យុវជន​ថា សំណង់​កាស៊ីណូ ជីនទីង មិន​ទាន់​ត្រូវ​បាន​រុះរើ​ចេញ​ពី​ឆ្នេរ​កោះរ៉ុង​សន្លឹម​នៅ​ឡើយ

ដោយ វ៉ែន សុមេធ
2020-05-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូប​សំណង់​កាស៊ីណូ ជីនទីង (Jingding) នៅ​លើ​កោះរ៉ុង​សន្លឹម កាល​ពី​ថ្ងៃ​ទី៣ ខែ​ឧសភា ឆ្នាំ​២០២០។
រូប​សំណង់​កាស៊ីណូ ជីនទីង (Jingding) នៅ​លើ​កោះរ៉ុង​សន្លឹម កាល​ពី​ថ្ងៃ​ទី៣ ខែ​ឧសភា ឆ្នាំ​២០២០។
រូប​ហ្វេសប៊ុក​យុវជន​​មាតាធម្មជាតិ

យុវជន​នៃ​ចលនា​មាតា​ធម្មជាតិ​ដែល​ចុះទៅ​អង្កេត​នៅ​ខេត្ត​ព្រះសីហនុ ឱ្យ​ដឹង​ថា សំណង់​កាស៊ីណូ ជីនទីង (Jingding) នៅ​លើ​កោះរ៉ុង​សន្លឹម មិន​ទាន់​ត្រូវ​បាន​រុះ​រើចេញ​នៅ​ឡើយ​ទេ​។ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​ថា លោក​នឹង​ទាក់ទង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​អំពី​ករណី​នេះ។

ក្រុម​យុវជន​នៃ​ចលនា​មាតា​ធម្មជាតិ​ថា ពួកគេ​ភ្ញាក់ផ្អើល​ពេល​ឃើញ​កាស៊ីណូ ជីនទីង នៅតែ​បង្ហាញ​វត្តមាន​នៅ​លើ​ឆ្នេរ​ខ្សាច់​កោះរ៉ុង​សន្លឹម​ដដែល​។ ពួកគេ​ស្នើ​ទៅ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ឱ្យ​មាន​ភាព​ក្លាហាន​រុះរើ​សំណង់​កាស៊ីណូ ជីនទីង ដូច​ខ្លួន​ឈូស​ឆាយ​ផ្ទះសំបែង​ពលរដ្ឋ​នា​ពេល​កន្លងមក ដែល​អាជ្ញាធរ​ចោទ​ថា សង់​រំលោភ​ដី​រដ្ឋ​នោះ​ផង​ដែរ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ កញ្ញា ឡុង គន្ធា ឱ្យ​អាស៊ីសេរី​ដឹង​ថា សំណង់​កាស៊ីណូ ជីនទីង គ្រាន់តែ​មាន​ការ​រុះរើ​ស្លាក​យីហោ​ចេញ​ប៉ុណ្ណោះ ប៉ុន្តែ​សំណង់​អគារ​នៅ​ដដែល​។ កញ្ញា​បន្ត​ថា ក្រុម​យុវជន​នឹង​ធ្វើ​សកម្មភាព​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត ឱ្យ​រុះរើ​សំណង់​កាស៊ីណូ​នេះ​បន្ត​ទៀត៖ «បើសិនជា​និយាយ​ថា គាត់​ភ្លេច​ដូចជា​មិន​សមស្រប​ដែរ ព្រោះ​កាស៊ីណូ​ហ្នឹង​ប៉ុណ្ណា​ណី​នៅ​លើ​ដី​ឆ្នេរ​មើល​ឃើញ​ឡើង​ច្បាស់ក្រឡែត​ហ្នឹង ហើយ​យើង​មើល​ឃើញ​ថា អាជ្ញាធរ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​កន្លងមក​ដូចជា​មិន​សូវ​មាន​ឆន្ទៈ​នៅ​ក្នុង​ការ​ដោះស្រាយ​រឿង​ហ្នឹង»

រូប​សំណង់​កាស៊ីណូ ជីនទីង (Jingding) នៅ​លើ​កោះរ៉ុង​សន្លឹម កាល​ពី​ថ្ងៃ​ទី៣ ខែ​ឧសភា ឆ្នាំ​២០២០។
រូប​សំណង់​កាស៊ីណូ ជីនទីង (Jingding) នៅ​លើ​កោះរ៉ុង​សន្លឹម កាល​ពី​ថ្ងៃ​ទី៣ ខែ​ឧសភា ឆ្នាំ​២០២០។ រូប​ហ្វេសប៊ុក​យុវជន​​មាតាធម្មជាតិ

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​ដាក់​ឱសានវាទ​ឱ្យ​ម្ចាស់ កាស៊ីណូ ជីនទីង ត្រូវ​រុះរើ​សំណង់​របស់​ខ្លួន​ចេញ និង​រៀបចំ​សម្អាត​ឆ្នេរ​នៅ​ទីនោះ ឱ្យ​បាន​ស្អាត​ឡើងវិញ ត្រឹម​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២០ ជា​កំហិត។

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ ឃាង ភារ​ម្យ និយាយ​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​នៅឡើយ​ទេ ទាក់ទង​ការ​មិន​ទាន់​រុះរើ​សំណង់​កាស៊ីណូ ជីនទីង​នេះ​។ លោក​ស្នើសុំ​ទទួល​បាន​របាយការណ៍​ពី​មន្ត្រី​ជំនាញ​ជា​មុន​សិន មុននឹង​ធ្វើការ​បកស្រាយ។

អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ករណី​នេះ ពី​ចៅសង្កាត់​កោះរ៉ុង លោក ឡុក វ៉ាន់ណារិន នៅ​ថ្ងៃទី​០៧ ខែ​ឧសភា ប៉ុន្តែ​លោក​មិន​លើក​ទូរស័ព្ទ​នោះ​ទេ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ស្នើ​ទៅ​អាជ្ញាធរ​ខេត្ត អនុវត្ត​ច្បាប់​ឱ្យ​បាន​ស្មើភាព​គ្នា​រវាង​ពលរដ្ឋ​ខ្លួនឯង និង​ឈ្មួញ​ចិន​។ អ្នកស្រី​ថា អាជ្ញាធរ គួរ​កោះហៅ​ថៅកែ​កាស៊ីណូ ជីនទីង មក​សាកសួរ​អំពី​មូលហេតុ​ដែល​មិន​ព្រម រុះរើ​សំណង់​នេះ៖ «បើសិនជា​អាជ្ញាធរ​មិន​មាន​វិធានការ​ទេ យើង​មើល​ឃើញ​ទាំងអស់​គ្នា​ថា ការអនុវត្ត​នេះ​ដូចជា​មានការ​ដូច​គេ​ចំណាំ​ទូទៅ​ថា ស្តង់ដារ​ពីរ​ណា»

កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៩ សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ ដោយមាន​ការ​សម្របសម្រួល​ពី​តំណាង​អយ្យការ​ខេត្ត​បាន​ចុះ​បិទ​ទីតាំង​មជ្ឈមណ្ឌល​កម្សាន្ត និង​កាស៊ី​ណូ ជីនទីង នៅ​លើ​កោះរ៉ុង​សន្លឹម ដោយសារ​សំណង់​នេះ​បាន​រំលោភ​លើ​ដី​ចំណី​ឆ្នេរ និង​បាន​លួច​បង្ហូរទឹក​កខ្វក់​ចូល​សមុទ្រ។ ប៉ុន្តែ​ជា​ញឹកញាប់​ម្ចាស់​សំណង់​តែង​សុំ​ពន្យារ​ពេល ដោយ​លើក​ហេតុផល​ថា រក​ទីតាំង​ថ្មី​មិន​ទាន់​បាន​។ កញ្ញា ឡុង គន្ធា ឱ្យ​ដឹង​ថា យុវជន​ចលនា​មាតា​ធម្មជាតិ នឹង​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ខេត្ត​ព្រះសីហនុ ឱ្យ​បើក​ការស៊ើបអង្កេត​លើ​ម្ចាស់​កាស៊ីណូ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល