សង្គម​ស៊ីវិល​ស្នើ​ស៊ើបអង្កេត​ការ​ឃុបឃិត​លក់​ដី​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ស្ពឺ តម្លៃ​រាប់​លាន​ដុល្លារ​ឲ្យ​ក្រុមហ៊ុន​ចិន

ដោយ មាន ឫទ្ធិ
2019-09-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ខ្លោងទ្វារ​ចូល​​មន្ទីរ​កសិកម្ម​នៅ​ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ កាល​ពី​ចុង​ខែ​សីហា ឆ្នាំ២០១៩។
ខ្លោងទ្វារ​ចូល​​មន្ទីរ​កសិកម្ម​នៅ​ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ កាល​ពី​ចុង​ខែ​សីហា ឆ្នាំ២០១៩។
រូប៖ លោក ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ​ ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ​ និង​ការពារ​សិទ្ធិពល​រដ្ឋ

មន្ត្រី​សង្គម​ស៊ីវិល​ទាមទារ​​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​កំពង់ស្ពឺ​ បង្ហាញ​តម្លាភាព​ ទាក់ទិន​គម្រោង​លក់​ដី​មន្ទីរ​កសិកម្ម ទំហំ​ ១០ហិកតារ​ និង​ដី​ឯកជន​របស់​រដ្ឋ​ចំនួន​ ៣ទីតាំង​ផ្សេង​ទៀត​ សរុប​មានតម្លៃ​រាប់​លាន​ដុល្លារ​​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន។ ការ​លើកឡើង​នេះ ក្រោយ​ពី​បែក​ធ្លាយ​ឯកសារ​មួយចំនួន​លាតត្រដាង​ពី​ភាព​មិន​ប្រក្រតី​ ទាក់ទិន​គម្រោង​ឃុបឃិត​គ្នា​លក់​ដី​ឯកជន​របស់​រដ្ឋ​ ៤កន្លែង​ផ្សេងគ្នា​មិន​ត្រឹមត្រូវ​តាមច្បាប់។

មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាល​ ឱ្យ​ដឹង​នៅ​ថ្ងៃច័ន្ទ​ទី២៣​ ខែកញ្ញា​ថា គម្រោង​លក់​ដី​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ស្ពឺ​ មាន​ទំហំ ១០ហិកតារ​ និង​គម្រោង​លក់​ដី​ឯកជន​របស់​រដ្ឋ​ចំនួន​ ៣ទីតាំង​ផ្សេងទៀត​ ដែល​គ្រប់គ្រង​ដោយ​ក្រសួង​កសិកម្ម​ ឋិត​ក្នុង​ខេត្ត​កំពង់ស្ពឺ​ នៅ​មិនទាន់​ត្រឹមត្រូវ​តាម​នីតិវិធី​នៅឡើយ​ទេ​។ ពួកគេ​សង្ស័យ​ថា​ គម្រោង​លក់​ដី​ឯកជន​របស់​រដ្ឋ​ទាំងនេះ​ អាចមានការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ ជា​ថ្នូរ​ទទួលផល​ប្រយោជន៍​។  ​

ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ​ ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ​ និង​ការពារ​សិទ្ធិពល​រដ្ឋ​ លោក​ ជា​ ហ៊ាន​ សង្កេតឃើញ​ថា​ គម្រោង​លក់​ដី​មន្ទីរ​កសិកម្ម​ក្នុង​ក្រុង​ច្បារមន​ ទំហំ១០ហិកតារ​ ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន​តម្លៃ​ជាង​ ១០លាន​ដុល្លារ​ ឬស្មើ​ មួយ​ម៉ែត្រការ៉េ​ ១២០ដុល្លារ ​(120​$1m2​) កំពុង​ឋិត​ក្នុង​ភាព​ចម្រូង​ចម្រាស់​ និងមានភាព​មិន​ប្រក្រតី​ជាច្រើន​ ដែល​អាជ្ញាធរ​មួយចំនួន​ធ្វើឡើងដោយស្ងាត់ៗនិងលាក់បាំង​ព័ត៌មាន​។ លោក​ថា​ លិខិត​របស់​ទី​ស្ដី​ការ​គណៈរដ្ឋ​មន្ត្រី​ នៅ​មិនទាន់​ត្រឹមត្រូវ​តាម​ច្បាប់​​នៅ​ឡើយ​​ទេ​ ទាក់ទិន​សំណើសុំ​ដោះដូរ​ដី​ឯកជន​ររបស់​រដ្ឋ​ទាំងនេះ​។ លោក​ ជា​ ហ៊ាន​ សង្កត់ធ្ងន់​ថា​ លោក​នឹង​សរសេរ​លិខិត​​សុំ​កិច្ច​អន្តរាគមន៍​ ទៅ​គណៈកម្មការ​ទី១​ នៃ​រដ្ឋសភា​ ដើម្បី​ស៊ើបអង្កេត​រឿង​នេះ​ បន្ទាប់ពី​បុណ្យភ្ជុំបិណ្ឌ​រួច​៖ «ដី​របស់​មន្ទីរ​កសិកម្ម ១០ហិកតារ មាន​តម្លៃ​រាប់​លានដុល្លារ។ ខ្ញុំមានការសោកស្តាយ។ ករណីនេះគួរតែក្រសួងសាមី ត្រូតពិនិត្យឡើង​វិញ។ ប្រសិនបើពុំមានការសមគំនិតគ្នា រវាង​អាជ្ញាធរ​ចាប់​ពី​មូលដ្ឋាន​រហូត​ដល់ថ្នាក់ក្រសួងទេគឺ មិនអាចដោះដូរបានទេ ប៉ុន្តែ​នេះ​ប្រហែលពាក់ព័ន្ធគ្រប់ជំនាញទាំងអស់ របស់ក្រសួងកសិកម្ម។ ខ្ញុំយល់ថា មិន​ត្រឹមត្រូវ​មាន​នីតិវិធី​ច្បាប់​ក្នុង​ការ​ដោះ​ដូរ​ទេ»

ដី​ឯកជន​របស់​រដ្ឋ​ គ្រប់គ្រង​ដោយ​ក្រសួង​កសិកម្ម​ ដែល​អាជ្ញាធរ​គ្រោង​លក់​ឋិតនៅ​ចំនួន​ ៤ ទីតាំង​ផ្សេងគ្នា​ ទី១​ ទីតាំង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ស្ពឺ​ ទី២​ ដី​ស្នាក់​ការ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ថ្ពង​ ​ទី៣​  ដី​ចម្ការ​ប្រេងខ្យល់​ព្រៃ​ផ្តៅ​ និង​ទី៤​ ដី​មួយ​ផ្នែក​ឋិត​ក្នុង​បរិវេណ​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ស្ពឺ​មាន​ទំហំ ១០ហិកតារ​ ក្នុង​ក្រុង​ច្បារមន។ ដី​ទាំងនោះ​ មានតម្លៃ​រាប់​លាន​ដុល្លារ​ ដែល​មាន​ក្រុមហ៊ុន​ ទូច​ សារិ​ន ឌី​វេ​ឡុប​ម៉ិន ​(គ្មាន​អង់គ្លេស​)។ ទទួល​សិទ្ធិ​ដេញថ្លៃ​។

កាលពី​ចុងខែ​ មិថុនា​ ឆ្នាំ២០១៩​ ទី​ស្ដី​ការ​គណៈរដ្ឋ​មន្ត្រី​ លោក​ ខូយ​ ឃុន​ហ៊ួរ​ បាន​ចុះហត្ថលេខា​ស្នើ​ ទៅ​ក្រសួងសេដ្ឋកិច្ច​ ក្រសួង​ដែនដី​ និង​ក្រសួង​កសិកម្ម​ កម្មវត្ថុ​សុំ​គោលការណ៍​អភិវឌ្ឍន៍​នៅ​ហ្នឹង​កន្លែង​ ដោយ​កាត់​ឆ្វៀល​ដី​មួយ​ផ្នែក​ក្នុង​បរិវេណ​ដី​មន្ទីរ​​កសិកម្ម​ខេត្ត​កំពង់ស្ពឺ​ដែល​មាន​ទំហំ​ ១០ហិកតារ​ ឋិត​ក្នុង​ក្រុង​ច្បារមន​ ដើម្បី​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ ជា​ថ្នូរ​ការសាងសង់​អាគារ​ថ្មី​។ កម្មវត្ថុ​នេះ​ ផ្អែក​តាម​សំណើ​របស់​ក្រុមហ៊ុន​ ទូច​ សារិ​ន ឌី​វេ​ឡុប​ម៉ិន​ (គ្មាន​អង់គ្លេស​)

អាស៊ី​សេរី​បាន​ទាក់ទង​ ប្រធានមន្ទីរ​កសិកម្ម​ ខេត្ត​កំពង់ស្ពឺ​ លោក​ ឈៀង​ តុលា​ ដើម្បី​សុំ​ការ​បំភ្លឺ​ករណីនេះ​ តែ​លោក​ថា​ ទូរ​ស័ព្ទ​ស្ដា​ប់​មិនឮ​ និង​ឈប់​ទទួល​ទូរ​ស័ព្ទ​នៅ​ថ្ងៃ​ទី២៣​ កញ្ញា​។

ចំណែកអ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី មិនលើកទូរស័ព្ទនៅថ្ងៃដដែលនេះ។

ប៉ុន្តែ​អភិបាលខេត្ត​កំពង់ស្ពឺ​ លោក​ វ៉ី​ សំណាង​ មានប្រសាសន៍​ថា​ គម្រោង​ដោះដូរ​ដី​ឯកជន​របស់​រដ្ឋ​ទាំងនេះ​ គឺជា​សិទ្ធិ​សម្រេច​របស់​អាជ្ញាធរ​ថ្នាក់​ជាតិ​។ លោក​បញ្ជាក់​ថា​ រដ្ឋបាល​ខេត្ត​គ្មាន​សិទ្ធិ​សម្រេច​ ដោះដូរ​ ឬលក់​ដី​ឯកជន​របស់​រដ្ឋ​នោះ​ទេ​ ហើយ​រដ្ឋបាល​ខេត្ត​នឹង​រង់ចាំ​មើល​ពី​នីតិវិធី​ដោះដូរ​ដី​ទាំងនេះ​។ លោក​បន្ថែម​ថា​ រដ្ឋបាល​ខេត្ត​ចង់​ឃើញ​ទម្រង់​នៃ​ការ​អភិវឌ្ឍ​ ឬដោះដូរ​ដី​ឯកជន​របស់​រដ្ឋ​ប្រកបដោយ​តម្លាភាព​ និង​សមភាព​៖ «ការដោះដូរជាសិទ្ធិសម្រេចរបស់ថ្នាក់លើទេ (ថ្នាក់ជាតិ) ហើយ​គេ​អត់​ទាន់បានមកបញ្ជាក់ជាមួយខាងខេត្ត (រដ្ឋបាលខេត្ត) ថាយ៉ាងម៉េច? ខាង​គណៈ​គ្រប់គ្រង​ដី​រដ្ឋថ្នាក់​ខេត្ត គេអត់ទាន់បានមកជួប​សួរ​នាំ​អី​ទេហើយ យើងអត់មានសិទ្ធិទេក្នុងការដោះ​ដូរ​ហ្នឹង ហើយយើងរង់ចាំមើលនីតិវិធីយ៉ាងម៉េច? អា​ហ្នឹង​គ្រាន់​អ៊ីចឹង​ទេ​ទាន»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក​ សន​ ជ័យ​ គិតថា​ ទម្រង់​នៃ​ការដោះដូរ​ និង​លក់​ដី​ឯកជន​របស់​រដ្ឋ​ទាំងនេះ​ មិន​ផ្តល់​ផល​ចម្រើន​ដល់​សង្គមជាតិ​នោះ​ទេ​ ផ្ទុយទៅវិញ​នឹង​បង្ក​ការ​លំបាក​ និង​ស្មុគស្មាញ​ក្នុង​ការ​បំពេញការងារ​របស់​​មន្ត្រី​​ជំនាញ​។ លោក​មើលឃើញ​ថា​ សំណុំរឿង​ទាំងនេះ​ផ្តល់​ឱកាស​ ឱ្យ​មន្ត្រី​ខិលខូច​មួយចំនួន​ កេងយក​ផលប្រយោជន៍​ តាមរយៈ​​នី​វិធី​មិន​ប្រក្រតី​ជាច្រើន​ ដែល​ទាមទារ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ ពិនិត្យ​ឡើងវិញ​ឱ្យ​បាន​ត្រឹមត្រូវ​ និង​បង្ហាញ​ពី​តម្លាភាព​ច្បាស់លាស់​៖ «មិនដែលឃើញមានអ្នកសម្រេចចិត្តដោះដូរហ្នឹង ទទួលនូវទោសកំហុសអី​ទេ។ រូបភាពយើងមើលឃើញថា ជា​ការ​ផ្តល់​ឱកាស​ជាការកេងផលប្រយោជន៍ដោយក្រុមខិលខូច តាមរយៈនីតិវិធីមិនប្រក្រតីហ្នឹង។ អ្វីដែលបានឃើញ ដូច​​ជា​មិន​មាន​បានផលល្អប្រសើរអីតាម​រយៈ​ការ​ដោះ​ដូរ​ដី​ហ្នឹង​ទេ»

ឯកសារ​បែកធ្លាយ​​មួយចំនួន​ ដែល​លាតត្រដាង​តាមរយៈ​សារ​ព័ត៌មាន​ក្នុង​ស្រុក​ ហ្វ្រែស​ញ៉ូវ​ (Fresh​ News​) ដែល​ជាក្បាលម៉ាស៊ីនឃោសនាឲ្យរបប​លោក ហ៊ុន សែន ​ក៏​បានចុះផ្សាយ​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​ជាច្រើន​ ពាក់ព័ន្ធនឹង​​គម្រោង​លក់​ដី​ឯកជន​​របស់​​រដ្ឋ​ទាំងនេះ​ដែរ។ ឯកសារ​ទាំងនោះ​ មាន​ប្លង់ដី​ លិខិត​កក់​ប្រាក់​របស់​ក្រុមហ៊ុន​ឯកជន​ ដែល​មាន​ហត្ថលេខា​ និង​ឈ្មោះ​ លោក​ ឈៀង​ តុលា​ ប្រធានមន្ទីរ​កសិកម្ម​ខេត្ត​កំពង់ស្ពឺ​។ លើស​ពីនេះ​ លិខិត​កក់​ប្រាក់​ទាំងនោះ​ ជា​ថ្នូរ​ការ​ទទួលផល​ប្រយោជន៍​ឬអំពើពុករលួយ​ មិនបាន​អនុវត្ត​ត្រឹមត្រូវ​តាមច្បាប់​ ឬមិន​បាន​ប្រកាស​ដេញថ្លៃ​ជា​សាធារណៈ​​ដោយ​តម្លាភាព​នោះ​ទេ​។

ច្បាប់​ភូមិបាល​ឆ្នាំ​២០០១​ ចែងថា​ ដី​ឯកជន​របស់​រដ្ឋ​ ត្រូវ​ចុះបញ្ជី​​ក្នុង​សំណុំ​ទិន្នន័យ​បញ្ជី​សារពើភណ្ឌ​​របស់​រដ្ឋ​ ដើម្បី​អាច​ផ្ទេរ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល