រដ្ឋាភិបាល​លុប​បឹង​តា​មោក ជិត ៣០០​ហិកតារ​ថែម​ទៀត ដើម្បី​សង់​អគារ​កងទ័ព

ដោយ ហេង រស្មី
2020-07-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​បឹង​ធម្មជាតិ ឈ្មោះ​បឹង​តា​មោក ឬ​បឹង​កប់​ស្រូវ ដែល​រដ្ឋាភិបាល​សម្រេច​ឲ្យ​លុប​ជាង ៨០ហិកតារ​ថែម​ទៀត ដើម្បី​បង្កើត​សួន​ឧទ្យាន​ធម្មជាតិ និង​អគារ​អគ្គស្នងការ​នគរបាល​ជាតិ។
ផែនទី​បឹង​ធម្មជាតិ ឈ្មោះ​បឹង​តា​មោក ឬ​បឹង​កប់​ស្រូវ ដែល​រដ្ឋាភិបាល​សម្រេច​ឲ្យ​លុប​ជាង ៨០ហិកតារ​ថែម​ទៀត ដើម្បី​បង្កើត​សួន​ឧទ្យាន​ធម្មជាតិ និង​អគារ​អគ្គស្នងការ​នគរបាល​ជាតិ។
រូប៖ ហ្វេសប៊ុក​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់

រដ្ឋាភិបាល​ សម្រេច​អនុញ្ញាត​ឲ្យ​ក្រសួង​ការពារ​ជាតិ លុប​ផ្ទៃ​បឹង​តា​មោក ឬ​ បឹង​ទំនប់​កប់​ស្រូវ នៅ​ភ្នំពេញ ជិត​ ៣រយ (២៩៨.៥៤) ហិកតារ​បន្ថែម​ទៀត ដើម្បី​​​​សាងសង់​ជា​អគារ​កង​ទ័ព​។ គណបក្ស​នយោបាយ និង​សង្គម​ស៊ីវិល ព្រួយ​បារម្ភ​ថា ការ​លុប​បឹង​តា​មោក​​ជា​បន្ត​បន្ទាប់ ដោយ​មិន​បាន​​បង្ហាញ​​​​គម្រោង​លុប​បឹង​ត្រឹមត្រូវ នឹង​ប៉ះពាល់​ដល់​ពលរដ្ឋ​ និង​​បរិស្ថាន ដែ​ល​នឹង​អាច​ធ្វើ​​ឲ្យ​​​​រដ្ឋាភិបាល​ បាក់​មុខ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ក្នុង​អនុក្រឹត្យ ថា ផ្ទៃ​បឹង​តា​មោក ដែល​ត្រូវ​លុប​ជិត ៣​រយ​ហិកតារ​នេះ នឹង​ត្រូវ​រៀបចំ​ទៅ​ជា​អគ្គបញ្ជាការដ្ឋាន​កងយោធពលខេមរភូមិន្ទ និង​ប្រើប្រាស់​ជាទី​កន្លែង​ដឹកនាំ​បញ្ជា​យុទ្ធសាស្ត្រ​យូរអង្វែង។ អនុក្រឹត្យ​នេះ ​ចុះ​ថ្ងៃ​ទី២២ មិថុនា តែ​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ដើម​ខែ​កក្កដា មិន​​បាន​បង្ហាញ​​ថា ​ទីតាំង​ត្រង់​ណា​នៃ​បឹង​តា​មោក​នឹង​ត្រូវ​លុប​​​ឡើយ​ ហើយ​ក៏​មិន​បាន​បង្ហាញ​ ឬ​គម្រោង​ជាក់​លាក់​អ្វី​ផ្សេង​ទៀត​ដែរ។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ជាតិ លោក ឈុំ សុជាត ​អ្នក​នាំ​ពាក្យ​​អគ្គ​បញ្ជា​ការដ្ឋាន​កង​យោធពល​ខេមរភូមិន្ទ លោក ថោង សូលីម៉ូ និង​​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ម៉េត មាស​ភក្ដី ​នៅ​ថ្ងៃ​ទី៧ កក្កដា​បាន​ទេ ដោយសារ​ក្រុម​មន្ត្រី​នាំ​ពាក្យ​មិន​ទទួល​ទូរស័ព្ទ។

ទោះ​ជា​យ៉ាង​ណា លោក ឈុំ សុជាត ប្រាប់​សារព័ត៌មាន​ថ្មីៗ ថា រដ្ឋាភិបាល ពិតជា​បាន​កាត់​ផ្ទៃ​បឹង​តា​មោក​ជិត ៣០០ហិកតារ​ ឲ្យ​ក្រសួង​ការពារ​ជាតិ សម្រាប់​ធ្វើ​ជា​អគ្គ​បញ្ជា​ការដ្ឋាន​ថ្មី នៃ​កង​យោធពល​​ខេមរភូមិន្ទ​ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​លម្អិត​ថា ទីតាំង​អគ្គ​បញ្ជា​ការដ្ឋាន​ចាស់ នឹង​ត្រូវ​ទុក​ធ្វើអ្វី ឬ​ប្រគល់​ទៅ​ឲ្យ​ខាង​ណា​នោះ​ទេ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក ឡឹក សុធារ ព្រួយ​បារម្ភ​ពី​វាសនា​បឹង​តាមោក​ថា អាច​នឹង​ប្រឈម​ការ​លុប​ រហូត​ដល់​​គោក​រាក់ ដូច​​​បឹង​កក់ និង​បឹង​នានា ក្នុង​ក្រុង​ភ្នំពេញ​។ លោក ឡឹក សុធារ អះអាង​​ថា គណបក្ស​ប្រជាធិបតេយ្យ​ នឹង​បន្ត​ប្រើប្រាស់​យន្តការ​រដ្ឋសភា ​ដើម្បី​ទាមទារ​រដ្ឋាភិបាល ឲ្យ​បង្ហាញ​ព័ត៌មាន​ជាក់លាក់ ពី​ការ​លុប​បឹង​តា​មោក ជា​បន្ត​បន្ទាប់​នេះ៖ «មិន​មែន​ចេះ​តែ​ ឃើញ​ថា ដី​ហ្នឹង​ទំនេរ​ តិច​ទៅ​យក​ផ្សារ​ទៅ​ដាក់​កន្លែង​ហ្នឹង​ទៅ តិច​ទៀត​យក​កង​យោធពល​ខេមរភូមិន្ទ​ទៅ​ដាក់​កន្លែង​ហ្នឹង។ តិច​ទៀត ថា​ យក​នេះ យក​នោះ យូរៗ ទៅ​ផ្ទៃ​បឹង​ហ្នឹង​ រេចរឹល​ ហើយ​ថា មាន​វាសនា​ អាច​មិន​ខុស​ពី​បឹង​កក់​​អ្វី​ប៉ុន្មាន។ មូលហេតុ​នេះ​ហើយ បាន​ជា​យើង​នៅ​តែ​ទទូច​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​គម្រោង​អភិវឌ្ឍន៍​ឲ្យ​បាន​ជាក់លាក់​ ហើយ​ឲ្យ​បាន​ច្បាស់​ថា ឥឡូវ​នេះ​ផ្ទៃ​បឹង​ប៉ុន្មាន ដើម្បី​កំណត់​ដោយ​អនុក្រឹត្យ​ដើម្បី​ថែរក្សា​ទុក​ជា​ផ្ទៃ​បឹង​ធម្មជាតិ សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ»

ផ្ទៃ​បឹង​តាមោក មាន​ទំហំ​ជាង​បី​ពាន់ (.២៣៩) ហិកតារ ផ្ទៃ​បឹង​នេះ ត្រូវ​បាន​រដ្ឋាភិបាល សម្រេច​ឲ្យ​លុប ៧ដង​រួច​មក​ហើយ ក្នុង​ទំហំ​ស​រុប​ជាង​ពីរ​រយ (២១៤) ហិកតារ ដើម្បី​ប្រគល់​ឲ្យ​ស្ថាប័ន​រដ្ឋ និង ឈ្មួញ​​ឯកជន។ លើក​ទី១ រដ្ឋាភិបាល​សម្រេច​ឲ្យ​លុប​បឹង​ទំហំ ៤៥​ហិកតារ​ នៅ​ឆ្នាំ២០១៨ ដើម្បី​យក​ដី ទៅ​ឱ្យ​ឯកជន ដោយ​អះអាង​ថា ជា​ម្ចាស់​ដើម​នៃ​ដី។ លើក​ទី២ នៅ​ឆ្នាំ​ដដែល រដ្ឋាភិបាល​ សម្រេច​ឲ្យ​លុប​ផ្ទៃ​បឹង​ចំនួន ២០ហិកតារ​ទៀត​ ទៅ​ឱ្យ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​​អភិវឌ្ឍន៍​ជា​ផ្សារ និង​ចំណត​រថយន្ត ដែល​គ្រោង​រើ​ចេញ​ផ្នែក​ខ្លះ ពី​​ផ្សារ​ដើម​គ នៅ​ខណ្ឌ​ទួល​គោក។

លើក​ទី៣ និង​លើក​ទី៤ ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី ចេញ​សេចក្ដី​ជូន​ដំណឹង​តំណាល​គ្នា នៅ​ខែ​មីនា​ ឲ្យ​លុប​ផ្ទៃ​បឹង​ផ្ទៃ ៨៣ហិកតារ យក​មក​បង្កើត​ជា​សួន​ច្បារ​សាធារណៈ ឧទ្យាន​ធម្មជាតិ និង​អគារ​នាយកដ្ឋាន​កណ្ដាល​នៃ​អគ្គ​ស្នងការ​នគរបាល​ជាតិ។ ការ​សម្រេច​ឲ្យ​លុប​លើក​ទី៥ តាម​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី២៣ ខែ​មេសា​​ កាត់​ផ្ទៃ​បឹង​តា​មោក ​ទំហំ​ជិត ៤៦​(៤៥.៧៥​)ហិ​កតា ស្ថិត​ក្នុង​សង្កាត់​ពន្សាំង ប្រគល់​ទៅ​ឱ្យ​​ម្ចាស់​ក្រុមហ៊ុន ផាន​អ៊ីមិច (Phan Impex) គឺ​អ្នកស្រី ស៊ុយ សុផាន និង​កាត់​ផ្ទៃ​បឹង​ទំហំ​​ជិត​ប្រាំបី (.៧១) ហិកតារ នៅ​សង្កាត់​គោក​រកា ប្រគល់​ទៅ​ឱ្យ​បុគ្គល​ ឈ្មោះ ម៉ែ​ន សុខ

លើក​ទី៧ តាម​រយៈ​សេចក្ដីជូនដំណឹង​ ចុះ​ថ្ងៃ​ទី២៧ ខែ​មេសា គឺ​មាន​ទំហំ ៣០​ហិកតារ​ស្ថិតនៅ​ក្នុង​សង្កាត់​គោក​រកា ប្រគល់​ទៅ​ឱ្យ​ប្រពន្ធ​របស់​​ឧកញ៉ា លី យ៉ុងផាត់ គឺ​អ្នកស្រី គឹម ហ៊ាង ជា​ថ្នូរ​ទៅ​នឹង​ការ​ដោះដូរ​ដី​ទំហំ​សរុប ៩.៨ហិកតា នៅ​ក្រុង​ភ្នំពេញ (៣​ហិកតារ​ខាង​កើត​វិមាន​ឈ្នះ​ឈ្នះ ២ហិកតារ​​ទី​ក្រុង​រណប​ហ្គោលដិន​ស៊ីធី និង​៤.៨​ហិកតារ អតីត​ទីលាន​ចាក់​សំរាម​ស្ទឹង​មានជ័យ)

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ធ្លាប់​អះអាង​​ថា ផ្ទៃ​បឹង​តា​មោក នឹង​ត្រូវ​លុប​ត្រង់​កន្លែង​ណា ដែល​ជា​ជម្រក​មូស​ប៉ុណ្ណោះ។ ឯ​ផ្ទៃ​បឹង ស្ដុក​ទឹក នឹង​មិន​លុប​ទេ ហើយ​សន្យា​ជីក​ជម្រៅ​ឲ្យ​ជ្រៅ​ជាង​នេះ​ថែម​ទៀត៖ «តា​មោក (ផ្ទៃ​បឹង) មិន​ត្រូវ​ឱ្យ​បាត់​ទេ ព្រោះ​តា​មោក​ជា​ធារទឹក​មួយ គឺ​មានតែ​ធ្វើ​ឱ្យ​ជ្រៅ​ថែម»

រីឯ​អ្នក​គ្រប់គ្រង​គម្រោង​ធុរកិច្ច និង​សិទ្ធិ​មនុស្ស​ នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក វណ្ណ សូផាត យល់​ថា ការ​លុប​បឹង​តា​មោក​ជា​បន្តបន្ទាប់ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំណូល​ពលរដ្ឋ​រស់​នៅ​ក្បែរ​​បឹង​ និង​បារម្ភ​ពី​ការ​បាត់បង់​អាង​ស្ដុក​ រំដោះ​ទឹក​ភ្លៀង​ចេញ​ពី​ក្រុង​ភ្នំពេញ។

លោក វណ្ណ សូផាត ស្នើសុំ​ឲ្យ​រដ្ឋាភិបាល បង្ហាញ​គម្រោង​អភិវឌ្ឍន៍​បឹង​តា​មោក ជា​សាធារណៈ ដើម្បី​ជៀស​វាង​ មន្ត្រី​ផ្ដល់​​​​ផ្ដល់​យោបល់​បច្ចេកទេស​ខុស នាំ​ឲ្យ​ប៉ះពាល់​​ដល់​​បរិស្ថាន ជីវភាព​ពលរដ្ឋ និង​ការ​​លិចលង់​ក្រុង​ភ្នំពេញ ដែល​នឹង​ផ្ដល់​ផល​​ប៉ះពាល់​ដល់​មុខ​មាត់​រដ្ឋាភិបាល៖ «គួរ​តែ​ផ្សព្វផ្សាយ​ (គម្រោង) ជា​សាធារណៈ អ៊ីចឹង​ទៅ ហើយ​ព្យាយាម​កុំ​ឲ្យ​មាន​បញ្ហា​អ្វី​អ៊ីចឹង​ទៅ វា​មានការ​ចោទ​ប្រកាន់​ផ្សេងៗ ហើយ​គេ​មើល​ទៅ​ប៉ះពាល់​ដល់​រដ្ឋាភិបាល​ ដែល​អភិវឌ្ឍន៍ ឬ​ក៏​ប្រគល់​ដី ដោយ​មិន​គិត​ពី​សុខទុក្ខ មិន​គិត​ពី​​សិទ្ធិ​រស់​នៅ ឬ​មួយ​ក៏​សិទ្ធិ​មាន​លំនៅឋាន ឬ​មាន​ដីស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ ក្នុង​ការ​រក​ទទួល​ទាន​អ្វី​អ៊ីចឹង​ណា»

សមាគម​ធាងត្នោត ធ្លាប់​ចេញ​របាយការណ៍ ផ្សាយ​ចេញ កាល​ពី​ខែ​មករា ​បង្ហាញ​ថា បឹង​តា​មោក ឬ​បឹង​កប់​ស្រូវ ជា​បឹង​មួយ​ធំ​ជាង​គេ​​ ក្នុង​រាជធានី​ភ្នំពេញ​ មាន​ប្រជាជន​រស់​នៅ​ជុំវិញ​បឹង ៣១៩​គ្រួសារ មាន​ភូមិ​ចំនួន១៩ នៃ​ខណ្ឌ​ព្រែកព្នៅ និង​ខណ្ឌ​សែន​សុខ។ បឹង​នេះ អាច​ការពារ​ទឹក​ជំនន់ និង​ជា​អាង​ស្តុក​ទឹក​ស្អាត​លក្ខណៈ​ធម្មជាតិ ធនធាន​ត្រី និង​បក្សី​ផង​ដែរ។ ពលរដ្ឋ រស់​នៅ​ជុំវិញ​បឹង​នេះ​ ប្រកប​របរ​ធ្វើ​ស្រែ រក​ត្រី ដាំ​ដំណាំ និង​ខ្លះ​ជា​កម្មករ​រោងចក្រ។

កាល​ពី​រដ្ឋាភិបាល​ មិន​ទាន់​លុប​បឹង​ក្នុង​ក្រុង​ភ្នំពេញ បឹង​តា​មោក មាន​សភាព​ថ្លា​ឆ្វង់។ ប៉ុន្តែ​បច្ចុប្បន្ន​បឹង​តា​មោក ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ យក​ធ្វើ​ជា​ទីតាំង​សម្រាប់​បង្ហូរ​ទឹក​ស្អុយ និង​ជា​កន្លែង​រំដោះ​ជំនន់​ទឹក​ភ្លៀង​ចេញ​ពី​ភ្នំពេញ ដែល​ធ្វើ​ឲ្យ​ផ្ទៃ​បឹង​ទាំងស្រុង ​ប្រែ​ក្លាយ​ជា​ពណ៌​ខ្មៅ ធំ​ក្លិន​ស្អុយ​ និង​បែក​ពពុះ ​ហើរ​ពាសពេញ​លើ​ផ្លូវ​ថ្នល់​ព័ទ្ធ​ជុំវិញ​បឹង។

ឯ​ក្រុម​សកម្មជន​ស្រលាញ់​បរិស្ថាន​បង្ហាញ​ក្ដី​បារម្ភ និង​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​លុប​ផ្ទៃ​បឹង​តា​មោក និង​បឹង​ផ្សេង​ទៀត ក្នុង​ក្រុង​ភ្នំពេញ ដោយ​ស្នើ​ឲ្យ​លើក​យក​គម្រោង​សាងសង់​​ផ្សេងៗ ទៅ​ធ្វើ​នៅ​ទីតាំង​ផ្សេង ដើម្បី​បញ្ចៀស​ការ​ប៉ះពាល់​បរិស្ថាន និង​ផល​លំបាក​លិចលង់​ទីក្រុង​ភ្នំពេញ​នៅ​រដូវ​វស្សា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល