ពលរដ្ឋ ៤ភូមិ​ខេត្ត​កំពង់​ចាម​ថា ឈ្មួញ​ឈូស​ឆាយ​រំលោភ​ដី​បឹង​ថ្កាស​ទាំង​មូល​ទំហំ ៤០ហិកតារ

ដោយ ខែ សុណង
2020-07-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ថានភាព​ដី​បឹង​ថ្កាស ឋិត​ក្នុង​ឃុំ​តាំងក្រាំង ស្រុក​បាធាយ ខេត្ត​កំពង់ចាម ដែល​ពលរដ្ឋ​ថា អ្នក​មាន​អំណាច​រំលោភ​យក​ដី​បឹង​ទាំង​មូល ទំហំ ៤០ហិកតារ។
ស្ថានភាព​ដី​បឹង​ថ្កាស ឋិត​ក្នុង​ឃុំ​តាំងក្រាំង ស្រុក​បាធាយ ខេត្ត​កំពង់ចាម ដែល​ពលរដ្ឋ​ថា អ្នក​មាន​អំណាច​រំលោភ​យក​ដី​បឹង​ទាំង​មូល ទំហំ ៤០ហិកតារ។
រូប៖ ពលរដ្ឋ ថ្ងៃទី២៨ ខែ​មិថុនា ឆ្នាំ២០២០

ពលរដ្ឋ​ចំនួន ៤ភូមិ ស្រុក​បាធាយ ខេត្ត​កំពង់​ចាម​បារម្ភ​ជា​ថ្មី​ទៀត​ ខ្លាចក្រែង​បាត់បង់​បឹង​ថ្កាស​ទាំង​មូល ​ដោយសារ​អ្នកមាន​អំណាច ដែល​ពួក​គេ​មិន​ស្គាល់​ឈ្មោះ ​បាន​យក​គ្រឿងចក្រ​ឈូស​ឆាយ​រំលោភ​យក​ធ្វើ​ជា​ទ្រព្យ​ឯកជន​ខុសច្បាប់​។ ​អ្នក​ភូមិ​ថា ​ការ​រំលោភ​យក​ដី​បឹង​នេះ ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កន្លែង​នេសាទ​ត្រី ​និង​ ប្រភព​ទឹក​​ស្រោចស្រព​ស្រូវប្រាំង​ ​និង​វស្សា​របស់​អ្នក​ស្រុក​រាប់​ពាន់​គ្រួសារ​។

ពលរដ្ឋ​រាប់ពាន់​គ្រួសារ​រស់​នៅ​ភូមិ​តាំង​គោក ភូមិ​ប្រាសាទ ភូមិ​ជើង​ឆ្នុក និង​ភូមិ​ត្បូង​ភ្នំ ក្នុង​ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ អំពាវ​នាវ​ជា​ថ្មី​ទៀត ឱ្យ​អាជ្ញាធរ​ខេត្ត​កំពង់ចាម និង​ក្រសួង​ធន​ធាន​ទឹក​ទប់​ស្កាត់​គ្រឿង​ចក្រ​ ពីរ​គ្រឿង ដែល​កំពុង​ឈូស​ឆាយ​រំលោភ​យក​ដី​បឹង​ថ្កាស​ទាំង​មូល​ជិត​ ១សប្តាហ៍​មក​ហើយ។ អ្នកភូមិ​ចាត់​ទុក​ សកម្មភាព​ឈូស​ឆាយ​នោះ​ថា រំលោភ​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​ខុស​ច្បាប់​ និង​បំផ្លាញ​ទី​កន្លែង​នេសាទ​ត្រី​របស់​អ្នក​ស្រុក​។

តំណាង​ពលរដ្ឋ​ រស់នៅ​ភូមិ​តាំង​គោក ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៣០ មិថុនា​ថា អ្នកភូមិ​មិន​ទាន់​ស្គាល់ ​អត្ត​សញ្ញាណ ​អ្នក​មាន​អំណាច​ ដែល​យក​គ្រឿង​ចក្រ​ឈូស​ឆាយ ​រំលោភ​ដី​បឹង​ថ្កាស​ទាំង​មូល​នៅ​ឡើយ​ទេ​។ លោក​ថា ​មក​ទល់​ពេល​នេះ​ដី​បឹង​នេះ ​ត្រូវ​គេ​ឈូស​ឆាយ​ហ៊ុមព័ទ្ធ​រំលោភ​យក​អស់​ជាង ​៣០​ហិកតារ​ទៅ​ហើយ​។ ចំណែក​ក្រុម​ពលរដ្ឋ​បាន​ផ្តល់​ដំណឹង​នេះ​ទៅ​អាជ្ញាធរ​មូល​ដ្ឋាន​ដែរ​ នៅតែ​គ្មាន​ដំណោះ​ស្រាយ៖ «ចង់​អស់​ហើយ ​ឃើញ​ឈូស​បោស​សំអាត​ចង់​ជាង​ ៣០​ហិកតារ​ហើយ ​គ្រាន់​តែ​ឈូស​ឆាយ​។ ព្រួយ​ដែរ​ចង់​ឃើញ​ ចង់​អស់​សង្ឃឹម​អ្នក​ស្រុក​មួយៗ ​អាជ្ញាធរ​ប្រគល់​ឱ្យ​អ្នក​ស្រុក​ហើយ ​ទៅ​ជា​មាន​ឈ្មួញ​អី​ទៀត​»

ពលរដ្ឋ​ម្នាក់​ទៀត ​រស់​នៅ​ភូមិ​ត្បូង​ភ្នំ​ ថ្លែង​មិន​បញ្ចេញ​ឈ្មោះ ​ឱ្យ​ដឹង​ថា ​កន្លងទៅ​អាជ្ញាធរ​ស្រុក​បាន​និរាករណ៍ ​ឯកសារ​កាន់​កាប់​ដី ​ក្នុង​តំបន់​បឹង​នេះ​ដែរ​ ហើយ​មន្ទីរ​ធនធាន​ទឹក ​បាន​កំណត់​ព្រំ​ដី ​មិន​ឱ្យ​បុគ្គល​ណា​រំលោភ​បំពាន​ទេ ​ក៏ប៉ុន្តែ​ឈ្មួញ​មាន​អំណាច​នៅ​តែ​បំពាន​ជា​ថ្មី​ទៀត​។ ​លោក​បន្ថែម​ថា ​ថ្វីត្បិត​តែ​បឹង​នេះ ​រីង​រាក់​ផ្នែក​ខ្លះ ​ក៏​ប៉ុន្តែ​អ្នកភូមិ ​តែង​តែ​ធ្វើ​កសិកម្ម​ប្រដេញ​ទឹក​ និង​មាន​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​នេសាទ​ត្រី​នៅ​រដូវ​វស្សា​៖ «ឥឡូវ​យក​អាត្រាក់ ២ និង ៣ មក​ភ្ជួរ​រាល់​ថ្ងៃៗ មិន​ឃើញ​ប្រជាជន​មក​អើត​មើល​សោះ ​ហើយ​ណាមួយ​ប្រជាជន​រក​ត្រី​សាច់​រក​លៀស ​អាស្រ័យ​ផល​គ្នា​អត់​បន្តិច​បន្តួច។ ឆ្ងល់​ដែរ​ម្ដេច​បាន​មាន​អាត្រាក់​ទ័រ ​រុញ​ត្រី​ដី​បឹង​ខ្ទេចខ្ទី​អត់​មាន​គេ​មក​ហាម​ឃាត់​សោះ។ ខ្សែ​គេ​ធំ ​ខ្នង​គេ​ធំ​ យើង​ធ្វើ​អី​ក៏​មិន​ចេញ​ដែរ»

កាល​ពី​ថ្ងៃ​ទី២១ ខែ​ឧសភា ​ឆ្នាំ២០១៩ រដ្ឋបាល​ស្រុក​បាធាយ​បាន​ចេញ​លិខិត​និរាករណ៍​ លិខិត​ផ្ទេរ​សិទ្ធិ​ និង​កាន់​កាប់​ដីធ្លី នៅ​ចំណុច​បឹង​ថ្កាស​អស់​ជា​ច្រើន​ហិកតារ ​ហើយ​ចាត់​ទុក​ដី​នៅ​តំបន់​នោះ​ថា ​ជា​ទ្រព្យ​សាធារណៈ​របស់​រដ្ឋ។

បឹង​ថ្កាស​មានផ្ទៃ​ដី​ប្រមាណ​ ៤០ហិកតារ​ ឋិត​ក្នុង​ភូមិ​តាំង​គោក​ ឃុំ​តាំងក្រាំង​ ស្រុក​បាធាយ​ខេត្ត​កំពង់ចាម​។ បឹង​នេះ​អតីត​ជា​ឡូត៍​នេសាទ​លេខ​ ១៦​ ក៏ប៉ុន្តែ​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ រដ្ឋាភិបាល​បាន​ប្រកាស​រំសាយ​ឡូត៍​នេសាទ​នេះ​ និង​ផ្ដល់​លទ្ធភាព​ឲ្យ​ពលរដ្ឋ​ នេសាទ​ត្រី​លក្ខណៈ​គ្រួសារ​ និង​ទាញ​ទឹក​ធ្វើ​កសិកម្ម​ជាដើម។​

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​ អភិបាល​ខេត្ត​កំពង់​ចាម ​លោក ​អ៊ុន ​ចាន់ដា ​ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​តែ​ទូរសព្ទ ​ហៅ​ចូល​ច្រើន​ដង​គ្មាន​អ្នក​ទទួល ​នៅ​ថ្ងៃ​ទី ​៣០ ​មិថុនា​។

ចំណែក​អភិបាល​ស្រុក​បាធាយ ​និង​មេឃុំ​តាំង​ក្រាំង ​លោក ​កុយ ណយ ​ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​ នៅ​ថ្ងៃ​ដដែល​នេះ។

តែ​យ៉ាង​ណា មេ​ឃុំ​តាំង​ក្រាំង លោក កុយ ណយ ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា  ​មន្ទីរ​ធនធាន​ទឹក​បាន​យក​គ្រឿងចក្រ​ កាយ​ក្រ​វាត់​បឹង​នេះ​ ដើម្បី​ការពារ​មិន​ឲ្យ​មានការ​រំលោភ​ដី​បឹង​នេះ​ជា​បន្ត​ទៀត៖ «ធន​ធាន​ទឹក​គេ​ធ្វើ​ដំណោះ​ស្រាយ ​ស្រុក​ផង​ខេត្ត​ផង​ ពី​ខេត្ត​មក​គេ​ឈូស​ឆាយ​ហ៊ុម​ព័ទ្ធ ​ដើម្បី​ទុក​អាស្រ័យ​ផល ​ប៉ុន្តែ​បឹង​ហ្នឹង​វា​រាក់​អស់​ហើយ»

កាល​ពី​ដើម​ខែ​ឧសភា​ឆ្នាំ២០២០ រដ្ឋ​មន្ត្រី​ក្រសួង​ធនធាន​ទឹក ​លោក ​លឹម ​គានហោ ​បាន​ចេញ​លិខិត​ស្នើ​ឱ្យ ​អភិបាល​ខេត្ត​/រាជធានី ​ក្រុង ​ចាត់​វិធានការ​ទប់ស្កាត់​ការរំលោភ ចាក​ដី​លុប​ចំណី​មាត់​​ច្រាំង​ទន្លេ ​ស្ទឹង​ព្រែក អូរ ​ប្រឡាយ ​អាង​ទឹក​ បឹងបួ ​ផ្ទុយ​ពី​ច្បាប់។ ​ ការ​ស្នើ​នេះ ​ក្រោយពី​ក្រសួង​ពិនិត្យ​ឃើញ​ថា មានការ​រំលោភ​ចាក់​ដី​លុប​ចំណី​មាត់ច្រាំង​ទន្លេ ​ស្ទឹង ​បឹង ​ព្រែក ​អូរ ​ប្រឡាយ​ និង​អាង​ទឹក​ ដែល​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង ​អ្នកនាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក​លោក ចាន់ យុត្ថា ដើម្បី​សុំ​ការ​បកស្រាយ​បន្ថែម​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ដដែល​នេះ​។

មន្ត្រី​អង្កេត​សមាគម អាដហុក ខេត្ត​កំពង់ចាម លោក ​ឡេង​ សេងហាន​ ចាត់​ទុក​ការ​ឈូស​ឆាយ​រំលោភ​ដី​បឹង​ថ្កាស ​ជា​ទង្វើ​ល្មើស​ច្បាប់ ​ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ​ចុះ​ស៊ើប​អង្កេត​ និង​អនុវត្ត​ច្បាប់​ដល់​ជន​ល្មើស​ជា​បន្ទាន់​។ ​លោក​ថា ​ក្រសួង​ធនធាន​ទឹក និង​អាជ្ញាធរ​ខេត្ត​ គួរ​មាន​វិធានការ​ច្បាស់​លាស់ ​ការពារ​បឹង​នេះ ​សម្រាប់​ប្រយោជន៍​រួម​របស់​ពលរដ្ឋ​ក្នុង​តំបន់៖ «ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឈប់​ស្កាត់​ ការ​ឈូស​ឆាយ​ហ្នឹង ​ហើយ​រក្សា​ទុក​ដី​ហ្នឹង សម្រាប់​ផល​ប្រយោជន៍​សហគមន៍ ​និង​ពលរដ្ឋ​ ដែល​គាត់​អាស្រ័យ​ទទួល​បាន​អនុផល​ពី​បឹង​ហ្នឹង»

ច្បាប់​ភូមិបាល​ឆ្នាំ២០០១ មាត្រា​ ២៥៩​ និង​មាត្រា ២៦១ ចែង​ថា ការ​ប៉ះពាល់​កម្មសិទ្ធិ​ នៃ​ទ្រព្យសម្បត្តិ​សាធារណៈ​ ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ៥លាន​រៀល (.០០០.០០០) ដល់​ ៥០លាន​រៀល (៥០.០០០.០០០) និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ (មួយ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល