អាជ្ញាធរ​ទុក​ពេល​ត្រឹម​ចុង​ខែ​កុម្ភៈ​ឱ្យ​ម្ចាស់​កាស៊ីណូ​ចិន​រុះរើ​សំណង់​ខុសច្បាប់​របស់​ខ្លួន​នៅ​កោះរ៉ុងសន្លឹម

ដោយ សុ ជីវី
2020-01-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ ចុះ​បិទ​ទីតាំង​មជ្ឈមណ្ឌល​កម្សាន្ត​ចិន​យីហោ ជីនទីង (Jingding) នៅ​លើ​កោះរ៉ុង​សន្លឹម នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៩។
សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ ចុះ​បិទ​ទីតាំង​មជ្ឈមណ្ឌល​កម្សាន្ត​ចិន​យីហោ ជីនទីង (Jingding) នៅ​លើ​កោះរ៉ុង​សន្លឹម នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៩។
រូប​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​កំណត់​ពេល​ត្រឹម​ចុងខែ​កុម្ភៈ ឱ្យ​ម្ចាស់​កាស៊ីណូ​យីហោ ជីនទីង (Jingding) រុះរើ​សំណង់​របស់​ខ្លួន​ចេញ​ពី​ទីតាំង​ឆ្នេរ​កោះ​រ៉ុង​សន្លឹម។ សកម្មជន​បរិស្ថាន​មិនទាន់​ជឿជាក់​ទាំងស្រុង​លើ​ការប្រកាស​នេះ​នៅឡើយ​ទេ ដោយ​រង់​ចាំ​មើល​ការអនុវត្ត​ជាក់ស្ដែង​ជាមុន​សិន។

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​តម្រូវ​ឱ្យ​ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​ចិន​យីហោ ជីនទីង រុះរើ​សំណង់​ខុសច្បាប់​របស់​ខ្លួន​ចេញពី​ឆ្នេរ​កោះរ៉ុង​សន្លឹម និង​រៀបចំ​សម្អាត​ទីតាំង​នោះ​ឱ្យ​បាន​ស្អាត​ឡើងវិញ ចាប់ពី​ថ្ងៃ​ទី​១៣ ធ្នូ រហូតដល់​ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០២០ ជា​កំហិត។

លិខិត​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​អាស៊ីសេរី​ទទួល​បាន​នៅ​ថ្ងៃទី​១៧ មករា បង្ហាញ​ថា អាជ្ញាធរ​សម្រេច​ដាក់​ចេញ​វិធានការ​នេះ ដោយសារតែ​ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត ជីនទីង មានការ​យឺតយ៉ាវ​ក្នុង​ការ​ស្វែងរក​ទីតាំង​ថ្មី និង​មិនបាន​កំណត់​ពេលវេលា​ជាក់លាក់​ក្នុង​ការ​រុះរើ​សំណង់​របស់​ខ្លួន បន្ទាប់ពី​អាជ្ញាធរ​បាន​យល់ព្រម​តាម​សំណើសុំ​ពន្យារពេល​រុះរើ ដើម្បី​ឱ្យ​ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​មួយ​នេះ ស្វែងរក​ទីតាំង​ថ្មី និង​កន្លែង​ទុកដាក់​សម្ភារៈ​ផ្សេងៗ មួយ​រយៈ​រួចមក។

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ អះអាង​ថា ប្រសិនបើ​ដល់​ថ្ងៃ​កំណត់ ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត ជីនទីង មិន​ព្រម​រុះរើ​សំណង់​នោះ​ទេ អាជ្ញាធរ​ខេត្ត​នឹង​ចុះ​អនុវត្ត​ការងារ​នេះ​ដោយ​ផ្ទាល់៖ «បើ​គាត់​មិន​អនុវត្ត មាន​ន័យ​ថា គាត់​អត់​គោរព​តាម​ការណែនាំ​។ មិន​គោរព​តាម​ការណែនាំ គឺ​រដ្ឋបាល​ខេត្ត និង​រដ្ឋបាល​ក្រុង​កោះរ៉ុង នឹង​ចាត់វិធានការ​រុះរើ។ អត់​មាន​អ្វី​ត្រូវ​តវ៉ា​ទេ»

អ្នកនាំពាក្យ​រូប​នេះ​ឱ្យ​ដឹង​ថា ម្ចាស់​ទីតាំង​កាស៊ីណូ ជីនទីង គឺ​ជា​ជនជាតិ​ខ្មែរ ប៉ុន្តែ​បាន​ជួល​បន្ត​ឱ្យ​ជនជាតិ​ចិន​បើក​ធ្វើ​អាជីវកម្ម​។ លោក​អះអាង​ថា ម្ចាស់​ទីតាំង​នោះ​​បាន​ចូលរួម​ធ្វើ​កំណត់ហេតុ និង​ស្ដាប់​ការណែនាំ​របស់​អាជ្ញាធរ​ជាប្រចាំ​។ ទោះជា​យ៉ាងណា លោក​មិន​បាន​បញ្ជាក់​ពី​អត្តសញ្ញាណ និង​សវតា​របស់​ម្ចាស់​ទីតាំង​ដែល​ជា​ជនជាតិ​ខ្មែរ​នោះ​ទេ ដោយ​លោក​បង្វែរ​សំណួរ​ទៅ​អាជ្ញាធរ​ក្រុង​កោះរ៉ុង​វិញ។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់​ទាក់​អភិបាលក្រុង​កោះរ៉ុង លោក នួន ប៊ុនថុល តាម​ទូរស័ព្ទ​ជាច្រើន​ដង នៅ​ថ្ងៃ​ទី​១៧ មករា ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយតប​ទេ។

សកម្មជន​មាតា​ធម្មជាតិ ១៤រូប ថត​នៅ​មុខ​អគារ​កាស៊ីណូ​ចិន​យីហោ ជីនទីង (Jingding) ថ្ងៃ​ទី២២ ខែ​កញ្ញា ឆ្នាំ២០១៩ ដែល​សកម្មជន​អះអាង​ថា សង់​ល្មើស​លើ​ដី​ឆ្នេរ​កោះ​រ៉ុង​សន្លឹម។ រូប៖ អង្គការ​មាតា​ធម្មជាតិ
សកម្មជន​មាតា​ធម្មជាតិ ១៤រូប ថត​នៅ​មុខ​អគារ​កាស៊ីណូ​ចិន​យីហោ ជីនទីង (Jingding) ថ្ងៃ​ទី២២ ខែ​កញ្ញា ឆ្នាំ២០១៩ ដែល​សកម្មជន​អះអាង​ថា សង់​ល្មើស​លើ​ដី​ឆ្នេរ​កោះ​រ៉ុង​សន្លឹម។ រូប៖ អង្គការ​មាតា​ធម្មជាតិ

សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ លោក ថុន រដ្ឋា ចាត់​ទុក​លិខិត​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​នេះ​ថា ជា​ការ​ឆ្លើយតប​វិជ្ជមាន​របស់​អាជ្ញាធរ​ទៅ​នឹង​សំណើ​របស់​ពលរដ្ឋ ហើយ​លោក​រំពឹង​ថា អាជ្ញាធរ​នឹង​បន្ត​ឆ្លើយតប​បែបនេះ​ទៀត ចំពោះ​រាល់​សំណូមពរ​របស់​ពលរដ្ឋ។

ទោះជា​បែបនេះ​ក្តី សកម្មជន​បរិស្ថាន​រូប​នេះ​បញ្ជាក់​ថា លោក​មិនទាន់​ទុកចិត្ត​លើ​ការប្រកាស​របស់​អាជ្ញាធរ​នេះ​ទេ ដរាបណា​សំណង់​កាស៊ីណូ ជីនទីង មិនទាន់​ត្រូវ​បាន​រុះរើ​ចេញពី​ឆ្នេរ​កោះរ៉ុង​សន្លឹម។ លោក​ឱ្យ​ដឹង​ថា ក្រុម​សកម្មជន​របស់​លោក​ទើបតែ​បាន​ចុះទៅ​កោះរ៉ុង​សន្លឹម​កាលពីដើម​សប្ដាហ៍​នេះ និង​បាន​ពិនិត្យ​ឃើញ​ថា សំណង់​កាស៊ីណូ ជីនទីង មិន​ទាន់​មាន​ការ​រុះរើ ឬ​មានការ​ជញ្ជូន​សម្ភារៈ​ណាមួយ​ចេញពី​ទីតាំង​នោះ​នៅ​ឡើយ​ទេ៖ «ចលនា​មាតា​ធម្មជាតិ យើង​នៅតែ​បន្ត​តាមដាន​ឃ្លាំមើល​ជានិច្ច​ចំពោះ​ចំណាត់​ការ​អាជ្ញាធរ​ទៅលើ​កាស៊ីណូ ជីនទីង ហ្នឹង​។ យើង​មិន​បញ្ឈប់​ត្រឹមហ្នឹង​ទេ ហើយ​ប្រសិនបើ​មាន​អ្វី​ដែល​ពួក​យើង​មើល​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី យើង​នឹង​បន្ត​ផ្សព្វផ្សាយ​ទៅ​កាន់​សារព័ត៌មាន និង​តាមរយៈ​វីដេអូ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​យើង​ជាដើម»

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ និង​យុវជន​ចលនា​មាតា​ធម្មជាតិ​បាន​រក​ឃើញ​បទល្មើស​ជាច្រើន​នៅ​ទីតាំង​មជ្ឈមណ្ឌល​កម្សាន្ត ជីនទីង ដូចជា ការសាងសង់​រំលោភ​លើ​ដី​ឆ្នេរ ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ក្នុង​សមុទ្រ ការ​ចាក់​គ្រឿង​បំពង​សំឡេង​លឺ​ខ្លាំង និង​ការប្រើប្រាស់​អាជ្ញាប័ណ្ណ​ល្បែង​អនឡាញ​ផុត​កំណត់ ជាដើម​។ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​ចុះ​បិទ​ទីតាំង​អាជីវ​កម្ម​នេះ កាលពី​ខែ​ឧសភា ឆ្នាំ​២០១៨ កន្លង​ទៅ ក៏ប៉ុន្តែ​មិនបាន​រុះរើ​សំណង់​នេះ​ទេ ក្រោម​ហេតុផល​ថា ម្ចាស់​ទីតាំង​បាន​ស្នើសុំ​ពន្យារពេល​រុះរើ​មួយរយៈ ដើម្បី​ស្វែងរក​ទីតាំង​ថ្មី​ឱ្យ​បាន​ជា​មុន​សិន។

ព្រះសង្ឃ និង​យុវជន​អង្គការ​មាតា​ធម្មជាតិ ធ្វើ​ដំណើរ​ថ្មើរ​ជើង​ចូល​ថ្ងៃ​ទី២ ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ ដើម្បី​ទាមទារ​អាជ្ញាធរ​ឱ្យ​រុះរើ​សំណង់​កាស៊ីណូ (Jingding) សង់​ខុស​ច្បាប់ នៅ​កោះ​រ៉ុង​សន្លឹម។ រូប៖ អង្គការ​មាតា​ធម្មជាតិ ថ្ងៃ​ទី១៦ ខែ​តុលា ឆ្នាំ២០១៩
ព្រះសង្ឃ និង​យុវជន​អង្គការ​មាតា​ធម្មជាតិ ធ្វើ​ដំណើរ​ថ្មើរ​ជើង​ចូល​ថ្ងៃ​ទី២ ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ ដើម្បី​ទាមទារ​អាជ្ញាធរ​ឱ្យ​រុះរើ​សំណង់​កាស៊ីណូ (Jingding) សង់​ខុស​ច្បាប់ នៅ​កោះ​រ៉ុង​សន្លឹម។ រូប៖ អង្គការ​មាតា​ធម្មជាតិ ថ្ងៃ​ទី១៦ ខែ​តុលា ឆ្នាំ២០១៩

ក្រុម​យុវជន​មាតា​ធម្មជាតិ​បាន​ធ្វើ​យុទ្ធនាការ​ជា​បន្តបន្ទាប់ ដូចជា ការ​ធ្វើ​ធម្ម​យាត្រា​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ និង​ការ​ដាក់​ញត្តិ​ជូន​អភិបាលខេត្ត​ព្រះសីហនុ ជាដើម ដើម្បី​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ចុះ​រុះរើ​សំណង់​ខុសច្បាប់​នេះ​ឱ្យ​បាន​ជាដាច់ខាត ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​ការពារ​បរិស្ថាន​ឆ្នេរសមុទ្រ​កម្ពុជា។

សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ លោក ថុន រដ្ឋា កត់សម្គាល់​ថា ករណី​មជ្ឈមណ្ឌល​កម្សាន្ត​ជីនទីង​នេះ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ហាក់​មានការ​អនុគ្រោះ​ច្រើន ចំពោះ​ម្ចាស់​ទីតាំង បើ​ទោះជា​រក​ឃើញ​ថា មាន​បទល្មើស​កើតឡើង​ក៏ដោយ ផ្ទុយ​ពី​អ្វី​ដែល​អាជ្ញាធរ​បាន​ធ្វើ​ទៅលើ​ពលរដ្ឋ​សាមញ្ញ​ក្នុង​ទំនាស់​ដីធ្លី និង​ការ​បណ្តេញ​អាជីវករ​ចេញពី​កន្លែង​លក់ដូរ​ជាដើម​។ លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​ត្រូវតែ​ហ៊ាន​អនុវត្ត​ច្បាប់ ប្រសិនបើ​ដល់​ថ្ងៃ​កំណត់​ហើយ ម្ចាស់​កាស៊ីណូ ជីនទីង នៅតែ​មិន​ព្រម​រុះរើ​សំណង់​របស់​ខ្លួន​ទៀត​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល