សង្គម​ស៊ីវិល និង​សហជីព​ជាង​២០ ស្នើសុំ​ឱ្យ​ក្រុមហ៊ុន ណាហ្គា វើលដ៍ ទទួល​​ប្រធាន​​សហជីព​​ចូល​​ធ្វើ​​ការ​​វិញ

ដោយ ទីន ហ្សាការីយ៉ា
2019-10-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ (NAGA World)។
ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ (NAGA World)។
រូប៖ ហ្វេសប៊ុក Sithar Chhim

អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ជាង ២០​ស្ថាប័ន ចេញ​សេចក្ដី​ថ្លែងការណ៍​រួមគ្នា​នៅ​ថ្ងៃ​ទី៦ តុលា​នេះ ដោយ​ទាមទារ​ឱ្យ​ក្រុមហ៊ុន ណាហ្គា វើលដ៍ ទទួលយក​បុគ្គលិក និង​ជា​ប្រធាន​សហជីព​ប្រចាំ​ក្រុមហ៊ុន​ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ ចូល​ធ្វើការ​វិញ​ដោយ​ឥត​លក្ខខណ្ឌ។ ការ​ទាម​ទារ​នេះ បន្ទាប់ពី​ក្រុមហ៊ុន បាន​ព្យួរ​ការងារ​កញ្ញា ឈឹម ស៊ីថរ ដោយ​គ្មាន​មូលហេតុ​សមរម្យ​ជិត​មួយ​ខែ​ហើយ។

អង្គការ សមាគម និង​សហព័ន្ធ​សហជីព​ជាង​២០ ដែល​ធ្វើ​ការងារ​លើកកម្ពស់​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ អំពាវនាវ​ដល់​ក្រសួង​ការងារ ជួយ​សម្របសម្រួល​វិវាទ​ការងារ​រវាង​ក្រុមហ៊ុន កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) និង​ប្រធាន​សហជីព​កញ្ញា ឈឹម ស៊ីថរ ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ឱ្យ​ក្រុមហ៊ុន​ទទួល​យក នាង​ចូល​ធ្វើ​ការ​វិញ និង​ពិចារណា​លើ​សំណើ​សុំ​ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ​ជូន​បុគ្គលិក​ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​កាស៊ីណូ ណាហ្គា វើលដ៍។

សេចក្ដី​ថ្លែងការណ៍​រួម​របស់​ក្រុម​សង្គម​ស៊ីវិល​នេះ ធ្វើឡើង​មុន​មួយថ្ងៃ មុន​ពេល​ក្រសួង​ការងារ គ្រោង​ហៅ​តំណាង​សហជីព និង​តំណាង​ក្រុមហ៊ុន​ទៅ​ដោះស្រាយ​វិវាទ​ការងារ​នេះ នៅ​ថ្ងៃ​ទី​៧ ខែ​តុលា​។

អង្គការ សមាគម និង​សហជីព​ទាំងនេះ អះអាង​ថា ពួកគេ​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់ និង​បាន​សិក្សា​អំពី​ផ្លូវច្បាប់​ឃើញ​ថា ការសម្រេចចិត្ត​របស់​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា វើលដ៍ ក្នុង​ការ ព្យួរ​ការងារ​មេ​ដឹក​ដាំ​សហជីព​ដ៏​សកម្ម​ម្នាក់​នេះ ជា​រឿង​គ្មាន​មូលដ្ឋាន​ច្បាប់ និង​មិន​យុត្តិធម៌​នោះ​ទេ។ សង្គម​ស៊ីវិល​ថា កញ្ញា ឈឹម ស៊ីថរ គ្រាន់តែ​ប្រើប្រាស់​សិទ្ធិ​ជា​មូលដ្ឋាន និង​ប្រកប​ដោយ​វិជ្ជាជីវៈ​ឯករាជ្យ​តំណាង​ឱ្យ​កម្មករ​ជាង ៤​ពាន់​នាក់ ទាមទារ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​ការងារ និង ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ​សម្រាប់​បុគ្គលិក​ណាហ្គា វើលដ៍។

អ្នក​សម្របសម្រួល​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ លើក​ឡើង​ថា កញ្ញា ឈឹម ស៊ីថរ គឺជា​ថ្នាក់​ដឹកនាំ​សហជីព​មូលដ្ឋាន មួយ​រូប ដូច្នេះ​នាង​មាន​សិទ្ធិ​គ្រប់គ្រាន់​តំណាង​ឱ្យ​កម្មករ​និយោជិត​ក្នុង​ការ​ទាមទារ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​ការងារ និង​ប្រាក់​​ឈ្នួល​សមរម្យ​។ លោក​បន្ត​ថា សកម្មភាព​របស់​តំណាង​កម្មករ​រូប​​នេះ​​មិនបាន​បំពាន​ច្បាប់​អ្វី​នោះ​ទេ ផ្ទុយទៅវិញ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ណាហ្គា វើលដ៍ ទេ ដែល​ប្រើប្រាស់​​អំណាច​​រំលោភ​បំពាន​​យ៉ាង​​ធ្ងន់ធ្ងរ​​លើ​​សិទ្ធិ​​សេរីភាព​​សហជីព និង​បាន​ព្យួរ​ការងារ ដោយ​គ្មាន​មូលហេតុ និង​គ្មាន​ការស៊ើបអង្កេត​ឱ្យ​បាន​ត្រឹម​ត្រូវ៖ «ក្នុងនាម​សង្គម​ស៊ីវិល យើង​គាំទ្រ​សិទ្ធិ​ជា​មូលដ្ឋាន​គាំទ្រ​ការងារ​របស់​កម្មករ​និយោជិក​នៅ​កម្ពុជា គឺ​យើង​នៅតែ​ជំរុញ​ឱ្យ​កម្មករ​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​គាត់ ពេញលេញ​ហើយ​នឹង​បន្ត​ធ្វើ​ការ​តាមដាន និង​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ជាពិសេស​ក្រសួង​ការងារ ដោះស្រាយ​ជាបន្ទាន់​ដើម្បី​ឱ្យ​ថ្នាក់ដឹកនាំ​សហជីព​កញ្ញា ឈឹម ស៊ីថរ ចូល​ធ្វើ​ការ​វិញ»

ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ ធ្លាប់​មាន​ប្រវត្តិ​រើសអើង​សហជីព និង​បាន​បញ្ចប់​កិច្ចសន្យា សហជីព​កាលពី​ឆ្នាំ​២០០៩ ដែល​បាន​ធ្វើ​ឱ្យ​កម្មករ​រាប់​រយ​នាក់​ក្រោកឈរ​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន ជា​បន្ត​បន្ទាប់។

អនុ​ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ស ម៉ូរី ថ្លែង​ថា សមាគម​របស់​លោក​គាំទ្រ​កញ្ញា​ឈឹម ស៊ីថរ ព្រោះ​មើល​ឃើញ​ថា ក្រុមហ៊ុន​កាស៊ីណូ​ដ៏​ធំ​និង​ល្បីល្បាញ​ជាងគេ​ក្នុងស្រុក​ខ្មែរ​មួយ​នេះ បាន​បង្ហាញ​ការ​រើសអើង និង​គំរាមកំហែង​ដល់​សេរីភាព​សហជីព។ លោក​យល់​ថា ក្រុមហ៊ុន​គួរតែ​ពន្លឿន​ដំណោះ​ស្រាយ និង​ទទួលយក​កញ្ញា ឈឹម ស៊ីថរ ចូល​ធ្វើ​ការ​វិញ ដើម្បី​បញ្ចៀស​កុំ​ឱ្យ​បុគ្គលិក​ក្រុមហ៊ុន កាន់តែ​មិន​សប្បាយចិត្ត ហើយ​នាំ​ធ្វើ​កូដកម្ម ព្រោះ​កញ្ញា ឈឹម ស៊ីថរ គឺជា​តំណាង​ដ៏​សំខាន់​ក្នុង​ការ​ចរចា​ដំឡើង​ប្រាក់​ឈ្នួល និង​លក្ខខណ្ឌ​ការងារ​សមរម្យ​ជូន​ពួកគេ៖ «អ្នក​ធ្វើ​ការងារ​ក្នុង​វិស័យ​សណ្ឋាគារ និង​ទេសចរណ៍​ភាគច្រើន​គឺ យុវជន ដូច្នេះ​ហើយ​ក្នុងនាម​យើង​ជា​អង្គការ​យុវជន យើង​ចូលរួម​គាំទ្រ​ទាំង​សកម្មភាព និង​ស្មារតី ដល់​កម្មករ​និង​កញ្ញា ឈឹម ស៊ីថរ។ ខ្ញុំ​គិត​ថា កម្មករ​នៅ​កាស៊ីណូ គាំទ្រ​កញ្ញា ឈឹម ស៊ីថរ ច្រើន ព្រោះ​គាត់​មាន​ស្នាដៃ​ល្អ ក្នុង​ការ​ការពារ​សិទ្ធិ​កម្មករ​នៅ​ទីនោះ។ បើ​មិន​មាន​ដំណោះស្រាយ​សមរម្យ​ទេ ខ្ញុំ​គិត​ថា កម្មករ​នៅ​ទីនោះ អាច​នឹង​មិន​នៅ​ស្ងៀម​ទេ អាច​ថា ពួកគាត់​នឹង​ធ្វើ​កូដកម្ម​បន្ថែម​ទៀត​ដើម្បី​ជំរុញ​ឱ្យ​មានការ​ដោះស្រាយ»

វិវាទ​ការងារ​នេះ​កើតឡើង បន្ទាប់ពី​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ ព្យួរ​ការងារ​ប្រធាន​សហជីព ម្នាក់ គឺ​កញ្ញា ឈឹម ស៊ីថរ កាលពី​ថ្ងៃ​ទី​២០ កញ្ញា បន្ទាប់ពី​ក្រុមហ៊ុន​ដឹង​ថា ប្រធាន​សហជីព​រូប​នេះ គ្រោង​ធ្វើ​យុទ្ធនាការ​ទាមទារ​លក្ខ​ខណ្ឌ​ការងារ និង​ការដំឡើង​ប្រាក់​ឈ្នួល​៥០០​ដុល្លារ សម្រាប់ បុគ្គលិក​ផ្នែក​កាស៊ីណូ និង​៣០០​ដុល្លារ​សម្រាប់​បុគ្គលិក​ផ្នែក​សណ្ឋាគារ​នៅ​ក្នុង​ក្រុមហ៊ុន ណាហ្គា វើលដ៍។

បុគ្គលិក​ផ្នែក​ភោជនីយដ្ឋាន​នៅ​ក្នុង​ក្រុមហ៊ុន​ណាហ្គា វើលដ៍ លោក ស្រី ណុប ទិត្យបូរ៉ាវី ប្រាប់​អាស៊ីសេរី​ថា បុគ្គលិក​ទាំងអស់ នៅតែ​រក្សា​ជំហរ​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួលយក​ប្រធាន​សហជីព​របស់ ពួកគេ​វិញ ហើយ​ពួកគេ កំពុង​រង់ចាំ​មើល​លទ្ធផល​ដែល​ក្រសួង​ការងារ​គ្រោង​ផ្សះផ្សា​នៅ​ថ្ងៃ​ទី៧ ខែ​តុលា៖ «គាត់​ជា​ថ្នាក់ដឹកនាំ​ល្អ គាត់​ខ្វល់​ពី​សុខទុក្ខ​របស់​បុគ្គលិក គាត់​ជួប​បញ្ហា​នេះ​ដោយសារ​បុគ្គលិក​ទាំងអស់ ព្រោះ​បុគ្គលិក​ស្នើសុំ​ឱ្យ​គាត់​ជួយ​ទាមទារ​រំកិល​ប្រាក់ខែ របស់​ពួក​យើង ព្រោះ​ប្រាក់ខែ​សព្វថ្ងៃ​និង​អតិផរណា មាន​គម្លាត​គ្នា​ឆ្ងាយ​ពេក យើង​ចាយ​មិន​គ្រប់។ បើ​យើង​ដើរ​គ្រប់​នីតិវិធី​ហើយ​គ្រប់​នៅតែ​មិន​ទទួលយក​អ្នកស្រី​ប្រធាន​ចូល​ធ្វើការ​វិញ​ទេ ពួក​យើង នឹង​ធ្វើ​យុទ្ធនាការ​ទៅតាម​ផ្លូវច្បាប់»

អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយតប​ប្រធាន​គ្រប់គ្រង​ផ្នែក​ទំនាក់ទំនង​បុគ្គលិក​របស់​ក្រុមហ៊ុន កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) អ្នកស្រី ឌី សីហា និង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ បាន​ទេ នៅ​ថ្ងៃ​ទី៦ តុលា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល។

អង្គការ​សមាគម និង​សហជីព លើកឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​ថា ពួកគេ​នឹង​បន្ត​តាមដាន និង គាំទ្រ​កម្មករ​និយោជិក​ក្នុង​ការ​បន្ត​សកម្មភាព​ទាមទារ​ប្រកប​ដោយ​អហិង្សា និង​ប្រើប្រាស់​សិទ្ធិ​ជា មូលដ្ឋាន​របស់​ពួកគេ​ដែល​ធានា​ដោយ​ច្បាប់ ដើម្បី​ធានា​ថា ក្រុមហ៊ុន ណាហ្គា វើលដ៍ ទទួល​យក​ប្រធាន​សហជីព​ចូល​ធ្វើ​ការ​វិញ និង​ធានា​លុបបំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​សហជីព។ ក្រុម​សង្គម​ស៊ីវិល ក៏​ទាមទារ​ឱ្យ​មានការ​លើកកម្ពស់​ទំនាក់​ទំនង​វិជ្ជាជីវៈ​រវាង​កម្មករ និង​ក្រុមហ៊ុន ឱ្យ​កាន់តែ​ប្រសើរ​ដើម្បី​បញ្ចៀស​រាល់​ការ​តវ៉ា​ណាមួយ​កើត​ឡើង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល