សហជីពកម្មករ​ជំរុញ​រដ្ឋាភិបាល​​ឱ្យ​​បញ្ឈប់​ការរំលោភបំពាន​សិទ្ធិ​ពលករ​ចំណាក​ស្រុក​

ដោយ សុជីវី
2019-10-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​ រ៉ុង ឈុន​ ប្រធាន​សហភាពសហជីពកម្ពុជា
លោក​ រ៉ុង ឈុន​ ប្រធាន​សហភាពសហជីពកម្ពុជា
រូប៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ

សហជីព​កម្មករ​ជំរុញ​រដ្ឋាភិបាល​ឱ្យ​បញ្ឈប់​រាល់ការរំលោភបំពាន​សិទ្ធិ​ពលករ​ចំណាក​ស្រុក ហើយ​ត្រូវ​ផ្ដល់​លទ្ធភាព​គ្រប់គ្រាន់​អោយ​ពួកគេ​អាច​អនុវត្ត​ពេញលេញ​សិទ្ធិ​សេរីភាព​ចូលរួម​ក្នុង​នយោបាយ។ កាលពីថ្ងៃទី២៨ តុលា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈ​ បាន​កោះប្រជុំ​ទីភ្នាក់ងារ​ឯកជន ដែល​ជ្រើសរើស​ពលករ ដើម្បី​ចាត់​វិធានការ​តាម​ដាន​ពលករ​ណា ដែល​ហ៊ាន​សុំ​ច្បាប់​ឈប់​សម្រាក ឬ​មិនធ្វើការ​ក្នុង​អំឡុង​ពេល ដែល​លោក សម រង្ស៊ី គ្រោង​នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន លើក​ឡើង​ថា​ការរឹតត្បិតសិទ្ធិសេរីភាព​ពលករ​ចំណាក ដោយ​មន្រ្តី​រដ្ឋាភិបាល​នឹង​ធ្វើ​អោយ​ពួកគេ​កាន់​តែ​ឈឺចាប់ ដ្បិតពួកគេ​គួរតែ​ទទួល​បាន​សិទ្ធិ​សេរីភាព​គ្រប់គ្រាន់ ចូលរួម​កិច្ចការ​នយោបាយ​ប្រទេសជាតិ នៅ​ពេល​ពួកគេ​ត្រូវ​ឃ្លាតឆ្ងាយ​ពី​ប្រទេស​កំណើត និង​ពីក្រុមគ្រួសារ។

លោក រ៉ុង ឈុន បន្ត​ថា រដ្ឋាភិបាល​គួរតែ​បំពេញ​តួនាទី​អោយ​បាន​ល្អ​ការពារសិទ្ធិ​ពលករ​ចំណាកស្រុក​ពីការរំលោភបំពាន​សិទ្ធិ​ពួកគេ​នៅ​តាម​កន្លែង​ការងារ នៅ​ក្នុង​ប្រទេស ដែល​ពួកគេ​កំពុង​ធ្វើការ​នោះ ប្រសើ​ជាង​រួម​ចំណែក ឬ​បន្ថែម​ការរំលោភបំពាន​សិទ្ធិ​របស់​ពួកគេ​តទៅទៀត«យើងមិនចាំបាច់ទៅណែនាំ គាត់​ឬមិនចាំបាច់ចង្អុលបង្ហាញទេ​ចំពោះពលករក៏ដូចជាពលរដ្ឋខ្មែរ​គាត់យល់ដឹង​ច្បាស់ណាស់​ថា​អ្នកណាថាអ្នកណា​បម្រើ​ជាតិ​ពិត​ប្រាកដ​ អ្នក​ណាមិនបាន​បម្រើជាតិ។ គាត់វាយតម្លៃហើយ​គាត់ធ្វើការសម្រេចចិត្ត»

ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ តំណាង​ដោយ​អគ្គនាយក​ការងារ លោក សេង សក្ដា កាល​ពី​ថ្ងៃទី២៨ ខែតុលា បាន​កោះ​ប្រជុំ​ទីភ្នាក់ងារ​ឯកជន ដែល​ជ្រើសរើស​ពលករ​ទៅ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ចំនួន​៣​រួម​មាន​ប្រទេស​ម៉ាឡេស៊ី ជប៉ុន និង​ប្រទេស​ថៃ ដើម្បី​ចាត់​វិធានការ​តាមដាន ពលករ​ណា ដែល​ហ៊ាន​សុំ​ច្បាប់​ឈប់​សម្រាក ឬ​មិន​ធ្វើការ​ក្នុង​អំឡុង​ពេល ដែល​លោក សម រង្ស៊ី គ្រោង​នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ។

កំណត់​ហេតុកិច្ចប្រជុំក្រសួងការងារ ដែល​អាស៊ីសេរី​ទទួល​បាន បង្ហាញក្រសួង​ការងារ​ណែនាំ​ឲ្យ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ទាំងនោះ​ពង្រឹង​ការជ្រើសរើស បណ្ដុះបណ្ដាល បញ្ជូន និង​គ្រប់គ្រង​ពលករខ្មែរ។ នៅ​ក្នុង​ប្រទេសថៃ ក្រសួងការងារ​នែនាំ​អោយ​ភ្នាក់ងារ​ទាំងអស់​ទាក់ទង​ទៅ​អ្នកគ្រប់គ្រង​ពលករ​នៅ​តាម​រោងចក្រ​អោយ​តាមដាន​ដែល​ស្នើសុំច្បាប់ និង​អ្នក​មិន​ទៅ​ធ្វើការ​នៅ​ថ្ងៃ​ទី​៧ ៨ និង​ ៩ វិច្ឆិកា។ តំណាង​ភ្នាក់ងារ​នៅ​តាម​ព្រំដែន​ត្រូវ​ប្រាប់​តៗ ​ទៅ​ពលករ​ពី​ការ​ដាក់​កម្លាំង​ប្រដាប់​អាវុធ​នៅ​តាម​ព្រំដែន និង​ណែនាំ​កុំអោយ​គាំទ្រការវិលត្រឡប់​របស់ លោក សម រង្ស៊ី។ នៅ​​ប្រទេស​ជប៉ុន ភ្នាក់ងារ​ត្រូវ​ក្ដាប់​ព័ត៌មាន​ក្រុម​ប្រឆាំង ដែល​​គ្រោង​ធ្វើ​បាតុកម្ម។ ចំណែក​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ក្រសួង​ណែនាំ​អោយ​ភ្នាក់ងារ​ជ្រើសរើស​ពលរករ​ត្រូវ​រៀបចំ​មជ្ឈមណ្ឌល​តំណាង​២​កន្លែង កសាង​សមាជិកភាព​​គណបក្ស និង​បង្កើត​អនុសាខា​គណបក្ស។

លើស​ពីនេះ​ភ្នាក់ងារ​ជ្រើសរើស​ពលករ​ត្រូវ​ធ្វើវីដេអូឃ្លីបខ្លីៗ ដែល​មានរយៈពេល ១នាទី ទៅ ១នាទី​កន្លះ ដោយឲ្យពលករ និយាយអំពីការមិនគាំទ្រការវិល​ត្រឡប់​របស់លោក សម រង្ស៊ី។ ម្យ៉ាងទៀត ទីភ្នាក់ងារ ត្រូវ​ផលិត​វីដេអូ​នេះ ដោយ​មួយ​ក្រុមហ៊ុន ត្រូវ​ផលិតវីដេអូ ២ ឃ្លីប បើមិនអាចធ្វើបាន ត្រូវ​ផ្តល់​លុយ ដើម្បីជួយថ្លៃផលិតវីដេអូទាំងនេះ។ តំណាង​ក្រសួង​ការងារ តម្រូវ​ឲ្យ​ក្រុមហ៊ុនទាំង​នេះ ធ្វើ​វីដេអូ​ទាំង​នេះ ផ្ញើមកក្រសួងការងារឲ្យបាន ៤ ថ្ងៃមុនថ្ងៃលោក សម រង្ស៊ី វិល​ចូល​ស្រុក​ខ្មែរ។

អាស៊ីសេរី​នៅ​មិន​ទាន់អាច​សុំ​ការឆ្លើយតប​បន្ថែម​ពី​មន្រ្តី​ក្រសួង​ការងារ លោក សេង សក្ដា​បាន​នៅ​ឡើយ​ទេ​កាល​ពី​ថ្ងៃ​ទី២៩ ខែ​តុលា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

លោក រ៉ុង ឈុន បន្ត​ទៀត​ថា រដ្ឋាភិបាល​គួរ​តែ​ងាក​មក​កែប្រែ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ ដើម្បី​អោយ​ពលរដ្ឋ​បាន​ចូលរួម​ក្នុង​ដំណើរ​ការ​បោះឆ្នោត ដែល​ជា​ការប្រកួត​ប្រជែង​ដ៏​ត្រឹមត្រូវ​មួយ៖ «អ្នកដែល​បាត់បង់ផលប្រយោជន៍ អ្នកដែល​ទទួល​ផល​ប៉ះពាល់​គឺ ប្រជាពលរដ្ឋ​ខ្មែរ​យើង​តែ​ម្ដង ហើយ​ជម្រើស​ល្អបំផុត​ធ្វើអោយ​ប្រទេសជឿនលឿន​ប្រកួតប្រជែងជាមួយបណ្ដាប្រទេស​នៅ​ក្នុងតំបន់ ​ក៏​ដូច​ក្នុង​ពិភពលោក គឺ​មាន​តែគោរពតាម​គោលការណ៍​ប្រជាធិបតេយ្យ ហើយ​យកកម្មវិធី​បោះ​ឆ្នោត​ជា​គោល។ អ្នកដែល​ចាញ់ធ្វើជាបក្ស​ប្រឆាំង អ្នកដែល​ឈ្នះ​ឡើងដឹក​នាំទៅ​ដូរវេនគ្នា​ទៅហ្នឹង​វាចប់ហើយ។ ហើយ​អ្នក​នយោបាយ​ហ្នឹងត្រូវតែមាន​ការលះបង់ខ្ពស់ ចៀសវាងយើងផាត់ចោលក្រុមមួយ ទុកក្រុមមួយ​ពេល​ហ្នឹង​ប្រទេសយើង​អត់​បាន​សុខ​ទេ។ ​ពេល​ប្រទេស​អត់​បាន​សុខ​​ពេល​ហ្នឹង​ប្រជាពលរដ្ឋនឹងរងគ្រោះ»

សហជីព​កម្មករ​នៅ​តែទទូច​ដល់​រដ្ឋាភិបាល​អោយ​ពិចារណា​ឡើងវិញ ក្នុង​ការកែប្រែស្ថានការណ៍​ឡើងវិញ ដើម្បី​ផលប្រយោជន៍​របស់​កម្មករ​នៅ​ពេល ដែល​​កម្ពុជា​ប្រឈម​មុខ​នឹង​ដំណើការ​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​ពិចារណា​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់​មុខ​ទំនិញ​លើក​លែង​តែ​សព្វាវុធ ឬ EBA នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល