ក្រុមសង្គមស៊ីវិលចំនួន ១១ស្ថាប័ន ចេញសេចក្ដីថ្លែងការណ៍រួមគ្នាជំរុញឲ្យរដ្ឋាភិបាលកាត់បន្ថយការចំណាយមិនចាំបាច់នានា ដែលនាំឲ្យខ្ជះខ្ជាយ ថវិកាជាតិ ឆ្នាំ២០២១។ មន្ត្រីរដ្ឋាភិបាលអះអាងថា រាល់ការចាយវាយទាំងអស់ មានខ្ទង់ចំណាយត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ។
ក្រុមអង្គការសង្គមស៊ីវិល សង្កេតឃើញថា ថវិកាជាតិ សម្រាប់ឆ្នាំ២០២១ មានការថយចុះជាមធ្យមប្រមាណបួន (៤)ភាគរយ បើធៀបនឹងថវិកាជាតិ ឆ្នាំ២០២០។ ប៉ុន្តែអ្វី ដែលក្រុមអង្គការសង្គមស៊ីវិលកត់សម្គាល់ គឺថវិកា សម្រាប់ចំណាយនៅថ្នាក់ក្រោមជាតិ បានធ្លាក់ចុះ ជាងឆ្នាំមុន ចំនួន២២,៥ភាគរយ។ ការកាត់បន្ថយការចំណាយសម្រាប់ថ្នាក់ក្រោមជាតិបែបនេះ បង្កើតជាក្ដីបារម្ភថា ការអភិវឌ្ឍនៅថ្នាក់ឃុំ និងស្រុក នឹងមានការយឺតយ៉ាវ ហើយគម្រោងវិនិយោគឃុំសង្កាត់ មួយចំនួន នឹងត្រូវពន្យារពេល។
ក្នុងសេចក្ដីថ្លែងការណ៍រួម របស់ក្រុមអង្គការសង្គមស៊ីវិល ចុះថ្ងៃទី២០ វិច្ឆិកា ដែលទើបត្រូវបានផ្សព្វផ្សាយ បានព្រួយបារម្ភថា រដ្ឋាភិបាល អាចនឹងចាយវាយមិនចំគោលដៅ ដែលអាចធ្វើឲ្យរដ្ឋាភិបាល ត្រូវខ្ចីលុយបរទេសបន្ថែមទៀត ខណៈរដ្ឋាភិបាល មានគម្រោងខ្ចីលុយបរទេស បន្ថែមទៀត សម្រាប់ច្បាប់ថវិកាជាតិ ឆ្នាំ២០២១។ សង្គមស៊ីវិលទាំង១១ស្ថាប័ន ជំរុញឲ្យរដ្ឋាភិបាល និងរដ្ឋសភា កាត់បន្ថយការចំណាយក្នុងវិស័យការពារជាតិ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ តែត្រូវយកចិត្តទុកដាក់ ចំពោះវិស័យសេដ្ឋកិច្ច និងសង្គម ឲ្យបានច្រើនវិញ។
ប្រធានកម្មវិធី នៃអង្គការតម្លាភាពកម្ពុជា លោក អ៊ឹម នរិន្ទ ប្រាប់អាស៊ីសេរីថា ក្រុមអង្គការសង្គមស៊ីវិល តែងតែបង្ហាញក្ដីកង្វល់ និងបានដាក់សំណើទាក់ទង នឹងច្បាប់ថវិកាជាតិ ទៅរដ្ឋាភិបាល និងរដ្ឋសភារាល់ឆ្នាំ ដើម្បីស្នើសុំឲ្យបង្ហាញ តម្លាភាពទាក់ទងនឹងការប្រមូលចំណូល និងការចំណាយ ជារៀងរាល់ឆ្នាំ។
តំណាងសង្គមស៊ីវិលរូបនេះ សង្កេតឃើញថា ការប្រមូលចំណូលរបស់រដ្ឋាភិបាលបានកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈការចំណាយ ក៏មានច្រើនដែរ។ លោកបន្តថា រដ្ឋាភិបាលបានបង្ហាញតួលេខនៃការប្រមូលចំណូលប្រចាំត្រីមាស ឬប្រចាំឆមាស ប៉ុន្តែរដ្ឋាភិបាល មិនបានបង្ហាញតួលេខចំណូលលម្អិត នៃការបង់ពន្ធរបស់បុគ្គល ឬក្រុមហ៊ុន ស្ថាប័ន នីមួយៗទេ ដែលជាហេតុនាំឲ្យមានមន្ទិលសង្ស័យ៖ «តម្លាភាពកម្រិតណា អ៊ីចឹងណា ព្រោះយើងចង់ដឹងថា អ្នកដែលបង់ពន្ធហ្នឹង គាត់បានបង់សមស្របទៅនឹងលទ្ធភាពនៃការបង់ពន្ធរបស់គាត់ ឬអត់? អ៊ីចឹង ជាចំណែកមួយទាក់ទងទៅលើការប្រមូលពន្ធ ឬការប្រមូលចំណូលហ្នឹង។ យើងចង់ឲ្យមានការបញ្ចេញព័ត៌មានទៅលើអ្នកបង់ពន្ធ ឬក៏ក្រុមហ៊ុន ដែលបង់ពន្ធហ្នឹង ឲ្យកាន់តែទូលំទូលាយ ដើម្បីឲ្យសង្គមស៊ីវិលយើងអាចមើលឃើញ ប្រជាពលរដ្ឋយើងអាចមើលឃើញ កាន់តែទុកចិត្តលើការបង់ពន្ធ ព្រោះរាល់ថ្ងៃហ្នឹង យើងមើលឃើញថា កាលណា យើងខ្វះព័ត៌មានបង់ហើយ យើងតែងតែមានមន្ទិល ថារដ្ឋហ្នឹងយកលុយ ទី១ ថាតើបង់ពន្ធបានត្រឹមត្រូវដូចគ្នា ឬក៏អត់? អ៊ីចឹង វានៅតែមានមន្ទិលសង្ស័យពីប្រជាពលរដ្ឋ»។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក គឹម សុភៈ បានទេ នៅថ្ងៃទី២៤ វិច្ឆិកា ដោយសារ លោកមិនលើកទូរស័ព្ទ។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាងថា រដ្ឋាភិបាល បានអនុវត្តការប្រមូលពន្ធ និងការចំណាយ បានត្រឹមត្រូវ និង ចំណាយមានប្រសិទ្ធភាព។
លោកពន្យល់ថា សម្រាប់ការចំណាយ និងកម្ចី នៅឆ្នាំ២០២១ នេះ រដ្ឋាភិបាល បានបញ្ជូនសេចក្ដីព្រាងច្បាប់ ទៅក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មុននឹងឆ្លងទៅរដ្ឋសភា។ លោក ថា រដ្ឋាភិបាល មានខ្ទង់កម្រិត នៃការខ្ចីលុយ ពីបរទេសត្រឹមត្រូវ មិនមែនធ្វើឡើង ដោយខ្វះការពិចារណាឡើយ៖ «ការចាយវាយ គឺប្រកបដោយគណនេយ្យភាព ហើយនិងតម្លាភាពត្រឹមត្រូវ របស់យើង។ យើងអត់មានចាយ ដើម្បីលាក់បាំង ចាយប៉ិននេះ ហើយលាក់បាំង គឺអត់មានទេ។ ទី២ អ្វីដែលជាប្រាក់សន្សំរបស់យើង បង្ហាញអំពីចរិតរបស់រដ្ឋាភិបាល ក្នុងការប្រើប្រាស់ផែនការរបស់យើង គឺយើងអត់មានប្រើរំលោភទេ»។
ប៉ុន្តែ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា ការចំណាយថវិការបស់រដ្ឋាភិបាល នាពេលកន្លងមក មិនសូវមានប្រសិទ្ធភាព និងមិនសូវទទួលបានការជឿជាក់ពីពលរដ្ឋទេ។ លោក សន ជ័យ យល់ថា ច្បាប់ថវិកាជាតិមួយដ៏ល្អ គឺត្រូវសួរពលរដ្ឋនៅមូលដ្ឋាន និងគិតគូរពីផលប្រយោជន៍ និងការអភិវឌ្ឍន៍នៅថ្នាក់មូលដ្ឋានឲ្យបានច្រើន និងជាចម្បង។
ចំពោះការខ្ចីបំណុលបរទេសវិញ លោក សន ជ័យ សង្កេតឃើញថា ប្រទេសជាដៃគូធ្លាប់ផ្ដល់ជំនួយ និងកម្ចី ឲ្យកម្ពុជា មួយចំនួន បានផ្អាកការជួយ នៅរយៈពេលចុងក្រោយនេះ។ ប៉ុន្តែ ប្រទេសចិន តែមួយគត់ ដែលបានបង្កើនការផ្ដល់កម្ចី ដល់កម្ពុជា។ លោកថា ការបង្កើនប្រាក់កម្ចីផ្ដាច់មុខ ពីប្រទេសកុម្មុយនិស្តតែមួយគត់ បែបនេះ ក៏ជាក្ដីបារម្ភរបស់កម្ពុជាដែរ៖ «រហូតដល់ពេលនេះ យើងមើលទៅ ទី១ផ្លូវការ គេផ្អែកលើរបាយការណ៍សវនកម្មជាតិ។ ប៉ុន្តែអាជ្ញាធរមួយនេះ នៅមានចំណុចខ្វះខាតច្រើន។ អ៊ីចឹង យើងមិនទាន់មានការជឿជាក់ទាំងស្រុង ថា ប្រសិទ្ធភាពហ្នឹង បាន១០០ភាគរយទេ គឺនៅត្រូវការរៀនសូត្រស្វែងយល់បន្ថែមទៀត ដើម្បីពង្រឹងប្រសិទ្ធភាពការចំណាយហ្នឹង ឲ្យស៊ីគ្នា នឹងលទ្ធផលដែលទទួលបាន»។
ចំណូលថវិកាជាតិ ឆ្នាំ២០២១ មានចំនួនជិតប្រាំពាន់លាន (៤ ៩០២លាន)ដុល្លារអាមេរិក (ឬស្មើ ១៩ ៩២៧ ១៨៦លានរៀល) ដែលស្មើប្រមាណជិតម្ភៃ (១៦,៩៦%)ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស ឬ GDP)។
ប៉ុន្តែ រដ្ឋាភិបាលនឹងចំណាយច្រើនជាងចំណូល ដូចរាល់ឆ្នាំដែរ។ នៅឆ្នាំ២០២១ រដ្ឋាភិបាលនឹងចំណាយប្រមាណ ប្រាំពីរពាន់ ប្រាំរយលាន(៧ ៥០០លាន)ដុល្លារ (ឬស្មើ៣០ ៤៩១ ៣៣៦លានរៀល)។ ថវិកាដែលត្រូវចាយលើចំណូល ជាងពីររយលាន(២ ៥៩៨លាន) ដុល្លារនេះ នឹងត្រូវខ្ចីពីបរទេស។
តែយ៉ាងណា ចំណាយសម្រាប់ឆ្នាំ២០២១ ថយចុះជាងឆ្នាំ២០២០ ជិតពីរ (១,៩%)ភាគរយ ដោយ រដ្ឋាភិបាល អះអាងថា ដើម្បីធានាលំនឹងសង្គម និងសេដ្ឋកិច្ចកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។