សកម្មជន​ព្រៃឈើ​អះអាង​ថា ព្រៃ​ឡង់​នៅ​តែ​បន្ត​រង​ការ​កាប់​បំផ្លាញ​ដដែល

ដោយ ហេង រស្មី
2020-05-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គោយន្ត​កែ​ច្នៃ ដឹក​ឈើ​ចេញ​ពី​ព្រៃ​ឡង់ ដែល​សកម្មជន​ព្រៃ​ឈើ ឃើញ​នៅ​តែ​បន្ត​មាន នៅ​ថ្ងៃ​ទី៩ ខែឧសភា ឆ្នាំ២០២០។
គោយន្ត​កែ​ច្នៃ ដឹក​ឈើ​ចេញ​ពី​ព្រៃ​ឡង់ ដែល​សកម្មជន​ព្រៃ​ឈើ ឃើញ​នៅ​តែ​បន្ត​មាន នៅ​ថ្ងៃ​ទី៩ ខែឧសភា ឆ្នាំ២០២០។
រូប៖ សកម្មជន​ព្រៃឡង់

ក្រុម​សកម្មជន​ព្រៃ​ឈើ​ រក​ឃើញ​ថា ​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​ក្នុង​ខេត្ត​ព្រះវិហារ នៅ​តែ​បន្ត​រង​ការ​កាប់​បំផ្លាញ​ជា​រៀង​រាល់​ថ្ងៃ​ ពី​សំណាក់​អ្នក​ភូមិ និង​​មនុស្ស​មក​ពី​ខេត្ត​ផ្សេង​ដឹក​លក់​ឲ្យ​ឈ្មួញ ដោយ​មន្ត្រី​បរិស្ថាន​មិន​បាន​ចុះ​ទៅ​ទប់​ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ទាំង​នោះ​ទេ។

សកម្មជន​ព្រៃ​ឈើ នៃ​បណ្ដាញ​ព្រៃ​ឡង់ លោក ចាន់ ណារិន ឲ្យ​ដឹង​ថា សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ពី​ដ៏​មាន​តម្លៃ​នៅ​តំបន់​ព្រៃ​ការពារ ក្នុង​ឃុំ​ធ្មា ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ នៅ​តែ​បន្ត​កើត​ជា​មាន​ជាប្រចាំ ។ លោក​រក​ឃើញ​ថា ក្នុង ១ថ្ងៃៗ ចាប់​ពី​ម៉ោង ១០ ដល់ ១២យប់ មាន​ក្រុម​រក​ស៊ី​ឈើ​ ប្រើ​គោយន្ត​កែ​ច្នៃ ដើម្បី​ដឹក​ឈើ​ចេញ​ពី​ព្រៃ​ឡង់ ពី ២០ ទៅ ៣០គ្រឿង​ ដោយ​ក្នុង ១គ្រឿង អាច​ផ្ទុក​ឈើ​ដែល​ច្រៀក​ចេញ​ជា​ក្ដារ​បន្ទះ​ហើយ យ៉ាង​តិច ៣ម៉ែត្រ​គីប។

លោក​ថ្លែង​ថា ក្រុម​អ្នក​ការពារ​ព្រៃឈើ​ បាន​ត្រឹម​តែ​ឈរ​មើល និង​ខក​ចិត្ត​ជា​ខ្លាំង​ ដោយ​មិន​អាច​ធ្វើ​សកម្មភាព​រួម​គ្នា ​ដើម្បី​ទប់​ស្កាត់​សកម្មភាព​កាប់​ដឹក​ឈើ​​ខុស​ច្បាប់​ យ៉ាង​គគ្រឹកគគ្រេង​នៅ​ពេល​នេះ ដូច​កាល​ពី​មុន​បាន ដោយ​សារ​តែ​មាន​បម្រាប​ពី​ខាង​ក្រសួង​បរិស្ថាន ចំពោះ​ក្រុម​បណ្ដាញ​ព្រៃ​ឡង់ ។

លោក​បញ្ជាក់​ថា ខាង​សហគមន៍​បាន​រាយការណ៍​អំពី​សកម្មភាព​ទាំង​អស់​នេះ ទៅ​​មន្ទីរ​បរិស្ថាន​ជា​ច្រើន​ដង​ ក៏ប៉ុន្តែ​ដល់​ពេល​នេះ​ មន្ត្រី​បរិស្ថាន​មិន​ទាន់ ចុះ​ទប់​ស្កាត់​និង​ចាប់​ជន​ល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​ យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់​នោះ​ទេ ។

សកម្មជន​រូប​នេះ ស្នើ​ដល់​ក្រសួង​បរិស្ថាន​អនុញ្ញាត​ឲ្យ​ក្រុម​បណ្ដាញ​ព្រៃ​ឡង់​ទាំង​បួន​៤​ខេត្ត អាច​ធ្វើ​សកម្មភាព​ចុះ​ល្បាត​ព្រៃឈើ ដូច​ដើម​ឡើង​វិញ ដើម្បី​រួម​គ្នា​ការពារ​ព្រៃ​អភិរក្ស​ដែល​សេស​សល់​ ឲ្យ​នៅ​គង់​វង្ស​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ៖ « ខ្ញុំ​ចង់​ឲ្យ​មាន​បណ្ដាញ​ព្រៃ​ឡង់​ចុះ​ល្បាត​ជា​រៀង​រាល់​ខែ​វិញ។ យើង​មិន​ចង់​នៅ​ក្នុង​ផ្ទះ​ទេ យើង​ចង់​ដើរ​ល្បាត​ព្រៃ​វិញ ដោយ​សារ​តែ​យើង​មាន​ឆន្ទៈ​ចង់​ការពារ​ធនធាន​ធម្មជាតិ​ដែល​ជា​ព្រៃ​ចុងក្រោយ​របស់​យើង ហើយ​ជា​មរតក​​ដែល​ដូនតា​បន្សល់​ទុក​ឲ្យ​យើង។ ដល់​អ៊ីចឹង! ពួក​ខ្ញុំ​ចង់​ចូល​ល្បាត​ព្រៃ​វិញ។ ខ្ញុំ​ចង់​ឲ្យ​ក្រសួង​ធ្វើ​មិច ឲ្យ​សហគមន៍​ព្រៃ​ឡង់ ឬ​ក៏​យុវជន​ព្រៃ​ឡង់ ចូល​ល្បាត​ឡើង​វិញ។ ខ្ញុំ​មិន​ចង់​នៅ​ឃើញ​គេ​ដឹក​ឈើ កាប់​ចុះ​កាប់​ឡើង​ទាំង​យប់​ទាំង​ថ្ងៃ ដូច​សព្វ​ថ្ងៃ​នេះ​ទេ។ បណ្ដាញ​ព្រៃ​ឡង់​ពី​មុន​ចុះ​ល្បាត​តែ ២៥នាក់ ចំណាយ​ខ្លួន​ឯង។ ជួន​កាល​មាន​សប្បុរស​ណា​គេ​ឧបត្ថម្ភ​ឲ្យ​ទៅ បើ​អត់​មាន​ មាន​តែ​ចំណាយ​ខ្លួន​ឯង»

ចំណែក សកម្មជន​ព្រៃ​ឈើ​មួយ​រូប​ទៀត គឺ​លោក ហេង ស្រស់ មាន​ប្រសាសន៍​ថា ​ការ​ហាម​ឃាត់ ប្រជា​សហគមន៍​មិន​ឲ្យ​ចូល​ល្បាត​ព្រៃ​ឡង់​នេះ ហាក់​បី​ដូច​ជា​ចេតនា​មួយ​បើក​ដៃ​ឲ្យ​ក្រុម​ជនល្មើស ចូល​កាប់​ឈើ​ក្នុង​តំបន់​ការពារ ​ដោយ​សកម្មភាព​កាប់​ឈើ និង​បរបាញ់​សត្វ​ព្រៃ​កាន់​តែ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

លោក យល់​ថា ការ​ដែល​នៅ​មាន​បទ​ល្មើស​ព្រៃ​ឈើ​កើន​ឡើង​នេះ អាច​មក​ពី​មន្ត្រី​ឈើ​ជើង​ការពារ​ព្រៃ​ឈើ​នៅ​តំបន់​នោះ ទទួល​យក​សំណូក​ពី​ជន​ល្មើស។ យុវជន​រូប​នេះ ​ស្នើ​ដល់​ម្ចាស់​ជំនួយ​ធំៗ ដែល​ចង់​រក្សា​ព្រៃ​ឡង់​ ក្រោម​គម្រោង​ព្រៃ​បៃតង ជួយ​ផ្ដល់​ជា​សម្ភារៈ និង​ថវិកា ដល់​ក្រុម​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់៖ «រឿង​សំណូក​សូក​ប៉ាន់ វា​ជា​ដើម​ចម​ធ្វើ​ឲ្យ​មាន​ការ​បាត់​បង់​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​មួយ​ទៀត​ទាក់ទង​នឹង​ម្ចាស់​ជំនួញ​ធំៗ ដែល​គាត់​ធ្វើ​ការ​ទាក់​ទង​នឹង​តំបន់​ព្រៃ​ឡង់ អង្គការ USAID គាត់​គួរ​តែ​លើក​ទឹក​ចិត្ត​ដល់​សហគមន៍​ដែល​រស់​នៅ​ជុំ​វិញ​តំបន់​ព្រៃ​ឡង់ ឲ្យ​ពួក​គាត់​បន្ត​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​ព្រៃ​ឡង់​ហ្នឹង។ ជាក់ស្ដែង​យើង​មើល​ថា គម្រោង​ព្រៃ​ឡង់​បៃតង​ហ្នឹង ហាក់​បី​ដូចជា​មិន​បាន​ទៅ​លើក​ទឹក​ចិត្ត​ឲ្យ ប្រជាពលរដ្ឋ​ដែល​គាត់​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​ចុះ​ល្បាត​ទៅ​ការពារ និង​ចាប់​ជន​ល្មើស​ទេ បែរ​ជា​លើក​ទឹក​ចិត្ត​ទៅ​ដល់​អ្នក​ណា​ផ្សេង មិន​ដែល​ស្គាល់​ព្រៃ​ឡង់​ទាល់​តែ​សោះ ដូច​ជា​តារា​ចម្រៀង​អី សុទ្ធតែ​អ្នក​ល្បីៗ បែរ​ជា​ធ្វើ​ការ​តស៊ូ​ការពារ​ព្រៃឈើ មិន​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ ទាំង​ពី​ក្រសួង​បរិស្ថាន ព្រម​ម្ចាស់​ជំនួយ​ទាំង​ពីរ​ហ្នឹង»

អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​បំភ្លឺ​រឿង​នេះ ពី​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ លោក សុង ច័ន្ទសុជាតិ និង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា តាម​ប្រព័ន្ធ​ទូរស័ព្ទ​បាន​ទេ ដោយ​សារ​គ្មាន​អ្នក​ទទួល​ នៅ​ថ្ងៃ​ទី៩ ឧសភា។

ក្រសួង​បរិស្ថាន​បង្ហោះ​ហ្វេសប៊ុក​នៅ​ពេល​ថ្មីៗនេះ​ថា ក្នុង​រយៈ​ពេល ៤ខែ ដើម​ឆ្នាំ២០២០ មន្ត្រី​បរិស្ថាន ដោយ​មាន​ការ​ចូលរួម​ពី​សមាជិក​នៃ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ចុះ​ល្បាត​តំបន់​ដែន​ជម្រក​សត្វព្រៃ ព្រៃ​ឡង់ បាន​ចំនួន ៥១១លើក និង​បាន​បង្ក្រាប​បទ​ល្មើស​ធន​ធាន​ធម្មជាតិ​ រួម​មាន​ការ​លួច​កាប់​ឈើ​ខុសច្បាប់ ទន្ទ្រាន​កាន់​កាប់​ដី​ព្រៃ និង​ការ​បរបាញ់​សត្វ​ខុស​ច្បាប់ បាន​ចំនួន ៣៩៩ករណី។

លោក នេត្រ ភក្ត្រា បញ្ជាក់​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ថា នេះ​គឺ​ជា​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​មន្ត្រី​ឧទ្យានុរក្ស និង​សហគមន៍​នៃ​តំបន់​ការពារ​ធម្មជាតិ ក្នុង​ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​ព្រៃ​ឡង់​ឱ្យ​បាន​គង់វង្ស សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅ​មុខ​ទៀត ។

ទោះ​បី​ជា​យ៉ាង​ណា ក្រុម​សកម្មជន​បរិស្ថាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល លុបបំបាត់​អំពើ​ពុក​រលួយ ទើប​អាច​សង្គ្រោះ​ព្រៃ​ឈើ និង​សត្វព្រៃ ដែល​នៅ​សល់​ចុង​ក្រោយ​បាន ពី​ព្រោះ​ពួក​គេ​អះអាង​ថា ក្រុម​អ្នក​កាប់​ឈើ និង​ឈ្មួញ​បាន​ប្រើ​ទឹក​លុយ សូកប៉ាន់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ជា​ថ្នូរ​ដឹក​ជញ្ជូន​ឈើ​ ដោយ​គ្មាន​ការ​រារាំង៕

គោយន្ត​កែ​ច្នៃ ដឹក​ឈើ​ចេញ​ពី​ព្រៃ​ឡង់ ដែល​សកម្មជន​ព្រៃ​ឈើ ឃើញ​នៅ​តែ​បន្ត​មាន នៅ​ថ្ងៃ​ទី៩ ខែឧសភា ឆ្នាំ២០២០។ រូប៖ សកម្មជន​ព្រៃឡង់
គោយន្ត​កែ​ច្នៃ ដឹក​ឈើ​ចេញ​ពី​ព្រៃ​ឡង់ ដែល​សកម្មជន​ព្រៃ​ឈើ ឃើញ​នៅ​តែ​បន្ត​មាន នៅ​ថ្ងៃ​ទី៩ ខែឧសភា ឆ្នាំ២០២០។ រូប៖ សកម្មជន​ព្រៃឡង់

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល