UNDP និង​​ក្រុមហ៊ុន Grab រួម​គ្នា​​កែ​លម្អ​​គុណភាព​​ខ្យល់ ​និង​​កាត់​បន្ថយ​​ការ​​បំភាយ​​ឧស្ម័ន​​ផ្ទះ​​កញ្ចក់

ដោយ មាន ឫទ្ធិ
2018-06-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ធ្វើ​ដំណើរ​កក​ស្ទះ​ចរាចរណ៍​នៅ​ផ្លូវ​ជាតិ​លេខ​៤ ដោយសារ​ក្រុម​កម្មករ​បិទ​ផ្លូវ។
អ្នក​ធ្វើ​ដំណើរ​កក​ស្ទះ​ចរាចរណ៍​នៅ​ផ្លូវ​ជាតិ​លេខ​៤ ដោយសារ​ក្រុម​កម្មករ​បិទ​ផ្លូវ។
Photo: RFA

ស្រប​ពេល​ដែល​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ បាន​លើកឡើង​ពី​កង្វល់ អំពី​ការ​កើន​ឡើង ការ​បំពុល​បរិយាកាស​ខ្យល់​អាកាស​អាក្រក់​ខ្លាំង​នៅ​រាជធានី​ភ្នំពេញ អង្គការ​កម្មវិធី​អភិវឌ្ឍ​សហប្រជាជាតិ (UNDP) និង​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ​ឈានមុខ​គេ​ឈ្មោះ Grab បាន​អនុវត្ត​នូវ​គម្រោង​ម៉ូដែល​មួយ ដើម្បី​ចូលរួម​ចំណែក​កែ​លម្អ​គុណភាព​ខ្យល់ និង​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុង​រាជធានី​ភ្នំពេញ។

គម្រោង​រយៈពេល​បី​ឆ្នាំ ដែល​មាន​ទឹកប្រាក់​សរុប ៥​សែន​ដុល្លារ​អាមេរិក គឺជា​គម្រោង​រួមគ្នា​ដំបូង​បង្អស់​មួយ​រវាង​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ និង​ក្រុមហ៊ុន Grab។ គម្រោង​នេះ មានឈ្មោះ​ជា​ផ្លូវការ​ថា «គម្រោង​និរន្តរភាព​ចរាចរណ៍​ក្នុង​ទីក្រុង​សម្រាប់​គ្រប់គ្នា​» ឬ​ហៅ​កាត់​ជា​ភាសា​ខ្មែរ​ថា «​សម័យ»។ គម្រោង​នេះ បង្កើត​ឡើង​ដើម្បី​គាំទ្រ​កិច្ចប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​កែ​លម្អ​សុវត្ថិភាព និង​និរន្តរភាព​នៃ​វិស័យ​ដឹកជញ្ជូន​នៅ​ទីក្រុង​ភ្នំពេញ។ គម្រោង​នេះ​មាន​គោលដៅ​សំខាន់ៗ​ចំនួន​៣ ក្នុង​នោះ​រួមមាន ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រសិទ្ធភាព​នៃ​ចរាចរណ៍​ក្នុង​ទីក្រុង​សព្វថ្ងៃ និង​ប្រព័ន្ធ​ដឹកជញ្ជូន​តាមរយៈ​ការ​ប្រមូល​ចងក្រង​ទិន្នន័យ​ចរាចរណ៍ និង​គុណភាព​ខ្យល់​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​ចរាចរណ៍​ក្នុង​ទីក្រុង តាមរយៈ​វិធានការណ៍​ពាក់ព័ន្ធ​នឹង​ប្រេង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឥន្ធនៈ និង​ការប្រើប្រាស់​យានយន្ត ព្រមទាំង​ដើម្បី​លើកកម្ពស់​ភាព​ច្នៃប្រឌិត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ដោយ​ភាព​ឆ្លាត​វៃ ក្នុង​គោលបំណង​ពន្លឿន​វឌ្ឍនភាព​ផ្នែក​សុវត្ថិភាព និង​ចរាចរណ៍​សម្រាប់​គ្រប់គ្នា។

ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី​៥ មិថុនា នៅ​ទីស្តីការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នាយក​ប្រចាំ​ប្រទេស​កម្ពុជា​របស់​អង្គការ UNDP លោក នីក បែរេសហ្វដ (Nick Beresford) គូសបញ្ជាក់​ថា គម្រោង​នេះ ផ្តល់​នូវ​ម៉ូដែល​ថ្មី​មួយ​សម្រាប់​ភាពជា​ដៃគូ​នៃ​វិស័យ​ឯកជន និង​សាធារណៈ ក្នុង​ការងារ​អភិវឌ្ឍន៍​សង្គម ហើយក៏​ជា​វេទិកា​មួយ​ជួយ​គាំទ្រ​ដល់​ការ​បង្កើត​គោលនយោបាយ​នានា ដែល​ជំរុញ​ឲ្យ​មានការ​វិនិយោគ​កាន់តែ​ច្រើន​លើ​ការ​អភិវឌ្ឍ​ទីក្រុង​ប្រកបដោយ​ចិរភាព។

ដោយឡែក​នាយក​ប្រចាំ​តំបន់​ផ្នែក​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន Grab លោក រាស្សែល ខូហែន (Russell Cohen) លើកឡើង​ថា លោក​មាន​សេចក្ដី​រីករាយ​បន្ត​កិច្ចសហការ​ជាមួយ​អង្គការ UNDP ដើម្បី​សម្រេច​បាន​នូវ​ទស្សនវិស័យ និង​ឆន្ទៈ​រួម ក្នុង​ការ​កាត់បន្ថយ​ការ​បំពុល​ខ្យល់អាកាស បង្កើន​សុវត្ថិភាព និង​ប្រសិទ្ធភាព​នៃ​ចរាចរណ៍​តាម​ដង​ផ្លូវ។ លោក រាស្សែល ខូហែន បន្ត​ថា ក្រៅពី​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ក្រុមហ៊ុន Grab ក៏បាន​ប្ដេជ្ញា​ផ្តល់​នូវ​ការ​គាំទ្រ​ផ្សេងៗ​ទៀត​ដូចជា ចែករំលែក​ទិន្នន័យ ការ​ផ្តល់​ជា​បច្ចេកវិទ្យា ធនធានមនុស្ស ព្រមទាំង​ការ​លើក​កម្ពស់​ការ​ប្រើ​យានយន្ត​បែប​បរិស្ថាន​ក្នុងចំណោម​អ្នកបើកបរ​ដៃ​គូ និង​អ្នកដំណើរ។

កំណើន​ប្រជាជន​នៅ​រាជធានី​ភ្នំពេញ នា​ពេល​បច្ចុប្បន្ន​នេះ បាន​នាំ​ឲ្យ​មាន​តម្រូវការ​នៃ​ការប្រើប្រាស់​យានជំនិះ​កាន់តែ​ច្រើន ដែល​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​តាម​ផ្លូវ​សាធារណៈ​នានា​នៅ​រាជធានី​ភ្នំពេញ​ជា​រៀងរាល់ថ្ងៃ និង​បង្កើន​ការ​បំភាយ​ចំហេះ​ទៅកាន់​បរិយាកាស ដែល​ជា​ផ្នែក​មួយ​នៃ​ការ​បំពុល​ខ្យល់អាកាស។ របាយការណ៍​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឲ្យ​ដឹង​ថា ជា​មធ្យម ក្នុង​ទីក្រុង​ភ្នំពេញ ចំនួន​រថយន្ត និង​ទោចក្រយានយន្ត​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ មាន​កំណើន​ប្រមាណ​ជា ២០% នៅ​រៀងរាល់​ឆ្នាំ ហើយ​បច្ចុប្បន្ន​មាន​ចំនួន​រហូតដល់ ៤​លាន ៥​សែន​គ្រឿង បាន​ចុះបញ្ជី។

ឆ្លើយតប​ចំពោះ​វិធានការណ៍​ទប់ស្កាត់​បញ្ហា​បំពុល​ខ្យល់អាកាស​នេះ លោក ធីវ សុភារិទ្ធ ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​គុណភាព​ខ្យល់ និង​សំឡេង ឲ្យ​ដឹង​ថា បច្ចុប្បន្ន ក្រសួងបរិស្ថាន​កំពុង​ជំរុញ​ការអនុវត្ត​ច្បាប់ ស្តង់ដារ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ផ្សេងៗ​ទៀត។ លោក​ថា ក្រសួង​កំពុងតែ​ត្រៀម​ក្នុង​ការ​ចេញ​នូវ​ក្រម​បរិស្ថាន​មួយ ដែល​មាន​រួមបញ្ចូល​ទាំង​ការគ្រប់គ្រង ក៏ដូចជា​ការ​ត្រួត​ពិនិត្យ​ការ​បំពុល​ខ្យល់​នៅ​ក្នុង​ប្រទេស​កម្ពុជា៖ «នៅ​ពេល​ដែល​មាន​ការ​អភិវឌ្ឍ​កាន់តែ​ខ្លាំង អ៊ីចឹង​ការ​ជំរុញ​ការអនុវត្ត​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្តិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ក៏​យើង​ត្រូវតែ​ជំរុញ​ទៅតាម​ឲ្យ​ទន្ទឹមគ្នា​ហ្នឹង​ដែរ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ហ្នឹង​កើតឡើង​ធ្ងន់ធ្ងរ»

អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត មាស នី ទទួលស្គាល់​ថា បើ​ទោះ​បី​ជា​មាន​វិធានការ​មួយ​ចំនួន​ដែល​ក្រសួង​បាន​ដាក់​ចេញ​ក៏ដោយ ក៏ប៉ុន្តែ​លោក​ថា វិធានការណ៍​ទាំងនេះ គ្រាន់តែ​ជា​វិធានការណ៍​សើរៗ​តែប៉ុណ្ណោះ៖ «ជា​ការ​សង្កេត​របស់ខ្ញុំ យើង​ឃើញ​ថា​គ្រាន់តែ​ធ្វើ​ចុងដៃ​ចុងជើង​នៅឡើយ​ទេ។ ហើយ​សម្រាប់​ការ​ផ្សព្វផ្សាយ​នេះ​ទៀត ក៏​មិនទាន់​បាន​ឈាន​ទៅ​រក​ការ​ប្ដូរ​អត្តចរិត​របស់​ពលរដ្ឋ​ទូទៅ​ដែរ។ ហើយ​ខ្ញុំ​ក៏​មិនទាន់​មើល​ឃើញ​សញ្ញាណ​ណាមួយ ដែល​រដ្ឋាភិបាល​បាន​យក​រឿង​បញ្ហា​បរិស្ថាន​ហ្នឹង​យក​ទៅ​ធ្វើ​បញ្ហា​អាទិភាព​ដែរ។ យើង​មិនបាច់​មើល​អី​ទេ យើង​គ្រាន់តែ​មើល​ពី​រឿង​ការ​ពុល​ស្លាប់​មនុស្ស​នៅ​ខេត្ត​ក្រចេះ​មកដល់​ថ្ងៃនេះ នៅតែ​មិនទាន់​រក​ឃើញ​ថា តើ​អ្នកណា​ដែល​នៅ​ពីក្រោយ ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​នេះ»

ការសិក្សា​ស្រាវជ្រាវ​មួយ​ស្ដីពី​គោលនយោបាយ​គុណភាព​ខ្យល់អាកាស​របស់​អង្គការ​កម្មវិធី​បរិស្ថាន​សហប្រជាជាតិ ឬ​ហៅ​កាត់​ថា UNEP កាលពី​ឆ្នាំ​២០១៥ រក​ឃើញ​ថា ស្ថានភាព​ជា​រួម​នៃ​គុណភាព​ខ្យល់អាកាស​នៅ​កម្ពុជា គឺ​មិនទាន់​បំពេញ​តាម​បទដ្ឋាន​របស់​អង្គការ​សុខភាព​ពិភពលោក​នៅឡើយ​ទេ ខណៈ​ដែល​កម្ពុជា​នៅ​ពុំ​ទាន់​មាន​គោលនយោបាយ​ជាតិ​ស្ដីពី​គុណភាព​ខ្យល់​នៅឡើយ។ លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ គូស​បញ្ជាក់​បន្ថែម​ថា ការ​ប្រមូល​ផ្តុំ​នៃ​សារធាតុ​បំពុល​ខ្យល់​អាកាស PM2.5 គឺ​ហាក់​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ខ្លាំង ជាពិសេស​នៅ​តាម​តំបន់​ទីប្រជុំជន​នានា។​

អង្គការ​សុខភាព​ពិភពលោក WHO រក​ឃើញ​ថា ក្នុង​ឆ្នាំ​២០១២ មាន​ពលរដ្ឋ​ខ្មែរ​ចំនួន ២០.៤០០​នាក់ បាន​ស្លាប់​ដោយសារ​ការ​បំពុល​ខ្យល់អាកាស ក្នុង​នោះ ៤៤​ភាគរយ ស្លាប់​ដោយសារ​ការ​បំពុល​បរិយាកាស​ដោយ​កត្តា​ផ្ទាល់ខ្លួន រួមមាន​ដូចជា​ការ​ជក់​បារី និង​ការ​បំពុល​ផ្សេងៗ​ជា​លក្ខណៈ​គ្រួសារ ខណៈ​៥៦​ភាគរយ​ទៀត ពោល​គឺ​ពលរដ្ឋ​ចំនួន ១១.៤០០​នាក់ ស្លាប់​ដោយសារ​ការ​បំពុល​ខ្យល់អាកាស​នៅ​តាម​ទីធ្លា​សាធារណៈ។ អង្គការ​សុខភាព​ពិភពលោក WHO ក៏​រក​ឃើញ​ដែរ​ថា គិត​ត្រឹម​ឆ្នាំ​២០១៣ ពលរដ្ឋ​ខ្មែរ​ចំនួន ៨៨% នៅតែ​ប្រើប្រាស់​អុស​ធ្យូង ឬ​លាមក​សត្វ និង​ផលិតផល​កសិកម្ម​មួយ​ចំនួន ដែល​អាច​បង្ក​ឲ្យ​មាន​សារធាតុពុល​ក្នុង​ខ្យល់ សម្រាប់​ធ្វើជា​មធ្យោបាយ​ចម្អិន​អាហារ​ប្រចាំថ្ងៃ​របស់​ពួកគេ។

ដើម្បី​ដោះស្រាយ​បញ្ហា​បំពុល​បរិយាកាស និង​គុណភាព​ខ្យល់អាកាស​នេះ អង្គការ​សុខភាព​ពិភពលោក WHO ដាក់​ចេញ​ជា​អនុសាសន៍​សំខាន់ៗ​មួយ​ចំនួន ដែល​កម្ពុជា​គួរ​យក​មក​អនុវត្ត ក្នុង​នោះ​រួមមាន៖ ការអភិវឌ្ឍន៍​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​ប្រកបដោយ​និរន្តរភាព​នៅ​តាម​ទីក្រុង​នានា ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍ ការគ្រប់គ្រង​កាកសំណល់​រឹង ការ​បោះបង់​ចោល​ទម្លាប់​បុរាណ​នៃ​ការ​ចម្អិន​អាហារ​តាម​គេហដ្ឋាន​ដោយ​ប្ដូរ​ទម្លាប់​ពី​ការ​ប្រើ​អុស ឬ​ធ្យូង មក​ជា​ការប្រើប្រាស់​ចង្ក្រាន​អគ្គិសនី ការ​អភិវឌ្ឍ​នូវ​ទីផ្សារ​សម្រាប់​ថាមពល​ដែល​អាច​បម្លែង​បាន និង​ប្រកបដោយ​ប្រសិទ្ធភាព ព្រមទាំង​ការអនុវត្ត​នូវ​ការកាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ជា​លក្ខណៈ​ឧស្សាហកម្ម​ជាដើម។

ទិវា​បរិស្ថាន​ពិភពលោក​ឆ្នាំ​២០១៨​នេះ ផ្ដោត​លើ​ការ​រួម​គ្នា​កម្ចាត់​ការ​បំពុល​បរិស្ថាន​ដោយសារ​ថង់​ប្លាស្ទិក។ ក្នុង​សារ​ផ្ញើ​ទៅកាន់​ពិភពលោក​នៅ​ក្នុង​ទិវា​បរិស្ថាន​ពិភពលោក កាលពី​ថ្ងៃ​ទី៥ មិថុនា អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូតូរេស (Antonio Guterres) អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ពិភពលោក ចូលរួម​ចំណែក​ការពារ​ពិភព​ផែនដី​ទាំងអស់​គ្នា។ លោក​ថា ពិភពលោក​ទាំងមូល កំពុងតែ​ធ្វើ​ឲ្យ​លិចលង់​ដោយសារ​ការប្រើប្រាស់​ថង់​ប្លាស្ទិក​យ៉ាង​ច្រើន​លើស​លប់។ លោក​ថា ជា​រៀងរាល់​ឆ្នាំ មាន​ថង់​ប្លាស្ទិក​ជាង ៨​លាន​តោន ត្រូវ​បាន​បង្ហូរ​ចោល​ទៅ​កាន់​មហាសមុទ្រ។ ប្រសិនបើ​និន្នាការ​នេះ​នៅតែ​បន្ត​កើតមានឡើង​ទៀត ត្រឹម​ឆ្នាំ​២០៥០ មហាសមុទ្រ​ទាំងមូល នឹង​មាន​បរិមាណ​ថង់​ប្លាស្ទិក​ច្រើន​ជាង​បរិមាណ​​ត្រី​ទៅទៀត។ លោក​គូស​បញ្ជាក់​ថា ទាំងអស់​គ្នា យើង​អាច​បង្កើត​បាន​នូវ​ផែនការ​មួយ ដើម្បី​ធ្វើ​ឲ្យ​ពិភពលោក​មាន​លក្ខណៈ​ស្រស់​​ស្អាត​ល្អ​ជាង​មុន និង​ប្រកបដោយ​ភាព​បៃតង​ជាង​មុន។

ទិវា​បរិស្ថាន​ពិភពលោក ត្រូវ​បាន​ធ្វើ​ឡើងជា​លើកដំបូង​កាលពី​ឆ្នាំ​១៩៧៤ ហើយ​បាន​លើកកម្ពស់​ឲ្យ​មានការ​យល់ដឹង និង​បង្កើត​ឲ្យ​មាន​នូវ​ចលនា​នយោបាយ​នៅ​ទូទាំង​ពិភពលោក​ឲ្យ​ផ្ដោត​លើ​ការ​ដោះស្រាយ​បញ្ហា​បរិស្ថាន ដូចជា​ការកាត់បន្ថយ​ស្រទាប់​អូហ្សូន ការ​ប្រែក្លាយ​ជា​វាលរហោឋាន និង​ការ​កើន​ឡើង​នៃ​កម្ដៅ​ផែនដី ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល