សហគមន៍​ព្រៃឈើ​ភ្នំ​ត្នោត​កំពុង​រង​ការ​ទន្ទ្រាន​ពី​អ្នក​មាន​អំណាច ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​ការពារ​ដី​ព្រៃ

ដោយ ខែ សុណង
2020-08-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​គ្រឿងចក្រ​ធ្វើ​ផ្លូវ​កាត់​ព្រៃ​សហគមន៍​ភ្នំ​ត្នោត ក្នុង​ឃុំ​ល្បើក ស្រុក​ឈូក ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០១៧។
សកម្មភាព​គ្រឿងចក្រ​ធ្វើ​ផ្លូវ​កាត់​ព្រៃ​សហគមន៍​ភ្នំ​ត្នោត ក្នុង​ឃុំ​ល្បើក ស្រុក​ឈូក ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០១៧។
Photo provided

ប្រជា​សហគមន៍​ដែល​ជា​ជន​ពិការ​ភ្នែក ដូនជី និង តា​អាចារ្យ នៅ​ក្នុង​ឃុំល្បើក ស្រុក​ឈូក ខេត្តកំពត ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​បណ្ដេញ​ពលរដ្ឋ​មួយ​ចំនួន​ដែល​ចូល ទន្ទ្រាន​យក​ដី​សហគមន៍​ដែល​ពួកគេ​បាន​លះបង់​ដី​ចម្ការ​ផ្ទាល់ខ្លួន​ដើម្បី​បង្កើត​ជា​ព្រៃ​សហគមន៍​នោះ​។ រីឯ​សកម្មជន​ព្រៃឈើ​លើកឡើង​ថា មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ពុំបាន​ចូលរួម​ការពារ​ព្រៃឈើ​ជាមួយ​សហគមន៍​នោះ​ទេ ប៉ុន្តែ​ឃុបឃិត​ទន្ទ្រាន​យក​ដី​ព្រៃ​សហគមន៍​នោះ​ដែរ។

លោក ឡុង លាភ អាយុ​៥០ ឆ្នាំ រស់នៅ​ក្នុង​ឃុំ​ល្បើក ស្រុក​ឈូក ខេត្ត​កំពត ជា​ជន​ពិការ​ភ្នែក​ទាំងពីរ​គឺជា​សកម្មជន​ការពារ​ព្រៃឈើ​ដ៏​សកម្ម​ម្នាក់ ក្នុងចំណោម​សកម្មជន​ដទៃ​ទៀត ដែល​បាន​លះបង់​ដីចម្ការ​ផ្ទាល់ខ្លួន ដើម្បី​បង្កើត​ជា​សហគមន៍​ព្រៃឈើ​ភ្នំ​ត្នោត​។​

ប្រជា​សហគមន៍​ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍ បណ្តេញ​បុគ្គល​មួយ​ចំនួន​ដែល​ទន្ទ្រាន​យក​ដី​សហគមន៍​ប្រគល់​មក​ឱ្យ​ពួកគាត់​វិញ។

អង្គុយ​នៅ​ក្នុង​វត្ត​មួយ ជាមួយ​ប្រជា​សហគមន៍​ដទៃ​ទៀត ដែល​ជា​ដូនជី តាអាចារ្យ ដើម្បី​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ ក្រោយពី​ដើមឈើ​ដែល​ជា​ព្រំ​សម្គាល់​ដី​សហគមន៍ ទទួលរង​ការ​កា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប់​ទន្ទ្រាន លោក ឡុង លាភ ថ្លែង​ថា ពួកលោក​ដែល​រស់នៅ​ក្នុង​ឃុំ​ល្បើក បាន​លះបង់​ដី​ចម្ការ​ផ្ទាល់ខ្លួន​ម្នាក់ៗ ពី​បី​ទៅ​បួន​ហិកតារ បង្កើត​សហគមន៍​ព្រៃឈើ​ភ្នំ​ត្នោត ដើម្បី​អភិរក្ស​ព្រៃឈើ​ទុក​សម្រាប់​កូនៗ​ជំនាន់​ក្រោយ ប៉ុន្តែ​ព្រៃ​សហគមន៍​នេះ តែងតែ​រង​ការទន្ទ្រាន​ពី​អ្នក​មាន​អំណាច ដែល​អះអាង​ថា បាន​ទិញ​ពី​អ្នកភូមិ។

លោក​អះអាង​ថា កាលពី​ថ្ងៃ​ទី​២៨ កក្កដា កន្លងទៅ លោក គាវ ហាក់ឡុង ដែល​បាន​ទន្ទ្រាន​យក​ដី​សហគមន៍​កាលពី​១០​ឆ្នាំមុន បាន​មក​ឈូស​ព្រំ​ដី​សហគមន៍​សាជាថ្មី​ទៀត​។ ប៉ុន្តែ​សកម្មភាព​នេះ បាន​ផ្អាក​វិញ បន្ទាប់ពី​ប្រជា​សហគមន៍​នាំគ្នា​ទៅ​រារាំង​នឹង​រឹបអូស​យក​វត្ថុតាង​មក​ដាក់​នៅ​សាលាឃុំ​ដើម្បី​ឱ្យ​លោក​មេឃុំ​ជួយ​អន្តរាគមន៍​៖ «មានតែ​រក​ផ្នែក​ច្បាប់ នឹង​ដោះស្រាយ​រឿង​នេះ​បញ្ចប់ ពីព្រោះ​រ៉ាំរ៉ៃ​ជាង​១០​ឆ្នាំ​ហើយ ល្មម​ហើយ ល្មម​នឹង​បញ្ចប់ ជាង​១០​ឆ្នាំ​មិន​តិច​ទេ»

បើ​ទោះជា​ពិការ​ភ្នែក​ទាំងសងខាង លោក ឡុង លាភ ដែល​មាន​កូន​បួន​នាក់​នៅ​ក្នុង​បន្ទុក​នោះ លោក​ពុំ​ដែល​ខកខាន​ម្តងណា​ទេ ក្នុង​ការ​ចុះ​ល្បាត​ប្រឆាំង​បទល្មើស​ព្រៃឈើ និង​ទប់ស្កាត់​ការទន្ទ្រាន​ដី​ព្រៃ​សហគមន៍​។ ប្រជា​សហគមន៍​បាន​ដឹក​លោក​ចូល​ទៅ​ព្រៃ​សហគមន៍ តាម​ម៉ូតូ បើ​ទោះ​បី​ជា​លោក មើល​មិន​ឃើញ​ថា តើ​ព្រៃ​សហគមន៍​របស់​លោកមា​ន​រូបរាង​យ៉ាងដូចម្ដេច​ក្ដី។

ពាក់​វ៉ែនតា​ខ្មៅ បុរស​ពិការ​ភ្នែក​ដោយសារតែ​គ្រាប់មីន​នៅ​ក្នុង​សម័យ​សង្គ្រាម​រូប​នេះ ថ្លែង​ថា លោក​ស្រលាញ់​ទីនេះ ព្រោះ​លោក​យល់ថា ទីណា​មាន​ព្រៃឈើ​ទីនោះ​គឺជា​ប្រភព​ទឹក​៖ «ឆន្ទៈ​យើង​នឹង​ទៅ ឆន្ទៈ​យើង​នឹង​ការពារ​មិន​ខ្វះ​ទេ​ប្អូន អា​រឿង​មធ្យោបាយ​ទៅ កុំ​ថា​មើល​មិន​ឃើញ​ប្រហែល​ខ្ញុំ​នេះ អង្កេត​ទាំង​ដៃ​អង្គត់​ទាំង​ជើង​ទៀត​ក៏​ដោយ​ចុះ ឱ្យ​ថា​មាន​ឆន្ទៈ​ទៅ មាន​ឆន្ទៈ​ធ្វើការ មាន​ឆន្ទៈ​កសាង មាន​ឆន្ទៈ​ការពារ មាន​ឆន្ទៈ​ស្រលាញ់ កុំ​ថា​ប្រហែល​ខ្ញុំ​នឹង សូម្បី​អង្គត់​ទាំង​ដៃ អង្គត់​ទាំង​ជើង​ទៀត​ក៏​នៅតែ​មាន​អ្នកគាំទ្រ​នឹង​ជួយ​គ្រប់​យុទ្ធវិធី​ដោះស្រាយ​បញ្ហា​នឹង​បាន​ដែរ»

លោក ឡុង លាភ ដឹង​យ៉ាង​ច្បាស់​ថា ការងារ​ដែល​លោក​ធ្វើ​សព្វថ្ងៃ​នេះ​នឹង​ប្រឈម​ឧបសគ្គ ប៉ុន្តែ​លោក​ពុំ​ដែល​មានការ​ភ័យខ្លាច និង​គិត​ថា ឈប់​ធ្វើ​កិច្ចការ​នេះ​ម្ដង​ណា​ឡើយ​។ លោក​ថា បើ​លោក​មិន​ការពារ​ទេ ព្រៃ​សហគមន៍​នឹង​បាត់​ស្រប​ពេល​ដី​កំពុងតែ​ឡើងថ្លៃ​។ ប៉ុន្តែ​អ្វី​ដែល​លោក​ចង់បាន​បំផុត​នោះ គឺ​លោក​ចង់​ឱ្យ​អាជ្ញាធរ​ចូលរួម​ជាមួយ​សហគមន៍​ដែរ​៖ «រឿង​ភ័យខ្លាច បើកាលណា​យើង​ភ័យ បើកាលណា​យើង​ខ្លាច ពួក​អ្នក ពួក​ជនល្មើស ពួក​ជន​បំផ្លាញ​ជាតិប្រមាណ​ម្នាក់ ពីរ​នាក់​ហ្នឹង គឺ​យើង​មិន​អាច​ធ្វើ​អី​កើត​ទេ»

សមាជិក​សហគមន៍​ម្នាក់ទៀត​គឺ លោក យឹម យន់ អាយុ​៦៣ ឆ្នាំ អះអាង​ថា បុគ្គល​ឈ្មោះ គាវ ហាក់​ឡុង ជា​អ្នក​ដែល​ធ្លាប់​បាន​ឈូស​ឆាយ​រំលោភ​យក​ដី​ព្រៃ​សហគមន៍​កាលពី​ឆ្នាំ២០១៥ កន្លង​ទៅ។ ហើយ​នៅ​ពេល​ថ្មីៗ​នេះ​បាន​មក​ឈូស​ដី​សា​ជា​ថ្មី​ទៀត។ ប្រជា​សហគមន៍​កំពុង​ព្រួយបារម្ភ​អំពី​ការបាត់បង់​ព្រៃ​សហគមន៍​នេះ ដោយសារតែ​កន្លងទៅ​ពួកគាត់​បាន​រាយការណ៍​ករណី​ឈូស​ឆាយ​ព្រៃ​សហគមន៍​ទៅ​អាជ្ញាធរ​ជំនាញ​ដូចជា​រដ្ឋបាល​ព្រៃឈើ និង​អភិបាលខេត្ត​ជាច្រើន​ដង ប៉ុន្តែ​នៅតែ​មិនទាន់​ឃើញ​មាន​វិធានការ​និង​ដំណោះស្រាយ​៖ «ធ្វើ​លិខិត របាយការណ៍​ជូន​ទៅ​ថ្នាក់លើ ថ្នាក់លើ​អត់​ដោះស្រាយ​ឱ្យ ប្រជាពលរដ្ឋ​មិន​ដឹង​គិត​យ៉ាងម៉េច​ឥឡូវ​។ ខ្ញុំ​ទៅ​ខាង​ខេត្ត​ពី​ម្សិលមិញ​ខាង​ខេត្ត​គាត់​ថា ឱ្យ​យើង​ធ្វើ​មក យើង​ធ្វើ​ផ្តិត​មេដៃ ប្រជាពលរដ្ឋ អឺ ហា ហុកសិប​គ្រួសារ​អី​មក មក​ផ្ទាល់​ខ្លួនឯង​ហ្មង ដឺ​រ៉េ​រក​ហ្មង​បាន​ដល់ បើ​មិន​អញ្ចឹង​អត់​បាន​ដល់​ទេ»

កាល​ពី​ចុង​ឆ្នាំ ២០១៥ ប្រជា​សហគមន៍​ប្តឹង​លោក គាវ ហាក់ឡុង ទៅ​តុលាការ​រឿង​កាប់​រាន​ដី​ព្រៃ​សហគមន៍​ចំនួន ៦​ហិកតារ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ពុំ​ទាន់​មាន​ដំណោះស្រាយ​អ្វី​នៅឡើយ​ទេ។

លោក យឹម យន់ ថា ពលរដ្ឋ​ប្រជា​សហគមន៍​បាន​ចំណាយ​កម្លាំង​ញើស​ឈាម និង​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ព្រៃ និង​ដី​សហគមន៍​បាន​នៅ​គង់វង្ស​។ លោក​ថា ព្រៃ​សហគមន៍​នេះ ពីរ​ទៅ​បី​ឆ្នាំ​ម្តង តែងតែ​មាន​អ្នក​ចូល​មក​ទន្ទ្រាន​។ ពួក​លោក​កំពុងតែ​មានការ​ព្រួយបារម្ភ​ថា តើ​ទៅ​ថ្ងៃក្រោយ​ពួកគាត់​ការពារ​ព្រៃ​នេះ​បាន​រឺ​អត់​នោះ​? ពីព្រោះ​អ្នក​មាន​អំណាច​មួយ​ចំនួន​កំពុងតែ​ទន្ទ្រាន​យក​៖ «បាទៗ ខ្ញុំ​ចង់​អឺ ឱ្យ​ដក​ដី​ហ្នឹង​ជូន​សហគមន៍​របស់​យើងខ្ញុំ​វិញ របស់​យើងខ្ញុំ​សហគមន៍​ទាំងអស់​គ្នា​វិញ លោក​គ្រូ។ ព្រោះ​ដី​ហ្នឹង​យើង​ថែ​រក្សា​មាន​បង្គោល មាន​ប្លង់​អឺ​មាន​ផែនទី​អី​រួចជាស្រេច មាននៅ​សាលាឃុំ​។ បាទៗ ដី​ធ្លាប់​ថែរក្សា​មក ចង់​ឱ្យ​តែ​គង់វង្ស​ទេ បាទ»

កំពុង​ជជែក​គ្នា​ជាមួយ​ប្រជា​សហគមន៍​ដទៃ​ទៀត​នៅ​ក្នុង​វត្ត ដើម្បី​រក​វិធីសាស្ត្រ​ទប់ទល់​នឹង​អ្នក​ទន្ទ្រាន​យក​ដី ប្រជា​សហគមន៍​រូប​នេះ​បន្ត​ថា ពលរដ្ឋ​ដែល​រស់នៅ​អាស្រ័យ​ផល​ពី​ព្រៃ​សហគមន៍​នេះ មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ខ្លាច​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​នេះ ត្រូវ​វិនាស​ហិនហោច​នៅ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ​។ ប្រសិនបើ​គ្មាន​ការ​អន្តរាគមន៍​ដោះស្រាយ​ពី​មន្ត្រី​ជំនាញ​ថ្នាក់​ខេត្ត​ឱ្យ​បាន​ទាន់​ពេល​វេលា​ទេ​នោះ។

សហគមន៍​ព្រៃឈើ​ភ្នំ​ត្នោត មាន​ផ្ទៃដី ៤៥៨ ហិកតារ បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ២០០៥ ដោយមាន​ការ​ទទួលស្គាល់​ពី​ក្រសួងកសិកម្ម និង​អាជ្ញាធរ​ខេត្ត​កំពត។ ព្រៃ​សហគមន៍​នេះ ជា​កន្លែង​ដែល​ប្រជាពលរដ្ឋ ៣ ភូមិ គឺ​ភូមិ​ទួល ភូមិ​ត្រពាំង​គុយ និង​ភូមិ​ត្រពាំង​គគីរ នៃ​ឃុំ​ល្បើក ស្រុក​ឈូក ខេត្ត​កំពត ពឹង​អាស្រ័យ​ផល​ដោយ​ការ​ជីក​ទំពាំង ឃ្វាលគោ និង​កាប់​ឫស្សី​ជាដើម។

អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក គាវ ហាក់ឡុង ដើម្បី​ឆ្លើយ​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់​ពី​ពលរដ្ឋ​បានទេ​នៅ​ថ្ងៃ​ទី​៥ ខែ​សីហា។

ប៉ុន្តែ​កាលពី​ចុង​ឆ្នាំ ២០១៥ ពេល​ដែល​ប្រជា​សហគមន៍​ប្តឹង លោក​ទៅ​តុលាការ​រឿង​កាប់​រាន​ដី​ព្រៃ​សហគមន៍​ចំនួន ៦ ហិកតារ​នោះ លោក​បាន​បដិសេធ​ថា លោក​មិន​បាន​រំលោភ​យក​ដី​ព្រៃ​សហគមន៍​នោះ​ឡើយ​។ ប៉ុន្តែ​លោក​អះអាង​ថា ដី​ដែល​លោក​បាន​ឈូស​ឆាយ​រួច និង​គ្រោង​ឈូស​ឆាយ​បន្ថែម​ទៀត​នោះ ជា​ដី​ដែល​លោក​បាន​ទិញ​ពី​ប្រជាពលរដ្ឋ ៦០​គ្រួសារ កាល​ពី​ឆ្នាំ​២០០៨ កន្លង​ទៅ និង​មាន​ឯកសារ​សម្គាល់​ច្បាស់​លាស់។

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពត លោក ជួន សារ៉ា បដិសេធ​មិន​ឆ្លើយ​បំភ្លឺ​ពី​រឿង​បទល្មើស​កាប់​រាន​ដី​ព្រៃ​សហគមន៍​នៅ​ខេត្ត​កំពត​នេះ​ទេ ដោយ​លោក​ឆ្លើយ​ថា ទូរស័ព្ទ​របស់​លោក​ខ្សោយ​សេវា។ចំណែក​មេឃុំ​ល្បើក លោក ឯម ភៀង ស្ទាក់ស្ទើរ​ក្នុង​ការ​ឆ្លើយ ដោយ​អះអាង​ថា ការ​ឈូសឆាយ​ដី​នេះ ត្រូវ​បាន​ផ្អាក​ហើយ បន្ទាប់ពី​អាជ្ញាធរ​ឃុំ​បាន​ចុះ​ទៅ​ហាមឃាត់ ហើយ​លោក​ក៏​បាន​ផ្តល់​ព័ត៌មាន​នេះ​ទៅ​អាជ្ញាធរ​ថ្នាក់​ខេត្ត​ដែរ ប៉ុន្តែ​លោក​ពុំ​ទាន់​ទទួល​បាន​ដំណោះស្រាយ​ពី​ថ្នាក់លើ​យ៉ាងណា​នោះ​ទេ។

រីឯ​អភិបាល​ខេត្ត​កំពត លោក ជាវ តាយ វិញ បាន​បដិសេធ​ពុំ​ធ្វើការ​អត្ថាធិប្បាយ​ទេ ដោយ​លោក​មាន​ប្រសាសន៍​ថា ជាប់រវល់ រួច​ចុច​ទូរស័ព្ទ​បិទ បើ​ទោះ​ជា​អ្នកយកព័ត៌មាន​អាស៊ីសេរី​បាន​ទូរស័ព្ទ​ទៅជា​ច្រើន​លើក​ទៀត​ក្តី។

ចំណែក​សកម្មជន​ព្រៃឈើ លោក ហេង ស្រស់ ថ្លែង​ថា ព្រៃ​សហគមន៍ ស្ទើរតែ​ទូទាំង​ប្រទេស​ត្រូវ​បាន​រង​នូវ​ការ​កាប់បំផ្លាញ រឺក៏​ទន្ទ្រាន​យក ពី​អ្នកមាន​លុយ​មានអំណាច​។ មន្ត្រី​ជំនាញ​ដែល​មាន​តួនាទី​ថែរក្សា និង​ការពារ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ពុំបាន​ចូលរួម​ការពារ​នោះ​ទេ​។ តែ​ផ្ទុយទៅវិញ​មន្ត្រី​មួយ​ចំនួន បែរជា​ចូល​ដៃ​ចូល​ជើង​ជាមួយ​ឈ្មួញ​ទៅវិញ​ដើម្បី​បំផ្លាញ​ព្រៃ​សហគមន៍​៖ «បាទ​វា​ជា​រឿង អឺៗ គួរ​ឱ្យ​ខ្មាសអៀន​បំផុត ដែល​អាជ្ញាធរ​ទាំងអស់​នោះ គាត់​អឺ មិន​បាន​ទប់ស្កាត់​កុំ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ បែរ​ជា អឺ​ជន​ពិការ​ម្នាក់ បែរជា​ទៅ​តស៊ូ​ការពារ​នូវ​ធនធានធម្មជាតិ ដែល​ជា​សម្បត្តិ​ជាតិ​របស់​ខ្លួន ហើយ​វា​ជា​រឿង​មួយ​ដែល ក្នុងនាម​យើង​ជា​សកម្មជន​យើង​សោកស្ដាយ មែនទែន ចំពោះ​អាជ្ញាធរ​គ្រប់​ភាគី​ទាំងអស់​ដែល​គាត់ ភាគច្រើន​មិន​បាន​ចូលរួម​ទប់ស្កាត់​ដើម្បី​កុំ​ឱ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​តំបន់​ព្រៃ​សហគមន៍​មួយ​ចំនួន»

លោក​ថា អាជ្ញាធរ​ទូទាំង​ប្រទេស​គួរតែ​ចូលរួម​ការពារ​ព្រៃ​សហគមន៍​ជាមួយ​ប្រជា​សហគមន៍ ជាជាង​ដើរ​លាប​ពណ៌​ដាក់គ្នា និង​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​ព្រៃឈើ ពីព្រោះ​ព្រៃឈើ​គឺជា​សម្បត្តិ​របស់​ជាតិ​ពុំ​មែន​របស់​បុគ្គល​ណា​ម្នាក់​ផ្ដាច់មុខ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល