ធនាគារ​ពិភពលោក​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​ធ្លាក់​ចុះ​មក​នៅ ៦,៨% ក្នុង​ឆ្នាំ​២០២០

ដោយ មាន ឫទ្ធិ
2019-10-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ​ហ៊ុន​ សែន​ នៅ​ពេល​ជួប​សំណេះសំណាល​ជា​មួយ​កម្មករ កម្មការិនី​​ នៅ​ខេត្ត​កោះកុង ថ្ងៃ​ទី១៣ ខែ​មីនា ឆ្នាំ២០១៩។
លោក ​ហ៊ុន​ សែន​ នៅ​ពេល​ជួប​សំណេះសំណាល​ជា​មួយ​កម្មករ កម្មការិនី​​ នៅ​ខេត្ត​កោះកុង ថ្ងៃ​ទី១៣ ខែ​មីនា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister

ធនាគារ​ពិភពលោក (World Bank) រក្សា​ជំហរ​ព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ៦,% ក្នុង​ឆ្នាំ​២០២០​ខាងមុខ ដោយសារ​ប្រឈម​នឹង​ភាព​មិន​ប្រាកដប្រជា​នៃ​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​។ ធនាគារ​ពិភពលោក ផ្ដល់​អនុសាសន៍​ថា កម្ពុជា​ត្រូវ​ចាក់​បញ្ចូល​លុយ​ទៅ​ក្នុង​សេដ្ឋកិច្ច​ជាង ៧០០​លាន​ដុល្លារ​អាមេរិក បើ​មិន​ចង់​ឱ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ពី​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប​នេះ​។ មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​លើកឡើង​ថា ជា​ការ​ឆាប់រហ័ស​ពេក​ចំពោះ​ការ​លើក​ឡើង​នេះ ព្រោះ​រដ្ឋាភិបាល​កំពុង​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​ជុំវិញ​បញ្ហា​នេះ។

របាយការណ៍​បច្ចុប្បន្ន​ភាព​ស្ថានភាព​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក របស់​ធនាគារ​ពិភពលោក ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១០ ខែ​តុលា រក្សា​ជំហរ​ព្យាករណ៍​ដដែល​ថា សេដ្ឋកិច្ច​កម្ពុជា​ធ្លាក់​ចុះ​ពី ៧% ក្នុង​ឆ្នាំ​២០១៩ មក​នៅ​ត្រឹម ៦,% ក្នុង​ឆ្នាំ​២០២០​ខាងមុខនេះ​។ របាយការណ៍​ចុងក្រោយ​របស់​ធនាគារ​ពិភពលោក​នេះ ជា​ការ​ធ្វើ​បច្ចុប្បន្នភាព ទៅលើ​ការ​ព្យាករណ៍​ដូចគ្នា ដែល​ធនាគារ​ពិភពលោក​បាន​ធ្វើ​កាលពី​ខែ​មេសា ឆ្នាំ​២០១៩​កន្លងទៅ។

ធនាគារ​ពិភពលោក ផ្ដល់​អំណះអំណាង​នៃ​ការ​ធ្លាក់​ចុះ​កំណើន​សេដ្ឋកិច្ច​នេះ​ថា កម្ពុជា​ប្រឈមមុខ​នឹង​ហានិភ័យ​ធំៗ​ពីរ ដែល​អាច​បង្ក​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​កំណើន​សេដ្ឋកិច្ច​។ ហានិភ័យ​ធំៗ​ទាំងពីរ​នោះ គឺ​គ្មាន​អ្វី​ក្រៅពី​ភាព​មិន​ប្រាកដប្រជា​នៃ​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​» EBA របស់​សហភាព​អឺរ៉ុប និង​ការ​ស្រុតចុះ​ដោយ​គំហុក​នៃ​សេដ្ឋកិច្ច​ចិន ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក។

ធនាគារ​ពិភពលោក​ពន្យល់​ក្នុង​របាយការណ៍​បច្ចុប្បន្ន​ភាព​របស់​ខ្លួន​ថា នៅ​ចំពោះ​មុខ កម្ពុជា​ប្រឈម​នឹង​ហានិភ័យ​មួយ​ចំនួន ដែល​ក្នុង​នោះ រួម​ទាំង​ភាព​មិន​ប្រាកដ​ប្រជា​ជុំវិញ​លទ្ធភាព​ក្នុង​ការ​នាំ​ទំនិញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​» EBA ចូល​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប ដែល​ស្រូប​យក ៤០​ភាគរយ​នៃ​ផលិតផល​នាំចេញ​ពី​កម្ពុជា​។ ក្រៅ​ពី​នេះ ធនាគារ​បន្ត​ប្រមើល​មើល​ឃើញ​ថា ការ​ស្រុត​ចុះ​ដោយ​គំហុក​ណាមួយ​នូវ​សេដ្ឋកិច្ច​របស់​ចិន ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក នឹង​ធ្វើ​ឱ្យ​លទ្ធភាព​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ត្រូវ​ស្រុត​ចុះ​ទៅវិញ នៅ​ពេល​ដែល​សេដ្ឋកិច្ច​របស់​កម្ពុជា ពឹងផ្អែក​ខ្លាំង​លើ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ឬ FDI និង​ភ្ញៀវ​ទេសចរណ៍​ពី​ប្រទេស​ចិន។

ឆ្លើយតប​នឹង​ហានិភ័យ​ចម្បង​នេះ ជា​លើកដំបូង​ហើយ​ដែល​ធនាគារ​ពិភពលោក ផ្ដល់​អនុសាសន៍​ជាក់លាក់​ថា ប្រសិនបើ​កម្ពុជា​មិន​ចង់​ឃើញ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដោយសារ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​ក្នុង​ឆ្នាំ​២០២០​ខាងមុខនេះ​ទេ នោះ​រដ្ឋាភិបាល​ត្រូវ​ចាត់វិធានការ​អន្តរាគមន៍​ផ្នែក​ហិរញ្ញវត្ថុ​មួយ ឬ​ជា​ការ​ចាក់​លុយ​បញ្ចូល​ទៅ​ក្នុង​សេដ្ឋកិច្ច ក្នុង​ទំហំ​ទឹកប្រាក់​ធំ​គួរ​ឱ្យ​កត់សម្គាល់ គឺ​ជាង ៧៣៥ លាន​ដុល្លារ​អាមេរិក ស្មើនឹង​ជាង ៣% នៃ​ផលិតផល​ក្នុងស្រុក​សរុប (​ផ​.​ស​.​ស​) GDP​។ ផ្អែក​តាម​ទិន្នន័យ​របស់​ធនាគារ​ពិភពលោក ផលិតផល​ក្នុងស្រុក​សរុប​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨ មានតម្លៃ ២៤,៥ ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុងចំណោម​ប្រជាជន​សរុប​ជាង ១៦,៣ លាន​នាក់ ខណៈ​ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​ពលរដ្ឋ​ម្នាក់ៗ​ស្មើនឹង ១​ពាន់​៥​រយ (.៥០០) ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំ។

ឆ្លើយតប​ចំពោះ​ការ​ដាក់​ចេញ​អនុសាសន៍​នេះ លោក ផៃ ស៊ីផាន មន្ត្រី​នាំពាក្យ​នៃ​របប​ក្រុងភ្នំពេញ ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១០ តុលា ថា ជា​ការ​ឆាប់រហ័ស​ពេក​ហើយ​ដែល​ធនាគារ​ពិភពលោក ធ្វើ​ការ​ផ្តល់​អនុសាសន៍​ឱ្យ​រដ្ឋាភិបាល ត្រៀម​ចាក់​លុយ​ចូល​ជួយ​ទប់​សេដ្ឋកិច្ច​កម្ពុជា​នេះ ព្រោះ​លោក​ថា ពេលនេះ​កម្ពុជា​កំពុង​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​នៅឡើយ ដើម្បី​កុំ​ឱ្យ​មានការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ៖ «វា​លឿន​ពេក​ហើយ​ចំពោះ​ចម្លើយ​នេះ អាស្រ័យ​ដោយ​រាជរដ្ឋាភិបាល​កំពុងតែ​និយាយ​គ្នា កំពុងតែ​ដោះស្រាយ​ជាមួយ​នឹង​គណៈកម្មការ​អឺរ៉ុប​។ សហភាព​អឺរ៉ុប កំពុង​ពិគ្រោះ​ជាមួយ​សមាសភាព​របស់​គេ។ អីចឹង យើង​ពិបាក​នឹង​ឆ្លើយ ពិបាក​នឹង​និយាយ​ថា​ម៉េច​។ ប៉ុន្តែ ទោះជា​យ៉ាងណា រាជរដ្ឋាភិបាល យើង​មាន​គម្រោង មាន​ថវិកា ដើម្បី​ដោះស្រាយ​ពី​អ្វី​ដែល​ជា​យថាហេតុ​ដែល​យើង​ជួប​នេះឯង»

ជុំវិញ​អនុសាសន៍​ជាក់លាក់​របស់​ធនាគារ​ពិភពលោក​នា​ពេល​នេះ មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​ការងារ លោក មឿន តុលា ចោទ​ជា​សំណួរ​ថា កម្ពុជា​ពិបាក​រកលុយ​ពី​វិស័យ​ដទៃ ដើម្បី​យក​ទៅ​ត្រៀម​ចាក់​បញ្ជូល​ជួយសង្គ្រោះ​សេដ្ឋកិច្ច នៅ​ពេល​ដែល​សហភាព​អឺរ៉ុប​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ ខណៈ​ចំណូល​បាន​មក​ពី​វិស័យ​ប្រេងកាត នៅ​មិន​ទាន់​មាន​ភាព​ប្រាកដ​ប្រជា​នៅឡើយ៖ «បើ EBA នឹង​បាត់ វា​ធ្វើ​ឱ្យ​ភាព​ប្រកួតប្រជែង (National Competitiveness) វា​ចុះ​ខ្សោយ​ដែរ​។ បើ​ចុះ​ខ្សោយ វា​ធ្វើ​ឱ្យ​អ្នកវិនិយោគទុន គេ​មានការ​ស្ទាក់ស្ទើរ​។ ដូច្នេះ រដ្ឋ​ពិបាក​នឹង​រក​វិស័យ​ណា​មក​ជំនួស​វិស័យ​ហ្នឹង ដើម្បី​បង្គ្រប់ ដើម្បី​រកលុយ​ឱ្យ​បាន ៣% នៃ GDP ទៅ​បង្គ្រប់​។ មើល​ទៅ​ឃើញ​រឿង​ប្រេង​សព្វថ្ងៃ​នេះ ដែល​រដ្ឋ​កំពុង​សំឡឹង​មើល ក៏​មិន​ប្រាកដប្រជា​ដែរ​។ ខ្ញុំ​មើល​ទៅ​ឃើញ​ថា សមត្ថភាព​នៃ​ប្រទេស​កម្ពុជា ក៏​នៅតែ​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​នៅឡើយ​ក្នុង​ការ​ទទួល​យក​ប្រេង ហើយ​ស្តាប់​ទៅ​ដូចជា​ឱ្យ​ទៅ​ក្រុមហ៊ុន​ចិន​ទៀត​។ ដូច្នេះ ចំណូល​របស់​ជាតិ [​ពី​វិស័យ​នេះ​] ហាក់​ដូចជា​នៅក្នុង​ភាព​មិន​ច្បាស់លាស់​នៅឡើយ»

លោក មឿ​ន តុលា បន្ត​ថា​ពេលវេលា គឺ​ខិត​កាន់តែ​កៀក​ហើយ​សម្រាប់​សហភាព​អឺរ៉ុប​ធ្វើការ​សម្រេច​ចិត្តជា​ផ្លូវការ​ក្នុង​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​ខ្លួន​។ លោក​នៅតែ​ទទូច​ឱ្យ​រដ្ឋាភិបាល ធ្វើ​យ៉ាងណា​បញ្ចៀស​សហភាព​អឺរ៉ុប ពី​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ដោយ​ងាក​មក​ស្តារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើងវិញ ដូច​តាម​ការ​ចង់បាន​របស់​សហគមន៍​អន្តរជាតិ៖ «ខ្ញុំ​នៅតែ​ទទូច​អីចឹង ខ្ញុំ​ថា​វា​ពិត​ជា​មាន​ភាព​ចាំបាច់​សម្រាប់​កម្ពុជា​។ ខ្ញុំ​តែងតែ​ថា អ៊ីចឹង គឺថា​កម្ពុជា​អត់​មាន​ទាន់​បាន​ត្រៀមខ្លួន​ក្នុង​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នៅឡើយ​ទេ​។ ទាំង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​ទៅ​អឺរ៉ុប គឺ​ប្រព័ន្ធ EBA ហ្នឹង ហើយ​នឹង​ទាំង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទៅ​សហរដ្ឋអាមេរិក គឺ​ប្រព័ន្ធ GSP​។ ដូច្នេះ រឿង​ដែល​សំខាន់​បំផុត​សម្រាប់​កម្ពុជា គឺ​គួរតែ​ព្យាយាម​ធ្វើ​យ៉ាងណា​រក្សា​ប្រព័ន្ធ​ទាំងពីរ​នេះ​ឱ្យ​បាន»

សហភាព​អឺរ៉ុប​បាន​បិទ​បញ្ចប់​ដំណាក់កាល ៦​ខែ​ដំបូង​នៃ​ការ​តាមដាន និង​វាយតម្លៃ​របស់​ខ្លួន កាលពី​សីហា​កន្លង​ទៅ ហើយ​បច្ចុប្បន្ន​គណៈកម្មការ​សហភាព​អឺរ៉ុប កំពុង​បន្ត​សរសេរ​របាយការណ៍​អំពី​ការ​រក​ឃើញ និង​ការវាយតម្លៃ​របស់​ខ្លួន​ទៅលើ​ស្ថានភាព​សិទ្ធិមនុស្ស សិទ្ធិ​នយោបាយ និង​សិទ្ធិ​ការងារ​នៅ​កម្ពុជា ដែល​ខ្លួន​ត្រៀម​នឹង​ចេញផ្សាយ​នៅ​ខែ​វិច្ឆិកា​ខាងមុខនេះ មុននឹង​ឈាន​ទៅ​សម្រេច​ថា តើ​ត្រូវ​ដក ឬ​មិន​ដកហូត ទាំងស្រុង ឬ​ដោយ​ផ្នែក​ណាមួយ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ យ៉ាង​យូរ​បំផុត​នៅ​ត្រឹម​ពាក់​កណ្តាល​ខែ​កុម្ភៈ​ឆ្នាំ​២០២០​ខាងមុខ។ ប្រសិនបើ​សហភាព​សម្រេច​ថា ត្រូវ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​មែន នោះ​ការ​យក​ពន្ធ​ពី​សហភាព​អឺរ៉ុប​មក​លើ​ទំនិញ​កម្ពុជា នឹង​ត្រូវ​ធ្វើ​ឡើងជា​ផ្លូវការ​ចាប់ពី​ខែ​សីហា ឆ្នាំ​២០២០ តទៅ។

ការ​ព្យាករណ៍​ចុងក្រោយ​របស់​ធនាគារ​ពិភពលោក​នា​ពេល​នេះ គឺ​ដូចគ្នា​បេះបិទ​ទៅ​​នឹង​ការ​ព្យាករណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB ដែល​ថា សេដ្ឋកិច្ច​កម្ពុជា​ធ្លាក់​ចុះ​មក​នៅត្រឹម ៦,៨​ភាគរយ ក្នុង​ឆ្នាំ​២០២០​ដ៏​ខ្លី​ខាងមុខនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល