ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ចោទ​ក្រុមហ៊ុន​ឧកញ៉ា កុក អាន ថា ធ្វើ​ទំនប់​បិទ​ទឹក​ស្អុយ​បណ្ដាល​ឱ្យ​លិច​ភូមិ​ឋាន

ដោយ អូន ភាព
2020-02-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ថានភាព​ទឹកកង្វក់​លិច​ភូមិឋាន​ពលរដ្ឋ នៅភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​ ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២០។
ស្ថានភាព​ទឹកកង្វក់​លិច​ភូមិឋាន​ពលរដ្ឋ នៅភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​ ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២០។
Photo courtesy of Adhoc

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ប្រមាណ​១៤០​គ្រួសារ​រស់នៅ​ក្នុង​ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន អានកូ របស់​លោក​ឧកញ៉ា កុក អាន ធ្វើ​ទំនប់​បិទ​ទឹក​ស្អុយ​បណ្ដាល​ឱ្យ​លិចលង់​ភូមិឋាន​របស់​ពួកគេ​។ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​អះអាង​ថា អាជ្ញាធរ​និង​អ្នក​ពាក់ព័ន្ធ​កំពុង​សាងសង់​អាងទឹក​ថ្មី​ដើម្បី​រំដោះ​ទឹក​កខ្វក់​នេះ ចេញពី​ភូមិឋាន​របស់​ពលរដ្ឋ។

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ដែល​រង​ផល​ប៉ះពាល់​ដោយ​ការ​ទប់ទឹក​កខ្វក់​នេះ​ត្អូញត្អែរ​ថា ទឹក​ស្អុយ​បាន​ហៀរហូរ​ពេញ​ភូមិ​អ្នកស្រុក ដែល​ធ្វើ​ពលរដ្ឋ​ខ្លះ​មាន​បញ្ហា​កន្ទួល​រមាស់។ ពួកគេ​បន្ត​ទៀត​ថា ពួកគេ​ក៏​ពិបាកធ្វើ​ដំណើរ និង​ដំណាំ​ហូប​ផ្លែ​របស់​ពួកគេ​បាន​កំពុង​ងាប់​ជា​បណ្តើរៗ​។ ពលរដ្ឋ​ថា ក្រុមហ៊ុន​អានកូ របស់​លោក​ឧកញ៉ា កុក អាន បាន​ធ្វើ​ទំនប់​ទប់ទឹក​ស្អុយ​នេះ​ជាង​បី​ឆ្នាំ​មក​ហើយ ហើយ​ពួកគេ​បាន​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត​ដែរ ប៉ុន្តែ​មិន​ឃើញ​អាជ្ញាធរ​បង្ហាញ​ដំណោះស្រាយ​នោះ​ទេ។

ស្ថានភាព​ទឹកកង្វក់​លិច​ភូមិឋាន​ពលរដ្ឋ នៅភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​ ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២០។
ស្ថានភាព​ទឹកកង្វក់​លិច​ភូមិឋាន​ពលរដ្ឋ នៅភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​ ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២០។ Photo courtesy of Adhoc

ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​ទឹក​ស្អុយ​ម្នាក់ លោក ស៊ុំ សារឿន ឱ្យ​អាស៊ីសេរី​ដឹង​ថា ក្រុមហ៊ុន អាន កូ បាន​ធ្វើ​ទំនប់​ព័ទ្ធជុំវិញ​ផ្ទះ​ពលរដ្ឋ​ដោយ​លើក​ហេតុផល​ថា​ដើម្បី​មិន​ឱ្យ​ទឹក​កខ្វក់​ហូរ​ចូល​ទៅ​ប្រភព​ទឹក​ស្អាត​ដែល​ស្ថិត​ក្នុង​តំបន់​ក្បាលឆាយ​ដែល​ជា​កន្លែង​សម្រាប់​ផ្គត់ផ្គង់​ទឹក​ប្រើប្រាស់​នៅ​ក្នុង​ខេត្ត​នេះ​។ លោក​បន្ត​ថា ពេល​ក្រុមហ៊ុន​ទប់ទឹក​បែបនេះ​គឺ​ទឹក​ប្រើប្រាស់​នៅ​ក្នុង​ភូមិ និង​ទឹក​កខ្វក់​ដែល​ហូរ​ចេញពី​រោងចក្រ​មិនបាន​ហូរ​ទៅ​ណា​ទេ ជាហេតុ​បណ្ដាល​ឱ្យ​លិចលង់​ភូមិឋាន​របស់​ពលរដ្ឋ៖ «គាត់ (ក្រុមហ៊ុន អាន កូ) មក​ធ្វើ​នៅ​កន្លែង​ជិត​ផ្ទះ​ប្រជាពលរដ្ឋ​ហើយ​បង្ក​បញ្ហា​ទឹក​លិច​ជា​ហែ​រហូត​មិន​ថា ខែវស្សា​ទេ ជាក់ស្ដែង​ផ្ទះ​ខ្ញុំ​កំពុង​លិច​ទឹក​ត្រឹមៗ​ជង្គង់»

លោក ស៊ុំ សារឿន ថា ពលរដ្ឋ​ក្នុង​តំបន់​នេះ​គាំទ្រ​ការ​អភិវឌ្ឍ​ទឹក​ស្អាត​នៅ​ក្នុង​ខេត្ត​នេះ ប៉ុន្តែ​ស្នើ​ទៅដល់​ក្រុមហ៊ុន និង​អាជ្ញាធរ​ដោះស្រាយ​ជូន​ពលរដ្ឋ​ដែល​រង​ប៉ះពាល់​ព្រោះ​បញ្ហា​នេះ​។ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារ​ម្យ នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ សុំ​បដិសេធ​​ធ្វើ​អត្ថាធិប្បាយ ដោយសារតែ​លោក​អះអាង​ថា លោក​មិនទាន់​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់។

មន្ត្រី​សម្របសម្រួល​សមាគម​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​ព្រះសីហនុ លោកស្រី ជៀប សុធារី ដែល​បាន​អង្កេត​លើ​រឿង​នេះ​មានប្រសាសន៍​ថា ទីតាំង​ដែល​ក្រុមហ៊ុន​អានកូ​ទប់ទឹក​កខ្វក់​នេះ ជា​ការ​កន្លែង​ស្តុក​ទឹក​កខ្វក់​ដែល​ហូរ​ចេញពី​ក្នុង​ក្រុងព្រះសីហនុ និង​ទឹក​កខ្វក់​ក្នុង​កន្លែង​ពលរដ្ឋ​រស់​នៅ។ អ្នកស្រី​ថា កាល​ពី​ពេល​ថ្មី​នេះ​ឃើញ​មាន​អាជ្ញាធរ តំណាង​ក្រុមហ៊ុន អាន កូ និង​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ទៅ​ពិនិត្យ​នៅ​ទីតាំង​ដែល​ក្រុមហ៊ុន​ចាក់​ដី​ទប់ទឹក​ស្អុយ​នេះ​ដែរ ប៉ុន្តែ​អ្នកស្រី​មិនទាន់​ឃើញ​មានការ​អន្តរាគមន៍​លើ​រឿង​នេះ​ជា​ដុំកំភួន​នៅ​​ឡើយ​ទេ៖ «កាលពីមុន​ទឹក​ហូរ​ទៅ​ក្រោម​កាលពី​អត់​ទាន់​ឃាំង​ទឹក​កខ្វក់​អ៊ីចឹង​រហូត​ខ្ញុំ​ក៏​មិន​ដឹង​ថា ហូរ​ទៅ​ណា​ទៀត​ទេ​គ្រាន់តែ​យើង​ដឹង​ថា ទឹក​ហ្នឹង​គឺ​ទឹក​កខ្វក់ ប៉ុន្តែ​ឥឡូវនេះ​គឺ​ធ្វើ​ទំនប់​មិន​ឱ្យ​ហូរ​ទៅ​ក្រោម​ទេ អ៊ីចឹង​ទឹក​ហ្នឹង​វា​ជន់​នៅ​កន្លែង​ហ្នឹង»

ស្ថានភាព​ទឹកកង្វក់​លិច​ភូមិឋាន​ពលរដ្ឋ នៅភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​ ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២០។
ស្ថានភាព​ទឹកកង្វក់​លិច​ភូមិឋាន​ពលរដ្ឋ នៅភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​ ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២០។ Photo courtesy of Adhoc

ចំណែក​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត ភក្ត្រា ឱ្យ​អាស៊ីសេរី​ដឹង​ថា ពេលនេះ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ និង​ក្រុមហ៊ុន​អានកូ កំពុង​សាងសង់​ទំនប់​ផ្សេង​ដើម្បី​បង្ហូរទឹក​កខ្វក់​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ភូមិឋាន​ប្រជាពលរដ្ឋ​ចេញ​។ លោក​អះអាង​ថា នៅ​ពេល​ទំនប់​ថ្មី​ធ្វើ​រួចរាល់ នឹង​បង្ហូរទឹក​កខ្វក់​នេះ​ចេញ​ដើម្បី​រំដោះ​ទឹក​កុំ​ឱ្យ​ប៉ះពាល់​ផ្ទះ​ពលរដ្ឋ ហើយក៏​ដើម្បី​កុំ​ឱ្យ​ទឹក​ស្អុយ​នេះ​ចូល​ទៅ​ក្នុង​អាង​ស្តុក​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​ខេត្ត​នេះ​ដែរ៖ «បច្ចុប្បន្ន​នេះ​គឺ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ និង​ក្រុមហ៊ុន​កំពុង​សហការ​​សាងសង់​ទំនប់ទឹក​ទី​២ ដើម្បី​បង្ហូរទឹក​ដែល​ស្ទះ​នៅ​អាង​ទី​១ ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ភូមិឋាន​និង​ផ្ទះ​របស់​ពលរដ្ឋ»

ពលរដ្ឋ​និង​សង្គម​ស៊ីវិល​ស្នើ​ទៅ​អាជ្ញាធរ​និង​អ្នក​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​ឱ្យ​ពួក​បាន​លឿន និង​យកចិត្ត​ទុក ខណៈ​បញ្ហា​នេះ​បាន​អូស​បន្លាយ​អស់ រយៈ​ជាង​៣​ឆ្នាំ​មក ហើយ ដោយ​គ្មាន​ដំណោះស្រាយ​។

មន្ត្រី​សង្គម​ស៊ីវិល​លោកស្រី ជៀប សុធារី លើកឡើង​ថា ទោះជា​ការ​ផ្គត់ផ្គង់​ទឹក ស្អាត​ជា​តម្រូវ ការចាំបាច់ ប៉ុន្តែ​ការរស់នៅ​របស់​ពលរដ្ឋ​ប្រកបដោយ ផាសុកភាព​ក៏​ជា​តម្រូវ​ការចាំបាច់ ដូចគ្នា​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល