អាជ្ញាធរ​បើក​ទ្វារ​ទឹក​ នៅ​អាង​សេក​សក និង​វារីអគ្គិសនី​ទាំង​អស់ ដើម្បី​រំដោះ​ទឹក​ចេញ ខណៈ​ពលរដ្ឋ​ច្រើន​ខេត្ត​បន្ត​ជម្លៀស​រក​ទី​ទួល

ដោយ សុជីវី
2019-08-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២ ស្ថិត​ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​២០១៧។
ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២ ស្ថិត​ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​២០១៧។
Photo: RFA

ស្ថានភាព​ជំនន់​ទឹក​ភ្លៀង​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ បាន​ស្រក​ចុះ​បន្តិច​បន្តួច​ហើយ បើ​ទោះ​ជា​អាជ្ញាធរ​​​​អនុញ្ញាត​ឲ្យ​បើក​ទ្វារ​ទឹក​ នៅ​តាម​អាង​ស្ដុក​ទឹក​មួយ​ចំនួន និង​ទ្វារ​ទំនប់​វារីអគ្គិសនី ​ដើម្បី​រំដោះ​ទឹក​ចេញ​ក៏​ដោយ។ ពលរដ្ឋ​បន្ត​ជម្លៀស​ខ្លួន​ចេញ​ពី​ទីតាំង​លិច​ទឹក​​ជា​បន្ត​បន្ទាប់។ អ្នក​ឃ្លាំមើល​បរិស្ថាន​​បន្ទោស​​ថា ការ​​ជម្នះ​សាងសង់​វារីអគ្គិសនី​ និង​លុប​បឹង​ធម្មជាតិ ដោយ​មិន​គិត​ពី​ផល​លំបាក​​ពលរដ្ឋ​ ជា​មូលហេតុ​ចម្បង​​ធ្វើ​ឲ្យ​​ទឹក​ភ្លៀង​​ជន់​លិច​រាល់​ឆ្នាំ។

វារីអគ្គិសនី​ធំៗ សុទ្ធ​តែ​កំពុង​បើក​ទ្វារ​បង្ហូរ​ទឹក​ចេញ​ ក្នុង​រយៈ​ពេល​ជិត​មួយ​សប្ដាហ៍​មក​នេះ គឺ​តាំង​ពី​មាន​ភ្លៀង​ធ្លាក់​មក។ ក្នុង​នោះ វារីអគ្គិសនី​ភ្នំ​កំចាយ​នៅ​ខេត្ត​កំពត បាន​បើក​ទ្វារ​ទឹក​ចំនួន ៥ទ្វារ​ទឹក បង្ហូរ​ទាំង​ថ្ងៃ​ទាំង​យប់ ដើម្បី​រំដោះ​ទឹក​ចេញ​ពី​ក្នុង​អាង​ស្ដុក​ទឹក​នៅ​លើ​ភ្នំ។ ឯ​វារីអគ្គិសនី​ឫស្សី​ជ្រុំ​តា​តៃ នៅ​ខេត្ត​កោះកុង​ ក៏​បាន​បើក​ទ្វារ​ទឹក​បង្ហូរ​ដែរ ខណៈ​វារីអគ្គិសនី​សេសាន នៅ​ខេត្ត​ស្ទឹងត្រែង ត្រូវ​បង្ខំ​បើក​ទ្វារ​ទឹក​បង្ហូរ ដោយសារ​រង​ជំនន់​ទឹក​ភ្លៀង​ហូរ​បុក​ពី​ទន្លេ៣ នៅ​ផ្នែក​ខាង​លើ​ គឺ​ទន្លេ​ស្រែ​ពក ទន្លេ​សេកុង និង​ទន្លេ​សេសាន។

នៅ​កំពត រដ្ឋបាល​ខេត្ត​ បាន​ប្រកាស​អាសន្ន និង​ជម្លៀស​ពលរដ្ឋ​ រស់​នៅ​តាម​ដង​ព្រែក​កំពង់បាយ​ ឬ​ព្រែក​កំពត​ រយៈ​ពេល​៣​ថ្ងៃ​មក​ហើយ ដោយសារ​ទឹក​ បន្ត​ហូរ​ធ្លាក់​ពី​ទំនប់​​វារីអគ្គិសនី​លើ​ភ្នំ​កំចាយ។ ​ស្ថានភាព​ទឹក​នៅ​ក្នុង​ភូមិ​ ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​មាត់​ព្រែក និង​​​ក្រុង​កំពត​ មាន​កម្ពស់​កន្លះ​ម៉ែត្រ​។ ចំណែក​អាង​ស្ដុក​ទឹក ប្រទាក់​ក្រឡា បន្សល់​ទុក​ពី​សម័យ​ខ្មែរ​ក្រហម​ ស្ថិត​នៅ​ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ត្រូវ​បាន​អាជ្ញាធរ​ ជួសជុល​ឡើង​វិញ​​រួចរាល់​ហើយ ​បន្ទាប់​ពី​ទឹក​ហូរ​បុក​បែក​អាង កាល​ពី ​ថ្ងៃ​ទី​១១ សីហា។

វារីអគ្គិសនី ​ឫស្សី​ជ្រុំ​តា​តៃ ស្ថិត​នៅ​ខេត្ត​កោះកុង​វិញ ​កំពុង​បង្ហូរ​ទឹក​ចេញ​រយៈ​ពេល ៣ថ្ងៃ​មក​ហើយ។ អភិបាល​រង​ខេត្ត​​កោះកុង និង​ជា​អ្នក​នាំ​ពាក្យ លោក សុខ សុធីរ ប្រាប់​អាស៊ី​សេរី ​ថា ខាង​ក្រុមហ៊ុន​​វារីអគ្គិសនី បាន​បើក​បង្ហូរ​ទឹក​ចេញ​ដោយ​សន្សឹម​ៗ ដើម្បី​បញ្ចៀស​ការ​បាក់​ទំនប់។ អភិបាល​រង​ខេត្ត​រូប​នេះ​ថា ស្ថានភាព​ទឹក​ជំនន់​នៅ​ម្ដុំ​វារីអគ្គិសនី​តា​តៃ ស្ថិត​ក្នុង​កម្រិត​ត្រៀម​ប្រកាស​អាសន្ន។ តែ​​អាជ្ញាធរ​ខេត្ត​បាន​ជូន​ដំណឹង និង​ត្រៀម​សម្ភារៈ​ជួយ​សង្គ្រោះ​ពលរដ្ឋ​រួច​រាល់​អស់ហើយ។ នៅ​ខេត្ត​កោះកុង​មក​ដល់​​ពេល​នេះ មិន​​មាន​​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង​ ​នៅ​ឡើយ​ទេ៖ «វា​ដល់​ចំណុច​ ដែល​គេ​ហៅ​ថា ជិត​ដល់​ប្រកាស​អាសន្ន។ តែ​មិន​ទាន់​ប្រកាស​អាសន្ន​ទេ ដោយសារ​តែ​ទឹក​ វា​នៅ​ទំនប់​វារីអគ្គិសនី​នោះ វា​ឡើង​ខ្ពស់​ដែរ ហើយ​យើង​បាន ខាង​វារី​អគ្គិសនី​បាន​បើក​បង្ហូរ​ដែរ។ យើង​បើក​បង្ហូរ​សន្សឹមៗ វា​អាច​ធ្វើ​ម្ដេច ដើម្បី​កុំ​ឲ្យ​វា​ហូរ​មក​ខ្លាំង​ពេក។ អ៊ីចឹង​ យើង​បាន​ត្រៀម​ទប់ទល់​កម្លាំង សម្រាប់​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ទាំង​ទូក ទាំង​អ្វី​ទាំង​អស់។ យើង​បាន​ត្រៀម​២៤​ម៉ោង លើ​២៤​ម៉ោង»

វារីអគ្គិសនី​មួយ​ទៀត ស្ថិត​នៅ​តំបន់​ទន្លេ​សេសាន នៅ​ខេត្ត​ស្ទឹងត្រែង​ឯ​ណោះ ក៏​កំពុង​បើក​បង្ហូរ​ទឹក​រាល់​ថ្ងៃ​ដែរ។ ការ​បើក​ទ្វារ​ទឹក​វារីអគ្គិសនី​សេសាន បាន​បណ្ដាល​ឲ្យ​អ្នក​ភូមិ​រស់នៅ​ផ្នែក​ខាង​ក្រោម និង​​ផល​ដំណាំ​​ជាង ១០​ហិកតារ​លិចលង់។ មេឃុំ​​ស្រែ​គ​ ជាប់​ឆ្នោត លោក សៀក មេគង្គ ឲ្យ​ដឹង​ថា ស្ថាន​ភាព​ទឹក​នៅ​វារីអគ្គិសនី​សេសាន​ និង​នៅ​ខេត្ត​ស្ទឹង​ត្រែង ​នៅ​ប៉ុន្មាន​ថ្ងៃ​នេះ បាន​ហក់​ឡើង​ខ្លាំង​ ព្រោះ​ភ្លៀង​បន្ត​ធ្លាក់​ជោកជាំ និង​រង​ទឹក​ភ្លៀង​ហូរ​ចុះ​ពី​​ផ្នែក​ខាង​លើ ដូចជា​​ធ្លាក់​ពី​តំបន់​​ស្រុក​លំផាត់​ ខេត្ត​រតនៈ​គិរី និង​ម្ដុំ​ព្រំ​ប្រទល់​ប្រទេស​វៀតណាម។ លោក សៀក មេគង្គ បន្ត​ទៀត​ថា ​​ទឹក​ដែល​​ហូរ​​ធ្លាក់​មក​ខេត្ត​ស្ទឹងត្រែង គឺ​​តាម​រយៈ​ទន្លេ​​តូចៗ​ ៣ នៅ​តំបន់​ភាគ​ឦសាន​​។ ម្ល៉ោះ​ហើយ អាជ្ញាធរ​ត្រូវ​បើក​ទ្វារ​ទឹក ដើម្បី​រំដោះ​ទឹក​ចេញ​ពី​​ក្នុង​អាង​វារីអគ្គិសនី ហើយ​ទម្លាក់​ទៅ​ផ្នែក​ខាង​ក្រោម​បន្ត។

លោក​ សៀក មេគង្គ ប្រាប់​ថា គិត​ត្រឹម​ថ្ងៃ​ទី​១២ សីហា ផ្នែក​ខាង​ក្រោម​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ និង​ភូមិ​ស្រុក​ នៅ​តាម​ដង​ទន្លេ​មេគង្គ ក្នុង​ខេត្ត​ក្រចេះ ខេត្ត​កំពង់ចាម កំពុង​រង​ឥទ្ធិពល ពី​ការ​បើក​បង្ហូរ​ទឹក​ក្នុង​​អាង​​វារីអគ្គិសនី​សេសាន៖ «លិច​ហ្នឹង​គឺ​ថា សូម្បី​ថ្នល់​ចាក់​បេតុង​ពី​វារីអគ្គិសនី​ មក ​(ឃុំ​ស្រែ​គ) ក៏​លិច​ដែរ។ លិច​មួយ​កន្លែង មួយ​កន្លែង​ដែរ។ ប៉ះពាល់​ទាំង​អស់​ហ្នឹង ចេះ​តែ​សិក្សា​ថា​ មិន​ប៉ះពាល់​ទេ រីក​ចម្រើន​ណាស់​ៗ រីក​ចម្រើន​តែ​វារីអគ្គិសនី ពួកគាត់​ហ្នឹង ក្រុម​សាងសង់​ហ្នឹង។ ចំណែក​រាស្ត្រ​របស់​រដ្ឋ​ហ្នឹង វា​ប៉ះពាល់។ ប៉ះពាល់​សម្បើម​ហើយ។ ប៉ះពាល់​ជីវភាព​ ជីវចម្រុះ ធម្មតា​ អា​ត្រី ធ្លាប់​មាន​វា​បាត់​បង់ ដូចជា​ត្រី​ប៉ាស៊ី​អ៊ី ត្រី​ផ្សោត​បាត់​ពូជ​អស់ គ្មាន​សល់​ទេ ហើយ​អា​ត្រី​ល្អៗ បាត់​ពូជ​អស់។ ត្រី​ព្យា អា​ធំៗ គ្មាន​ទេ ត្រី​អ្វី​ហ្នឹង បាត់​អស់​ហើយ។ ខាង​រដ្ឋាភិបាល​ ចេះ​តែ​ថា អត់​ប៉ះពាល់»

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម និង​ការ​ចុះ​ជួយ​ពលរដ្ឋ​ ពី​ខាង​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ទេ ដោយ​សារ​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គង់ មិន​លើក​ទូរស័ព្ទ។ ឯ​អភិបាល​ខេត្ត​ស្ទឹងត្រែង​ លោក មុំ សារឿន ប្រាប់​ថា រវល់​ប្រជុំ។

នៅ​ខាង​ភាគ​ពាយ័ព្យ​ប្រទេស​វិញ ​ស្ទឹង​សង្កែ នៅ​ខេត្ត​បាត់ដំបង ក៏​រង​ការ​ជន់​លិច​ដែរ ដោយ​សារ​ការ​បើក​បង្ហូរ​ទឹក​ចេញ​ពី​អាង​ស្ដុក​ពហុ​បំណង​សេក​សក និង​អាង​ស្ដុក​ទឹក​ផ្សេង​ទៀត។ ជំនន់​ទឹក​ភ្លៀង​ នៅ​ខេត្ត​បាត់​ដំបង ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង នៅ​ស្រុក​សំឡូត ក្នុង​តំបន់​ជាប់​ព្រំដែន​ប្រទេស​ថៃ។

អភិបាល​ខេត្ត​បាត់ដំបង លោក ងួន រតនៈ ឲ្យ​អាស៊ី​សេរី​ដឹង​ថា ​អាជ្ញាធរ​បាន​បើក​​ទ្វារ​ទឹក កាល​ពី​ថ្ងៃ​ទី​១០ និង​១១ សីហា តែ​នៅ​​ថ្ងៃ​ទី១២ សីហា អាជ្ញាធរ​បាន​បិទ​ទ្វារ​ទឹក​វិញ​ហើយ ដោយសារ​​​បរិមាណ​​ទឹក​​ក្នុង​អាង​ នៅ​សម​ល្មម​ទុក​ប្រើប្រាស់។

លោក ងួន រតនៈ បន្ត​ថា ទឹក​ភ្លៀង​ ដែល​បើក​បង្ហូរ​ចេញ​ពី​អាង គឺ​ត្រូវ​បង្ហូរ​ចូល​តាម​ស្ទឹង​សង្កែ ហើយ​ទម្លាក់​ចូល​ក្នុង​ទន្លេ​សាប។ ទឹក​ក្នុង​ស្ទឹង​សង្កែ នៅ​ក្នុង​ក្រុង​បាត់ដំបង ពេល​នេះ មាន​កម្ពស់​កន្លះ​ស្ទឹង ​ស្រក​ជាង​ម្សិល​មិញ ២ម៉ែត្រ។ ថ្វី​បើ​ អាង​ទឹក​មួយ​ចំនួន ត្រូវ​បាន​បើក​បង្ហូរ​ តែ​អាង​ទឹក​ធំ​ជាង​គេ​នៅ​ខេត្ត​បាត់ដំបង គឺ​អាង​ស្ដុក​ទឹក​កំពីងពួយ គ្មាន​ទឹក​ទេ ដោយសារ ​គ្មាន​ភ្លៀង​ធ្លាក់​នៅ​តំបន់​នោះ៖ «(អាង) កំពីងពួយ អត់​ទាន់​មាន​ទឹក​ទេ។ ប្រភព​ទឹក​វា ទាល់​តែ​ភ្លៀង ទាល់​ភ្លៀង​ខ្លាំង​បាន​មាន។ ទឹក​ជន់​សង្កែ ដោយសារ​ភ្លៀង​នៅ​សំឡូត ជាប់​ព្រំ​ប្រទល់​ថៃ​ខ្លះ ប៉ុន្មាន​ថ្ងៃ​មុន​ណា។ វា​មាន​ទឹក​ឡើង ហើយ​វា​ហូរ​តែ​មួយ​ឆាវ ​ទៅ​អស់​ហើយ។ កាល​ណា​ឈប់​ភ្លៀង យើង​ក៏​ឈប់​បើក​ទ្វារ​ទឹក​ដែរ។ យើង​គ្រាន់​ទុក​​ទឹក​ប្រើប្រាស់​ស្រែ​។ បើក​ហ្នឹង បើក​ខ្លាច​វា​ហានិភ័យ ហៀរ​ទំនប់​អ្វី​ទេ។ អ៊ីចឹង​ បើ​ល្មម​យើង​ទុក​ហើយ។ យើង​មិន​អាច​បើក​ចោល​ វា​ហូរ​ទៅ​ទន្លេ​សាប​ ស្ដាយ​ យើង​ទុក​ឲ្យ​បើក​ប្រឡាយ​ធ្វើ​ស្រែ ជួយ​ស្រូវ​វិញ អ៊ីចឹង។ ឥឡូវ​នេះ ចំពោះ​មុខ​សំឡូត​ឈប់​ភ្លៀង។ យប់​មិញ វា​ភ្លៀង​តែ​២៣​មិល្លីម៉ែត្រ​(23ml) ភ្លៀង​តិច​ អ៊ីចឹង​វា​អត់មាន​អ្វី មក​ពី​លើ​ទៀត​ទេ។ យើង​មើល​តែ​ខាង​លើ​រាង​ស្បើយ​ យើង​បិទ​ទ្វារ។ បិទ​ទ្វារ​ អា​ខាង​ក្រោម រាង​ស្រក​ហើយ។ វា​ហូរ​ទៅ​ទន្លេ​សាប​អស់​ហើយ។ ឥឡូវ​នៅ​ទីក្រុង​បាត់​ដំបង សល់​តែ​កន្លះ​ស្ទឹង​ហ្នឹង»

ក្រៅពី​ខេត្ត​ ដែល​មាន​វារីអគ្គិសនី និង​អាង​ស្ដុក​ទឹក ខេត្ត​​ខ្លះ​ទៀត ក៏​កំពុង​រង​ជំនន់​ទឹក​ភ្លៀង​ដែរ ដូចជា​ ខេត្ត​រតនៈ​គិរី ខេត្ត​មណ្ឌល​គិរី ខេត្ត​ព្រះសីហនុ និង​ខេត្ត​កែប។ ស្ថានភាព​ជំនន់​ទឹក​ភ្លៀង នៅ​ខេត្ត​ទាំង​៤​ បាន​ស្រក​ចុះ​​ខ្លះ បណ្ដើរៗ​ដែរ​ហើយ។

អាជ្ញាធរ​​ធនធាន​ទឹក និង​ឧតុនិយម បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ព្រោះ​ភ្លៀង​នឹង​បន្ត​​​ធ្លាក់​ខ្លាំង​ ដល់​ថ្ងៃ​ទី ១៦ សីហា។ ខេត្ត​ជាប់មាត់​សមុទ្រ ​និង​​ខេត្ត​ជាប់​ព្រំដែន​វៀតណាម ​​ភ្លៀង​ធ្លាក់​​ខ្លាំង​ជាង​គេ​ ព្រោះ​តំបន់​ទាំងនោះ ត្រូវ​រង​ឥទ្ធិពល​ព្យុះ និង​ខ្យល់មូសុង​និរតី​។ ផ្ទៃ​សមុទ្រ ​​​មាន​ភ្លៀង​ធ្លាក់​គ្រប់​ពេល ខ្យល់​ខ្លាំង និង​រលក​សមុទ្រ​កម្ពស់ ១​ម៉ែត្រ ទៅ ២​ម៉ែត្រ​។

ថ្វីបើ​ស្ថានភាព​ទឹក​ តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​​កំពុង​ស្រក​ចុះ​ទៅ​វិញ តែ​ភ្លៀង​នៅ​បន្ត​ធ្លាក់​នៅ​ថ្ងៃ​ទី​១២ សីហា ស្ទើរ​គ្រប់​កន្លែង។ តំបន់​ដែល​មាន​ភ្លៀង​ធ្លាក់​ខ្សោយ និង​មធ្យម គឺ​នៅ​ខេត្ត​ស្វាយរៀង ​​​​តាកែវ កណ្ដាល ព្រៃវែង កំពង់ចាម ​ត្បូងឃ្មុំ ប៉ៃលិន សៀមរាប រាជធានី​ភ្នំពេញ ​បន្ទាយ​មានជ័យ ឧត្តរ​មានជ័យ ពោធិ៍សាត់ បាត់​ដំបង ​ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ​។​ អ្នក​ស្រុក​ខ្លះ​នៅ​តំបន់​ពាយ័ព្យ រួម​មាន​ខេត្ត​បន្ទាយ​មាន​ជ័យ ខេត្ត​បាត់ដំបង និង​ខេត្ត​សៀមរាប ថែម​ទាំង​ព្រួយ​បារម្ភ​អំពី​ការ​ស្កក​ស្រូវ ដោយសារ​ខ្វះ​ទឹក​ទៅ​វិញ។ ដោយ​ឡែក ខេត្ត​កោះកុង គេហទំព័រ​ហ្វេសប៊ុក (facebook) របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ផ្សាយ​ថា​ ភ្លៀង​ បន្ត​ធ្លាក់​គ្រប់​ស្រុក​ទាំង​អស់ និង​ក្រុង​ខេមរភូមិន្ទ។

សកម្មជន​បរិស្ថាន អ្នក​នាង​ លឹម គឹមស័រ សង្កេត​ឃើញ​ថា អ្នក​ដែល​រង​គ្រោះ​ពី​ជំនន់​ទឹក​ភ្លៀង​ខ្លាំង​ជាង​គេ គឺ​​ពលរដ្ឋ​រស់​នៅ​ផ្នែក​ខាង​ក្រោម​នៃ​វារីអគ្គិសនី។ អ្នក​នាង​​ថា អាជ្ញាធរ​មិន​ទាន់​មាន​វិធានការ​​ខ្លាំង​ក្លា ក្នុង​ការ​បញ្ចៀស​ទឹក និង​ជូន​ដំណឹង​ប្រាប់​ពលរដ្ឋ​រស់​នៅ​ផ្នែក​ខាង​ក្រោម​នៃ​វារីអគ្គិសនី​ទេ ទើប​បណ្ដាល​ឲ្យ​ពលរដ្ឋ​ត្រូវ​បាត់បង់​ទ្រព្យ​សម្បត្តិ និង​សត្វ​ពាហនៈ​ជា​ច្រើន។

អ្នកនាង លឹម គីមស័រ យល់​ថា ការ​សាងសង់​វារីអគ្គិសនី មិន​ត្រឹម​ផ្ដល់​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​រស់​នៅ​ក្រោម​ទំនប់​ទេ គឺ​ប៉ះពាល់​ពលរដ្ឋ​ទូទៅ និង​ជា​ការ​បំផ្លាញ​ធនធាន​ជាតិ​ តាម​រយៈ​ការ​កាប់​ឈើ​ និង​បំផ្លាញ​ធនធាន​ធម្មជាតិ​ យក​ធ្វើ​ទីតាំង​វារីអគ្គិសនី។ អ្នក​នាង​​បន្ត​ថា បើ​ទោះ​វារីអគ្គិសនី​ប៉ះពាល់​ច្រើន​បែប​នេះ ដល់​ពលរដ្ឋ​ហើយ ក៏​ពលរដ្ឋ​មិន​ទទួល​បាន​ភ្លើង​អគ្គិសនី​ប្រើប្រាស់​គ្រប់​គ្រាន់​​ដែរ ហើយ​រដ្ឋាភិបាល​នៅ​តែ​ទិញ​អគ្គិសនី ពី​ប្រទេស​ជិត​ខាង​ដដែល។

សកម្មជន​បរិស្ថាន​ ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​គម្រោង​វារីអគ្គិសនី ហើយ​ទាញ​យក​អគ្គិសនី ពី​ទឹក​សមុទ្រ ខ្យល់ និង​​សូឡា ដូច​បណ្ដា​ប្រទេស​មួយ​ចំនួន​វិញ ដើម្បី​បញ្ចៀស​ហានិភ័យ៖ «និយាយ​​ទៅ​អា​បើក​ទ្វារ​ទឹក​ហ្នឹង កន្លង​មក​ ខ្ញុំ​ធ្លាប់​និយាយ​ពី​មុន​ដែរ​ហ្នឹង​ណា។ មុន​ពេល​គាត់​(រដ្ឋាភិបាល) ធ្វើ​ទំនប់​មួយៗ គឺ​យើង​តែង​តែ​មាន​សិក្ខា​សាលា។ យើង​លើក​យក​មក​និយាយ​ដែរ គឺ​ថា គាត់​អត់​ ដូច​ថា គាត់​អត់​ទទួល​យក​យោបល់​របស់​យើង​ណា។ ភាគច្រើន​គាត់​គិត​តែ​រឿង​បង្កើត​ភ្លើង​យក​មក​ប្រើប្រាស់។ ប៉ុន្តែ​បើ​ស្ដែង​ យើង​ឃើញ​ថា ភ្លើង ភាគច្រើន ទិញ​មក​ពី​ស្រុក​ថៃ ទិញ​មក​ពី​ស្រុក​ឡាវ ដដែល​ហ្នឹង។ ទំនប់​វារីអគ្គិសនី យើង​ច្រើន​ណាស់​ ប៉ុន្តែ​ភ្លើង​ យើង​នៅ​តែ​ទិញ​មក​ពី​គេ។ បើ​វា​អត់​ជោគជ័យ​ទេ យើង​គួរ​តែ​បញ្ឈប់​បណ្ដោយ​ទៅ»

គិត​ត្រឹម​​ថ្ងៃ​ទី១២ សីហា​ មិន​ទាន់​មាន​របាយការណ៍​បញ្ជាក់​ពី​ទំហំ​ខូចខាត ឬ​តំបន់​ណា​ខ្លះ ដែល​រង​ផល​ប៉ះពាល់​ពី​ជំនន់​ទឹក​ភ្លៀង​នៅ​ឡើយ​ទេ។ តែ​យ៉ាង​ណា មនុស្ស​ចំនួន ៤នាក់​ហើយ បាន​ស្លាប់​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង គឺ​នៅ​ខេត្ត​ព្រះសីហនុ ស្លាប់ ៣នាក់ និង​ខេត្ត​រតនៈ​គិរី លិច​ទូក​ស្លាប់​ក្មេង​ស្រី អាយុ ១៥ឆ្នាំ​ម្នាក់។

អាស៊ី​សេរី បាន​ព្យាយាម​ទូរស័ព្ទ សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក កែវ វី និង​អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក លោក ចាន់ យុត្ថា និង​លោក អ៊ុំ រីណា តាំង​ពី​ថ្ងៃ​ទី១០ សីហា​មក​ តែ​មិន​លើក​ទូរស័ព្ទ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល