មេ​សហជីព​សោកស្ដាយ​ដែល​លោក ​ហ៊ុន​ សែន​ នៅ​តែ​​ប្រកាន់​ជំហរ​មិន​ខ្វល់​ពី​ការ​ដក​ EBA ​របស់​សហភាព​អឺរ៉ុប

ដោយ ខែ សុណង
2020-02-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក រ៉ុង ឈុ ប្រាធាន​សហភាព​សហជីព​កម្ពុជា​
លោក រ៉ុង ឈុ ប្រាធាន​សហភាព​សហជីព​កម្ពុជា​
Photo: RFA

មេ​សហជីព​កម្ពុជា​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ដែល​លោក នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅ​តែ​ប្រកាន់​ជំហរ​មិន​ខ្វល់​ពី​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ EBA ​របស់​សហភាព​អឺរ៉ុប​នោះ​។​ មន្ត្រី​សហជីព​យល់​ថា ​ការ​ធ្វើ​បែប​នេះ​នឹង​​ធ្វើ​ឱ្យ​​ខាត​បង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ជា​ពិសេស​ ធ្វើ​ឱ្យ​កម្មករ​ធ្វើ​ការងារ​ក្នុង​វិស័យ​កាត់ដេរ​រាប់​ម៉ឺន​នាក់​ ប្រឈម​នឹង​អត់​ការងារ​ធ្វើ​​នៅ​ពេល​ខាង​មុខ។

មន្ត្រី​សហជីព​នៅ​តែ​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​​ងាក​មក​ស្ដារ​​សិទ្ធិមនុស្ស​​​​ឱ្យ​បាន​ប្រសើរ​ឡើង​ ដើម្បី​រក្សា EBA របស់​សហភាព​អឺរ៉ុប​ទុក​ឱ្យ​ពលរដ្ឋ​ខ្មែរ​មាន​ការងារ​ធ្វើ​បន្ត​ទៀត។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ​មាន​ប្រសាសន៍​ថា​ ​ការ​ប្រកាស​ម្ដង​ហើយ​ម្ដង​ទៀត​របស់​លោក ហ៊ុន សែន​ នេះ​​មិន​បាន​ផល​ចំណេញ​ដល់​កម្ពុជា​ឡើយ។ ផ្ទុយ​ទៅ​វិញ​វា​កាន់​តែ​ធ្វើ​ឱ្យ​​ប្រទេស​នេះ​ មាន​ឈ្មោះ​មិន​ល្អ​នៅ​លើ​ឆាក​អន្តរជាតិ​ទៅ​វិញ​ទេ។ លោក​បន្ថែម​ទៀត​ថា ​មូលហេតុ​ដែល​លោក​ហ៊ុន សែន​ មិន​ព្រម​​ធ្វើ​តាម​សំណើ​របស់​សហភាព​អឺរ៉ុប​ ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​​ស្ដារ​ប្រជាធិបតេយ្យ​ និង​ឱ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស​ឡើង​វិញ​ ដោយសារ​លោក ហ៊ុន សែន ​ព្រួយបារម្ភ​ខ្លាច​​ប៉ះពាល់​ដល់​អំណាច​ដឹក​នាំ​ប្រទេស​​របស់​ខ្លួន ពីព្រោះ​​ប្រសិន​បើ​ធ្វើ​តាម​សហភាព​អឺរ៉ុប​នឹង​​ធ្វើ​ឱ្យ​គណបក្ស​​សង្គ្រោះ​ជាតិ​រស់​ឡើង​វិញ​ ដែល​ជា​ឆ្អឹង​ទទឹង​ករ​​របស់​គណបក្ស​កាន់​អំណាច៖ «ជា​រឿង​នយោបាយ​បន្ទាប់​ពី​មាន​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំ​២០១៧​មក​ ឃើញ​ថា​ គណបក្ស​ប្រជាជន​ហ្នឹង​មាន​ការ​បាត់បង់​កៅអី​ច្រើន​ នៅ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​សន្ទុះ​កើន​ឡើង​​ច្រើន ហើយ​បើ​យើង​មើល​សន្លឹក​ឆ្នោត​វា​លំអៀង​គ្នា​តិច​តួច​បំផុត។អីចឹង​ចំណុច​ហ្នឹង​ដែល​ធ្វើ​ឱ្យ​អ្នក​កាន់​អំណាច​​មាន​ការ​ព្រួយបារម្ភ​ទើប​បាន​ជា​ប្រកាន់​ជំហរ​បែប​នេះ»

មេ​សហជីព​រូប​នេះ​បន្ថែម​ថា ​នៅ​ពេល​ដែល​សហភាព​អឺរ៉ុប​ដក EBA ជា​ផ្លូវ​ការ​នឹង​ធ្វើ​ឱ្យ​​កម្ពុជា​ខាត​ប្រយោជន៍​យ៉ាង​ធំធេង ជា​ពិសេស ធ្វើ​ឱ្យ​ប្រទេស​នេះ មាន​ឈ្មោះ​អាក្រក់​​នៅ​ឆាក​អន្តរជាតិ ​ដែល​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​មិន​ចង់​មក​​បណ្ដាក់​ទុន​រក​ស៊ី​នៅ​កម្ពុជា។

ចំណែក​ប្រធាន​សហជីព​កម្ពុជា លោក អាត់ ធន យល់​ថា លើក​ឡើង​របស់​លោក ហ៊ុន សែន នេះ​​គ្រាន់​តែ​​ជា​សារ​ស្វែង​រក​ផល​ប្រយោជន៍​ផ្នែក​នយោបាយ​ប៉ុណ្ណោះ។ លោក​បន្ត​ថា បើ​ទោះ​បី​ជា​ការ​ដក​EBA តិច​ឬ​ច្រើន​​ក៏​ដោយ​គឺ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការងារ​របស់​កម្មករ​​ដោយ​គេច​មិន​រួច​ឡើយ។

ប្រតិកម្ម​មេ​សហជីព​នេះ បន្ទាប់​ពី​​​មេ​ដឹក​នាំ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ គឺ​ លោក ហ៊ុន សែន បាន​ប្រកាស​​ជា​ថ្មី​ទៀត​ថា រដ្ឋាភិបាល​លោក​​នៅ​តែ​រក្សា​ជំហរ​ដដែល​​ដោយ​មិន​ខ្វល់​ពី​ការ​ដក​ពន្ធ EBA ពី​កម្ពុជា​នោះ​ឡើយ។ លោក​ ហ៊ុន សែន ​ប្រកាស​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​គរុសិស្ស ​បញ្ចប់​ការ​សិក្សា​ឆ្នាំ២០១៨-២០១៩ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី១៨ កុម្ភៈ​ថា ការ​ដក​EBA មិន​ធ្វើ​កម្ពុជា​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​នោះ​ឡើយ៖ «ព្រោះ​អា​ហ្នឹង​ជា​សិទ្ធិ​របស់​គេ​ជា​អ្នក​សម្រេច​ តែ​គេ​ក៏​គោរព​នូវ​សិទ្ធិ​​សម្រេច​របស់​យើង​ដែរ​ ខ្ញុំ​អត់​មាន​អី​តប​ត​ទេ​។អា​ហ្នឹង​សិទ្ធិ​នៅ​ក្នុង​ដៃ​គេ​ ប៉ុន្តែ​ក៏​ត្រូវ​គោរព​សិទ្ធិ​នៅ​ក្នុង​ដៃ​របស់​យើង​ដែរ​ តែ​ប៉ុណ្ណឹង​វា​ឆាប់​ចប់​ កុំ​បាច់​ជជែក​សាំ តាប៉ែ​អី​។ខ្មែរ​រស់​វេទនា​ណាស់​ទម្រាំ​បាន​ប៉ុណ្ណេះ​ ងើប​ឈរ​ប៉ុណ្ណេះ​ ហើយ​បង់​ពន្ធ​ឱ្យ​គេ​ទៅ​​ក្នុង​១០០​លាន​ជាង​១០០​លាន​អី​បន្តិច​បន្តួច​អី​បង់​ទៅ​។ផ្សារ​នៅ​តែ​នាំ​ចេញ​នាំ​ចូល​ដដែល​ អោយ​ក៏​យក​មិន​ឱ្យ​អោយ​ក៏​ហី​ អា​ហ្នឹង​រឿង​សិទ្ធិ​របស់​គេ»

កាល​ពី​ថ្ងៃ​ទី​១២​កុម្ភៈ​គណៈកម្មការ​សហភាព​អឺរ៉ុប​បាន​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ ពន្ធ EBA ២០% ឬ​​​​គិត​ជា​ទឹក​ប្រាក់​ជាង ១០០​លាន​ដុល្លារ​អាមេរិក ដែល​កម្ពុជា​ត្រូវ​ជាប់​កាតព្វកិច្ច​ពន្ធ ចំពោះ​ទំនិញ​នាំ​ទៅ​សហភាព​អឺរ៉ុប។ សេចក្ដី​សម្រេច​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ខែ​សីហា​ខាងមុខ ប្រសិន​បើ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ព្រម​ស្ដារ​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិមនុស្ស​ឱ្យ​ល្អ​ប្រសើរ​ឡើងវិញ​​នោះ។

កន្លង​មក​​ក្រុមហ៊ុន​សំលៀក​បំពាក់​លំដាប់​ពិភពលោក អេច អ៊ែន អ៊ែម (H&M Group) បាន​វាយតម្លៃ​ថា ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​ប៉ះពាល់​ដល់​កម្មករ​ធ្វើ​ការងារ​នៅ​ក្នុង​វិស័យ​កាត់ដេរ​ជាង ១លាន​នាក់ ដែល​​ជា​កម្លាំង​ចលករ​មួយ​យ៉ាង​សំខាន់​នៃ​ក្បាល​​ម៉ាស៊ីន​សេដ្ឋកិច្ច​របស់​កម្ពុជា៕


ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល