អាជ្ញាធរ​ចាប់​រថយន្ត​ដឹក​ឈើ ៣​គ្រឿង នៅ​ក្នុង​តំបន់​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់

ដោយ ថន ថារ៉ូ
2019-09-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​អាវុធហត្ថ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចុះ​ចាប់​រថយន្ត ប៉ាកុង ៣គ្រឿង និង​ឈើជិត ១០ម៉ែត្រគូប ក្នុង​ភូមិ​ដំបងវេញ ឃុំសង្កែសាទប ស្រុក​ឱរ៉ាល់ នៃ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ កាល​ពី​ថ្ងៃ​ទី ០៣ កញ្ញា ២០១៩។
មន្ត្រី​អាវុធហត្ថ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចុះ​ចាប់​រថយន្ត ប៉ាកុង ៣គ្រឿង និង​ឈើជិត ១០ម៉ែត្រគូប ក្នុង​ភូមិ​ដំបងវេញ ឃុំសង្កែសាទប ស្រុក​ឱរ៉ាល់ នៃ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ កាល​ពី​ថ្ងៃ​ទី ០៣ កញ្ញា ២០១៩។
រូប​អគ្គស្នងការ​នគរបាល​ជាតិ

គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​បាន​ចុះ​ឃាត់​ចាប់ រថយន្ត​ប៉ាកុង (​កែច្នៃ​) ៣​គ្រឿង និង​រឹបអូស​ឈើ​ជិត ១០​ម៉ែត្រ​គូប (៦៦៩ ផ្លាន​) ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ​។ សកម្មជន​បរិស្ថាន​អះអាង​ថា នៅ​មាន​រថយន្ត​កែច្នៃ​ជាច្រើន​គ្រឿង​ទៀត​ដែល​ជា​មធ្យោបាយ​ដឹក​ឈើ​មាន​តម្លៃ ពីលើ​ខ្នងភ្នំ ដែល​ក្រុម​កម្មករ​កាប់​ឈើ ឃុបឃិត​ជាមួយ​ឆ្មាំ​អភិរក្ស លាក់​ទុក​ក្នុង​ព្រៃ។

អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី ឱ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី៤ កញ្ញា​ថា សមត្ថកិច្ច​បាន​ឃាត់​ចាប់​រថយន្ត​ប៉​កុង​ទាំង ៣​គ្រឿង​នោះ នៅ​ចំណុច​ឃុំ​សង្កែសាទប ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ។ លោក​ថា មក​ទល់​ពេល​នេះ សមត្ថកិច្ច​បាន​យក​រថយន្ត​ដឹក​ឈើ​ទាំងនោះ មក​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ទីស្នាក់​ការ​អាវុធហត្ថ​ស្រុក​ឱ​រ៉ាល់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ​យក​មក​អនុវត្ត​ច្បាប់។

លោក​បញ្ជាក់​ទៀត​ថា គណៈកម្មការ​ជាតិ និង​អាជ្ញាធរ​ខេត្ត​សាមី កំពុង​ស្រាវជ្រាវ រក​វត្ថុ តាង​ដែល បម្រើ​ឱ្យ​បទល្មើស ដឹកជញ្ជូន​ឈើ​ខុសច្បាប់ នៅ​តំបន់​ដែន​ជម្រក​សត្វព្រៃ​ភ្នំឱរ៉ាល់ និង​នៅ​ទូទាំង​ប្រទេស​៖ «កំពុង​កសាង​សំណុំរឿង​វា​ល្មើសច្បាប់​ហើយ ឃើញ​តែ​រថយន្ត​និង​ឈើ​។ វិធានការ​របស់​យើង​គឺ​អនុវត្ត​ទៅតាម​ច្បាប់ ហើយ​និង​អនុវត្ត​តាម​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល។ គ្រប់កន្លែង​ទាំងអស់ គឺ​អាវុធហត្ថ ទូទាំង ២៥ រាជធានី​ខេត្ត និង​ឯកឧត្ដម គណៈ​អភិបាលខេត្ត​គាត់​ធ្វើ​ការងារ​ហ្នឹង​គ្រប់​ខេត្ត​ទាំងអស់ គាត់​កំពុង​ធ្វើ​ការ​ងារ​ហ្នឹង»

ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ លោក ជា ហ៊ាន អះអាង​ថា រថយន្ត​ប៉ាង​កុង​ដែល​មន្ត្រី​អាវុធហត្ថ​ចាប់​បាន​នោះ គឺជា​មធ្យោបាយ​ទាញ​ឈើ​មូល​ធំៗ ពីលើ​ខ្នងភ្នំ​ឱរ៉ាល់ តំបន់​ជ្រោះ និង​តំបន់​ជ្រលង​ភ្នំ​។ លោក​ថា រថយន្ត​ប្រភេទ​នេះ មន្ត្រី​បរិស្ថាន​ដែល​ប្រចាំការ​នៅ​តំបន់​​នោះ មាន​ចេតនា​ឃុបឃិត​ឱ្យ​ឈ្មួញ​យក​ចូល​ព្រៃ​អភិរក្ស ដើម្បី​ប្រមូល​ឈើ​មានតម្លៃ​នៅ​ចំណុច ជើងភ្នំ​ក្រពើ ចំណុច​ខ្នង​ស្រល់ និង​តំបន់​ជួរ​ភ្នំ​ឱរ៉ាល់។ លោក​ទាមទារ​ឱ្យ​អាជ្ញាធរ​ស៊ើបអង្កេត​រឿង​នេះ​ឱ្យ​បាន​ច្បាស់លាស់​៖ «រថយន្ត​អារេវ នៅមាន ៨​គ្រឿង​ទៀត ដែល​កម្លាំង​របស់ខ្ញុំ​កំពុង​រុករក។ ប្រសិនជា​អត់​មាន​អារេវ​ហ្នឹង មាន​ត្រឹម​គោយន្ត​អី ពិបាក​ក្នុង​ការ​យក​ឈើ​ចេញ​ណាស់ ហើយ​ឈើ​អស់ទាំង​នេះ នាំចេញ​រហូតដល់​ចិន ហើយ​ជា​ឈើ​នាំ​ចេញទៅ​ក្រៅប្រទេស​។ មន្ត្រី​ឧទ្យានុរក្ស បរិស្ថាន​លោក មិនមាន​ឆន្ទៈ​ច្បាស់លាស់ ក្នុង​​ការ​អភិរក្ស​ធន​ធាន​ធម្មជាតិ ដោយសារ​គាត់​យក​ផលប្រយោជន៍​ពី​បទ​ល្មើស។ អ៊ីចឹង គាត់​អត់​បង្ក្រាប»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​នាយក​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ លោក ខន សាខុន ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់​នេះ តែ​អ្នក​លើក​ទូរស័ព្ទ​ប្រាប់​ថា ច្រឡំ​លេខ។

លោក ជា ហ៊ាន អះអាង​ថា មក​ទល់​ពេល​នេះ ដើមឈើ​ធំៗ​ ជាច្រើន​ដើម នៅ​លើ​ខ្នងភ្នំ​ឱរ៉ាល់ និង​នៅ​តាម​ជើងភ្នំ ត្រូវ​គេ​កាប់​ផ្ដួល​ពាសពេញ​ព្រៃ មិនទាន់​ដឹក​ចេញ​ក្រៅ ដោយ​ត្រូវ​រង់ចាំ​ផុត​រដូវវស្សា​សិន​។ លោក​ថា បើ​គ្មាន​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​នោះ​ទេ រថយន្ត​ប៉ាកុង មិន​អាច​នាំចូល​ព្រៃ​អភិរក្ស​បានទេ ព្រោះ​ច្រក​ផ្លូវ​សំខាន់ៗ​ គ្រប់កន្លែង មាន​ស្នាក់​ការ​បរិស្ថាន​យាមល្បាត​។ អ្នកការពារ​ព្រៃឈើ​រូប​នេះ គ្មាន​ជំនឿ​លើ​ប្រសិទ្ធភាព​ការងារ​របស់​មន្ត្រី​បរិស្ថាន ​ដែល​ប្រចាំការ​នៅ​តំបន់​​នោះ​ឡើយ ព្រោះ​លោក​ថា មន្ត្រី​គ្រាក់ៗ​ទាំងនោះ អនុវត្ត​ច្បាប់​ព្រៃឈើ ទាល់​តែ​មាន​បញ្ជា​ពី​ថ្នាក់លើ៖ «នៅ​មាន​ឈើ​ដែល​រំលំ​ចោល​ក្នុងព្រៃ​ជាច្រើន​ទៀត ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ខេត្ត​ពោធិ៍សាត់ គេ​រំលំ​ដើមឈើ​រួចហើយ ដោយសារតែ​ក្រុម​គណៈកម្មការ​ចុះ​បង្ក្រាប​អ៊ីចឹង​ទៅ យកចេញ​អត់​បាន​។ ទី​២ ខែវស្សា​អាច​ដាក់​ផ្លូវ ដល់​ខែ ១១​នេះ ប្រសិនជា​យើង​មិន​រួមគ្នា​ទប់ស្កាត់ និង​អនុវត្ត​ច្បាប់​ទេ ព្រៃឈើ​នឹង​ត្រូវ​រលាយ»

សកម្មជន​បរិស្ថាន អំពាវនាវ​ឱ្យ​រដ្ឋាភិបាល លុបបំបាត់​អំពើពុករលួយ ទើប​អាច​សង្គ្រោះ​ព្រៃឈើ​ដែល​នៅ​សេសសល់​ចុងក្រោយ​បាន ពីព្រោះ​ពួកគេ​អះអាង​ថា ក្រុម​អ្នក​កាប់​ឈើ និង​ឈ្មួញ​បាន​ប្រើ​ទឹក​លុយ សូកប៉ាន់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ជា​ថ្នូរ​ដឹកជញ្ជូន​ឈើ​គ្មាន​ការរារាំង​។ ដែន​ជម្រក​សត្វព្រៃ​ភ្នំឱរ៉ាល់ ឋិត​នៅ​ចន្លោះ​ខេត្ត កំពង់ស្ពឺ កោះកុង និង​ពោធិ៍សាត់​។ នៅ​លើ​ក្រដាស តំបន់​ការពារធម្មជាតិ​មួយ​នេះ មាន​ផ្ទៃដី ជាង ២​សែន ៥​ម៉ឺន​ហិកតារ (២៥៣.៧៥០) ត្រូវ​បាន​ការពារ​ដោយ​ព្រះរាជក្រឹត្យ​ឆ្នាំ ១៩៩៣៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល