អាជ្ញាធរ​ដំណើរ​ការ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត​ឡើង​វិញ​បន្ទាប់​ពី​ផ្អាក​រត់​ជាង ៣ខែ

ដោយ ហេង រស្មី
2020-01-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ដំណើរ​ឡើង​លើ​រថភ្លើង​នៅ​ស្ថានីយ​នា​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០១៦។
អ្នក​ដំណើរ​ឡើង​លើ​រថភ្លើង​នៅ​ស្ថានីយ​នា​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០១៦។
RFA

អាជ្ញាធរ​ផ្លូវ​ដែក បើក​ដំណើរ​រថភ្លើង​ពី​​ភ្នំពេញ​ទៅ​​ប៉ោយប៉ែត​ឡើង​វិញ​ហើយ បន្ទាប់​ពី​បាន​ផ្អាក​រត់​ចាប់​តាំង​ពី​​ខែ​កញ្ញា​ ឆ្នាំ​២០១៩​ រហូត​មក។

ប្រជាពលរដ្ឋ​នៅ​​ជាប់​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ លោក ឆេង ហាក់​ ថ្លែង​ថា រថភ្លើង​ជើង​ដំបូង​រត់​ចេញ​ពី​ភ្នំពេញ​មក​ដល់​ប៉ោយប៉ែត នៅ​យប់​ថ្ងៃ​ទី​៤​ មករា​ និង​​ត្រឡប់​ទៅ​ភ្នំពេញ​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី៥ មករា​នេះ។ លោក​បន្ត​ថា​ ការ​បើក​ដំណើរ​រថ​ភ្លើង​ថ្ងៃ​ដំបូង​នេះ​មាន​តែ​ទូរ​រថភ្លើង ប៉ុន្តែ​ពុំ​មាន​អ្នក​ដំណើរ​នោះ​ទេ។

ប្រជាពលរដ្ឋ​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ និង​សំឡេង​ម្នាក់​ទៀត​ថ្លែង​ថា អ្នក​លក់​សំបុត្រ​បាន​ប្រាប់​លោក​ថា មូលហេតុ​ដែល​ពុំ​​មាន​ជិះ​រថភ្លើង​ ដោយសារ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​មិន​​​ដឹង​រថភ្លើង​បើក​ដំណើរ​ឡើង​វិញ​នៅ​ឡើយ​ ដូច្នេះ​ហើយ​បាន​ជា​​អគ្គនាយកដ្ឋាន​ផ្លូវ​ដែក​កម្ពុជា​ បើក​ដំណើរ​ការ​ឡើង​វិញ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​និង​ធ្វើ​ដំណើរ​តាម​រថ​ភ្លើង។ ពលរដ្ឋ​រូប​នេះ​បន្ត​ថា ​ចាប់​ពី​ពេល​នេះ​តទៅ​រថភ្លើង​រត់​ដឹក​អ្នក​ដំណើរ​ក្នុង​មួយ​សប្ដាហ៍​​មួយ​ជើង ​គឺ​ចេញ​ពី​ភ្នំពេញ​​ទៅ​ប៉ោយប៉ែត​ជា​រៀងរាល់​ព្រឹក​ថ្ងៃ​សៅរ៍ ហើយ​ត្រឡប់​ទៅ​ភ្នំពេញ​វិញ​ នៅ​ព្រឹក​ថ្ងៃ​ចុង​សប្ដាហ៍។

ផ្លូវ​រថភ្លើង​ពី​ភ្នំពេញ ទៅ​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ មាន​ប្រវែង​សរុប ៣៨៦​គីឡូម៉ែត្រ។​រដ្ឋាភិបាល​ចាប់​ផ្ដើម​ជួសជុល និង​កសាង​ផ្លូវ​ដែក​មួយ​ខ្សែ​នេះ នៅ​ឆ្នាំ២០០៩ និង​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ការ​ឡើង​វិញ​នៅ​អំឡុង​ខែ​កក្កដា ឆ្នាំ ២០១៨ ។

ប្រធាន​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​ ខេត្ត​បន្ទាយមានជ័យ​លោក គឹម សុវណ្ណ ​ធ្លាប់​ប្រាប់​អាស៊ី​សេរី​​ថា ​ការ​ផ្អាក​ដំណើរការ​ផ្លូវ​រថភ្លើង​កន្លង​មក​ ដោយសារ​​ទឹក​លិច​ខូច​ផ្លូវ​រថភ្លើង​កាល​ពី​រដូវវស្សា​​កន្លង​ទៅ​នេះ

កាល​ពី​ថ្ងៃ​ទី៤ មេសា ដល់​ខែ​កក្កដា ឆ្នាំ​២០១៨ អាជ្ញាធរ​​បើក​ដំណើរ​ការ​សាកល្បង​រថភ្លើង​ដំបូង​ គឺ​ដឹក​អ្នក​ដំណើរ​ដោយ​ឥត​គិត​ថ្លៃ​ពី​ប៉ោយប៉ែត​ទៅ​ក្រុង​សិរីសោភ័ណ​ខេត្ត​បន្ទាយមានជ័យ

កាល​ពី​ថ្ងៃ​ទី២២ មេសា ​ឆ្នាំ២០១៨​ មេ​ដឹក​នាំ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​លោក​ ហ៊ុន សែន និង​នាយក​រដ្ឋមន្ត្រី​ថៃ​លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan O-cha)  បាន​ជិះ​រថភ្លើង​រួម​គ្នា​ឆ្លង​កាត់​ព្រំដែន​ប្រទេស​ទាំង២ តាម​ច្រក​ទ្វារ​​អន្តរជាតិ​ប៉ោយប៉ែត​ ដើម្បី​ត​ភ្ជាប់​ផ្លូវ​រថភ្លើង​កម្ពុជា-ថៃ។

កាល​ពី​ពេលកន្លង​ទៅ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​លោក​ ស៊ុន ចាន់ថុល ចាត់​ទុក​ការ​ត​ភ្ជាប់​ផ្លូវ​ដែក​កម្ពុជា និង​ថៃ​នេះ​ថា ជា​ការ​រួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ អាស៊ាន និង​មហា​អនុ​តំបន់​មេគង្គ។

កាល​ពី​ថ្ងៃ​ទី៦ ខែ​កក្កដា ឆ្នាំ​២០១៨ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ កម្ពុជា និង​ថៃ​ បាន​​​ឯកភាព​លើ​កិច្ចព្រមព្រៀង​រួម​​គ្នា​អំពី​ការ​​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវ​រថភ្លើង​រវាង​ប្រទេស​ទាំង​ពីរ ប៉ុន្តែ​មិន​​បញ្ជាក់​ពី​មុខ​ទំនិញ​ដែល​បាន​ឯកភាព​គ្នា​មាន​អ្វី​ខ្លះ​នោះ​ទេ។ កាល​ណោះ រដ្ឋមន្ត្រី​ក្រសួង​មួយ​នេះ​បាន​អះអាង​ថា ភាគី​ថៃ​នឹង​បន្ត​នីតិវិធី​ផ្ទៃ​ក្នុង​របស់​ខ្លួន​ឲ្យ​បាន​លឿន ដើម្បី​ជំរុញ​ឲ្យ​ភាគី​ទាំងពីរ អាច​កំណត់​កាល​បរិច្ឆេទ​​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​ឱ្យ​បាន​ឆាប់។

ផ្លូវ​រថភ្លើង​មួយ​ខ្សែ​នេះ ចំណាយ​អស់​ថវិកា​សាងសង់​ជាង ៩៦លាន​ដុល្លារ​អាមេរិក (៩៦.៦០០.០០០)។ លោក ស៊ុន ចាន់ថុល ធ្លាប់​អះអាង​ថា គម្រោង​អភិវឌ្ឍន៍​នេះ គឺ​ថវិកា​​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅ​កាត់​ថា អេ.ឌី.ប៊ី (ADB) ប្រមាណ ១៣លាន​ដុល្លារ និង​ថវិកា​បដិភាគ​របស់​​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ជាង ៨៣លាន​ដុល្លារ (៨៣.០០០.០០០) អាមេរិក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល