ពលរដ្ឋ​ខេត្ត​រតនគិរី​ចោទ​ក្រុមហ៊ុន​វៀតណាម​ថា​យក​សំរាម​ច្រើន​តោន​ចាក់​ចូល​ក្នុង​បឹង​សន្ធៅ

ដោយ ហេង រស្មី
2020-07-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ត្រាក់ទ័រ​ក្រុមហ៊ុន​វៀតណាម ហ័ង អាញ់ យ៉ា ឡាយ (Hoang Anh Gia Lai (HAGL) ដឹក​សំរាម​ចាក់​ក្នុង​បឹង​សន្ធៅ កាល​ពី​ចុង​ខែ​មិថុនា។
ត្រាក់ទ័រ​ក្រុមហ៊ុន​វៀតណាម ហ័ង អាញ់ យ៉ា ឡាយ (Hoang Anh Gia Lai (HAGL) ដឹក​សំរាម​ចាក់​ក្នុង​បឹង​សន្ធៅ កាល​ពី​ចុង​ខែ​មិថុនា។
រូប៖ សហគមន៍

ពលរដ្ឋ​រាប់​រយ​ច្រើន​គ្រួសារ​ រស់នៅ​ស្រុក​កូន​មុំ ​ខេត្ត​រតនគិរី​ ចោទ​ក្រុមហ៊ុន​វៀតណាម ហ័ងអាញ់ ​យ៉ាឡាយ (Hoang AnhGia Lai (HAGL)ថា យក​កាក​សំណល់​សំរាម​ជា​ច្រើន​តោន ​ចាក់​ចូល​ក្នុង​បឹង​ធម្មជាតិ​មួយ ឈ្មោះ​បឹង​សន្ធៅ បណ្ដាល​ឱ្យ​ទឹក​កង្វក់ ​និង​ ត្រី​ពុល​ងាប់​។ អាជ្ញាធរ​ស្រុក​ថា  ក្រុមហ៊ុន​កំពុង​កាយ​សំរាម​ចេញ​ពី​បឹង​នោះ​ហើយ។

ពលរដ្ឋ​ជាង​ ២០០​គ្រួសារ​ រស់​នៅ​ភូមិ​ប្រាំ ​ឃុំ​ត្រពាំង​ច្រេស ​ស្រុក​កូន​មុំ ​ត្អូញត្អែរ​ពី​ការ​បាត់​បង់​ ទី​កន្លែង​នេសាទ ​និង​មិន​អាច​ប្រើប្រាស់​ទឹក​បឹង​សន្ធៅ​បាន​ ដោយសារ​ ក្រុមហ៊ុន​វៀតណាម ហ័ងអាញ់ យ៉ាឡាយ (Hoang AnhGia Lai (HAGL) ប្រើប្រាស់​រថយន្ត​ដឹក​សំរាម​ជា​ច្រើន​តោន​ ចាក់​ចូល​ក្នុង​បឹង​ធម្មជាតិ​មួយ​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​បរិស្ថាន​ធ្ងន់ធ្ងរ។

ប្រធាន​សហគមន៍​នេសាទ ​រស់​នៅ​ភូមិប្រាំ ឃុំ​ត្រពាំង​ច្រេស ​លោកស្រី ឌុក ចាន់នី ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៥ កក្កដា​ថា កាក​សំណល់​សំរាម​រាប់​សិប​តោន​ត្រូវ​បាន​ក្រុមហ៊ុន​វៀតណាម ​ចាក់​ចូល​ក្នុង​បឹង​ទំហំ ៥០ម៉ែត្រ​បួន​ជ្រុង ​ធ្វើ​ឱ្យ​ទឹក​បឹង​ប្រែ​ល្អក់  និង​មាន​ត្រី​ជា​ច្រើន​ប្រភេទ​ពុល​ងាប់​។ លោក​ស្រីថា  កាក​សំណល់​ទាំង​នោះ ​រួម​មាន ​ថង់​ប្លាស្ទិក ​ដប​ ចេក​ ត្រយូង​ចេក​ស្អុយ​រលួយ​ និង​កាក​សំណល់​ផ្សេង​ទៀត​ដែល​ក្រុមហ៊ុន​ដឹក​មក​ចាក់​ក្នុង​បឹង​នេះ​ជាង ​៣​ខែ​មក​ហើយ​។ ​ចំណែក ពលរដ្ឋ​ជាង​ ២០០​គ្រួសារ​ មិន​អាច​ពង្រាយ​មង​នេសាទ​ត្រី​ក្នុង​បឹង​នេះ​ទៀត​ទេ ដោយ​សារ​ទឹក​ប្រែ​ព័ណ៌​កខ្វក់​ ហើ​យ​ពលរដ្ឋ​ខ្លះ​កើត​រមាស់​ដោយសារ​ទឹក​នោះទៀតផង៖ «មាន​តាំង​ពី​ថង់​ប្លាស្ទិក​ គាត់​ចាក់​ហើយ ​ឥឡូវ​គាត់​លុប​ដី​ធំ​ដែល​ប្រហែល​ជា ​ ៥០ម៉ែត្រ​ បួន​ជ្រុង។ ​ពួក​ខ្ញុំ​ចុះ​ទៅ​មើល​ហើយ​ អត់​ទាន់​ចាក់​ទេ ​ដល់​ពេល​ក្រោយ​មក​ពួក​គាត់​ចាក់ ​ដី​ហ្នឹង​លុប​។ ​លុប​ក៏​អត់​ជិត​ដែរ​ ដល់​ពេល​វា​រលួយ​ចេក​ហ្នឹង​ ទឹក​ឡើង​ខៀវ ​ហើយ​មាន​ត្រី​ងាប់​ ពលរដ្ឋ​ចុះ​ទៅ​ដាក់​មង​អត់​បាន​ ដល់​ពេល​ចុះ​ទឹក​វារ​មាស់​ រមាស់​ខ្លួន​»

សំរាម ដែល​សហគមន៍​អះអាង​ថា ក្រុមហ៊ុន​វៀតណាម ហ័ង អាញ់ យ៉ា ឡាយ (Hoang Anh Gia Lai (HAGL) ដឹក​យក​មក​ចាក់​នៅ​ក្នុង​បឹង​សន្ធៅ ខេត្ត​រតនគិរី កាល​ពី​ចុង​ខែ​មិថុនា។ រូប៖ សហគមន៍
សំរាម ដែល​សហគមន៍​អះអាង​ថា ក្រុមហ៊ុន​វៀតណាម ហ័ង អាញ់ យ៉ា ឡាយ (Hoang Anh Gia Lai (HAGL) ដឹក​យក​មក​ចាក់​នៅ​ក្នុង​បឹង​សន្ធៅ ខេត្ត​រតនគិរី កាល​ពី​ចុង​ខែ​មិថុនា។ រូប៖ សហគមន៍

អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​វៀតណាម ហ័ងអាញ់ យ៉ាឡាយ (Hoang AnhGia Lai (HAGL)​ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះបាន​នៅ​ឡើយ​ទេ ​នៅ​ថ្ងៃ​ទី៥ កក្តដា។

កាល​ពី​ដើម​ខែ​មិថុនា​កន្លង​ទៅ​ប្រជា​សហគមន៍​នេសាទ ៥៩គ្រួសារ​បាន​ផ្តិត​មេ​ដៃ ​ស្នើ​ឱ្យ​អភិបាល​ស្រុក​អន្តរាគមន៍​បញ្ឈប់​ការ​ចាក់​សំរាម​ចូល​ក្នុង​បឹង​ និង​ស្នើ​ឱ្យ​ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​ ពីការ​បំផ្លាញ​បរិស្ថាន​ទ្រង់​ទ្រាយ​ធំ​នេះ។

ឆ្លើយ​តប​រឿង​នេះ អភិបាល​ស្រុក​កូន​មុំ ​លោក ​សេង ហៃ​ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ស្រុក​បាន​រុញ​ឱ្យ​តំណាង​ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​រឿង​នេះ ​និង​ត្រូវ​ស្ដារ​សំរាម​ចេញ​ពី​បឹង​ឱ្យ​អស់។ លោក​ថា ក្រុមហ៊ុន​កំពុង​ស្តារ​សំរាម​ចេញ​ពី​បឹង​ ហើយ​អាជ្ញាធរ​បាន​បង្គាប់​ឱ្យ​តំណាង​ក្រុមហ៊ុន​ធ្វើ​កិច្ច​សន្យា​បញ្ឈប់៖ «យើង​ធ្វើ​បាន​ធ្វើ​កិច្ច​សន្យា​ឱ្យ​គេ​ស្ដារ ​បើ​គេ​ស្ដារ​មិន​ស្អាតក៏​យើង​នៅ​តែ​ជំរុញ​ឱ្យ​គេ​ស្តារ​ឱ្យ​គាត់​ទៀត​ដែរ​។ ​យើង​អត់​បាន​ឱ្យ​គាត់​ផ្ដល់​សំណង​ផង​បាទ​គ្រាន់តែ​ឱ្យ​គាត់​ស្ដារ​ស្អាត​ឱ្យ​យើង​ឡើង​វិញ»

ប្រធាន​សហគមន៍​នេសាទ ​លោក​ស្រី ឌុក ចាន់នី យល់​ថា បើ​ទោះ​បី​ជា​ក្រុមហ៊ុន​បាន​ស្ដារ​ និង​ចាក់​ដី​លុប​សំរាម​បែប​នេះ​ក្តី​ ក៏​មិន​អាច​ធ្វើ​ឱ្យ​បរិស្ថាន​ផ្ទៃ​បឹង​ល្អ​ដូច​ដើម​ដែរ​ ព្រោះ​កាក​សំណល់​ស្អុយ​រលួយ​ជាច្រើន​បាន​ហូរ​ចូល​បឹង ធ្វើ​ប៉ះពាល់​ជម្រក​ត្រី​ពង​កូន ​គុណភាព​ទឹក​ និង​បំពុល​ជីវចម្រុះ៖ «កាលណា​យើង​ចាក់​ដី​ហ្នឹង ​ពេញ​បឹង​សន្ធៅ​ហ្នឹង​ទៅ ​វា​បណ្ដាល​ឱ្យ​ភ្លៀង​មក​វា​ចាល់ ​ទឹក​ហូរ​ដល់​ទន្លេ ​ជូន​អី​មុជ​ទឹក​ទន្លេ​រមាស់​ដែរ​តើ ​ព្រោះ​អី​វា​ហៀរ​ពី​បឹង​សន្ធៅ​ហ្នឹង​ ធ្វើ​ឱ្យ​រមាស់​ដល់​ទន្លេ​ដែរ»

បឹង​សន្ធៅ​មាន​បណ្ដោយ​ប្រហែល ​១​គីឡូម៉ែត្រ​ និង​ទទឹង​ពី ២០០​ម៉ែត្រ​ទៅ ៤០០​ម៉ែត្រ​។ បឹង​នេះ​ជា​ដៃ​ទន្លេ​ស្រែ​ពក​ ឋិត​នៅ​ភូមិ​ប្រាំ ​ឃុំ​ត្រពាំង​ច្រេស ​ស្រុក​កូនមុំ ​ខេត្ត​រតនគិរី​។ ​សហគមន៍​ថា​ បឹង​សន្ធៅ ​គឺ​ជា​ជង្រុក​បក្សី​រក​ចំណី ​កន្លែង​ត្រី​ពង​កូន និង​ជា​កន្លែង​សត្វ​ស្វា​ព្រៃ​ចុះ​ផឹក​ទឹក​ផង​ដែរ។

នាយក​ប្រតិបត្តិ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី​ លោក ​លាង ប៊ុនលាភ  សង្កេត​ឃើញ​ថា ​បឹង​សន្ធៅ​ជា​ទីតាំង​ដែល​ត្រី​ជា​ច្រើន​ប្រភេទ ​ច្រាល​ពី​ទន្លេ​ស្រែ​ពក ​ទៅ​ពង​កូន​ ក្នុង​បឹង​នោះ​ក្នុង​រដូវ​បិទ​នេសាទ​ ហើយ​ការ​ចាក់​សំរាម​នេះ ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ត្រី​កម្រ​ទាំង​នោះ​។ ​លោក​បារម្ភ​ថា ​សំរាម​ទាំង​នោះ ​នឹង​បណ្ដាល​ឱ្យ​បរិមាណ​ត្រី​ក្នុង​បឹង​ថយ​ចុះ​ច្រើន​ ដែល​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ត្រូវ​ស្តារ​សំរាម​ចេញ​ពី​បឹង​ទាំង​អស់៖ «ការ​ស្ដារ​លុះ​ត្រា​តែ​គាត់​យក​សំរាម​ចេញ​ចោល​ទាំង​អស់។ រឿង​ដែល​ជា​កង្វល់​របស់​សហគមន៍ ​ចំពោះ​សំរាម​មិន​អាច​ចោល​ពាស​វាល​ពាស​កាល​អី​ទេ។​ វា​មាន​កន្លែង​ត្រូវ​ទុក​ដាក់​ ឱ្យ​ត្រឹមត្រូវ ​ជា​ពិសេស​ប្លាស្ទិក ​ជា​រឿង​មួយ​ដែល​កង្វក់​ ដីសម្បទាន​ទទួល​ផល​រឿង​ហ្នឹង​ហើយ ​បែរ​ជា​កាក​សំណល់​យក​មក​បំផ្លាញ​ពលរដ្ឋ​នៅ​សហគមន៍»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​តាមដាន​ដោយ​យក​ចិត្ត​ទុកដាក់​រឿង​នេះ​ និង​ត្រូវ​ធានា​ថា​ថា ក្រុមហ៊ុន​ត្រូវ​តែ​ប្រមូល​សំរាម​ទាំងអស់​ចេញ​ពី​បឹង​ ព្រោះ​កាក​សំណល់​សំរាម​ទាំងនោះ ​ជា​ប្រភព​នៃ​ការ​បំពុល​បរិស្ថាន​រយៈ​ពេល​វែង៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល