សកម្មជន​ការពារ​បរិស្ថាន​ជនជាតិ​ទំពួន​រង​របួស​ធ្លាយ​ពោះ ស្នើ​អាជ្ញាធរ​ឱ្យ​ផ្តល់​យុត្តិធម៌​ដល់​ពួក​គេ​ក្នុង​បណ្ដឹង​ប្ដឹង​ប្រឆាំង​មន្ត្រី​មូលដ្ឋាន

ដោយ ឡេង ម៉ាលី
2020-07-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក កែវ ហ្វើញ ជន​ជាតិ​ទំពួន រស់នៅ​ក្នុង​ភូមិ​សមុទ្រ​ក្រោម  ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ដែល​អះអាង​ថា ត្រូវ​ជន​មិន​ស្គាល់​មុខ​​លួច​វាយ​ពី​ក្រោយ​ខ្នង និង​វះ​ពោះ កាល​ពី​ថ្ងៃ​ទី៩ ខែកក្កដា ឆ្នាំ២០២០។
លោក កែវ ហ្វើញ ជន​ជាតិ​ទំពួន រស់នៅ​ក្នុង​ភូមិ​សមុទ្រ​ក្រោម ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ដែល​អះអាង​ថា ត្រូវ​ជន​មិន​ស្គាល់​មុខ​​លួច​វាយ​ពី​ក្រោយ​ខ្នង និង​វះ​ពោះ កាល​ពី​ថ្ងៃ​ទី៩ ខែកក្កដា ឆ្នាំ២០២០។
រូប៖ គេផ្ដល់ឱ្យ

ជន​ជាតិ​ទំពួន ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​​លួច​វាយ​ពី​ក្រោយ​ខ្នង និង​វះ​ពោះ រស់នៅ​ក្នុង​ភូមិ​សមុទ្រ​ក្រោម ​ឃុំ​សេ​ដា ស្រុក​លំផាត់ កំពុង​ទាមទារ​រក​យុត្តិធម៌ និង​ទទូច​ដល់​​អាជ្ញាធរ​ដោះ​ស្រាយ​បណ្ដឹង​របស់​សកម្មជន​ព្រៃ​ឈើ​ប្រឆាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ពី​បទ​មិន​ទប់​ស្កាត់​ការ​កាប់​រាន​ព្រៃ​ខុសច្បាប់ និង​អនុគ្រោះ បទ​ល្មើស​ព្រៃ​ឈើ។ ចំណែក​អង្គការ​សង្គម​ស៊ីវិល​ក៏​ទាមទារ​កំពុង​ឱ្យ​មន្ត្រី​ថ្នាក់​ជាតិ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ​លើ​ហ្វូង​មនុស្ស​ដែល​ប្រើ​ហិង្សា​មក​លើ​ពលរដ្ឋ​រងគ្រោះ​ដែរ។

ជន​ជាតិ​ទំពួន​រស់​នៅ​ក្នុង​ភូមិ​សមុទ្រ​ក្រោម ឃុំ​សេ​ដា ស្រុក​លំផាត់ លោក កែវ ហ្វើញ អាយុ ៤៧ឆ្នាំ ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​​លួច​វាយ​ពី​ក្រោយ​ខ្នង និង​វះ​ពោះ ទទូច​ដល់​អាជ្ញាធរ​ផ្តល់​យុត្តិធម៌​ដល់​ លោក​ដែល​ជា​ជន​រងគ្រោះ​ក្នុង​ដើម​បណ្ដឹង ដែល​ប្ដឹង​ប្រឆាំង​អាជ្ញាធរ​ពាក់ព័ន្ធ។

ជនជាតិ​ដើម​លោក កែវ ហ្វើញ ហៅ​ទង្វើ​វះ​ពោះ​លោក​ប្រមាណ ១ចំអាម ធ្លាយ​ពោះ​វៀន​មក​ក្រៅ​នេះ គឺ​ជា​ទង្វើ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ប៉ុនប៉ង​ផ្ដាច់​ជីវិត​របស់​លោក។ លោក កែវ ហ្វើញ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ និង​កំពុង​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​អង្គការ​ការពារ​សិទ្ធិមនុស្ស​ អំពាវ​នាវ​ដល់​អាជ្ញាធរ ​រក​យុត្តិធម៌​ឱ្យ​គ្រួសារ​លោក និង​ សកម្មជន​បរិស្ថាន​ផ្សេង​ទៀត ​ដែល​ហ៊ាន​ចេញ​មុខ​ដាក់​បណ្ដឹង​ប្រឆាំង ​អាជ្ញាធរ​ពាក់ព័ន្ធ​។

លោក កែវ ហ្វើញ ថា កាល​ពី​ថ្ងៃ​ទី៨ ខែ​កក្កដា លោក​បាន​ទៅ​ចូលរួម​កម្មវិធី​របស់​ក្រុម​ប្រឹក្សា​ស្រុក​លំផាត់ រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​ជា​មួយ​ប្រជាពលរដ្ឋ ជាមួយ​សកម្មជន​ព្រៃ​ឈើ​ម្នាក់​ទៀត​ឈ្មោះ ឆន ផល្លា។ នៅ​ក្នុង​វេទិកា​នោះ កំហឹង​របស់​មហាជន​បាន​ផ្ទុះ​ឡើង​រហូត​ដល់​ប្រើ​ហិង្សា​វាយ​ដំ​លោក ឆន ផល្លា បន្ទាប់​ពី​លោក ឆន ផល្លា លើក​រឿង​ពុក​រលួយ និង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ។ ឃើញ​ដូច្នេះ លោក កែវ ហ្វើញ ក៏​រត់​សំដៅ​ទៅ​រក​ម៉ូតូ រួច​ជិះ​ទៅ​ប្រាប់​ប្រពន្ធ​របស់​លោក ផល្លា ឲ្យ​ទៅ​ជួយ​ប្ដី​របស់​គាត់។ លោក កែវ ហ្វើញ បន្ត​ថា មួយសន្ទុះ​ក្រោយ​មក​ហ្វូង​មនុស្ស​ប្រមាណ​ជា​ ១០០នាក់​បាន​មក​ដល់​ផ្ទះ​លោក ផល្លា និង​ហាម​មិន​ឲ្យ​រូប​លោក​ចាក​ចេញ​ទៅ​ណា​នោះ​ទេ ដោយ​គេ​បង្ខំ​ឲ្យ​លោក​ដក​បណ្ដឹង​វិញ។


លោក​ថា ដោយ​សារ​តែ​មាន​ការ​បង្ខិត​បង្ខំ​ពី​មេ​ភូមិ​ មេឃុំ និង​ហ្វូង​ប្រជាពលរដ្ឋ និង​ភ័យ​ខ្លាច​ផង លោក កែវ ហ្វើញ ក៏​យល់​ព្រម​ធ្វើ​កំណត់ហេតុ​ផ្ដិត​មេ​ដៃ​ដក​បណ្ដឹង​របស់​លោក ដែល​បាន​ប្ដឹង​អាជ្ញាធរ​ភូមិ​ ឃុំ​ ដែល​​បើ​កដៃ​ឲ្យ​ឈ្មួញ​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​សហគមន៍«ខ្ញុំ​អង្វរ បង​ប្អូន​អើយ ថា អ៊ីចឹងៗ ខ្ញុំ​ដក​ កុំ​ឲ្យ​បង​ប្អូន​តប កុំ​ឲ្យ​បង​ប្អូន​ចាប់។ ខ្ញុំ​ជម្រាប​ហើយ ខ្ញុំ​ថា ខ្ញុំ​ទៅ​ដក ខ្ញុំ​សំពះ។ ខ្ញុំ​ថា អត់​រត់​ទេ។ មាន​មេភូមិ​មក មេភូមិ​ មេឃុំ​ គេ​ថា អញ្ជើញ​ពួក​ខ្ញុំ​ទៅ​ដក​ពាក្យ​បណ្ដឹង។ បើ​ពួក​ខ្ញុំ​ដក​ពាក្យ​បណ្ដឹង​អត់​អី​ទេ គេ​ថា អត់​ដក​ដឹង​តែ​គេ​វ៉ៃ​ហើយ គេ​សម្លាប់​ហើយ»

បើ​ទោះ​ជា​លោក​បាន​យល់​ព្រម​ផ្ដិត​មេដៃ​ដក​បណ្ដឹង​ក៏​ដោយ​ នៅ​ថ្ងៃ​បន្ទាប់ ​អាជ្ញាធរ​មិន​អស់​ចិត្ត​ បាន​បង្គាប់​ឲ្យ​លោក​ដើរ​សុំ​ទោស​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ ឲ្យ​លោក​​ទទួល​យក​កំហុស​ ដែល​លោក​បាន​ដាក់​បណ្ដឹង​ប្រឆាំង​ជាមួយ​ពួក​គេ។ លោក​ថា លោក​បាន​ដើរ​ធ្វើ​តាម​ការ​បង្គាប់​ការ​បញ្ជា​របស់​ពួក​គេ​ ព្រោះ​ដើម្បី​សុវត្ថិភាព​ប្រពន្ធ និង​កូន ៦នាក់​របស់​លោក។ ខណៈ​ដែល​លោក​ដើរ​សុំ​ទោស​តាម​ផ្ទះ​នោះ​មាន​ពលរដ្ឋ​ប្រមាណ ៣០នាក់​កំពុង​ផឹក​ស៊ី​នៅ​ផ្ទះ​មេ​ប៉ុស្តិ៍៖ «ចេញ​ពី​ផ្ទះ​អនុ​ភូមិ​ទៅ​ផ្ទះ​មេ​បក្ស​ទៀត មេ​បក្ស​ឃុំ​ ទៅ​សំពះ​អា​នោះ​ទៀត។ ចេញ​ពី​ផ្ទះ​មេ​បក្ស​ឃុំ​ ចេញ​ទៅ​ផ្ទះ​មេឃុំ​ទៀត​​ ទៅ​សំពះ​មេ​ឃុំ​ ចេញ​ឃុំ​ទៅ​ផ្ទះ​មេ​ប៉ុស្តិ៍​ទៀត ទៅ​សំពះ​អា​ខាង​មន្ត្រី​ប៉ុស្តិ៍​ទៀត ឲ្យ​សំពះ​សុំ​ទោស​គេ​។ ប្រាប់​ថា​ខ្ញុំ​សំពះ​ខ្ញុំ​ខុស​ហើយ​ ក្នុង​ពាក្យ​បណ្ដឹង​ហ្នឹង គេ​ថា​ខ្ញុំ​ខុស។ កាល​ហ្នឹង​ខ្ញុំ​ថា ខុសៗ ទៅ​ បើ​ខ្ញុំ​ខ្លាច​ដែរ​ហ្នឹង បើ​ខ្ញុំ​ថា​យើង​ត្រូវ​ខ្លាច​គេ​វ៉ៃ​យើង​ទៀត»

លោក​បាន​រំលឹក​អំពី​ព្រឹត្តិការណ៍ ដែល​បណ្ដាល​ឲ្យ​លោក​រង​របួស​ធ្លាយ​ពោះវៀន​ថា នៅ​ថ្ងៃ​ទី៩ កក្កដា គឺ​មួយ​ថ្ងៃ​ក្រោយ​ពី​ការ​ប្រើ​ហិង្សា​ពី​សំណាក់​ពលរដ្ឋ​ក្នុង​ភូមិ​ លោក​បាន​ដើរ​សុំ​ទោស​គេ​គ្រប់​ផ្ទះ​អស់។ ​នៅ​ពេល​ត្រឡប់​មក​ដល់​ផ្ទះ​ម៉ោង​ជាង ៨ព្រឹក​ លោក​ក៏​ដឹក​ប្រពន្ធ​ទៅ​ជម្រះ​ស្មៅ​នៅ​ភ្លឺ​ស្រែ​​ ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​ ៣គីឡូ​ម៉ែត្រ​ពី​ផ្ទះ។ នៅ​ជុំ​វិញ​ស្រែ​នោះ​ ម្ខាង​មាន​ព្រៃ​ ហើយ​ម្ខាង​មាន​អូរ។ លោក​ក៏​មាន​ការ​ចាប់​អារម្មណ៍​ថា មាន​សំឡេង​មនុស្ស​តាម​លោក​រហូត​ ដោយ​បាន​បង្កប់​ខ្លួន​នៅ​ក្នុង​ទឹក និង​ព្រៃ​ក្បែរ​នោះ។ ប៉ុន្តែ​លោក​ធ្វើជា​ពុំ​ចាប់​អារម្មណ៍​ចំពោះ​ សំឡេង​ទាំង​នោះ​ទេ ដោយ​គិត​តែ​ពី​ជម្រះ​ស្មៅ ព្រោះ​កុំ​ឲ្យ​ប្រពន្ធ​កូន​របស់​លោក​ភ័យខ្លាច៖ «ខ្ញុំ​អត់​ចេញ​ពី​កន្លែង​វាល​ស្មៅ​ហ្នឹង នៅ​ម៉ា​កន្លែង​ជម្រះ​ស្មៅ​ហ្នឹង ខ្ញុំ​ខ្លាច​នៅ​ក្នុង​ខ្ទម​ ខ្លាច​គេ​ផ្ទង់​មក​ព័ទ្ធ​ទៀត ព័ទ្ធ​កូន​ប្រពន្ធ​ខ្ញុំ​ជុំ ខ្លាច​ប្រពន្ធ​កូន​ខ្ញុំ​បាក់​ស្មារតី សុខចិត្ត​នៅ​ម្នាក់​ឯង​តែ​ម្ដង នៅ​តែ​អ៊ីចឹង​នៅ​តែ​កាប់​គាស់​អោន។ ចុះ​អ្នក​ណា​គេ​ទៅ​លាត់​អាវ​ខ្ញុំ។ ខ្ញុំ​អត់​ដឹង​ផង​ពេល​ហ្នឹង ខ្ញុំ​ក្រោក ខ្ញុំ​ផ្កាប់​មុខ​តែ​ម្ដង តាំង​ពី​ពេល​ហ្នឹង​ខ្ញុំ​សន្លប់​រហូត គេ​ថា​ខ្ញុំ​របួស គេ​ថា​ខ្ញុំ​ចេញ​ពោះវៀន ខ្ញុំ​អត់​ដឹង​ទេ ដឹងៗ ខ្ញុំ​អឺ​នៅ​ពេទ្យ​ខេត្ត»

លោក​ថា នៅ​ពេល​ដែល​លោក​ដឹង​ខ្លួន គឺ​នៅ​មន្ទីរ​ពេទ្យ លោក​ឈឺ​ពោះ​យ៉ាង​ខ្លាំង ហើយ​សួរ​ប្រពន្ធ​របស់​លោក​ថា តើ​លោក​កើត​អី? ទើប​ប្រពន្ធ​របស់​លោក​និយាយ​ថា​មាន​គេ​ចង់​សម្លាប់ ហើយ​ពួក​គេ ​ស្មាន​តែ​លោក​ស្លាប់​ទៅ​ហើយ ព្រោះ​ពោះ​វៀន​របស់​លោក​ធ្លាយ​ចេញ​មក​ពេញ​ដី និង​សន្លប់​ស្ដូកស្ដឹង៖ «ក្នុង​ភូមិ​ហ្នឹង​ហើយ ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ហ្នឹង​ហើយ ចង់​សម្លាប់​ដោយសារ​ខ្ញុំ​ពាក្យ​បណ្ដឹង​គេ បើ​ចិត្ត​ខ្ញុំ​ ខ្ញុំ​ងាប់​ខ្ញុំ​អត់​ខ្លាច​ទេ ព្រោះ​ដោយសារ​ខ្ញុំ​ណា តវ៉ា​រឿង​ដី​ណា ការពារ​ដី​ធ្លី​ហ្នឹង ខ្ញុំ​សុខ​ចិត្ត​ផ្ដាច់​ជីវិត​ហ្មង ខ្ញុំ​អត់​ខ្លាច​ទេ ដើម្បី​អី ដើម្បី​ប្រជា​ពលរដ្ឋ ដើម្បី​បុគ្គល​ខ្ញុំ​ទេ»

លោក កែវ ហ្វើញ និង​សកម្មជន​បរិស្ថាន កន្លង​មក​បាន​ប្ដឹង​បរិហារ​អាជ្ញាធរ​ពាក់ព័ន្ធ​ ឈ្មួញ​ឈើ ​និង​មន្ត្រី​ជំនាញ ទៅ​តុលាការ​ខេត្ត​រតនគិរី ចំនួន ៧សំណុំ​រឿង​ក្នុង​នោះ​មាន​ ៣​សំណុំ​រឿង​សាលា​ដំបូង​ខេត្ត​នេះ​តម្កល់​ឥត​ចាត់ការ ​ហើយ​ពួកគេ​បាន​ប្ដឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ។ សំណុំ​រឿង​ទាំង​នោះ ភាគ​ច្រើន​ជា​បណ្ដឹង​បរិហារ​អាជ្ញាធរ​ពាក់ព័ន្ធ​ ពី​បទ​អនុគ្រោះ​ដល់​បទ​ល្មើស​ឧក្រិដ្ឋ​ព្រៃឈើ និង​មិន​ទប់​ស្កាត់​ការ​កាប់​រាន​ព្រៃ​ខុសច្បាប់។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​អភិបាល​ស្រុក​លំផាត់​លោក នូ ថេរ ប៉ុន្តែ​លោក​ថ្លែង​ថា លោក​មិន​បំភ្លឺ​រឿង​នេះ​តាម​ទូរស័ព្ទ​ន​ទេ៖ «សូម​អីចេះ បង​អាច​មក​ដល់​អូហ្វីស​ខ្ញុំ​ណាស់។ សូម​មក​អូហ្វីស​ខ្ញុំ​បណ្ដោយ​មក ព្រោះ​ខ្ញុំ​អត់​ចេះ​សម្ភាសន៍​តាម​ទូរស័ព្ទ​ទេ​ណា»

អាស៊ី​សេរី​មិន​អាច​ទាក់ទង​សុំ​ប្រសាសន៍​អភិបាល​ខេត្ត​មណ្ឌលគិរី ​លោក ថង សាវុន ព្រោះ​លោក​បាន​ចុច​ទូរស័ព្ទ​បិទ។ អាស៊ី​សេរី​ក៏បាន​ព្យាយាម​ទាក់ទង​ស្នងការ​ខេត្ត​រតនគិរី លោក ផែន ឌីណា ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​ដែរ ប៉ុន្តែ​​ទូរ​សព្ទ​ហៅ​ចូល​ច្រើនដង គ្មាន​អ្នកទទួល​រហូត​ដល់​ម៉ោង​ចេញ​ផ្សាយ។

អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន លើក​ឡើង​ថា ទាក់ទង​ទៅ​នឹង​រឿង​វះ​ពោះ​នោះ​ គឺ​បាន​កើតឡើង​មួយថ្ងៃ ក្រោយ​ពី​ករណីយ​ លោក ឆន ផល្លា គឺ​មាន​ព័ត៌មាន​ថា មាន​​ជន​ជាតិ​ម្នាក់ ដើរ​ជាមួយ​ប្រពន្ធ​ស្រាប់​តែ​មាន​គេ​លួច​ចាក់ ហើយ​សមត្ថកិច្ច​បាន​ធ្វើ​ការ​អង្កេត​យ៉ាង​ច្បាស់លាស់ គឺពុំ​មាន​អ្នក​ណា​ចាក់​សម្លាប់​គាត់​នោះ​ទេ៖ «ករណីយ​នេះ​យើង​បាន​ធ្វើ​ការ​អង្កេត​ច្បាស់​ហើយ អត់មាន​អ្នកណា​ចាក់​គាត់​ សម្លាប់​គាត់​ទេ ណាស់។ អញ្ចឹង​សូម​កុំ​មក​ទាញ​រឿង​ហេតុ អ៊ីចឹង​ចេះ​តែ​ទាញ​មក​រឿង​អី​ផ្សេង​ណាស់។ អា​ហ្នឹង​សូម​បញ្ជាក់​ជូន​អ៊ីចឹង​អត់​មាន​ទេ ករណី​នេះ អត់​មាន​អ្នក​ណា​ធ្វើ​ឃាត​គាត់ អត់មាន​មាន​ជន​មិន​ស្គាល់​មុខ​ណា​ទៅ​ចាក់​គាត់​ទេ។ យក​កាំបិត​ទៅ​វះ​ពោះ​ខ្លួន​ឯង ខ្ញុំ​ទៅ​ស៊ើប​អង្កេត​ម៉េច​ឥឡូវ ឲ្យ​សមត្ថកិច្ច​ទៅ​ស៊ើបអង្កេត​អំពី​អី​ឥឡូវ? សមត្ថកិច្ច​គេ​ធ្វើ​ការ​របាយការណ៍​គេ​មក​អ៊ីចឹង ណេះ ប្រពន្ធ​គាត់​ក៏​រាយ​ការណ៍​មក​អ៊ីចឹង ដើរ​តែ​ពីរ​នាក់​បើ​មិន​អ៊ីចឹង​មាន​តែ​ប្រពន្ធ​គាត់»

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​ប៉ូលិស​រូប​នេះ ភរិយា​របស់​លោក កែវ ហ្វើញ គឺ​លោកស្រី ភេ សានួម ថ្លែង​ថា នៅ​ថ្ងៃ​កើត​ហេតុ​នោះ លោក​ស្រី​ជាមួយ​នឹង​កូនៗ នៅ​ចម្ការ​ ប៉ុន្តែ​ពុំ​បាន​ចេញទៅ​ជម្រះ​ស្មៅ​​ជាមួយ​ប្តី​ទេ គឺ​នៅ​ក្នុង​ខ្ទម​ជាមួយ​កូន ប៉ុន្តែ​លោកស្រី​តែងតែ​សម្លឹង​ទៅ​មើល​ប្ដី​របស់​លោក​ស្រី​ដែល​សំអាត​ស្មៅ​នៅ​ប្រមាណ ១០០​ម៉ែត្រ​ពី​គ្នា៖ «ខ្ញុំ​សម្លឹង​គាត់​អត់​ឃើញ អត់​ឃើញ​ខ្ញុំ​ក៏​ទុក​កាផា​ខ្ញុំ​ក៏​រត់​ទៅ​រក​ ក៏​ឃើញ​គាត់​ដួល​សន្លប់​មាន​ស្នាម​របួស ចេញ​ពោះ​វៀន​ចេញ​ក្រៅ ពោះវៀន​ចេញ​ក្រៅ»

លោកស្រី​ថា អ្វី​ដែល​គេ​ធ្វើ​មក​លើ​ប្តី​លោកស្រី គឺ​ជា​ទង្វើ​សាហាវ​យង់ឃ្នង ហើយ​ពេល​នោះ​ប្រសិន​បើ​លោក​ស្រី​ពុំ​បាន​ទៅ​ចម្ការ​ជាមួយ​ទេ នោះ​ប្រហែល​ជា​ប្ដី​របស់​លោកស្រី​ស្លាប់​បាត់​ទៅ​ហើយ។ លោក​ស្រី​​សុំ​អាជ្ញាធរ​ឱ្យ​ជួយ​ការពារ​សុវត្ថិភាព​គ្រួសារ​របស់​លោកស្រី ព្រោះ​ពេល​នេះ​កូនៗ ៥នាក់​កំពុង​រស់​នៅ​ក្នុង​ភូមិ ខណៈ​លោកស្រី​ និង​ប្ដី​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​ទីក្រុង​ភ្នំពេញ៖ «មកពី​មូលហេតុ​គេ​គំរាម​កំហែង​គាត់​ហ្នឹង​ហើយ។ គំរាម​កំហែង​គេ​ខឹង​រឿង​ប្ដឹង​ផ្តល់​គេ គំរាម​ឲ្យ​គេ​ហ្នឹង​ទៅ​ដក​ពាក្យ​ប្ដឹង​ពាក្យ​អី។ ខ្ញុំ​ចង់​ឲ្យ​គេ​រក​យុត្តិធម៌​ឲ្យ​ប្ដី​ខ្ញុំ​ផង ដើម្បី ប្ដី​ខ្ញុំ​ប្រឹង​តស៊ូ​ការពារ​ព្រៃ​ឈើ ស្រលាញ់​ជាតិ»

ទាក់ទង​នៅ​ក្នុង​រឿង​នេះ​អ្នក​នាំ​ពាក្យ​សមាគម​អាដហុក លោក សឹង សែនករុណា ថ្លែង​ថា ដើម្បី​ផ្តល់​ភាព​យុត្តិធម៌​ទាំង​អស់​គ្នា គឺ​អាជ្ញាធរ​ថ្នាក់​ជាតិ​ត្រូវ ចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ​ដោយ​ឯក​រាជ្យ​ ព្រោះ​នៅ​ក្នុង​រឿង​នេះ​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន។ កន្លងមក​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​នៅ​ក្នុង​ខេត្ត​រតនគីរី បែរ​ជា​ចោទប្រកាន់​មក​លើ​ពលរដ្ឋ​រង​គ្រោះ​នេះ​ទៅ​វិញ។ ចំណែក​ឯ​អ្នក​ដែល​បង្ក​ហិង្សា​នៅ​ចំពោះ​មុខ​អាជ្ញាធរ​មាន​សមត្ថកិច្ច ​ពុំ​ត្រូវ​បាន​នាំ​ខ្លួន​មក​ធ្វើ​ការសាកសួរ​នោះ​ទេ ក្រៅ​តែ​ពី​ពលរដ្ឋ​រងគ្រោះ​រត់​ចោល​ផ្ទះ​សម្បែង ដើម្បី​សុវត្ថិភាព៖ «ខ្ញុំ​ឃើញ​រឿង​នេះ​វា​ហាក់​ដូចជា​ស្ថាន​ភាព​អាក្រក់​មែនទែន ចំពោះ​ការ​ដែល​ក្រុម​មនុស្ស​ដែល​ជា​ជន​ខិលខូច ដែល​ប្រព្រឹត្ត​នូវ​អំពើ​ល្មើស​ច្បាប់​នឹង​ហើយ ​បន្ត​ប្រើប្រាស់​អំពើ​ល្មើស​ច្បាប់​ហ្នឹង​ទៀត។ យើង​ឃើញ​ថា​អាជ្ញាធរ​មូលដ្ឋាន​អត់​បាន​ធ្វើ​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ច្បាស់លាស់​ អី​បែរ​ទៅ​ជា​ការពារ​អំពើ​ដែល​មិន​ត្រឹម​ត្រូវ»

លោក​បារម្ភ​ថា បើ​ពុំ​មាន​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ច្បាស់លាស់​ទេ អំពើ​ទាំង​អស់​នេះ​ វា​អាច​នឹង​បន្ត​កើត​មាន​ឡើង​ទៀត ដែល​ជះ​ឥទ្ធិពល​អាក្រក់​ទៅ​ដល់​តំបន់​ផ្សេងៗ ទៀត ហើយ​វប្បធម៌​នៅ​តែ​ជាន់​ឈ្លី​ញាំញី​សង្គម​កម្ពុជា​ត​ទៅ​មុខ​ទៀត។ លោក​យល់​ថា គណៈកម្មការ​ស៊ើប​អង្កេត​រឿង​ឯករាជ្យ​មួយ​គួរ​តែ​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​រក​ការ​ពិត និង​នាំ​ជន​ល្មើស​មក​ផ្ដន្ទាទោស រក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ ដើម្បី​អាច​ពួក​គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​របស់​ខ្លួន​វិញ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល