ពលរដ្ឋ​នៅ​តាម​ដង​ទន្លេ​មេគង្គ​បារម្ភ​ពី​ការ​បាក់​ច្រាំង​ទន្លេ​ជា​បន្តបន្ទាប់

2019-09-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ដី​ច្រាំង​ទន្លេ​មេគង្គ​មួយ​ចំនួន នៅ​ភូមិ​រកាកោង ឃុំ​រកា​កោង​ទី​១ ស្រុក​មុខកំពូល​ ខេត្ត​កណ្ដាល បាក់​ចូល​ទឹក កាល​ពី​ថ្ងៃ​ទី២ ខែ​កញ្ញា ឆ្នាំ២០១៩។
ដី​ច្រាំង​ទន្លេ​មេគង្គ​មួយ​ចំនួន នៅ​ភូមិ​រកាកោង ឃុំ​រកា​កោង​ទី​១ ស្រុក​មុខកំពូល​ ខេត្ត​កណ្ដាល បាក់​ចូល​ទឹក កាល​ពី​ថ្ងៃ​ទី២ ខែ​កញ្ញា ឆ្នាំ២០១៩។
រូប៖ RFA

ពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ​មួយ​ចំនួន នៅ​ភូមិ​រកាកោង ឃុំ​រកា​កោង​ទី​១ ស្រុក​មុខកំពូល​ខេត្ត​កណ្ដាល បារម្ភ​យ៉ាង​ខ្លាំង អំពី​ការ​បាក់​ច្រាំង ដ្បិត​បញ្ហា​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ជីវភាព និង​រំខាន​ដល់​ការរស់នៅ​របស់​ពួកគាត់ បន្ទាប់ពី​មានការ​បាក់​ច្រាំងទន្លេ​មេគង្គ​ជា​បន្តបន្ទាប់​។ ខុស​ពី​មន្ត្រី​ក្រុងភ្នំពេញ​ធ្លាប់​អះអាង​ប្រាប់​ពួកគាត់ ពលរដ្ឋ​ខ្លះ​យល់ថា មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​បាក់​ច្រាំងទន្លេ ដោយសារតែ​មានការ​សម្រុក​បូម​ខ្សាច់​ឥត​ល្ហែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​ការ​បាក់​ច្រាំង​នៅ​ភូមិ​រកាកោង មាន​កង្វល់​ខ្លាំង​ពី​សេចក្ដី​លំបាក ដ្បិត​ពួកគាត់​ត្រូវ​គិតគូរ ពីរ​របរ​ចិញ្ចឹម​ជីវិត​ផង និង​ត្រូវ​ខ្វល់​ពី​រឿង​បាក់​ច្រាំង​ផង ហើយ​ខ្លាច​ថា គ្មាន​ដី​សល់ ដើម្បី​សង់ផ្ទះ​នៅ​បន្ត​ទៀត​នា​ពេល​អនាគត។

ពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ​ម្នាក់​គឺ លោកស្រី យឹម សាវ៉ាន ប្រាប់​អាស៊ីសេរី​ថា លោកស្រី​មានការ​លំបាក នៅ​ពេល​ដែល​ច្រាំងទន្លេ​ចេះ​បាក់​ជា​បន្តបន្ទាប់​ដល់​ខាង​មុខ​ផ្ទះ។ លោកស្រី​បាន​សម្រេច​ចិត្ត​រុះ​ផ្ទះ​ទៅ​សង់​នៅ​កន្លែង​ថ្មី ដ្បិត លោកស្រី​បារម្ភ​ខ្លាច​ផ្ទះ​បាក់​ចូល​ទឹកទន្លេ ដោយ​មិន​ដឹង​ខ្លួន។

កំពុង​អង្គុយ​លើ​គ្រែ​ក្រោម​ផ្ទះ​ដែល​ទើប​រុះ​បាន​ខ្លះៗ ស្ត្រី​មេម៉ាយ​វ័យ ៦៨​ឆ្នាំ​រូប​នេះ​រៀបរាប់​ទាំង​ទឹកមុខ​ក្រៀមក្រំ​ថា បន្ទាប់ពី​មានការ​បាក់​ច្រាំង លោកស្រី​ជួបប្រទះ​បញ្ហា​ជីវភាព​យ៉ាង​ខ្លាំង​ដោយសារ​ត្រូវ​រុះរើ​ផ្ទះ ហើយ​គ្មាន​លទ្ធភាព​គ្រប់គ្រាន់ ដើម្បី​សាងសង់​ឡើងវិញ៖ «ខ្លាច​ណាស់ ហើយ​យើង​អត់​ធ្លាប់​ឃើញ​អ៊ីចឹង​ហ្អា៎​។ តាំងពី​តូច​មក ទើបនឹង​ឃើញ​ហ្នឹង​លើកទីមួយ​។ ដេក​អត់​កើត​ទេ​ប៉ុន្មាន​ថ្ងៃ​ហ្នឹង​។ ស្រក​សាច់ ញ៉ាំ​បាយ​ក៏​អត់​បាន​គេង​ក៏​អត់​លក់​ដែរ (​រហូតដល់​) ម៉ោង​១០ ម៉ោង​១១​។ ម៉ោង ១ ម៉ោង ២ (​យប់​) បាក់​រហូត​អត់​ដាច់ (direct)​។ បាក់​ខាងជើង​បន្តិច បាក់​ខាង​ត្បូង​បន្តិច បាក់មុខ​ផ្ទះ​យើង​បន្តិច។ ច្រាំង​ប្រេះ​អ៊ីចឹង​ទៅ ចេះតែ​ទៅ​ហើយ អត់​នៅ​ទេ។ (បាក់​ច្រាំង​) ទៅ​ក្រោម​ៗ មួយ​គន្លាក់​ហ្អា៎។ អត់​មាន​សល់​ដី​នៅ​ហ្នឹង​ទេ​។ ម្ដាយ​ខ្លាច​ថា យប់​ព្រលប់​យើង​គេង យើង​អត់​ដឹង ខ្លាច​ទៅ​តែម្ដង​។ យើង​រុះ​ទៅ ធ្វើ​ម៉េច​? អត់​លុយ​នៅ​គរ​ចោល​អ៊ីចឹង​ទៅ​។ កុំ​ឱ្យ​គេ​សើច​យើង​រឿង​បាក់​ច្រាំង​អណ្ដែត​ទឹក»

ផ្ទុយ​ពី​អ្វី​ដែល​អាជ្ញាធរ​មូលដ្ឋាន​ជានិច្ចកាល​ប្រាប់​លោកស្រី​ថា ការ​បាក់​ច្រាំង​បណ្ដាល​មក​ពី​គ្រោះ​ធម្មជាតិ លោកស្រី​យល់​ថា ការ​បាក់​ច្រាំងទន្លេ ប្រហែលជា​បណ្ដាល​មក​ពី​ការ​សម្រុក​បូម​ខ្សាច់​ខ្លាំង​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ពីព្រោះ​អ្នកស្រី​ថា តាំងពី​ធំ​ដឹង​ក្តី​មក​រហូតដល់​វ័យ​ជរា គឺ​លោកស្រី​មិនដែល​ឃើញ​ហេតុការណ៍​គ្រោះ​ធម្មជាតិ បណ្ដាល​ឱ្យ​បាក់​ច្រាំង​ដូច​ពេល​ឥឡូវនេះ​ទេ៖ «ខ្ញុំ (អាយុ) ៦០​ឆ្នាំ​ជាង​ហើយ តែ​ខ្ញុំ​មិនដែល​ឃើញ​ទេ​។ គេ (​អាជ្ញាធរ​មូលដ្ឋាន​) ថា គ្រោះធម្មជាតិ​។ អូន​អើយ​ជួយ​មើល​មីង​ផង ច្រាំង​បើ​បាក់​អ៊ី​ចាំង បូម (ខ្សាច់​) អ៊ីចឹង​? គេ (​អាជ្ញាធរ​មូលដ្ឋាន​) ថា គ្រោះធម្មជាតិ​។ ខ្ញុំ​ថា តាំងតែ​ពី​កើត​ពោះ​ម្ដាយ​មក ខ្ញុំ​អត់​ដែល​ឃើញ​គ្រោះធម្មជាតិ​អ៊ីចឹង​ទេ​។ ខ្ញុំ​ប្រាប់​អ៊ីចឹង​ហ្មង​ថា ខ្ញុំ​អត់​ដែល​ឃើញ​ទេ​។ ឥឡូវ​ខ្ញុំ​រុះ​ផ្ទះ​ដោយសារ​ចិត្ត​ខ្ញុំ​ឃើញ​សភាពការណ៍​អ៊ីចឹង ខ្ញុំ​ទ្រាំ​លែង​បាន»

ពលរដ្ឋ​នៅ​ភូមិ​រកាកោង​ម្នាក់ទៀត គឺ​លោក គង់ សឹម មានប្រសាសន៍​ថា លោក​មាន​ការ​បារម្ភ​ជា​ពន់ពេក ដ្បិត​លោក​ធ្លាប់​រំកិល​ផ្ទះ​ថយក្រោយ​ម្ដង​រួច​មក​ហើយ តែ​ច្រាំង​ចេះតែ​បន្ត​បាក់​ឥត​ល្ហែ ហើយ​ដី​របស់​លោក​បាក់​ចូល​ទន្លេ​ស្ទើរ​គ្មាន​សល់៖ «ដល់ពេល​វា​បាក់​ខ្លាំង​ពេក ខ្ញុំ​ជួល​គេ​រុញ (​ផ្ទះ​) ដាក់​ខាងក្រោយ​។ អារម្មណ៍​ភ័យខ្លាច​ដល់​ផ្ទះ​ហ្អា៎​។ ដល់​ឥឡូវ​ភ័យ​នៅតែ​ភ័យ​អ៊ីចឹង​ហ្អា៎ ព្រោះ​ច្រាំង​វា​បាក់​ពេក​។ វា​បាក់​ពេក​នៅតែ​ភ័យ​អ៊ីចឹង​។ មិន​ដឹង​បាន​គេ​កាយ​អ៊ីចឹង ក្រែងលោ​វា​អត់​បាក់​ម៉េច​មិន​ដឹង​ទេ? ហ្នឹងហើយ ខ្ញុំ​ដួច​ភ័យ​ណាស់ ភ័យខ្លាច​រឿង​ច្រាំង​មក​បាក់​ចូល​ទន្លេ​។ មុនដំបូង​ថា វា​អត់​អី​ដែរ តែ​ដល់​បាក់​ទៅៗ ចេះតែ​ភ័យ​ដែរ​។ ឥឡូវ​ឱ្យ​គេ​កាយ ក្រែងលោ​បាន​ធូរ​បន្តិច​ហ្អា៎ ព្រោះ​ជើង​រាង​ទេ​បន្តិច​ទៅ ហើយ​ចេះតែ​ទិញ​ឈើ​អី​យក​មក​បុក​ថែម​ទៅ។ ​បុក​ទប់​វា​ហើយ​យក​ក្រណាត់​ដាក់​អី​ទៅ ដើម្បី​ឱ្យ​វា​បាន​យូរ​បន្តិច»

កំពុង​ឈរ​សម្លឹង​មើល​ច្រាំង​ដែល​ទើបនឹង​បាក់ បុរស​វ័យ ៦៧​ឆ្នាំ​រូប​នេះ​បន្ត​ថា ធ្លាប់​មាន​ផ្ទះ​ពលរដ្ឋ ដែល​រស់នៅ​ភូមិ​ជាមួយ​លោក បាន​បាក់​ចូល​ទន្លេ​ម្ដង​រួច​មក​ហើយ ហើយ​លោក​បារម្ភ​ខ្លាច​ច្រាំង​បាក់​ដល់​ផ្ទះ​លោក​ម្តង​ទៀត និង​ភ័យខ្លាច​គ្មាន​ដី​សង់ផ្ទះ​នា​ពេល​ខាងមុខ៖ «ចេះតែ​ភ័យ​ៗ​ខ្លាច​បាក់​ទៅ​ដល់​ផ្ទះ អត់​មាន​ដី​នៅ។ ហ្នឹងហើយ បារម្ភ ខ្លាច​បាក់​ទៅ​អស់​ដី គ្មាន​ដី​នៅ​។ ចេះតែ​ភ័យ សព្វថ្ងៃ​ដេក​អត់​សូវ​លក់​ប៉ុន្មាន​ទេ​។ បា៎​ដេក​អត់​សូវ​លក់​ប៉ុន្មាន​ទេ​យប់ៗ​។ អារម្មណ៍​ចេះតែ​ខ្លាច​វា​បាក់​ទៅដល់​ផ្ទះ​ដល់​សម្បែង​ទៅ មិន​នឹង​ទៅ​នៅឯណា​? បា៎ទ​ចេះតែ​ភ័យ​អ៊ីចឹង»

កាលពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨ កន្លង​ទៅ ប្រាសាទ​បក្សី​ចាំក្រុង​របស់​វត្ត​កែវមណីជោតិ ហៅ​វត្ត​រកាកោង​ក្រៅ ដែល​ស្ថិតនៅ​ភូមិ​រកាកោង ឃុំ​រកាកោង​ទី​១ ក៏បាន​បាក់​ធ្លាក់​ចូល​ទឹកទន្លេ ដោយសារតែ​ការ​បាក់​ច្រាំង​ដែរ។

ដោយមាន​ការ​បារម្ភ​ពី​បញ្ហា​បាក់​ច្រាំងទន្លេ មិន​ខុស​ពី​ពលរដ្ឋ​ទាំងពីរ​ពី​ខាងដើម​ទេ លោកស្រី អ៊ូច លាភ មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា លោកស្រី​មាន​អារម្មណ៍​រន្ធត់ ដែល​បាន​ឃើញ​ច្រាំង​បាក់​ឥត​ល្ហែ ហើយ​បារម្ភ​ថា ច្រាំង​អាច​នឹង​បាក់​ដល់​ផ្ទះ​របស់​លោក​ស្រី។ លោកស្រី​ជឿ​ថា ការ​បាក់​ច្រាំង គឺ​មិនមែន​បណ្ដាល​មក​តែ​ពី​គ្រោះធម្មជាតិ​ដូច​អាជ្ញាធរ​មូលដ្ឋាន​បាន​អះអាង​នោះ​ទេ៖ «ខ្ញុំ​គិត​ថា បូម​ខ្សាច់​ហ្នឹងហើយ ព្រោះ​អី​ខ្ញុំ​តាំង​ពី​ក្មេង​រហូតដល់​អាយុ ៤០​ជាង អត់​ដែល​ឃើញ​បាក់ (​ច្រាំង​) ដល់​ម្លឹងៗ​ទេ​។ ទើបនឹង ២-៣​ឆ្នាំ​ហ្នឹង បាក់​សាហាវ​ណាស់​ណា៎​។ បាក់​គួរ​ឱ្យ​រន្ធត់​ហ្មង​ហា៎​។ ដូច​ស្រុត​ទៅ​ទាំង​ម៉ែត្រ​ៗ ហ្មង​។ ម្ដង​មាន ៥​ម៉ែត្រ​ក៏​មាន ដូច​ខែប្រាំង​អ៊ីចឹង គ្រាន់តែ​ឈរ​មើល​មួយ​ភ្លែត សន្លឹម​ទៅ​បាត់​ហើយ​។ អ៊ីចឹង​ខ្ញុំ​ភ័យ។ ខ្ញុំ​ភ័យ​រឿង​អ៊ីចឹង​ហ្មង ព្រោះ​ខ្ញុំ​មិនដែល​ជួបប្រទះ​។ ខ្ញុំ​នៅ​ហ្នឹង​រហូត​ដល់​អាយុ ៤០​ជាង​ហើយ ខ្ញុំ​នៅ​មិនដែល​ឃើញ​បាក់ (​ច្រាំង​) ដូច ២-៣ ឆ្នាំ​ហ្នឹង​ទេ»

អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក អ៊ុក មនិន ប្រធាន​នាយកដ្ឋាន​ខ្សាច់ សំណង់ នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ទេ ចំពោះ​បញ្ហា​នេះ តែ​ទោះជា​យ៉ាងណា​មន្ត្រី​របប​លោក ហ៊ុន សែន រូប​នេះ ធ្លាប់​បាន​អះអាង​ប្រាប់​ប្រព័ន្ធ​ឃោសនាការ​របស់​របប​ក្រុងភ្នំពេញ​នា​ពេល​កន្លងទៅ​ថា ការ​បាក់​ច្រាំងទន្លេ​ជា​បន្តបន្ទាប់ នៅ​ចំណុច​ភូមិ​រកាកោង ឃុំ​រកាកោង​ទី១ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល គឺ​បណ្តាល​មក​ពី​កត្តា​ធម្មជាតិ មិនមែន​បាក់​ដោយសារតែ​ការ​បូម​ខ្សាច់​នោះ​ទេ។

សកម្មជន​បរិស្ថាន​មាតា​ធម្មជាតិ លោក ថុន រដ្ឋា ហាក់​យល់​ខុស​ពី​មន្ត្រី​របប​ឯក​បក្ស​បច្ចុប្បន្ន​។ លោក​មាន​ប្រសាសន៍ថា ការ​បាក់​ច្រាំង​នៅ​រកាកោង ប្រហែលជា​មកពី​កត្តា​បូម​ខ្សាច់​ច្រើនជាង​កត្តា​គ្រោះធម្មជាតិ ដ្បិត​លោក​យល់ថា ទីតាំង​ដែល​មាន​ការ​បូម​ខ្សាច់​ភាគច្រើន​សុទ្ធតែ​ប្រឈមមុខ​នឹង​ការ​បាក់​ច្រាំង ហើយ​លោក​ស្នើសុំ​ឱ្យ​ក្រសួង​បង្ហាញ​ព័ត៌មាន​ឱ្យ​បាន​ទូលំទូលាយ​ទៅកាន់​សាធារណជន​អំពី​ការ​ផ្ដល់ អាជ្ញាប័ណ្ណ​ឱ្យ​ក្រុមហ៊ុន​បូម​ខ្សាច់៖ «បើ​យើង​មើល​ទៅ​លើ​អាជ្ញាប័ណ្ណ ឬ​ការ​សិក្សា​ស្រាវជ្រាវ វា​ហាក់​ដូចជា​លាក់កំបាំង ដែល​មិន​មាន​ការ​បង្ហាញ​តម្លាភាព ដែល​ឱ្យ​មានការ​ជជែក​ពី​អង្គការ​សង្គម​ស៊ីវិល​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​បញ្ជាក់​ថា ការ​បូម​ខ្សាច់​ហ្នឹង​វា​ប្រាកដ​ជា មិន​ធ្វើ​ឱ្យ​មាន​ការ​ប៉ះពាល់​ប្រជា​ពលរដ្ឋ និង​បរិស្ថាន»

លោក​បន្ត​ទៀត​ថា ក្រសួង​រ៉ែ និង​ថាមពល ហាក់​មាន ចេតនា​មិន​ទទួលខុសត្រូវ​លើ​បញ្ហា​បាក់​ច្រាំង​ទេ តែ​បែរជា​ទម្លាក់កំហុស​ទៅ​ឱ្យ​ធម្មជាតិ​។ ទោះជា​យ៉ាងណា លោក​ស្នើ​ឱ្យ​មានការ​ស្រាវជ្រាវ​ច្បាស់លាស់​ជា​លក្ខណ​វិទ្យាសាស្ត្រ​ត្រឹមត្រូវ និង​បើកចំហ​ឱ្យ​មានការ​ពិភាក្សា​ពី​គ្រប់​ភាគី ដែល​ពាក់ព័ន្ធ មុន​ពេល​អនុញ្ញាត​ឱ្យ​មានការ​បូម​ខ្សាច់ ហើយ​ក្រសួង​គួរតែ​ធ្វើ​ឱ្យ​ប្រាកដ​ថា ការ​បូម​ខ្សាច់​នោះ​បម្រើ​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ហើយ​មិន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ និង​បរិស្ថាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល