ្សាយ​ក្នុង​ទិនានុប្បវត្តិ (ទស្សនាវដ្ដី) ផ្លូវ​ការ​របស់​គណៈកម្មការ​អឺរ៉ុប នៅ​អំឡុង​ពាក់​កណ្តាល​ខែ​កុម្ភៈ ឆ្នាំ២០២០ ខាង​មុខ។

តំណាក់កាលទីបី គឺជារយៈពេល ៦ ខែបន្ថែមទៀត ដើម្បី​ត្រៀមចាំ​អនុវត្តការព្យួរ​ការអនុគ្រោះនោះ ពោល​បើ​គណៈកម្មការ​អឺរ៉ុប​សម្រេច​ព្យួរ​ការ​អនុគ្រោះ​ពន្ធ នៅ​ពាក់​កណ្តាល​ខែ​កុម្ភៈ ឆ្នាំ២០២០ ​នោះ​មែន​ សហភាព​អឺរ៉ុប ទុក​រយៈ​ពេល ៦ខែ​ទៀត គឺរហូតដល់ពាក់កណាល ខែ​សីហា ឆ្នាំ២០២០ ទើប​អនុវត្ត​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ជា​ផ្លូវ​ការ។

ទោះ​បី​ជា​រយៈ​ពេល​កំណត់​នៃ​ការ​បិទ​បញ្ចប់​នីតិវិធី​ព្យួរ​ការ​អនុគ្រោះ​ពន្ធ កាន់​តែ​កៀក​ណាស់​ទៅហើយក្តី ក៏របបលោក ហ៊ុន សែន នៅ​តែ​មិន​ទាន់​ស្តារ​ស្ថានភាព​រំលោភ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ ឲ្យ​ប្រសើរ​ឡើង​វិញ​នៅ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សំឡេង​ប្រឆាំង ក៏​កាន់​តែ​មាន​សន្ទុះ​កើន​ឡើង​ជា​លំដាប់។​

នៅប៉ុន្មាន​សប្តាហ៍ចុង​ក្រោយ​នេះ អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​បង្កើន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​សំឡេង​ប្រឆាំង តាម​រូបភាព​នៃ​ការ​ចាប់​ចង និង​ចោទ​ប្រកាន់​សកម្មជន​បក្ស​នេះ កើន​ឡើង​រហូតដល់​ជាង ២០០នាក់​ហើយ។ ចំណែក​សេរីភាព​សហជីព​កម្មករ ក៏រងការ​រឹតត្បិត​ខ្លាំង ដោយសារ​តែ​ច្បាប់​សហជីព។ អង្គការ​សង្គម​ស៊ីវិល និង​ផ្នែក​សារ​ព័ត៌មាន​ឯករាជ្យ​ឯ​ណោះ ក៏​រង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នេះ​ដែរ។

ប្រទេស​កម្ពុជា ទទួល​បាន​កម្មវិធី​អនុគ្រោះ​ពន្ធ​លើ «ទំនិញ​គ្រប់​មុខ លើក​លែង​តែ​គ្រឿង​សព្វាវុធ» Everything But Arms ឬ​ហៅ​កាត់​ថា EBA នេះ ដោយសារ​តែ​វា​ជា​ផ្នែក​មួយ នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ របស់​សហភាពអឺរ៉ុប ដែលផ្តល់ឲ្យ​តែ​ប្រទេស​ក្រីក្រ​ប៉ុណ្ណោះ។ គោលបំណងធំ​នៃ​ការ​អនុគ្រោះ​ពន្ធ​នេះ គឺ​ចង់​ឲ្យ​ប្រទេសក្រីក្រ​ទាំង​នោះ មាន​ឱកាស​កាត់​បន្ថយ​ភាព​ក្រីក្រ តាម​រយៈ​ការ​រីក​លូតលាស់​ផ្នែក​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព។

ទោះជាយ៉ាងនេះក្តី ការ​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​នេះ គឺ​មាន​ភ្ជាប់​លក្ខខណ្ឌ​ធំៗ មួយ​ចំនួន​ ដែល​ប្រទេសនីមួយៗ ​ត្រូវ​បំពេញឲ្យ​បាន​ជា​ដាច់ខាត។ លក្ខខណ្ឌ​ទាំង​នោះ រួម​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​ការងារ​ ដែល​មាន​ចែង នៅ​ក្នុង​គោលការណ៍​ជា​មូលដ្ឋាន នៃ​អនុសញ្ញា​ទាំង​ឡាយ ស្តីពី​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ​របស់​អង្គការ​សហប្រជាជាតិ និង​អង្គការ​​អន្តរជាតិ​ខាង​ការងារ។

សហភាព​អឺរ៉ុប​បាន​ថ្កោលទោស និង​ព្រមាន​របប​លោក ហ៊ុន សែន ជា​ច្រើន​លើក​ច្រើនសារ​មកហើយ​ ឲ្យ​ស្តារ​ស្ថានភាព​នេះ​ឡើង​វិញ ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅបាន​ បើ​ចង់​បន្តរក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ​ត​ទៅ​ទៀត។

តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​ស្នងការ​អឺរ៉ុប អ្នកស្រី ហ្វេដេរីកា ម៉ូហ្គែរីនី (Federica Mogherini) ថា​កូនសោ គឺ​ស្ថិត​នៅ​ក្នុងដៃរបស់​លោក ហ៊ុន សែន ដែល​ជា​អ្នក​សម្រេច ថាតើ​កម្ពុជា​ចង់​រក្សា​ការ​អនុគ្រោះ​ពន្ធ​នេះ​ត​ទៅ​ទៀត ដែរ​ឬ​យ៉ាង​ណា?

អ្នកវិភាគនយោបាយ និង​សង្គម រួម​ទាំង​តំណាង​សហជីព​កម្មករ​មួយ​ចំនួន​ផង សុទ្ធតែ​ធ្លាប់​លើក​ឡើង​ថា ជម្រើស​សម្រាប់​របប​ក្រុង​ភ្នំពេញ គឺមានតែមួយគត់ នោះគឺស្តារ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ ជាថ្នូរ​នឹង​ការ​បន្ត​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល