មនុស្ស​៤​នាក់​​ស្លាប់​ដោយសារ​ទឹក​ជំនន់​នៅ​រតនគិរី

ទឹក​ជំនន់​នៅ​តាម​ដង​ទន្លេ​ស្រែពក ក្នុង​ខេត្ត​រតនគិរី បាន​ជន់​ឡើង​ជា​ថ្មី​លើស​កម្រិត​ប្រកាស​អាសន្ន បង្ក​ផល​ប៉ះពាល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ ផ្ទះសម្បែង ផលដំណាំ​ស្រែ​ចម្ការ​ប្រជាពលរដ្ឋ​ច្រើន​បន្ថែម​ទៀត។
ដោយ រដ្ឋា វីសាល
2013-09-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទឹក​ជន់​លិច​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧៦ នៅ​ចំណុច​អូរចេង ឃុំ​តាអង ស្រុក​កូនមុំ ខេត្ត​រតនគិរី កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៣។
ទឹក​ជន់​លិច​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧៦ នៅ​ចំណុច​អូរចេង ឃុំ​តាអង ស្រុក​កូនមុំ ខេត្ត​រតនគិរី កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៣។
RFA/Ratha Visal

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​អ្នក​ឃ្លាំមើល​បញ្ហា​បរិស្ថាន​តាម​ដង​ទន្លេ កត់​សម្គាល់​ថា ការ​បើក​បង្ហូរ​ទឹក​ទំនប់​វារីអគ្គិសនី​ពី​ប្រទេស​វៀតណាម គឺ​ជា​ចំណុច​សំខាន់​ដែល​មន្ត្រី​គណៈកម្មការ​ជាតិ​ទន្លេ​មេគង្គ ត្រូវ​បន្ត​យន្តការ​ដោះស្រាយ​ជាមួយ​ភាគី​គណៈកម្មការ​ទន្លេ​មេគង្គ ប្រទេស​វៀតណាម។

ប្រជាពលរដ្ឋ ៤​នាក់ បាន​ស្លាប់​ដោយ​លង់​ទឹក ខណៈ​ពេល​ទឹក​បាន​ជន់​លិច​នៅ​ខេត្ត​រតនគិរី ចាប់​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា ឆ្នាំ​២០១៣ រួម​នឹង​ផល​ស្រូវ​ប្រមាណ​ជាង ១០០​ហិកតារ និង​ផ្ទះ ៣​ខ្នង​រង​ការ​ខូចខាត​ដោយសារ​ទឹក​ជំនន់។

អភិបាល​ស្រុក​លំផាត់ លោក គង់ ស្រ៊ុន នៅ​ថ្ងៃ​អាទិត្យ ទី​២៩ ខែ​កញ្ញា ឲ្យ​ដឹង​ថា ទឹក​ទន្លេ​ស្រែពក បាន​ជន់​លិច​លើក​ទី​ពីរ​នេះ​កម្ពស់​ទឹក​នៅ​ស្ថានីយ​ស្ទង់​ទឹក​នៅ​ស្រុក​លំផាត់ ឡើង​ដល់​កម្ពស់​ជាង ១៣​ម៉ែត្រ។

លោក​បន្ត​ថា ស្រុក​លំផាត់ រង​ការ​ខូចខាត​ច្រើន​ជាង​គេ ដោយសារ​គ្រោះ​ទឹក​ជំនន់​ឆ្នាំ​នេះ៖ «យើង​បាន​ផ្សព្វផ្សាយ​ដល់​អាជ្ញាធរ​មាន​ក្រុម មាន​ភូមិ មាន​ឃុំ ឲ្យ​ដឹកនាំ​ប្រជាពលរដ្ឋ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​គ្រោះថ្នាក់​អាយុ​ជីវិត​ប្រជាពលរដ្ឋ តែ​ជា​អកុសល ប្រជាពលរដ្ឋ​នៅ​ស្រុក​លំផាត់ មួយ​គ្រួសារ មាន​ម្ដាយ​និង​កូន​ពីរ​នាក់ បាន​លង់​ទឹក​ស្លាប់។ នៅ​ថ្ងៃ​នេះ ទឹក​ឡើង​ម្ដង​ទៀត យើង​មាន​ក្ដី​បារម្ភ​ត្រង់​ថា ជា​លក្ខណៈ​ប៉ាន់​ស្មាន​ស្រូវ​មិន​ក្រោម ១០០​ហិកតារ​ទេ​ត្រូវ​ខូចខាត»

អាជ្ញាធរ​ខេត្ត​រតនគិរី ឲ្យ​ដឹង​ដែរ​ថា នៅ​ឯ​ស្រុក​តាវែង វ៉ឺនសៃ អណ្តូងមាស និង​ស្រុក​អូរយ៉ាដាវ ជំនន់​ទឹក​ទន្លេ​សេសាន​ក៏​បាន​ជន់​លិច​ភូមិ​ឃុំ​មួយ​ចំនួន មាន​ទីតាំង​នៅ​តំបន់​ទំនាប​តាម​ដង​ទន្លេ​នេះ​ដូច​គ្នា។

ចាប់​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា ក្រុមហ៊ុន​វារីអគ្គិសនី​វៀតណាម បាន​ផ្ញើ​លិខិត​ជូន​ដំណឹង​ស្ដីពី​ការ​បើក​បង្ហូរ​ទឹក​ពី​ទំនប់​វារីអគ្គិសនី​តាម​ដង​ទន្លេ​ស្រែពក ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​៣០ និង​លិខិត​ជូន​ដំណឹង​បន្តបន្ទាប់​គ្នា​ពី​ការ​បើក​បង្ហូរ​ទឹក​ពី​ទំនប់​វារីអគ្គិសនី​តាម​ដង​ទន្លេ​សេសាន​ប្រមាណ ពី​ជាង ៥​ពាន់ ទៅ ៨​ពាន់​ម៉ែត្រ​គូប​ក្នុង​មួយ​វិនាទី ចាប់​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ប្រសិន​ទឹក​ភ្លៀង​មាន​បរិមាណ​ច្រើន​នៅ​ក្នុង​អាង​ស្តុក​ទឹក។

មន្ត្រី​សម្របសម្រួល​អង្គការ​ទន្លេបី លោក មៀច មាន ចាត់​ទុក​ទឹក​ជំនន់​ផ្ទួន​គ្នា​ក្នុង​ឆ្នាំ​នេះ​នៅ​តាម​ដង​ទន្លេ​ទាំង​ពីរ​នៃ​ខេត្ត​រតនគិរី គឺ​បណ្ដាល​មក​ពី​ការ​បើក​ទឹក​ទំនប់​នោះ។ លោក​សម្ដែង​ក្តី​បារម្ភ​ថា ប្រជាពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​នេះ នឹង​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​នៅ​ឆ្នាំ​ក្រោយៗ​ទៀត ប្រសិន​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា មិន​មាន​យន្តការ​ពិភាក្សា​ដោះស្រាយ​ជាមួយ​ភាគី​វៀតណាម ស្ដីពី​ការ​បើក​បង្ហូរ​ទឹក​ពី​វៀតណាម ឲ្យ​បាន​សមស្រប កាល​ណា​ទឹក​ភ្លៀង​ធ្លាក់​ច្រើន​នៅ​តំបន់​ខាង​លើ​ទន្លេ​ទាំង​ពីរ​នេះ។

លោក មៀច មាន៖ «បី​ដង​ផ្ទួន​គ្នា​ហើយ​ក្នុង​មួយ​ឆ្នាំ​នេះ។ មួយ​ភាគ​ធំ គឺ​មក​ពី​ទឹក​ភ្លៀង ប៉ុន្តែ​ដោយសារ​ទំនប់​ជា​ច្រើន​នៅ​ផ្នែក​ខាង​លើ​ហ្នឹង មិន​អាច​ទប់ទល់​ជាមួយ​ទ្វារ​ទឹក​បាន គឺ​ត្រូវ​តែ​បញ្ចេញ​មក ហើយ​ការ​បញ្ចេញ​នេះ គឺ​បញ្ចេញ​បន្ទាន់​ភ្លាមៗ អ៊ីចឹង​សហគមន៍​មិន​អាច​ត្រៀម​ខ្លួន ឬ​ធ្វើ​អ្វី​បាន​ទេ»

បណ្ដាញ​ផ្សព្វផ្សាយ​មួយ​ឈ្មោះ​វៀតណាម ណេត ប៊្រីដជ៍ (Vietnam Net Bridge) បាន​ឲ្យ​ដឹង​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កញ្ញា តម្រួត​ព្រំដែន​វៀតណាម បាន​សង្គ្រោះ​អ្នក​រង​គ្រោះ​ខ្មែរ ១៩​នាក់ ដែល​កំពុង​តោង​នៅ​លើ​ដំបូល​ជម្រក​ស្នាក់នៅ​ដែល​ហ៊ុមព័ទ្ធ​ដោយ​ទឹក​ជំនន់​ស្ទើរ​លិច​ដំបូល។ ជន​រង​គ្រោះ​មាន​គ្នា ១៩​នាក់ ក្នុង​នោះ​មាន​កុមារ ៧​នាក់ និង​ស្ត្រី ៥​នាក់ ជា​ក្រុម​គ្រួសារ​តម្រួត​ព្រំដែន​ខ្មែរ​នៅ​ប៉ុស្តិ៍​ការពារ​ព្រំដែន​ពាមអូរលាវ ក្នុង​ស្រុក​អូរយ៉ាដាវ ជាប់​នឹង​ខេត្ត​យ៉ាឡាវ ប្រទេស​វៀតណាម។

ប្រជាពលរដ្ឋ​រស់​នៅ​ឃុំ​សេដា មាន​ប្រសាសន៍​បញ្ជាក់​ថា បន្ទាប់​ពី​ប្រទេស​វៀតណាម សាងសង់​ទំនប់​វារីអគ្គិសនី​តាម​ដង​ទន្លេ​ពី​ឆ្នាំ​១៩៩៣ រហូត​មក ប្រជាពលរដ្ឋ​តែង​រង​គ្រោះ​ដោយ​ទឹក​ជំនន់ ខូចខាត​ផល​ដំណាំ​ស្ទើរ​រៀង​រាល់​ឆ្នាំ។

លោក​សម្ដែង​ការ​បារម្ភ​ថា ឆ្នាំ​នេះ​អ្នក​ភូមិ​នឹង​ប្រឈម​មុខ​កង្វះ​ស្បៀង​អាហារ​ដោយសារ​ផល​ដំណាំ​រង​ការ​ខូចខាត​ដោយ​ទឹក​ជំនន់៖ «តាំង​ពី​ជ័យឧត្តម លំផាត់ ស្រែឈូក ទឹក​ឡើង ឡើង​ភ្លាមៗ​តែម្ដង ហើយ​ប្រជាពលរដ្ឋ​ត្អូញត្អែរ ខ្លះ​អត់​មាន​ទូក​ឆ្លង។ ឡើង​ថ្មីៗ​ទៀត ព្រឹកមិញ​ឡើង​មក​ដល់​សណ្ដែក​ខាង​នេះ​ទៀត ងាប់​អស់​ប៉ុន្មាន យប់​អត់​ទាន់​ស្រក»

តួលេខ​បណ្ដោះអាសន្ន​របស់​អាជ្ញាធរ​ខេត្ត​រតនគិរី រងគ្រោះ​ទឹក​ជំនន់​ឆ្នាំ​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជាង ៣០០​គ្រួសារ​រង​ផល​ប៉ះពាល់ ខូចខាត​ស្ពាន​ចំនួន​ពីរ ទឹក​ហូរ​ច្រោះ​បាក់​ដី​លើ​ផ្លូវ​លំ​បី​កន្លែង ផ្លូវ​ជាតិ​លេខ ៧៦ រង​ការ​ខូចខាត​ពីរ​កន្លែង ស្រូវ​ស្រែ​ជាង ៥០០​ហិកតារ និង​ដំណាំ​ចម្ការ​ជាង ១០០​ហិកតារ​រង​ផល​ប៉ះពាល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ONLY 4 DEAD IS NOT ENOUGH.VIETNAM WANT TO KILL AS MUCH AS POSSIBLE. MAY ALL OF CPP SUPPORTERS LIVE HAPPILY .

Sep 29, 2013 11:23 AM

គេហទំព័រ​ទាំងមូល