តុលាការ​កំពូល​បង្វិល​សំណុំ​រឿង​អតីត​សកម្មជន​មាតា​ធម្មជាតិ​ពីរ​រូប​ឱ្យ​សាលាឧទ្ធរណ៍​ជម្រះ​ឡើងវិញ

ដោយ ទីន ហ្សាការីយ៉ា
2020-05-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​សកម្មជន​អង្គការ​មាតា​ធម្មជាតិ ឈ្មោះ ហ៊ុន វណ្ណៈ។ Photo courtesy of Mother Nature
អតីត​សកម្មជន​អង្គការ​មាតា​ធម្មជាតិ ឈ្មោះ ហ៊ុន វណ្ណៈ។ Photo courtesy of Mother Nature
Photo courtesy of Mother Nature

តុលាការ​កំពូល នៅ​ថ្ងៃ​ទី​១៨ ឧសភា នេះ សម្រេច​បង្វិល​សំណុំរឿង​អតីត​សកម្មជន​មាតា​ធម្មជាតិ​ពីរ​រូប គឺ​លោក ហ៊ុន វណ្ណៈ និង លោក ឌឹម គុនឌី ឱ្យ​សាលាឧទ្ធរណ៍​ជំនុំជម្រះ​ឡើងវិញ។

អតីត​សកម្មជន​មាតា​ធម្មជាតិ លោក ហ៊ុន វណ្ណៈ ថ្លែង​ថា លោក​ខកចិត្ត​ចំពោះ​តុលាការ​កំពូល ដែល​មិន​ហ៊ាន​ផ្ដល់​យុត្តិធម៌​ដល់​ពួក​លោក ទោះជា​ដឹង​ថា ពួក​លោក​គ្មាន​កំហុស​អ្វី​ក៏ដោយ​។ លោក​ថា ការ​សម្រេច​បែបនេះ ធ្វើ​ឱ្យ​សំណុំ​រឿង​នេះ​កាន់តែ​អូស​បន្លាយ​គ្មាន​កាលកំណត់ ដែល​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​លោក​ក្នុង​នាម​ជា​ពលរដ្ឋ៖ «លទ្ធផល​ដែល​ចេញ​មក​ព្រឹក​មិញ​ហ្នឹង គឺ​យើង​អត់​ពេញចិត្ត​ទាល់តែសោះ​តែម្ដង​។ យើង​ត្រូវ​បាន​គេ​កាត់ទោស​ដោយ​អយុត្តិធម៌​ហើយ​។ រំខាន​ពេល​យើង​មក​ដល់​ថ្ងៃនេះ វា​ច្រើន​តទៅ​ទៀត វា​ស្មុគស្មាញ វា​រំខាន​យើង​រហូត​មែនទែន​តែម្ដង»

តុលាការ​កំពូល​បាន​បើកសវនាការ​រឿង​ក្តី​នេះ កាលពី​ថ្ងៃ​ទី១១ ឧសភា ហើយ​តំណាង​មហាអយ្យការ​បាន​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ថា សំណុំ​រឿង​នេះ​គ្មាន​ធាតុ​ផ្សំ​នៃ​បទល្មើស​គ្រប់គ្រាន់​ឡើយ។ ចំណែក មេធាវី​វិញ​បាន​លើកឡើង​ពី​អង្គហេតុ និង​អង្គច្បាប់​ជាច្រើន​មក​បក​ស្រាយ​ថា កូន​ក្តី​ទាំងពីរ​រូប​មិន​មាន​កំហុស​អ្វី​ឡើយ​។ ទោះជា​យ៉ាងណា តុលាការ​កំពូល​មិន​បាន​ទម្លាក់​ចោល​បទ​ចោទ​លើ​ពួកគេ​ឡើយ ដោយ​ត្រឹម​ចេញ​សាលដីកា​បង្វិល​សំណុំ​រឿង​នេះ​ឱ្យ​សាលាឧទ្ធរណ៍​ជម្រះ​ឡើងវិញ។

មេធាវី​ការពារ​ក្ដី​ឱ្យ​អតីត​សកម្មជន​មាតា​ធម្មជាតិ លោក សំ ចំរើន មាន​ប្រសាសន៍​ថា ការ​សម្រេច​បែបនេះ​ផ្ដល់​ផល​វិជ្ជមាន​ខ្លះ​ដល់​សំណុំរឿង ប៉ុន្តែ​កូន​ក្តី​របស់​លោក​ទាំងពីរ​នៅ​តែ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ៖ «ជា​សញ្ញាណ​វិជ្ជមាន ជា​ចំណុច​វិជ្ជមាន​មួយ​នៃ​រឿង​ក្តី​ហ្នឹងហើយ​ក្នុង​ការ​ស្វែងរក​សុចរិត​ភាព និង​ស្វែងរក​យុត្តិធម៌​សម្រាប់​អ្នក​ទាំងពីរ​ហ្នឹង តែ​យើង​យល់ថា តុលាការ​កំពូល​នៅតែ​គោរព​គោលការណ៍​នៃ​ការ​សន្មត​ទុកជាមុន​ថា​គ្មាន​ទោស​ហ្នឹង មិន​បាន​ស៊ីជម្រៅ និង​ពេញលេញ»

កាល​ពី​ចុង​ខែ​សីហា ឆ្នាំ​២០១៩ សាលាឧទ្ធរណ៍​បាន​តម្កល់​សាលក្រម​តុលាការ​ខេត្ត​កោះកុង ដែល​ផ្ដន្ទាទោស​អតីត​សកម្មជន​ទាំង​ពីរ​រូប ទុក​ជា​បាន​ការ​ដដែល​។ តុលាការ​ខេត្ត​កោះកុង បាន​កាត់ទោស​យុវជន​ទាំងពីរ​រូប​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ ១​ឆ្នាំ និង​ពិន័យ​ម្នាក់ ១​លាន​រៀល ពី​បទ “​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​” និង “​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល​” ក្រោយ​ពេល​ពួកគេ​ជិះ​ទូក​ថតរូប​កប៉ាល់​ដឹក​ខ្សាច់​ក្នុង​លំហ​សមុទ្រ នៅ​ឃុំ​ព្រែកខ្សាច់ ស្រុក​គិរីសាគរ ខេត្ត​កោះកុង កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៧។

ភាគី​ដើម​បណ្ដឹង គឺជា​តំណាង​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង (SEZ Koh Kong) របស់​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​កាន់អំណាច និង​ជា​អ្នកជំនួញ​ស្និទ្ធ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ភាគី​ដើម​បណ្ដឹង​នោះ មិន​ដែល​បាន​បង្ហាញ​វត្តមាន​ម្ដង​ណា​ឡើយ តាំងពី​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​កោះកុង រហូត​មក​ដល់​តុលាការ​កំពូល។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត កត់សម្គាល់​ថា តាំង​ពី​ដំណាក់កាល​ដំបូង​មក តុលាការ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ចោទ​ប្រកាន់​យុវជន​ទាំងពីរ​ឡើយ​។ លោក​ចាត់​ទុក​ការ​ចាប់ខ្លួន និង​ចោទប្រកាន់​អ្នក​ទាំងពីរ​នា​ពេល​កន្លង​ទៅ​នោះ ថា ជា​ការ​បំបាក់​ស្មារតី​អ្នក​ការពារ​បរិស្ថាន។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​រំពឹង​ថា សាលាឧទ្ធរណ៍​នឹង​ឆាប់​ពិនិត្យមើល​រឿង​ក្តី​នេះ​ឡើងវិញ ក្រោយ​មាន​សេចក្ដី​សម្រេច​ពី​តុលាការ​កំពូល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល