អង្គការ​ធ្វើការ​ផ្នែក​បរិស្ថាន និង​ប្រជា​សហគមន៍​ព្រៃ​ឈើ​សប្បាយ​ចិត្ត​នឹង​ការ​លក់ ការ​លក់​ឥណទាន​កាបូន​បាន​ចំណូល​ច្រើន ប៉ុន្តែ​បារម្ភ​ខ្លាច​បាត់បង់​ទៅ​វិញ​ដោយ​បទ​ល្មើស​ព្រៃឈើ

ដោយ សេក បណ្ឌិត
2020-10-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​ការងារ​រ៉េដបូក ជនជាតិ​ដើម​ភាគតិច​កម្ពុជា។
ក្រុម​ការងារ​រ៉េដបូក ជនជាតិ​ដើម​ភាគតិច​កម្ពុជា។
រូប៖ ហ្វេសប៊ុក​ក្រុម​ការងារ​រ៉េដបូក ជនជាតិ​ដើម​ភាគតិច​កម្ពុជា

អង្គការ​ធ្វើ​ការ​ផ្នែក​បរិស្ថាន និង​ប្រជា​សហគមន៍​ព្រៃ​ឈើ​នៅ​ភូមិ​ភាគ​ឦសាន​ មាន​មោទនភាព​ដែល​ពួកគេ​ទទួល​បាន​ផល​ប្រយោជន៍​ជាច្រើនជាលើកទី១ នៃ​ការ​លក់​ឥណទាន​កាបូន​ ឬ​ពី​គម្រោង​ឥណទាន​កាបូន​រេដបូក (Carbone Redd+) ដែល​មាន​ទឹក​ប្រាក់ដល់ទៅ ៣លានដុលា្លរ​កន្លះ ​ដែល​ទាញ​ចេញពី​តួនាទី​របស់​ព្រៃ​ឈើ​ក្នុង​សហគមន៍ ក្នុងរយៈពេល ៣ឆ្នាំ​ចុង​ក្រោយ​នេះ។

ទោះ​យ៉ាង​ណា ​ពួកគាត់​ព្រួយបារម្ភ​ខ្លាច​គម្រោង​នេះ មិន​ឋិតថេរ​ ដោយ​រង​ការ​គំរាម​កំហែង​ដោយ​បទ​ល្មើស​ព្រៃឈើ​ដែល​កំពុង​កើត​មាន​នៅ​តំបន់​ផ្សេងៗ។

តើ​ឥណទាន​កាបូន​ជា​អ្វី ហើយ​ប្រជា​សហគមន៍​ព្រៃឈើ​ទទួល​បាន​ផល​ប្រយោជន៍​អ្វីខ្លះ​ពី​គម្រោង​ឥណទាន​កាបូន?

ព្រៃ​ឈើ​មាន​តួនាទី​ជា​ច្រើន​សម្រាប់​ មនុស្ស​ សត្វ ជា​ពិសេស សង្គម និង​ពិភពលោក​ទាំង​មូល។

ពាក់ព័ន្ធ​នឹង​បញ្ហា​បរិស្ថាន ព្រៃ​ឈើ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ស្រូប​ទាញ​យក​កាបូន ឌីអ៊ុកស៊ីដ (DIOXIDE) និង​បញ្ចេញ​នូវ​អ៊ុកស៊ីហ្សែន (OXYGEN)

ប្រធាន​សមាគម​អភិរក្ស​សត្វព្រៃ​ប្រចាំ​កម្ពុជា (WCS) អ្នកស្រី ឆាយ គឹម​ហ៊ាក ជា​ម្ចាស់​គម្រោង​កាបូន រេដបូក (Carbon Dioxide REDD+) កែវ​សីមា មានប្រសាសន៍​ពន្យល់​ថា៖ នៅ​ប្រទេស​ជឿនលឿន ផ្នែក​ឧស្សាហកម្ម និង​ប្រទេស​ក្នុង​កំពុង​អភិវឌ្ឍ តែងតែ​បាន​បញ្ចេញ​កាបូន​ឌីអ៊ុកស៊ីដ (Carbon Dioxide) តាម​រយៈ​រោងចក្រ ឧស្សាហកម្ម​ផ្សេងៗ ហើយ​បំភាយ​ទៅ​លើ​អាកាស បង្កើត​ជា​បញ្ហា​ផ្សេងៗ ត្រឡប់​មកវិញ ដូច​ជា កាត់​បន្ថយ​ចំណាំង​ផ្លាត កាត់​បន្ថយ​កាំរស្មី​ព្រះអាទិត្យ​ ដែល​ជះ​ទៅ​បរិយាកាស​ ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​អាកាសធាតុ ទាំង​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក និង​ធ្វើ​ឲ្យ​ផែន​ដី​ឡើង​កម្ដៅ​ខ្លាំង។

អ្នក​ស្រី​ពន្យល់​ទៀត​ថា៖ ដោយសារ​ព្រៃឈើ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ស្រូប​ទាញ​យក​កាបូន ឌីអ៊ុកស៊ីត​នេះ និង​មើល​ឃើញ​ពី​វិបត្តិ​យ៉ាង​ដូច្នេះ​ហើយ ទើប​បណ្ដា​ប្រទេស​នៅ​លើ​ពិភព​លោក គេ​រួម​គ្នា​បង្កើត​ជា​យន្តការ​ដោះដូរ ឲ្យ​ប្រទេស​មាន​ព្រៃ​ឈើ​ច្រើន​អភិរក្ស ថែរក្សា​ព្រៃឈើ​ឲ្យ​គង់វង្ស​បាន​ល្អ ដើម្បី​ស្រូប​យក​កាបូន​ ឌីអ៊ុកស៊ីដ ដែល​ពិភពលោក​កំពុង​តែ​បញ្ចេញ​ដោយ​ផ្តល់​ជា​ថវិកា​ដល់​ប្រទេស ដែល​មាន​គម្រោង​ផែនការ​សកម្មភាព​លើ​ការងារ​នេះ ជា​ការ​ដោះដូរ ទៅ​នឹង​ការ​ជួយ​ដោះ​ស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ពិភព​លោក៖ «ការ​លក់​នេះ​មិនមែន​មាន​ន័យ​ថា ជា​ការ​ថ្លឹង​អី​នោះ​ទេ គឺ​ទូទាត់​ជាមួយ​ព្រៃ ដែល​ស្រូប​យក​កាបូន ឌីអ៊ុកស៊ីដ (Carbon Dioxide) ដូច​ជា ព្រៃ​ប៉ុន្មាន​ហិកតារ​អាច​ស្រូប​យក​កាបូន ឌីអ៊ុស៊ីដ នឹង​បាន​ប៉ុន្មាន​តោន អា​ហ្នឹង​អាស្រ័យ​លើ​បច្ចេកទេស​នៃ​ការ​វាស់វែង និង​បរិមាណ​នៃ​ព្រៃ​ឈើ ដោយ​គេ​វាស់​លើ​អង្កត់​ផ្ចិត និង​កម្ពស់​ព្រៃ​ឈើ»

ទាក់ទង​នឹង​ការ​ទិញ​លក់​កាបូនវិញ៖

អ្នកស្រី ឆាយ គឹមហ៊ាក បញ្ជាក់​ថា ​បច្ចុប្បន្ន​ពុំ​ទាន់​មាន​ការ​កំណត់​ជា​ស្តង់ដារ លើ​ការ​ទិញ​លក់​កាបូន ជាក់​លាក់​នៅ​ឡើយ​ទេ។ រាល់​ការ​ទិញ​លក់ គឺ​ត្រូវ​ធ្វើ​ឡើង​ដោយ​គោលការណ៍​ស្ម័គ្រ​ចិត្ត និង​អាស្រ័យ​ដោយ​គុណភាព​គម្រប​ព្រៃឈើ​ និង​ទំហំ​ដើម​ឈើ ជាមួយ​នឹង​ការ​ព្យាករ​ប្រសិទ្ធភាព​របស់ព្រៃឈើក្នុងអំឡុងពេលប្រមាណ៦០ឆ្នាំ​គិត​ចាប់​ពី​បច្ចុប្បន្ន​ ទៅ​អនាគត៖ «អ៊ីចឹង​ក្រុមហ៊ុន​ណា ដែល​គេ​មាន​ឆន្ទៈ​លើ​ការ​ទទួល​ខុស​ត្រូវ​លើ​សង្គម និង​បរិស្ថាន​ខ្ពស់ គេ​ក៏​មាន​ឆន្ទៈ​ទិញ​ឥណទាន​កាបូន​អាស្រ័យ​ទៅ​លើ​តម្លៃ​នៃ​ការ​ចរចា​គ្នា»

សមាគម​អភិរក្ស​សត្វព្រៃ​ប្រចាំ​កម្ពុជា (WCS) បាន​សម្របសម្រួល​ធ្វើ​ការងារ​ជាមួយ​សហគមន៍​អភិរក្ស​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា ដោយ​ចាប់​អនុវត្តន៍​គម្រោង កាបូន​រេដបូក ក្នុង​គោលដៅ​ថែ​រក្សា និង​អភិរក្ស​ព្រៃ​ឈើ ជីវចម្រុះ និង​ការ​អភិវឌ្ឍន៍​ជីវភាព​ប្រជា​សហគមន៍​នៅ​តំបន់​ជុំវិញ​ ដែល​កំពុង​មាន​ការ​អភិរក្ស​ព្រៃឈើ​ ស្ថិត​ក្នុង​ខេត្ត​មណ្ឌលគិរី​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ប្រធាន​សមាគម​អភិរក្ស​សត្វព្រៃ​ប្រចាំ​កម្ពុជា​(WCS) អ្នកស្រី ឆាយ គឹម​ហ៊ាក មាន​ប្រសាសន៍​ថា គម្រោង​នេះ​មាន​ការ​ឧបត្ថម្ភ​ថវិកា​ពី​អង្គការ​អន្តរជាតិ​ធំៗ​ មួយ​ចំនួន ដូច​ជា USAID និង EU ជា​ដើម។ សមាជិក​សហគមន៍​ភាគ​ច្រើន គឺ​ជា​ជនជាតិ​ដើម​ភាគតិច។

អ្នក​​ស្រី​បន្ត​ថា ជា​លទ្ធផល​ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ​គម្រោង​បាន​លក់​ឥណទាន​កាបូន​រេដបូក​នៅ​​កែវសីមា ដោយទទួលបានទឹកប្រាក់ដល់ទៅ៣លានដុលា្លរ​កន្លះ​ពី​ការ​លក់​ឥណទាន​កាបូន​ ឬ​ពី​គម្រោង​ឥណទាន​កាបូន ​រេដបូក ​គិត​ត្រឹម​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២០។

ចំនួន​ទឹក​ប្រាក់​ចំណូល​នេះ​ជា​ចំនួន​ច្រើន​លើក​ទី១ ឬ​មិន​ដែល​ធ្លាប់​ទទួល​បាន​ពី​មុន​មក​នោះ​ទេ។

ក្រុមហ៊ុន​ដែល​ស្ម័គ្រ​ចិត្ត​ទិញ​ឥណទាន​កាបូន រេដបូក​ពី​កម្ពុជា​នោះ គឺ​ជា​ក្រុមហ៊ុន​ធំៗ ចំនួន៣ របស់​សហរដ្ឋ​អាមេរិក មាន​ដូច​ជា ក្រុមហ៊ុន Disney ក្រុមហ៊ុន Kering និង​ក្រុមហ៊ុន Intuit

អ្នកស្រី ឆាយ គឹម​ហ៊ាក បញ្ជាក់​ទៀត​ថា ថវិកា​ទាំង​នោះ​បាន​បែងចែក​ផ្តល់​ជូន​ជា​សម្បត្តិ​រួម​របស់​សហគមន៍​ដែន​ជម្រក​សត្វព្រៃ​កែវសីមា ​ដែល​មាន​ចំនួន២០ ភូមិ​​បានប្រមាណ៧០ម៉ឺន​ដុល្លារ​អាមេរិក ប៉ុន្តែ​ត្រូវ​ផ្តល់​ជូន​ទៅ​តាម​ដំណាក់​កាល​នីមួយៗ និង​តាម​តម្រូវ​ការ​ចាំបាច់​ប្រើ​ប្រាស់​ក្នុង​សហគមន៍។

អ្នក​ស្រី​បន្ត​ថា តម្រូវ​ការ​របស់​សហគមន៍​ចាំបាច់ ក្នុង​ដំណាក់​ការ​ទី​មួយ​នេះ គឺ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាត​តូច ដូចជា អណ្ដូង​ទឹក រោង​ប្រជុំ កសាង​ប្រព័ន្ធ​ទឹក​ស្អាត​ខ្នាត​តូច ជួសជុល​ផ្លូវ ថ្នល់ ស្ពាន ក្នុង​សហគមន៍ បង្គន់​អនាម័យ ផ្តល់​វគ្គ​បណ្ដុះបណ្ដាល​អំពី​ការ​ធ្វើ​កសិកម្ម មាន​ដូច​ជា​ការ​ដាំ​ដំណាំ ចិញ្ចឹម​សត្វ និង​បង្កើត​ជា​តំបន់​អេកូ​ទេសចរណ៍​ដើម្បី​រក​ចំណូល​បន្ថែម។

ចំពោះ​តួនាទី​របស់​សមាជិក​សហគមន៍​ក្នុង​គម្រោង គឺ​ពួក​គាត់​ត្រូវ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​អភិរក្ស និង​ការពារ​ព្រៃ​ឈើ​ ដោយ​ចូល​រួម​ដើរ​ល្បាត​ព្រៃ ​ការពារ​បទល្មើស​ព្រៃឈើ​ ការ​ប្រើប្រាស់​ព្រៃឈើ​ប្រកប​ដោយ​និរន្តរភាព ដោយ​មិន​ត្រូវ​កាប់​ឆ្ការ​ព្រៃ ដើម្បី​យក​ដី​ធ្វើ​កសិកម្ម​ទ្រង់ទ្រាយ​នោះ​ឡើយ៖ «គាត់​រក្សា​ព្រៃ​ទុក ដើម្បី​ប្រើប្រាស់​និរន្តរភាព គឺការ​ដកហូត​នូវ​អនុផល​ព្រៃ​ឈើ​យក​មក​ប្រើប្រាស់ ដូច​ជា បន្លែ ផ្លែឈើ ឱសថ និង​បង្កើត​ជា​សិប្បកម្ម​កែច្នៃ​ជា​របស់​របរ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ និង​លក់​បាន​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​បន្ថែម​ទៀត»

ផ្ទៃដី​ព្រៃឈើ​អនុវត្ត​គម្រោង​កាបូន រេដបូក កែវ​សីមា មាន​ទំហំ​ជាង១​សែន​ ៦ម៉ឺន​ហិកតារ​(១៦៦,៩៨៣​ហិកតារ)​ ស្ថិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា ដែល​មាន​ផ្ទៃដី​សរុប​ទំហំ​ជិត​៣​សែន​​ហិកតារ (២៩២,៦៩០ហិកតារ) ស្ថិត​ក្នុង​ខេត្ត​មណ្ឌលគិរី និង​ផ្នែក​ខ្លះ​នៅ​ក្នុង​ខេត្ត​ក្រចេះ។

ក្រៅ​ពី​នៅ​ស្រុក កែវ សីមា ខេត្ត មណ្ឌលគីរី គម្រោង​កាបូន រេដបូក ក៏​កំពុង​រៀបចំ និង​អនុវត្ត​នៅ​ក្នុង​តំបន់​ព្រៃ​អភិរក្ស​នៅ​ខេត្ត​ផ្សេងៗ ទៀត​ដែរ ដូច​ជា នៅ​តំបន់​ភ្នំ​ក្រវ៉ាញ ក្នុង​ខេត្ត​ពោធិ៍សាត់​ នៅ​តំបន់​ព្រៃ​ទំរីង ក្នុង​ខេត្ត​កំពង់ធំ និង​តំបន់​ព្រៃ​ឡង់ ដែន​ជម្រក​សត្វ​ព្រៃ​តាតៃ​ក្នុង​ខេត្ត​កោះកុង​ និង​កំពុង​សិក្សា​គម្រោង​នៅ​តំបន់​គូលែន​ព្រហ្មទេព ក្នុង​ខេត្ត​ព្រះវិហារ​ជា​ដើម ប៉ុន្តែ​តំបន់​ទាំងនេះ​មិនទាន់​មាន​លទ្ធផល​ជា​ដុំ​កំភួន​នៅ​ឡើយ​ទេ។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រា​ ភក្រ្តា ប្រាប់​អាស៊ី​សេរី​តាម​បណ្ដាញ​សង្គម​តេឡេក្រាម​ថា កម្ពុជា​កំពុង​តែ​សិក្សា ​និង​អនុវត្ត​គម្រោង​ឥណទាន​កាបូន​សាកល្បង​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ ព្រៃ​ឡង់​ក្នុង​ខេត្ត​ស្ទឹងត្រែង​បន្ថែម​ទៀត​ជាមួយ​ក្រុមហ៊ុន​ជប៉ុន មីតស៊ូ «Mitsui»«ចាប់​តាំង​ពី​ឆ្នាំ២០១៦ មក​ដល់​បច្ចុប្បន្ន កម្ពុជា​បាន ទទួល​ថវិកា​ចំនួន ១១,៦លាន​ដុល្លារ ពី​ការ​លក់​ឥណទាន​កាបូន​ឱ្យ​ទៅ​ក្រុមហ៊ុន អន្តរជាតិ​ធំៗ ​មួយ​ចំនួន​មាន​ដូចជា៖ Disney Kering Intuit និង Shall និង​ក្រុមហ៊ុន Gucci»

លោក នេត្រ ភក្ត្រា បន្ត​ថា៖ ការ​លក់​កាបូន​នៅ​កែវសីមា ធ្វើឡើង​តាំងពីឆ្នាំ២០​១​៦​មក ប៉ុន្តែ​ការ​រៀប​ចំ​ផែន​ការ​សកម្មភាព​ផ្សេងៗ​ដើម្បី​ឈាន​ដល់​ការ​លក់​កាបូន​នេះ បាន​ធ្វើ​ឡើង​តាំង​ពី​ជាង​១០ឆ្នាំមុនមកម្លេះ។

ប្រជា​សហគមន៍ អណ្តូង ក្រឡឹង ស្ថិត ក្នុង​គម្រោង​កាបូន​​រេដ កែវ​សីមា លោក ប៊ីល វណ្ណធី ថ្លែង រៀបរាប់​ពី​ផល​ប្រយោជន៍​នៃ​គម្រោង​នេះ និង​ចង់​ឲ្យយ​គម្រោង​នេះ​ដើរ​ទៅ​មុខ​ទៀត។

«ក្នុងនាម​ជា​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍ បើ​និយាយ​ពី​សប្បាយ គឺ​សប្បាយ​ចិត្ត​ហួស ព្រោះ​យើង​បាន​ការពារ​ព្រៃ​យើង​ឲ្យ​នៅ ហើយ​យើង​បាន​ថវិកា​បន្ថែម​ទៀត បើ​និយាយ​ពី​ថវិកា​កាបូន​យើង​បាន​កសាង​អណ្ដូង​ទឹក រៀបចំ​ប្រព័ន្ធ​ទឹក​ស្អាត​ ឲ្យ​ប្រជា​សហគមន៍​បាន​ប្រើប្រាស់​ទឹក​មាន​អនាម័យ»

ប្រធាន​អង្គការ​ WCS អ្នក ស្រី ឆាយ គឹម​ហ៊ាក មាន​ក្តី​បារម្ភ​ដូច​គ្នា​ដែរ ហើយ​អ្នកស្រី​ក៏​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​គម្រោង​បន្ទាប់​នេះ​ថា​យ៉ាង​ណា​នោះ​ទេ ព្រោះ​មក​ដល់​ពេល​នេះ​កិច្ច​សន្យា​ទិញ​លក់​ជា​ថ្មី​ជា​លក្ខណៈ​ធំ​ដំ​នៅ​មិន​ទាន់​មាន​ជា​ផ្លូវការ​នៅ​ឡើយ៖ «ព្រោះ​អី​លទ្ធភាព​នៃ​ការ​លក់​កាបូន​នេះ អាស្រ័យ​លើ​លទ្ធភាព​នៃ​ការ​ស្រូប​យក​ឧស្ម័ន​ផ្ទះ​កញ្ចក់ ឬ​កាបូន ឌីអ៊ុកស៊ីដ​របស់​ព្រៃ​ឈើ ហើយ​បើ​បាត់បង់​ព្រៃ​ឈើ អ៊ីចឹង​នឹង​ធ្លាក់​ចុះ​នៃ​ការ​ស្រូប​យក​កាបូន ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គម្រោង​លក់​កាបូន រេដបូក​នោះ​ហើយ»

លោក នេត្រា​ ភក្រ្តា​ បញ្ជាក់​អះអាង​ថា សមិទ្ធផល​នៃ​ការ​លក់​ឥណទាន​កាបូន​លើក​នេះ​ បង្ហាញ​ថា​កម្ពុជា បាន​ចាត់​វិធានការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​ការ​ ការពារ ​និង​អភិរក្ស​ធនធាន​ធម្មជាតិ និង​ការ​ថែ​រក្សា​បាន​នូវ​ឈើ​ឈរ អាច​លក់​តួនាទី​របស់​ឈើ ហើយ​ថវិកា​ដែល​បាន​មក​ពី​ការ​លក់​ឥណទាន​កាបូន​នេះ​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​សម្រាប់​ការពារ និង​អភិរក្ស​ព្រៃ​ឈើ និង​អភិវឌ្ឍន៍​ជីវភាព​សហគមន៍​ក្នុង​តំបន់​ការពារ​ធម្មជាតិ ដើម្បី​ធ្វើ​ជា​គំរូ​សម្រាប់​ឈាន​ទៅ​ទទួល​បាន​ថវិកា​ពី​ការ​ទូទាត់​ផ្អែក​តាម​លទ្ធផល ពី​មូលនិធិ​អាកាសធាតុ​បៃ​តង​នៃ​អនុសញ្ញា​ក្រប​ខណ្ឌ​សហប្រជាជាតិ​ ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ ដែល​អនុវត្ត​ចាប់​ពីឆ្នាំ២០២០នេះ ហើយ​ដែល​ឆ្លើយ​តប​ទៅ​នឹង​គោល​ការណ៍​ហិរញ្ញប្បទាន​និរន្តរភាព។

ទោះ​ជា​យ៉ាង​ណា ប្រជា​សហគមន៍ អណ្ដូង​ក្រឡឹង ស្ថិត​ក្នុង​គម្រោង​កាបូន​​រេដ កែវ​សីមា លោក ប៊ីល វណ្ណធី លោក​នៅ​មាន​ក្តី​ព្រួយ​បារម្ភ​ខ្លាច​ជំហាន​បន្ទាប់​នៃ​គម្រោង​នេះ មិន​អាច​លក់​បាន​ប្រាក់​ចំណូល​ច្រើន​ដូចលើកទី១នេះទេ ព្រោះ​ខ្លាច​មិន​អាច​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​បាន៖ «ក្នុង​សហគមន៍​ខ្ញុំ​ឥឡូវ​នេះ​មិន​ទាន់​មាន​ការ​កាប់​ព្រៃ​ឈើ​ណាស់​ណា​ពី​ជន​ខិល​ខូច​នៅ​ឡើយ​ទេ ប៉ុន្តែ​ខ្ញុំ​បារម្ភ​ណាស់ ព្រោះ​អី​នៅ​ជុំវិញ​សហគមន៍​ខ្ញុំ​ឃើញ​ថា មាន​ការ​កាប់​រាន​ព្រៃ​ឈើ​ពី​អ្នក​មាន​អំណាច ដែល​គេ​មាន​លុយ​មាន​កាក់​អី​អ៊ីចឹង»

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល