អ្នក​នាំ​ភ្ញៀវ​ទេសចរ​នៅ​សៀមរាប​រិះគន់​របាយការណ៍​ក្រសួង​ទេសចរណ៍ ថា មិន​ឆ្លុះបញ្ចាំង​ការពិត

ដោយ មួង ណារ៉េត
2020-02-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទេសចរ​ដើរ​កម្សាន្ត​នៅ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម ឆ្នាំ​២០១៨។
ទេសចរ​ដើរ​កម្សាន្ត​នៅ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម ឆ្នាំ​២០១៨។
រូបថត​ក្រសួង​ទេសចរណ៍

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បាន​អះអាង​ថា ក្នុង​ឆ្នាំ​២០១៩ មាន​អ្នកទេសចរ​អន្តរជាតិ​ជាង​៦​លាន​នាក់ បាន​មក​ទស្សនា​កម្ពុជា គឺ​កើន​ឡើង​ជាង​ឆ្នាំ​២០១៨ ជិត ៧​ភាគរយ​។ អ្នក​នាំ​ភ្ញៀវ​ទេសចរ បាន​ប្រតិកម្ម​នឹង​ការ​លើកឡើង​នេះ​ថា មិន​ឆ្លុះបញ្ចាំង​ការពិត និង​មិន​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ឡើយ។

មគ្គទេសក៍​ទេសចរ​នៅ​ខេត្ត​សៀមរាប លោក សុត ហ៊ាន ថ្លែង​កាលពី​ថ្ងៃទី១ ខែ កុម្ភៈ​ថា អ្នក​ប្រកប​របរ​ទាក់ទង​នឹង​វិស័យ​ទេសចរ នៅ​តំបន់​អង្គរវត្ត កំពុង​ប្រឈមមុខ​នឹង​ដាច់​បាយ​ហើយ ដោយសារ​មិន​សូវ​មាន​ភ្ញៀវ ទៅលេង​កម្សាន្ត​ខេត្ត​សៀមរាប​។ លោក​ប្រតិកម្ម​នឹង​ការ​លើកឡើង​របស់​ក្រសួង​ទេសចរណ៍ ដែល​ថា កម្ពុជា​​មាន​កំណើន​ទេសចរ​នោះ ថា​ជា​រឿង​មិន​ពិត​ឡើយ ពីព្រោះ​ខេត្ត​សៀមរាប ជា​តំបន់​ទេសចរ​ប្រវត្តិសាស្ត្រ ដ៏​ល្បីល្បាញ​នៅ​លើ​ពិភពលោក ប៉ុន្តែ​មិន​មាន​ភ្ញៀវ​ទេសចរ​ច្រើន ដូច​ពេល​មុន​នោះ​ឡើយ៖ «អ្វី​ដែល​ខ្ញុំ​មិន​ទទួលស្គាល់​គឺ​ភ្ញៀវ​វា​ធ្លាក់​គាត់​ថា ឡើង ដល់ពេល​អីចឹង​គឺ​យើង​អត់​អាច​ទទួល​យក​បាន ជាក់ស្ដែង​ដូច​ក្រុមហ៊ុន ដែល​ខ្ញុំ​ធ្វើការ នៅ​ខែ​ដែល​សំបូរ​ភ្ញៀវ​មកលេង​ច្រើន​ដូចនេះ​អីចឹង​អត់​មាន​ពេលទំនេរ​ទេ គឺ វា​ពេញ​តែម្ដង ហើយ​សល់​ឱ្យ​ក្រុម​នៅ​ខាងក្រៅ​ទៀត​។ ខ្ញុំ​ដូច​ថា​មិន​ដឹង​គាត់​មានន័យថា​ម៉េច​ដែរ ដែល​គាត់​បំប៉ោង​ព័ត៌មាន​ខ្លះ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មិនបាន​រកស៊ី​មុខរបរ​នេះ​យល់​ខុស តែ​សម្រាប់​អ្នកបម្រើ​ទេសចរ​ផ្ទាល់​គេ​ដឹង​ហើយ»

មគ្គទេសក៍​ទេសចរ​រូប​នេះ បន្ថែម​ទៀត​ថា អ្នក​ប្រកប​របរ​ទាក់ទង​នឹង​វិស័យ​ទេសចរ​នៅ​ខេត្ត​ដទៃ ក៏​ពិបាក​រក​ប្រាក់​ចំណូល ដូច​ពួក​លោក​ដែរ ដោយសារ​ភ្ញៀវ​ទេសចរ​ធ្លាក់​ចុះ។

រីឯ​អ្នក​បើកឡាន​ដឹក​ភ្ញៀវ​ទេសចរ នៅ​ខេត្ត​សៀមរាប លោក ជា សានី វិញ ថ្លែង​ថា ភ្ញៀវ​ទេសចរ​បាន​ធ្លាក់​ចុះ​ខ្លាំង ២​ឆ្នាំ​មក​ហើយ ដោយ​មិន​ដឹង​មូលហេតុ​អ្វី​នោះ​ទេ​។ លោក​បន្ត​ថា សព្វថ្ងៃ​លោក​ដឹក​ភ្ញៀវ​បាន​ប្រមាណ​ពី​៨​ទៅ​១០​ជើង​ក្នុង​មួយ​ខែ និង​រក​ប្រាក់​ចំណូល​បាន​ប្រមាណ​២០០​ដុល្លារ​អាមេរិក​។ លោក​បញ្ជាក់​ទៀត​ថា ប្រសិនបើ​អ្នកទេសចរ នៅតែ​បន្ត​ធ្លាក់​ចុះ​ដូច​សព្វថ្ងៃ នឹង​ធ្វើ​ឱ្យ​អ្នក​ប្រកប​របរ​ទេសចរ​ភាគច្រើន បោះបង់​ការងារ​ចោល ពីព្រោះ​មុខរបរ​សព្វថ្ងៃ មិន​អាច​រក​ប្រាក់​ចំណូល ដោះស្រាយ​ជីវភាព​គ្រួសារ បាន​ឡើយ៖ «សៀមរាប​វា​មិន​ប៉ះពាល់​តែ​អ្នកទេសចរ​ដឹក​ភ្ញៀវ​ទេ ប៉ះពាល់​ទាំង អ្នកលក់​មុខ​អង្គរ​បន្តិចបន្តួច​ក៏​លក់​មិន​ដាច់​ដែរ ហើយ​បើ​សិន​គាត់​មក​គាត់​មាន​ក្រុមហ៊ុន​គាត់ បើ​គាត់​ចង់​ទិញ​អី​ទៅ​ទិញ​កន្លែង​គាត់ គេ​រៀបចំ​ឱ្យ​ស្រេច តាំងពី​ទិញ​របស់របរ​កំប៉ិកកំប៉ុក និយាយ​រួម​ក្រុមហ៊ុន​គេ​រៀប​ទាំងអស់​តែម្ដង ហើយ​សណ្ឋាគារ​គេ​ទៀត​ឥឡូវ​នោះ​។ ពីមុខ​បាន​សណ្ឋាគារ​ខ្មែរ​ខ្លះ ឥឡូវ​អត់​ទេ សុទ្ធតែ​សណ្ឋាគារ​ចិន ដូច​នៅ​ភូមិ​វប្បធម៌ ២​បី អា​ធំ​ហ្នឹង​សុទ្ធតែ​របស់​ចិន​ទាំងអស់»

ប្រតិកម្ម​របស់​អ្នក​ប្រកប​របរ​ក្នុង​វិស័យ​ទេសចរ​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បាន​អះអាង​ថា នៅ​ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​៦.៦ លាន​នាក់ កើន​ឡើង​ជាង​៦​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០១៨។

លោក​រដ្ឋមន្ត្រី​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា កំណើន​ទេស​នេះ ដោយសារតែ​កម្ពុ​ជា​មាន​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ​ល្អ ធានា​បាន​នូវ​សុខ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ​។

គេហទំព័រ​ក្រសួងទេសចរណ៍​ចុះផ្សាយ កាលពី​ថ្ងៃទី១ ខែ​កុម្ភៈ ថា តំបន់​ដែល​ទេសចរ​អន្តរ​ជាតិនិយម​ទៅលេង​កម្សាន្ត​ច្រើន​ជាងគេ រួមមាន​រាជធានី​ភ្នំពេញ មាន​ជាង​៤​លាន​នាក់ ខេត្ត​សៀមរាប​ជាង ២លាន​​នាក់ និង​តំបន់​ឆ្នេរសមុទ្រ មាន​ជាង ១​លាន​នាក់។

របាយការណ៍​ដដែល​ឱ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​បរទេស ដែល​មក​ទស្សនា​កម្ពុជា​ច្រើន​ជាងគេ គឺ ចិន មាន​ជាង​២​លាន​នាក់ វៀតណាម ជិត​១​លាន​នាក់ ថៃ ឡាវ អាមេរិក ម៉ាឡេស៊ី បារាំង និង អង់គ្លេស ដែល​ប្រទេស​នីមួយៗ មាន​អ្នកទេសចរ​ចាប់ពី​ជាង ១​សែន​នាក់ ទៅ​ជាង ៤​សែន​នាក់ ជាដើម។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជិក​វិស័យ​ទេសចរណ៍ និង​សេវាកម្ម​កម្ពុជា លោក ម៉ម រិទ្ធី មាន​ប្រសាសន៍​ថា លោក​មិន​យល់​អំពី​របាយការណ៍​របស់​ក្រសួង​ថា បាន​តួលេខ​ពី​ណា​មក​នោះ​ទេ ព្រោះ​ភ្ញៀវ​ទេសចរ នៅ​ខេត្ត​សៀមរាប​នេះ ធ្លាក់​ចុះ​ច្រើន រហូត​មានការ​រអ៊ូរទាំ​ពី​អ្នក​ធ្វើ​អាជីវកម្ម​វិស័យ​ទេសចរណ៍​ទៀត​ផង​។ បន្ថែម​ពី​នេះ​លោក​ថា នៅ​តំបន់​ទេសចរ​អង្គរវត្ត​សព្វថ្ងៃ សំបូរ​តែ​ទេសចរ​ចិន វៀតណាម និង​កូរ៉េ ចំណែក​ទេសចរ​មកពី​ប្រទេស​លោក​ខាងលិច មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ «អីចឹង​ការ​នាំ​ភ្ញៀវ​គេ​មាន​ក្រុមហ៊ុន​របស់​គេ​នាំ​ផ្ដាច់មុខ​ទាំងអស់ គេ​មិន​ឱ្យ​របូត​មក​ខ្មែរ​ដូច​លើក​មុន​ទេ អ្នកលក់​អី​ភ្ញៀវ​ដើរ​ចេញ​មក​ប្រសេចប្រសាច ទាំង​តាក់ស៊ី​និង​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​អី​រក​អត់​បានទេ គឺ​ខាង​ក្រុមហ៊ុន​ទេសចរណ៍ គេ​ក្រសោប​យក​អស់​។ ម្យ៉ាងទៀត​ការចាយវាយ​អត់​មាន​ដូច​អ្នក​មកពី​ខាង​តំបន់​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ទេ ការចាយវាយ​មានការ​ត្បិតត្បៀត និយាយ​ឱ្យ​អស់​ទៅ​សូម្បី​លុយ​ធីប ក៏​មិន​ដូច​អ្នកទេសចរ​មកពី​ខាង​អឺរ៉ុប​ដែរ»

មន្ត្រី​សហជីព​រូប​នេះ​បន្ត​ថា ទេសចរ​លោក​ខាង​លិច​ថយ​ចុះ​នេះ អាច​បណ្ដាលមកពី​បញ្ហា​នយោបាយ​នៅ​កម្ពុជា ព្រោះ​មិន​មាន​ស្ថិរភាព ធ្វើ​ឱ្យ​អ្នកទេសចរ​មានការ​ព្រួយបារម្ភ អំពី​សុវត្ថិភាព​ក្នុង​ការ​ដើរ​កម្សាន្ត និង​ខ្វះ​ការ​ផ្សព្វផ្សាយ​ផ្នែក​ទេសចរ ទៅដល់​ប្រទេស​ទាំងនោះ ឱ្យ​បាន​ទូលំទូលាយ។

លោក​ថា បញ្ហា​ទាំងនេះ ប្រសិនបើ​មិន​មាន​ការ​ដោះស្រាយ​ឱ្យ​បាន​ឆាប់​ទេ នោះ​នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​សេវាកម្ម​ទេសចរណ៍ បោះបង់​មុខរបរ​របស់​ខ្លួន​ចោល ហើយ​ធ្វើ​ចំណាក​ស្រុក ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​កាន់តែ​ច្រើន។

ដោយឡែក បើ​យោង​តាម​ទិន្នន័យ​របស់​គ្រឹះស្ថាន​អង្គរ សម្រាប់​មួយ​ខែ​ដើម​ឆ្នាំ​២០២០ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស ដែល​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ បាន​ថយ​ចុះ​ជិត ១៨% (១៧,៨៩%) បើ​ប្រៀបធៀប​ទៅ​នឹង​ខែ មករា ឆ្នាំ​២០១៩​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ កាលពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ បង្ហាញ​ថា ភ្ញៀវ​ទេស​បរទេស ដែល​បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​តំបន់​អង្គរ ក្នុង​ខែ​មករា​កន្លង​ទៅ​នេះ មាន​ចំនួន ជាង ២​សែន ២​ម៉ឺន​នាក់ (២២២,៥៦១)​។ ប្រាក់ចំណូល​ពី​ការ​លក់​សំបុត្រ​នេះ ក៏​ថយ​ចុះ​ជិត ១៥% ដែរ (-១៤,៨១%)

គ្រឹះស្ថាន​អង្គរ​មិនបាន​បញ្ជាក់​អំពី​មូលហេតុ នៃ​ការ​ថយ​ចុះ​ភ្ញៀវ​ទេសចរ​បន្ថែម យ៉ាង​គំហុក​នេះ​ទេ​។ ប៉ុន្តែ ការ​ថយចុះ​ភ្ញៀវ​បន្ថែម​នេះ គឺ​នៅ​ស្រប​ពេល​ដែល​ផ្ទុះ​ការ​រាតត្បាត​នៃ​មេរោគ​ផ្លូវ​ដង្ហើម ដ៏​កាច​សាហាវ ឈ្មោះ​វីរុស​កូរ៉ូណា​ថ្មី ដែល​ផ្ទុះ​ដំបូង​នៅ​ចុង​ខែធ្នូ ឆ្នាំ​២០១៩ នៅ​ទីក្រុង​វូហាន (Wuhan) ប្រទេស​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល