ក្រុម​គ្រួសារ​លោក ឈុត​ វុទ្ធី ​បន្ត​ទាមទារ​យុត្តិធម៌​ ក្រោយ​ឃាត​កម្ម​ ៨ឆ្នាំ

ដោយ វ៉ែន សុមេធ
2020-04-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ឆឺយ ឧត្តមរស្មី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ធ្វើ​ពិធី​រំលឹក​ខួប​លើក​ទី៧ នៃ​ឃាតកម្ម​លោក ឈុត វុទ្ធី ជា​ឪពុក​របស់​លោក នៅ​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ២០១៩។
លោក ឆឺយ ឧត្តមរស្មី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ធ្វើ​ពិធី​រំលឹក​ខួប​លើក​ទី៧ នៃ​ឃាតកម្ម​លោក ឈុត វុទ្ធី ជា​ឪពុក​របស់​លោក នៅ​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ២០១៩។
រូប៖ ផ្ដល់​ដោយ​លោក ឆឺយ ឧត្តមរស្មី

ក្រុម​គ្រួសារ​សកម្មជន​ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី និង​មន្ត្រីសង្គមស៊ីវិលគ្រោងធ្វើពិធីរំឮក ខួប​គម្រប់៨​ឆ្នាំ​នៃ​មរណភាព​របស់​លោក ឈុត វុទ្ធី នៅ​ថ្ងៃ​ទី​២៦ ​ខែមេសា។ ការធ្វើពិធី​រំឭក​ខួបនេះ ដើម្បី​បន្ត​ទាមទារ​យុត្តិធម៌ ​និងឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​លោក ឈុត វុទ្ធី ដែល​បានត្រូវបាន​មន្ត្រី​កងរាជអាវុធហត្ថ​បាញ់​សម្លាប់ ខណៈ​លោក​​កំពុង​ស៊ើប​អង្កេត​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ខេត្ត​កោះ កុង កាល​ពី​ថ្ងៃ​ទី២៦ ខែ​មេសា​ ឆ្នាំ​២០១២។ មន្ត្រី​រដ្ឋាភិបាល ​ឆ្លើយ​តប​ថា ​សំណុំ​រឿង​នេះ​ បាន​បិទ​បញ្ចប់ និង​បាន​ផ្ដល់​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​ជូន​គ្រួសារ​ជនរងគ្រោះ​រួចហើយ។

ក្រុម​គ្រួសារ ​និង​មន្ត្រី​សង្គម​ស៊ីវិល​ លើក​ឡើង​ថា ​សំណុំរឿង​បាញ់​សម្លាប់​សកម្មជន​បរិស្ថាន​ដ៏​លេច ធ្លោ លោក​ ឈុត​ វុទ្ធី ​គឺ​មិន​ទាន់​មាន​យុត្តិធម៌​ពេញលេញ​នៅ​ឡើយ​ទេ​ ក្នុង​រយៈពេល​ ៨ឆ្នាំ​កន្លង​មក​នេះ​ ហើយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បន្ត​ស្វែង​រក​ឃាតក​ពិត​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ពេល​ដែល​ក្រុម​គ្រួសារ​លោក ​ឈុត​ វុទ្ធី ​គ្រោង​រៀបចំ​ពិធី​បុណ្យ​ខួប៨ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក​ ឈុត​ វុទ្ធី ​នៅ​ថ្ងៃ​ទី២៦​ ខែ​មេសា ​ខាងមុខ ។

កូនប្រុស លោក ​ឈុត​ វុទ្ធី គឺ​លោក ​ឆឺយ ​ឧត្តមរស្មី ​ប្រាប់​អាស៊ី​សេរី​ថា ​ពិធីបុណ្យ​ខួប​គម្រប់​៨ឆ្នាំនៃ​ការ​ស្លាប់​របស់​ឪពុក​លោក​នេះ នៅ​មិន​ទាន់​ដឹង​ថា​ នឹង​ប្រារព្ធ​នៅ​ទីណា​នៅ​ឡើយ​ទេ​ ដោយសារ​ស្ថាន​ភាព​នយោបាយ​តាន់​តឹង​ និង​មាន​វិបត្តិ​ជំងឺ​កូវីដ-១៩។ ទោះ​ជា​យ៉ាង​ណា ​លោក ​រំពឹង​ថា ​បុណ្យ​ខួប​ឆ្នាំ នេះ​ប្រហែល​ជា​នឹង​ធ្វើ​ឡើង​នៅ​ទី​កន្លែង​ដែល​លោក ​ឈុត​ វុទ្ធី ​ត្រូវ​បាន​បាញ់​សម្លាប់៖ «ខ្ញុំ​ធ្វើ​បុណ្យ​ខួប​នេះ ជាមួយ​សកម្មជន​បរិស្ថាន​នានា និង​សហគមន៍ ដែល​ស្រឡាញ់​រាប់​អាន​គាត់ ដែល​គោរព​ស្រឡាញ់​វីរភាព​របស់​គាត់ ដើម្បី​រំឭក​គុណ​នូវ​បុព្វ ហេតុ​ដែល​គាត់​បាន​បម្រើ​ការពារ​ព្រៃ​ឈើ ហើយ​មក​ដល់​ពេល​នេះ​រយៈ​ពេល ៨ឆ្នាំ ក៏​យើង​មិន​ទាន់​ទទួល​បាន​យុត្តិធម៌ ដូច្នេះ​ពួក​យើង​ត្រូវ​បន្ត​ទាមទារ​យុត្តិធម៌​សម្រាប់​គាត់​ទៀត»

កូន​ប្រុស​ច្បង​របស់​លោក ឈុត វុទ្ធី រូប​នេះ ពិនិត្យ​ឃើញ​ថា រយៈពេល៨ឆ្នាំនេះ រដ្ឋាភិបាល​លោក ហ៊ុន សែន គ្មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ស្វែង​រក​ឃាតក​ពិត​មក​ផ្ដន្ទាទោស​តាមច្បាប់​នោះ​ទេ ពីព្រោះ ថា​ ទាំង​អាជ្ញាធរ ​និង​តុលាការ​ មិន​ដែល​បាន​ជូន​ដំណឹង​ ឬ​កោះហៅ​ក្រុម​គ្រួសារ​លោក​ទៅ​សួរ​នាំ​អ្វី នោះ​ទេ គឺ​ស្ងាត់​សូន្យ​តែ​ម្ដង៖ «ខ្ញុំ​គិត​ថា តុលាការ​ស្រុក​ខ្មែរ​អត់​ឯករាជ្យ ហើយ​អ្វី​ដែល​ខ្ញុំ​រង់ចាំ នោះ គឺ​ប្រសិន​បើ​មាន​ការ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ថ្មី មាន​ការ​ផ្លាស់ប្ដូរ​តុលាការ​ថ្មី ខ្ញុំ​គិត​ថា យុត្តិធម៌​នឹង​មាន​សម្រាប់​ឪពុក​ខ្ញុំ ។អន្តរកាល​នេះ យើង​ឃើញ​ថា ការ​ស្លាប់ សូម្បី​តែ​លោក​ពូ ជា វិជ្ជា បណ្ឌិត កែម ឡី ក៏​មិន​ទាន់​រក​យុត្តិធម៌​ឃើញ​ដែរ»

លោក ឈុត វុទ្ធី គឺ​ជា​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ត្រូវ​បាន​មន្ត្រី​កង​រាជ​អាវុធហត្ថ​បាញ់សម្លាប់​ក្នុង​រថយន្ត​របស់​លោក​កាល​ពី​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ២០១២ នៅ​ចំណុច​វាល​បី ឃុំ​បាក់ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង ខណៈ​លោក និង​អ្នក​កាសែត​ពីរ​រូប​ទៀត បាន​ចូល​ទៅ​ស៊ើប​អង្កេត និង​ថត​រូបភាព​គំនរ​ឈើ​របស់​ក្រុមហ៊ុន​កាប់​ឈើ ដែល​គេ​ស្គាល់​ឈ្មោះ​ថា ក្រុមហ៊ុន ធីមប៊ើរ ហ្គ្រីន (Timber Green)

របាយការណ៍​ស៊ើប​អង្កេត​ដំបូង​របស់​កងរាជអាវុធហត្ថ បង្ហាញ​ថា ឃាតក​បាញ់សម្លាប់​លោក ឈុត វុទ្ធី គឺជា​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​ឈ្មោះ អ៊ិន រតនា​ ហើយ​បន្ទាប់​មក លោក អ៊ិន រតនា បាន «បាញ់ សម្លាប់​ខ្លួន​ឯង» ចំនួន ២គ្រាប់។ កាលណោះ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​រិះគន់​របាយការណ៍​នោះ ថា ជា​ការ​រៀបចំ​ឆាក​ល្ខោន​មួយ ដើម្បី​បិទ​បាំង​សំណុំ​រឿង​ ព្រោះ​ពួក​គេ មិន​ជឿ​ថា​ជា​ការ​សម្លាប់ ខ្លួនឯងនោះទេ ព្រោះសាកសពលោក អ៊ិន រតនា ត្រូវគ្រាប់កាំភ្លើងចំនួនពីរគ្រាប់ខុសកន្លែងគ្នា។ បន្ទាប់មក នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យបង្កើត​គណកម្មាធិការ​ចំរុះ​មួយដឹកនាំដោយលោកឧត្តមសេនីយ៍ ​ម៉ក់ ​ជីតូ​ ដើម្បី​ធ្វើការ​ស៊ើបអង្កេតជាថ្មី ឡើងវិញ។ របាយការណ៍​ស៊ើបអង្កេត​របស់គណកម្មាធិការចំរុះ ​បានរកឃើញ​ផ្សេងថា​ បន្ទាប់ពី​លោក អ៊ិន ​រតនា ​បាញ់សម្លាប់លោក​ ឈុត​ វុទ្ធី ​នោះ ​គឺមាន​សន្តិសុខ​ក្រុម​ហ៊ុនធីមប៊ើរហ្គ្រីន ម្នាក់​ឈ្នោះ រ៉ាន់ បូរ័ត្ន  បាន​ស្ទុះ​ទៅ​ទាញ​កាំ​ភ្លើង​ចេញ​ពី លោក អ៊ិន រតនា ដើម្បី​កុំ​ឲ្យបាញ់​ទៀត ហើយ​ការ​ប្រទាញ​ប្រទង់​គ្នា​នោះ ​បានធ្វើ​រាល់​កៃ​កំាំភ្លើង ​ផ្ទុះ​ពីរ​គ្រាប់​ត្រូវ លោក អ៊ិន រតនា​ តែ​ម្តង។ ក្រុមអង្គការសង្គម ស៊ីវិល​ នៅតែមិន​ជឿលើការ​ស៊ើបអង្កេត​ថ្មីនេះ​ ព្រោះ​ជាធម្មតា​គ្មាន​មធ្យោបាយណា​ដែលកាំភ្លើង​ដ៏វែង​របស់​លោក​ អ៊ិន ​រតនា​ អាចបែរ ១៨០ ដឺក្រេ ហើយបណ្តាលឲ្យ​បាញ់ត្រូវកន្លែងពីរផ្សេងគ្នា ​ដោយមួយនៅទ្រូង ​ឯមួយទៀត​នៅចំត្រង់​ពោះ​លោក អ៊ិន រតនានោះទេ។

ជាលទ្ធផល ​សំណុំរឿងឃាតកម្មដ៏កក្រើកមួយនេះ​ គឺមានតែ​សន្តិសុខ​ក្រុម​ហ៊ុនធីមប៊ើរហ្គ្រីនម្នាក់គត់ ត្រូវបាន​តុលាការ​ខេត្តកោះកុង ​កាលពីខែឧសភា ​ឆ្នាំ២០១២​ សម្រេចផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ រយៈពេល៦ ខែ ​ក្រោម​បទចោទពី​បទ​ប៉ុន​ប៉ង​មនុស្ស​ឃាត​ដោយ​អចេតនា ។តុលាការ ក៏សម្រេច​មិន​ចាត់ការទៅលើសំណុំរឿងឃាតកម្មលើលោក ​ឈុត វុទ្ធី​ បន្តទៀតឡើយ ​ដោយ​សំអាង​ថា ឃាតក ដែល​បាញ់​សម្លាប់ លោក ​ឈុត វុទ្ធី ក៏បានស្លាប់ ​ដូច្នេះ​បណ្តឹង​អាជ្ញា​ក៏​រលត់​ដែរ។

លោក ​ឆឺយ ​ឧត្តមរស្មី និយាយថា​ សំណុំរឿង​ឃាតកម្មលើ​ឪពុករបស់លោក ​បានបញ្ចប់​ទៅ​ដោយ​ ភាព​អយុត្តិធម៌បំផុត ​ហើយបន្សល់​ទុក​នៅសំណួរ ​និងការ​សង្ស័យ​ជាច្រើន។ លោក ​សង្កេតឃើញ​ ថា ​ការស៊ើប​អង្កេត​តាំងពីថ្ងៃ​ទីមួយ​នៃការស្លាប់​នោះមក​ គឺអាជ្ញាធររដ្ឋាភិបាល​ មិនបានធ្វើការដោយ ហ្មត់​ចត់ត្រឹមត្រូវ​នោះទេ។ លោក ​ជឿថា​ ឃាតកម្ម​នេះ​ ​មាន​​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹងមន្ត្រីយោធាជា ច្រើន​នាក់ទៀត៖ «រឿងនេះមិនមែន​មានតែ​កងរាជអាវុធហត្ថទេ​ គឺមាន​ទាហានពីរ​ នាក់ទៀត ​ដែល​ជិះម៉ូតូ​មកតា​មក្រោយ ​ហើយទាហាន​ពីរនាក់នេះ​ ជិះម៉ូតពីរគ្រឿង ​ដូចជាមានគ្រឿង ស្រវឹង ​និងមាន​កាំភ្លើងAK 47 ម្នាក់មួយ​ដើមទៀត ។ កាលកើតដំបូងនោះ ​នៅកន្លែងនោះ​ មាន​រ៉ាន់ បូរ័ត្ន  មាន ​លោក ​អ៊ិន​ រតនា ​និងឪពុករបស់ខ្ញុំ ​ព្រមទាំង​មានកងម្លាំង​អីមិនដឹងទេ ​តែគ្រាន់តែ​មាន ស៊ីវិលពីរទៅ​៣នាក់ទៀត ​ដូច្នេះ​ប្រហែលជា​គ្នា​៥ទៅ​៦​នាក់ណោះ។ ពេល​ដែល​ឪពុកខ្ញុំ​រៀប​នឹង ចេញ​ពី​កន្លែងនោះ ​ស្រាប់តែឡាន​របស់គាត់​អត់ដិត​អាគុយ ហើយគាត់​បានឲ្យ​ជនជាតិកាណាដា ម្នាក់​ទៅតអាគុយ ។បន្ទាប់មក​មានទាហានពីរ​នាក់នោះ ​មកដល់ហើយ​ ក៏ដក​កាមេរ៉ា​ពីឪពុក​ខ្ញុំ ហើយគេថា​ ឲ្យទៅកោះកុង ។ ឪពុកខ្ញុំ ​ក៏អត់មាត់ដែរ ​ហើយ​ព្យាយាម​បញ្ឆេះឡាន ​ពេលនោះ ស្រាប់តែមាន​ការបាញ់​ប្រហារ​មួយគ្រាប់​ចំឪពុក​របស់ខ្ញុំ។ មានអ្នកកាសែតពីរនាក់​បានរត់ចេញ ប្រហែលពី​រនាទី ហើយត្រឡប់មកវិញ ​ស្រាប់តែ​លោក អ៊ិន រតនា ​បាន​ដេក​សម្លាប់​មុខ​ឡាន​តែ​ម្ដង។ ខ្ញុំ​គិត​ថា ​ទាហាន​ពីរ​នាក់​នោះ ​មាន​ជាប់​ពាក់ព័ន្ធ ​តែ​ពេល​នេះ​ អត់​ឃើញ​តុលាការ​កោះ​ហៅ​ទាហាន​នោះ ​មក​សួរ​នាំ​ទេ ​ហើយ​ឥឡូវ​បាត់មុខ​ទាហាន​ពីរ​នាក់​នោះ​ហើយ»

អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ​ឆាយ ​គឹមខឿន ​ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៨​ ខែ​មេសា​ថា​ ការ​លើក​ឡើង​របស់​ក្រុម​គ្រួសារ ​លោក​ ឈុត​ វុទ្ធី​ គឺជា​រឿង​របស់​ពួក​គាត់ ​ប៉ុន្តែ​អាជ្ញាធរ មិន​ដឹង​ថា​ ត្រូវ​ធ្វើ​បែប​ណា​ទៀត​នោះ​ទេ ​ដោយសារ​សំណុំ​រឿង​ឃាតកម្ម​នេះ​ បាន​បិទ​បញ្ចប់​ជា​យូរ មក​ហើយ៖ «គាត់​ចង់​រក និង​ចាប់​ឃាតក​ឯ​ណា​ទៀត​ ខ្ញុំ​មិន​ដឹង​ធ្វើ​ម៉េច​ដែរ។ គាត់​ដាក់​ពាក្យ​ប្ដឹង​ទៀត​ទៅ។ បើ​គាត់​មិនសុខចិត្ត​ទេ​នោះ​ពេល​គេ​ចាប់​មនុស្ស​កាត់​ទោស ​និង​ផ្តន្ទា​ ទោស​ ម៉េច​ក៏​មិន​ប្ដឹង​ឧទ្ធរណ៍​ប្ដឹង​អី ព្រោះ​ច្បាប់​ទម្លាប់​មាន​តើ។ គាត់​ដើរ​តែ​ស្រែក​ថា មិន​សុខ​ចិត្តៗ តើ​ដឹង​ទៅ​រក​ទេវតា​ណា ធ្វើ​ឲ្យ​គាត់​សុខ​ចិត្ត​បាន»

ការអះអាងរបស់ ​លោក ​ឆាយ ​គឹមខឿន ​នៅពេលនេះ ​គឺផ្ទុយ​ពីការ​អះអាង​របស់លោក ​កាលពីឆ្នាំ ២០១៩​ ដែលថា ​សំណុំរឿងនេះ ​នៅតែ​ស្ថិត​ក្នុង​ការស៊ើបអង្កេត​ដដែល ហើយ​ លោក ​មិនដឹងថា ត្រូវការ​ពេលវេលា​ប៉ុន្មាន​ទៀត​នោះ​ទេ​។

ទោះ​ជា​យ៉ាង​ណា​ លោក ​បកស្រាយ​ឡើង​វិញ​ថា ​មូលហេតុ​ដែល​លោក​និយាយ​ក្នុង​ឆ្នាំ​២០១៩​ដូច្នេះ ព្រោះ​សំណុំ​រឿង​នេះ ​មាន​រយៈ​ពេល​យូរ​ពេក​ ហើយ​លោក​ទើប​តែ​ស្រាវជ្រាវ​ដឹង​ថា​ សំណុំ​រឿង​នេះ​គេ បាន​បិទ​បញ្ចប់​រួចហើយ។

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ លោក​ ជិន ម៉ាលីន​ មាន​ប្រសាសន៍​ថា ​លោក​មិន​មាន​យោបល់​ អ្វី​ឆ្លើយតប​ចំពោះ​ការ​បញ្ចេញ​មតិ​ និង​ការ​ទាមទារ​របស់​ក្រុម​គ្រួសារ​ជនរងគ្រោះ​នោះ​ទេ​ ដោយ​លោក អះអាង​ថា​ សំណុំ​រឿង​នេះ ​ត្រូវ​បាន​បិទ​បញ្ចប់​ និង​បាន​ផ្តល់​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​រួចហើយ៖ «សំណុំ​រឿង បិទ​បញ្ចប់​ក្រោយពេល​សមត្ថកិច្ច​រក​ឃើញ​ជន​ដៃ​ដល់ ហើយ​នឹង​អ្នក​ដែល​ពាក់ព័ន្ធ​ហើយ​អ្នក​ដែល​ពាក់ព័ន្ធ​នោះ គ៏​ត្រូវ​បាន​ផ្ដន្ទាទោស​តាមផ្លូវច្បាប់​រួច​ទៅ​ ហើយ។ បើ​និយាយ​ពី​យុត្តិធម៌​សំដៅ​ដល់​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​បាន​ន័យ​ថា​ អ្វីៗ​បាន​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់ ដែល​មាន​ជា​ធរមាន​ហើយ​ពួក​គាត់​ចង់​បាន​យុត្តិធម៌​ក្រៅ​ពី​នេះ​ទៀត​ ខ្ញុំ​ក៏​មិន​មាន​យោបល់​អ្វី​ដែរ​ ដោយ​មិន​ដឹង​ថា​គាត់​ត្រូវ​ការ​យុត្តិធម៌​បែប​ណា​ទៀត»

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​លោក​ អំ​ សំអាត លើក​ឡើង​ថា  រយៈពេល​៨​ឆ្នាំ​មកនេះ ក្រុម​គ្រួសារ​របស់​វីរជន​ការពារ​ព្រៃ​ឈើ ​នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ ពេញលេញ​នោះ​ទេ៖ «យើង​នៅ​តែ​ទទូច​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ការ​ស៊ើបអង្កេត​និង ស្រាវជ្រាវ​ឲ្យបាន​ដិតដល់​ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​លោក ឈុត វុទ្ធី​ និង​ក្រុម​គ្រួសារ​របស់​គាត់​ ហើយ​នឹង​ដើម្បី​ពង្រឹង​ការចូលរួម​កិច្ច​ការពារ​ព្រៃ​ឈើ​ពី​យុវជន និង​អ្នក​ដែល​ស្រឡាញ់​ព្រៃ​ឈើ​ត​ទៅ​ទៀត»

រីឯ​ប្រធានកម្មវិធីស្រាវជ្រាវ ​និងតស៊ូមតិ​នៃ​សមាគម​បណ្តាញ​យុវជនកម្ពុជា ​ លោក​ ស​ ម៉ូរី ​ថ្លែងថា​ ការលើកឡើង​របស់​អាជ្ញាធរ​រដ្ឋាភិបាល​ក​​ ហាក់​ដូចជា​មិនបាន​បង្ហាញ​ឆន្ទៈ​ពិត​ប្រាកដ​ក្នុងការស្វែង​រកយុត្តិធម៌​សម្រាប់​ជនរងគ្រោះ​នោះ​ទេ។ លោក ​ទាមទារ​ឲ្យ​មាន​ការស៊ើបអង្កេត​ឲ្យបាន បានត្រឹមត្រូវឡើងវិញ និង​លាត​ត្រដាង​នូវ​ភស្តុតាង​ដែល​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​ដល់​សាធារណជន ដើម្បី លុបបំបាត់​វប្បធម៌​និទណ្ឌភាព​ដែល​នៅ​តែ​បន្ត​មាន​នៅ​ជុំវិញ​សោកនាដកម្ម​នេះ៖ «អាជ្ញាធរ ត្រូវ​តែ​បើក​ការ​ស៊ើប​អង្កេត​សាជាថ្មី​ហើយ​ក្នុង​ដំណើរ​ការ​ស៊ើប​អង្កេត​នេះ ​គួរ​តែ​មាន​ការ​ចូល​រួម​ពី​អង្គការ​សង្គម​ស៊ីវិល​និង​អ្នក​ជំនាញ​ឯករាជ្យ​ហើយ​នឹង​ធ្វើ​បច្ចុប្បន្នភាព និង​ផ្តល់​តម្លាភាព​ផ្នែក​ព័ត៌មាន​អំពី​នីតិវិធី​នៃ​ការ​ស៊ើប​អង្កេត​នោះ​ជា​ប្រចាំ​ដល់​ក្រុម​គ្រួសារ​លោក ឈុត វុទ្ធី ​និង​សាធារណជន​ទូទៅ​។ធ្វើ​បែបនេះ​ខ្ញុំ​យល់​ថា អាច​សាធារណជន​ទូទៅ និង​សកម្មជន​បរិស្ថាន អាច​ជឿ​ជាក់ និង​ភាព​អាច​ទទួល​យក​បាន»

ចំពោះ​ការ​ប្រារព្ធ​ពិធីបុណ្យខួប៨ឆ្នាំវិញ ​កូន​ប្រុស​របស់​លោក ឈុត វុទ្ធី និង​លោក ស ម៉ូរី ​អំពាវនាវ ឲ្យ​សាធារណៈ​ជន ​និង​យុវជន ​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​របស់​លោក ​ឈុត វុទ្ធី ​ឲ្យ​បាន​ច្រើន ហើយ នឹង​ចូល​រួម​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដើម្បី​រំឭក​ឡើង​វិញ​នូវ​ការងារ និង​ការ​លះបង់​របស់​លោក ឈុត វុទ្ធី ក្នុង​កិច្ចការ​ការពារ​ព្រៃ​ឈើ ព្រមទាំង​ចូលរួម​បង្ហោះ​សារ​រួម​ចំណែក​ ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល បន្ត​ស្វែងរក​ឃាតក​ពិត​ដែល​បាញ់​សម្លាប់​លោក​ ឈុត​ វុទ្ធី ​ផង​ដែរ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល