សណ្ឋាគារ​ជាង ៤០ និង​កន្លែង​ផ្ដល់​សេវាកម្ម​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​ធំ​នៅ​សៀមរាប​ត្រូវ​បិទទ្វារ

ដោយ វ៉ែន សុមេធ
2020-03-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកទេសចរ​ជនជាតិ​កូរ៉េ ​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត នៅ​ឆ្នាំ​២០១៩។
អ្នកទេសចរ​ជនជាតិ​កូរ៉េ ​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត នៅ​ឆ្នាំ​២០១៩។
RFA

ទីក្រុង​អង្គរ​ខេត្ត​សៀមរាប បាន​ប្រែក្លាយ​ជា​ស្ងប់ស្ងាត់​ក្រោយពី​ផ្ទុះ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីដ-១៩ ពុំ​ធ្លាប់​មាន បណ្តាល​ឱ្យ​សណ្ឋាគារ​លំដាប់​ពិភពលោក​ជាង ៤០កន្លែង និង​កន្លែង​ផ្ដល់​សេវាកម្ម​ភ្ញៀវ​ទេសចរ​ជាច្រើន​កន្លែង​ទៀត​ត្រូវ​បង្ខំចិត្ត​បិទទ្វារ​។ កត្តា​នេះ ធ្វើ​ឱ្យ​ពលរដ្ឋ​រាប់​ពាន់​នាក់​បាត់បង់​ការងារ​ធ្វើ និង​ប្រាក់ចំណូល​។ ក្រុម​ពលរដ្ឋ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល រក​មធ្យោបាយ​សង្គ្រោះ​វិបត្តិ​សេដ្ឋកិច្ច​​ជា​ប្រព័ន្ធ​នេះ។

ក្រុម​អ្នក​ម៉ូតូ​កង់​បី អ្នកលក់​វត្ថុ​អនុស្សាវរីយ និង ពលរដ្ឋ​មួយ​ចំនួន​ទៀត​រស់នៅ​ក្រុង​សៀមរាប បង្ហាញ​ក្តី​កង្វល់​រួម​ពី​ការធ្លាក់ចុះ​ជីវភាព​កាន់តែ​ធ្ងន់ធ្ងរ បន្ទាប់ពី​ផ្ទុះ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូ​វីដ​-១៩  ​ធ្វើ​ឱ្យ​ប្រភព​ការងារ និង​ប្រាក់ចំណូល​ប្រជាជន រស់​ពឹង​ផ្អែកលើ​វិស័យ​ទេសចរ​កាន់តែ​ថយ​ចុះ​មួយ​កម្រិត​ទៀត​។

ពលរដ្ឋ​ថា ទីក្រុង​អង្គរ​ដែល​ធ្លាប់​មាន​មនុស្ស​អ៊ូអរ និង​មាន​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​មក​កម្សាន្ត​រាប់​លាន​នាក់ ក្នុង​មួយឆ្នាំៗ ក៏ប៉ុន្តែ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ បែរជា​ស្ងាត់ជ្រងំ ធ្វើ​ឱ្យ​កន្លែង​ផ្ដល់​សេវាកម្ម​ភ្ញៀវ​ទេសចរណ៍ កន្លែង​លក់​វត្ថុ​អនុស្សាវរីយ និង​ភោជនីយដ្ឋាន​ជាច្រើន​បាន​បិទទ្វារ និង​ក្ស័យធន​។ រីឯ​សណ្ឋាគារ និង​ផ្ទះសំណាក់​តូចៗ​ជាច្រើន​ទៀត ស្ទើរតែ​គ្មាន​ភ្ញៀវ​ទាល់តែសោះ។

អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់ ឈ្មោះ ប៉ក់ ថូរ ប្រាប់​អាស៊ីសេរី​ថា​  ភាព​ស្ងប់ស្ងាត់​នៃ​ភ្ញៀវ​ទេសចរ​ពុំ​ធ្លាប់​ជួប​នេះ បាន​រុញច្រាន​ឱ្យ​ជីវភាព​ប្រជាជន​ធ្លាក់​ចុះ​ជា​ប្រព័ន្ធ​។ លោក​បាន​ឈប់​រត់​ម៉ូតូ​កង់​បី ដោយសារ​តែ​ខ្សត់​ភ្ញៀវ ហើយ​បច្ចុប្បន្ន លោក​បាន​ធ្វើជា​កម្មករ​សំណង់​ជំនួស ដើម្បី​រក​ប្រាក់​សង​ធនាគារ និង​ចិញ្ចឹមជីវិត​។ លោក​បន្ថែម​ថា គ្រួសារ​លោក បាន​ខ្ចី​ប្រាក់​ធនាគារ​ជាង ៧០០០​ដុល្លារ ដើម្បី​ទិញ​ដី បង់ថ្លៃ​សាលា​ឱ្យ​កូន និង​ទិញ​ម៉ូតូ​កង់​បី ហើយ​ក្នុង​មួយ​ខែ​លោក​ត្រូវ​សង់​ធនាគារ​វិញ​ជាង ២០០​ដុល្លារ ក៏ប៉ុន្តែ​នៅ​គ្រា​ដែល​ភ្ញៀវ​ទេសចរ​ធ្លាក់​ចុះ ធ្វើ​ឱ្យ​គ្រួសារ​លោក​ជួប​ការ​លំបាក​៖ «ភោជនីយដ្ឋាន សណ្ឋាគារ​អី​ផ្សេងៗ ធ្លាប់​សំបូរ​ភ្ញៀវ​ឥឡូវនេះ ស្ងាត់ជ្រងំ​តែម្ដង បង្ក​ជា​ក្តី​កង្វល់​ដ៏​ធំ​សម្រាប់​ពលរដ្ឋ​រស់នៅ​ពឹង​ផ្អែកលើ​វិស័យ​ទេសចរ​នេះ​។ ភ្ញៀវ​ទេសចរ​ស្ងាត់​តែម្ដង និយាយ​ឱ្យ​ចំ​ទៅ ស៊ឹង​ក្លាយ​ជា​ទីក្រុង​ខ្មោច​បាត់​ហើយ​។ មានការ​ផ្លាស់ប្ដូរ​ខ្លាំង​មែនទែន ដោយសារតែ​ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​នេះ មាន​ក្តី​កង្វល់​ខ្លាំង​ណាស់​ដោយសារតែ​យើង ខ្ចី​បុល​ពី​ធនាគារ យក​មក​រកស៊ី​វិស័យ​ទេសចរ ទិញ​ដី ទិញ​ឡាន សង្ឃឹមថា មាន​ភ្ញៀវ​ទេសចរ​ដឹង តែ​ឥឡូវ​អត់​មាន​ភ្ញៀវ​ទេសចរ​ដឹក។ ម្នាក់ៗ​ មិនដឹង​ថា ត្រូវ​គិត​ដោះស្រាយ​យ៉ាងណា​ទេ ចំពោះ​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ គេ​នៅតែ​យក​ការ​ប្រាក់​​យក​​រហូត»

អាជីវករ​ម្នាក់​លក់​វត្ថុ​អនុស្សាវរីយ​នៅ​ផ្សារ​ចាស់ ក្នុង​ក្រុង​សៀមរាប ថ្លែង​សុំ​លាក់​ឈ្មោះ​ត្អូញ​ថា ជីវភាព​គ្រួសារ​លោកស្រី  ​ពឹងផ្អែក​ទាំងស្រុង លើ​វិស័យ​ទេសចរ តាមរយៈ​លក់​វត្ថុ​អនុស្សាវរីយ ក៏ប៉ុន្តែ​នៅ​គ្រា​ដែល​ភ្ញៀវ​ទេសចរ​ធ្លាក់​ចុះ​ខ្លាំង ធ្វើ​ឱ្យ​គ្រួសារ​លោកស្រី​ជួប​វិបត្តិ​សេដ្ឋកិច្ច និង​គ្មាន​ប្រាក់​បង្វិល​សង​ធនាគារ​។ លោកស្រី​ថា គ្រួសារ​លោកស្រី​បាន​ជំពាក់​បំណុល​ធនាគារ​ជាង ៣​ម៉ឺន​ដុល្លារ ដោយ​ត្រូវ​សង​ត្រឡប់​ទៅវិញ​ជាង ៦០០​ដុល្លារ ក្នុង​មួយ​ខែៗ​  ប៉ុន្តែ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ពួកគេ​ប្រឈម​ខ្វះ​ប្រាក់​បង្វិល​សង​ម្ចាស់បំណុល ដោយសារតែ​ខ្សត់​ភ្ញៀវ​។  ​លោកស្រី​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល អន្តរាគមន៍​ទៅ​ធនាគារ ឱ្យ​បន្ថយ​ការប្រាក់ និង​ពន្យារពេល​សង​មួយ​រយៈ​សិន អំឡុង​ពេល​ដែល​ផ្ទុះ​ជំងឺ​សាហាវ​នេះ​៖ «លក់ដូរ​វា​អត់​ដឹង​ហ្មង អង្គុយ​តាំង​ពី​ព្រឹក​រហូតដល់​យប់ ជួន​កាល​បាន ១០​ដុល្លារ ជូន​កាល​អស់ហើយ​២០​ដុល្លារ​ទៅផ្ទះ​វិញ​។  ​បើ​យើង​បិទតូប យើង​អត់​មាន​ចំណូល​សោះ​។ ខាង​ធនាគារ គេ​អត់​ស​ម្រូ​ល​ឱ្យ​យើង​ផង ខ្ញុំ​ខ្ចី​ធនាគារ មករក​ស៊ី ហើយ​និង​ធ្វើ​ផ្ទះ​បន្តិចបន្តួច​។ បាន​ទាក់ទង​គេ​ម្សិលមិញ​ដែរ គេ​អត់​មាន​សម្រួល​ថា ឱ្យ​យើង​បង់​តែ​ការប្រាក់ ឬមួយ​ក៏​ម៉េច​ទេ​? គេ​ថា គេ​អត់​មាន​វិធានការ​ហ្នឹង​ផង គេ​ថា ឱ្យ​យើង​ព្យាយាម​ឱ្យ​អស់ពី​សមត្ថភាព ធ្វើ​ម៉េច​រកលុយ​បង់​ឱ្យ​គេ»

អ្នករត់​ម៉ូតូ​កង់​បី​ម្នាក់ទៀត​រស់នៅ​ក្រុង​សៀមរាប លោក វិន ភារម្យ បារម្ភ​ថា វិបត្តិ​សេដ្ឋកិច្ច​នេះ អ្នក​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ គឺ​ពលរដ្ឋ​ក្រីក្រ រក​មួយថ្ងៃ​ស៊ី​មួយថ្ងៃ និង​អ្នក​ដែល​ជំពាក់​លុយ​ធនាគារ។​  លោក​ថា បច្ចុប្បន្ន​មាន​សណ្ឋាគារ​តិចតួច​ប៉ុណ្ណោះ​នៅ​បន្ត​ដំណើរការ ដោយសារ​ម្ចាស់​សណ្ឋាគារ គឺជា​ឧកញ៉ា និង អ្នកមាន​ទ្រព្យ​ច្រើន​។  ​ចំណែក ទំនិញ​លក់​លើ​ទីផ្សារ​ដូចជា ត្រី​សាច់ បន្លែ និង​ផ្លែឈើ​ជាដើម ក៏​ឡើងថ្លៃ​ដែរ​៖ «កាន់តែ​ធ្ងន់​មែនទែន​ហើយ រកតែ​លុយ​ទិញ​អង្ករ​មិន​បាន​ហូប​ផង ធ្ងន់ធ្ងរ​ជាងគេ អ្នក​ជំពាក់​លុយ​ធនាគារ​ហ្នឹង ហើយ​ស្រុក​ខ្មែរ​យើង គេ​អ្នកមាន​លុយ​គេ​ចាយ​មិន​អស់ អា​ខ្លះ អូតែល (HOTEL) ៤ ទៅ ៥ លុយ​គេ​ចាយ​ដូច​ក្រដាស ដល់ពេល​យើង​ប្រជាជន​សាមញ្ញ​ធម្មតា​។ យើង​អ្នកក្រ យើង​រកតែ​អង្ករ​មិន​បាន​ហូប​ផង បាន​ព្រឹក​ខ្លះ​ល្ងាច បាន​ល្ងាច​ខ្វះ​ព្រឹក»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អភិបាលខេត្ត សៀមរាប លោក ទៀ សីហា ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​ក្តី​បារម្ភ​នេះ ក៏ប៉ុន្តែ​ទូរ​សព្ទ​ហៅ​ចូល​គ្មាន​អ្នកទទួល នៅ​ថ្ងៃទី២១ មីនា។

ចំណែក​អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍ លោក តុប សុភ័ក ក៏​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ​។ តែ​លោក​បាន​ប្រាប់ វីអូឌី (VOD)​ថា ការ​ផ្ទុះ​ជំងឺ​កូវីដ​-១៩ ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ធ្លាក់​ចុះ​នៅ​ខេត្ត​សៀមរាប​យ៉ាង​គំហុក ដែល​នាំ​ឱ្យ​សណ្ឋាគារ​ប្រមាណ​៤១ ត្រូវ​បាន​បិទទ្វារ ក្នុងចំណោម​សណ្ឋាគារ​ជាង​២០០​កន្លែង​។

លោក​ថា ភ្ញៀវ​ទេសចរ​នៅ​ខេត្ត​សៀមរាប អត្រា​ថយ​ចុះ​ប្រមាណ ៨០​ភាគរយ​មក​ទល់​ពេល​នេះ បណ្តាល​ឱ្យ​មាន​ផល​ប៉ះពាល់​ជាច្រើន។

ចំណែកលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​មិន​យកពន្ធ​ផ្ទះសំណាក់ និង​សណ្ឋាគារ​ខេត្ត​សៀមរាប រយៈពេល ៤ខែ ដើម្បី​ជួយ​សម្រាល​ការ​លំបាក​របស់​ម្ចាស់​អាជីវកម្ម​។ រីធនាគារ​ជាតិ​នៃ​​កម្ពុជា បាន​ណែនាំ​ឱ្យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ ក្នុង​ប្រទេស​កម្ពុជា ពន្យារពេល​សង​ប្រាក់​ដើម និង​ការប្រាក់​ជូន​ពលរដ្ឋ​ដែល​ខ្ចីបុល​។ ក៏ប៉ុន្តែ​ពលរដ្ឋ​រស់នៅ​ក្រុង​សៀមរាប​អះអាង​​ថា ពួកគេ​នៅ​មិនទាន់​ត្រូវ​បាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ បន្ថយ​ការប្រាក់ និង​ពន្យារពេល​សង​ប្រាក់​នៅឡើយ​ទេ​មក​ទល់​ពេល​នេះ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង យល់​ថា ផល​ប៉ះពាល់​ប្រព័ន្ធ​សេដ្ឋកិច្ច​ទាំងនេះ បណ្តាល​មក​ពី​ជំងឺ​ដ៏​សាហាវ​នេះ ធ្វើ​ឱ្យ​ពលរដ្ឋ​លើ​ពិភពលោក និង​​ពលរដ្ឋ​​ខ្មែរ​​ភ័យ​ខ្លាច មាន​ហ៊ាន​ដើរហើរ​ច្រើន​។ លោក​បារម្ភ​ថា ប្រាក់ចំណូល​ពលរដ្ឋ​ក្រីក្រ ដែល​ប្រកប​របរ​តូចតាច នឹង​ជួប​វិបត្តិ​កាន់តែ​ធ្ងន់ ប្រសិនបើ​ជំងឺ​កូវីដ-១៩ អូស​បន្លាយ​ពេល​៖ «ដំណាក់​កាល​​នេះ​​គឺ រដ្ឋាភិបាល​គួរតែ​ឱ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ គិត​គូ​តើ​គ្នា​ប្រឈមមុខ ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ជាពិសេស​ការ​ហូប​ចុង តើ​មាន​ប៉ុន្មាន​ភាគរយ ដែល​គាត់​អាច​ប្រឈម​បញ្ហា​ហ្នឹង ហើយ​​អាច​​រក​តើ រដ្ឋ​អាច​ដោះស្រាយ​នៅក្នុង​រយៈពេល​ខ្លី ឱ្យ​គាត់​បាន​ស្អី​ខ្លះ​?​បាទ ! យ៉ាងហោចណាស់ ស្បៀងអាហារ​ហូបចុក​មួយ​ចំនួន ដែល​អាច​ឱ្យ​គាត់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ»

មន្ត្រី​សង្គម​ស៊ីវិល​សង្កេតឃើញ​ថា ក្រោយពី​កើតមាន​ជម្លោះ​នយោបាយ និង​ការ​ធ្លាក់​ចុះ​ប្រជាធិបតយ្យ នៅ​អំឡុង​ឆ្នាំ ២០១៧ ធ្វើ​ឱ្យ​ថយ​ចុះ​ភ្ញៀវ​ទេសចរ​លោក​ខាង​លិច តែ​កើន​ឡើង​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន ក៏ប៉ុន្តែ​ក្រោយពី​ផ្ទុះ​ជំងឺ​ដ៏​សាហាវ​នេះ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​បាន​ថយ​ចុះ​ច្រើន ជះឥទ្ធិពល​អាក្រក់​ដល់​សេដ្ឋកិច្ច ជីវភាព​ប្រជាជន និង​កន្លែង​ផ្ដល់​សេវាកម្ម​ភ្ញៀវ​ទេសចរ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល