អាជ្ញាធរ​ប្រកាស​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់​គ្រោះ​ទឹក​ជំនន់​អំឡុង​វិធី​បុណ្យ​ភ្ជុំបិណ្ឌ​

ដោយ អាស៊ីសេរី
2019-09-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​ទឹកជំនន់​ចូល​​ក្នុង​​បន្ទប់​អ្នក​ជំងឺ​សម្រាក នៅ​មន្ទីរពេទ្យ​បង្អែក​អង្គរជុំ ខេត្ត​សៀមរាប ថ្ងៃ​ទី២៤ ខែ​កញ្ញា ឆ្នាំ២០១៩។
ទិដ្ឋភាព​ទឹកជំនន់​ចូល​​ក្នុង​​បន្ទប់​អ្នក​ជំងឺ​សម្រាក នៅ​មន្ទីរពេទ្យ​បង្អែក​អង្គរជុំ ខេត្ត​សៀមរាប ថ្ងៃ​ទី២៤ ខែ​កញ្ញា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក​មន្ទីរពេទ្យ​បង្អែក​អង្គរជុំ

អាជ្ញាធរ​បាន​ផ្ដល់​ដំណឹង​ជាថ្មី​ទៀត ដល់​ពលរដ្ឋ​រស់​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ជាពិសេស​ពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ចំនួន​៨ ឱ្យ​ប្រុងប្រយ័ត្ន​ខ្ពស់ ដោយសារ​បម្រែបម្រួល​អាកាសធាតុ។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធាន​ទឹក​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ ដើម​សប្ដាហ៍​នេះ​បង្ហាញ​ថា ជំនន់​ទឹក​ភ្លៀង​អាច​នឹង​កើត​មាន​ឡើង​ចាប់​ពី​ថ្ងៃ​ទី២៦ ដល់​ថ្ងៃ​ទី២៩ ចុង​ខែ​កញ្ញា​នេះ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ច្រើន គឺ​ចំ​ពេល​ដែល​ពលរដ្ឋ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ។

ក្រ​សួង​ធនធាន​ទឹក​ប្រកាស​ថា​ ឥទ្ធិពល​នៃ​សម្ពាធ​ខ្ពស់​ភាគ​ខាង​លើ​ ធ្លាក់​ចុះ​សង្កត់​លើ​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) បណ្ដាល​ឱ្យ​ទឹកភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​ ក្នុង​រយៈ​ពេល​ ៤ថ្ងៃ​ចុង​សប្ដាហ៍​នេះ​ គឺ​ប៉ះចំ​ថ្ងៃ​ដែល​ពុទ្ធបរិស័ទ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ និង​កាន់បិណ្ឌ។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក លោក ចាន់ យុត្ថា ដើម្បី​សុំ​ការ​ពន្យល់​បន្ថែម​បញ្ហា​នេះ​ តែ​ទូរ​ស័ព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នក​ទទួល​​នៅ​ថ្ងៃ​ទី២៤ ខែ​កញ្ញា​នេះ។

ចំណែក​អ្នក​នាំ​ពាក្យ​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ លោក​ កែវ​ វី​ ក៏​មិន​លើក​ទូរស័ព្ទ​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

ទោះ​យ៉ាងណា​ លោក​ កែវ​ វី​ បាន​ប្រាប់​កាសែត ភ្នំពេញ​ប៉ុស្តិ៍​ថា គ្រោះ​មហន្តរាយ​ទឹក​ជំនន់​ បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​ ១៦នាក់​ និង ៥នាក់​ទៀត​រង​របួស​ ក្នុង​អំឡុង​​ខែ​កញ្ញា​នេះ។ លោក​ថា​ គ្រោះ​មហន្តរាយ​នេះ​ បណ្ដាល​ឱ្យ​លិច​ផ្នែក​ខ្លះ​ ក្នុង​ខេត្ត​ចំនួន​ ៨ តាម​ដងទន្លេ​មេគង្គ​លើ​ និង​ទន្លេ​មេគង្គ​ក្រោម​រួម​មាន​ ខេត្ត​ស្ទឹងត្រែង​ កំពង់ចាម​ ត្បូង​ឃ្មុំ​ កំពង់ធំ​ ព្រៃវែង​ កណ្ដាល និង​ព្រះវិហារ​ គិត​ចាប់​តាំង​ពី​ដើម​ខែ​នេះ​ រហូត​មក​ទល់​ពេល​នេះ។ លោក​ថា​ បាតុភាព​នេះ​បង្ក​ប៉ះពាល់​លំនៅឋាន​ពលរដ្ឋ​ ជិត៩ម៉ឺន​គ្រួសារ (៨៩.៧២២) ក្នុង​នោះ​ពលរដ្ឋ​ជម្លៀស​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​ជាង​ ១ម៉ឺន​ ៤ពាន់​គ្រួសារ (១៤.៥៨៣)

សេចក្ដី​រាយការណ៍​ពី​ពលរដ្ឋ​នៅ​ខេត្ត​ព្រៃវែង​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២៤ កញ្ញា​ថា ពលរដ្ឋ​មួយ​ចំនួន​រង​គ្រោះ​ទឹក​ជំនន់​ នៅ​ក្នុង​ខេត្ត​នេះ​ កំពុង​ជួប​ការ​លំបាក​ផ្នែក​ជីវភាព​ និង​លំបាក​ធ្វើ​ដំណើរ​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ ក្នុង​វិធី​បុណ្យ​ភ្ជុំបិណ្ឌ​ ដោយសារ​ទឹក​ហ៊ុមព័ទ្ធ​ភូមិឋាន​អ្នក​ភូមិ។

អាជ្ញាធរ​ខេត្ត​ព្រៃវែង​បង្ហើប​ថា​ នៅ​ខេត្ត​ព្រៃវែង​ មាន​ក្រុង​ និង​ស្រុក​ចំនួន៦ កំពុង​ជួប​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​នៅ​តំបន់​ទំនាប​ និង​ផ្នែក​ខ្លះ​ជាប់​មាត់​ទន្លេ​ គឺ​ស្រុក​បាភ្នំ​ ស្រុក​ពាមរ​ក៏​ ស្រុក​ពាមជរ​ ស្រុក​ពារាំង​ ស្រុក​ពោធិ៍​រៀង​ និង​ក្រុង​ព្រៃវែង។ ទឹក​ជំនន់​នេះ​បណ្ដាល​ឱ្យ​លិច​ភូមិ​មួយ​ចំនួន​ធ្ងន់ធ្ងរ​ បង្ខំ​ឱ្យ​អ្នក​ភូមិ​ធ្វើ​ដំណើរ​តាម​ទូក​យក​ចង្ហាន់​ទៅ​វត្ត។

ពលរដ្ឋ​រស់នៅ​ភូមិ​ទី​តា​ង៉ើយ​ ឃុំ​រោង​ដំរី​ ស្រុក​បាភ្នំ​ លោក ប្រាក់ កុយ ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៤ កញ្ញា​ថា ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់​នៅ​ភូមិ​ទី​តា​ង៉ើយ និង​ភូមិ​ខ្សាច់​ស ក្នុង​ស្រុក​បាភ្នំ​ បាន​ជម្លៀស​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​ ក្រោយ​ពី​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ជាង​ ១សប្តាហ៍​មក​ហើយ។ លោក​ថា​ ជំនន់​ទឹក​ទន្លេ​ឆ្នាំនេះ គឺ​ជា​ឧបសគ្គ​រំខាន​ការ​ធ្វើ​បុណ្យ​ទាន​របស់​អ្នក​ភូមិ​ ហើយ​ពួក​គេ​ភាគ​ច្រើន​ បាន​ជិះ​ទូក​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត៖ «ទៅ​ណា​មក​ណា​ជិះ​ទូកដ វត្ត​អារាម​មិន​លិច​ទេ ទួល តែ​លិច​ភូមិ​ព័ទ្ធ​ជិត​តែ​ម្ដង ដើរ​ទៅ​ណា​មិន​រួច​ទេ។ អ្នក​ភូមិ​ជិះ​ទូក ប៉ះ​ពាល់​ធ្វើ​ដំណើរ អ្នកក្រ អ្នក​លំបាក បើ​ទឹក​មិន​លិច​រក​ស៊ី​បាន ដល់​ទឹក​លិច​ចប់»

ចំណែក​អភិបាល​ស្រុក​បាភ្នំ ខេត្ត​ព្រែ​វែង​ លោក​ ទេព​ ភារុន​ ថ្លែង​ថា​ ទឹក​ជំនន់​ឆ្នាំ​នេះ​ ពុំ​សូវ​ធ្ងន់ធ្ងរ​ដូច​ឆ្នាំ​មុនៗ នោះ​ទេ។ លោក​ថា​ នៅ​ស្រុក​បាភ្នំ​ មាន​ភូមិ​ចំនួន​ ២ រង​ផល​ប៉ះ​ពាល់​ដោយ​ទឹក​ជំនន់​ឆ្នាំ​នេះ​ ហើយ​អាជ្ញាធរ​បាន​ផ្ដល់​អំណោយ​កាក​បាត​ក្រហម​ បញ្ជូន​ក្រុម​គ្រូពេទ្យ​សង្គ្រោះ​បឋម​ និង​ផ្ដល់​ថ្នាំ​ជូន​ពលរដ្ឋ​រង​គ្រោះ៖ «អាជ្ញាធរ​យើង​ទី១ ពាក់ព័ន្ធ​បញ្ហា​សុខភាព​យើង​បាន​ដឹក​នាំ ក្រុម​គ្រូពេទ្យ​ចុះ​ទៅ​កន្លែង​ទីតាំង ដែល​មាន​បញ្ហា​ហ្នឹង ដើម្បី​ចែក​ជូន​នូវ​សម្ភារៈ​ថ្នាំ​ដង្កូវ​ជូន​គាត់ ហើយ​និង​ពិសេស​ថ្នាំ​ពាក់ព័ន្ធ​រាករូស យើង​ខ្លាច​គាត់​ហូប​ទឹក​នេះ (ទឹក​មិន​ស្អាត)។ យើង​បាន​នាំ​ក្រុម​គ្រូពេទ្យ ចុះ​ទៅ​មួយ​សារ​ហើយ ហើយ​អនុ​សាខា​កាកបាទ​ក្រហម ស្រុក​យើង (សាខា​កាកបាទ​ក្រហម​ស្រុក​បាភ្នំ) នាំ​យក​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន រួម​ទាំង​ថវិកា និង​អង្ករ​ជា​ដើម ទៅ​ចែក​រំលែក​ការ​លំបាក​ជូន​គាត់»

របាយការណ៍​មន្ត្រី​រដ្ឋាភិបាល​ដែល​កំពុង​បូក​សរុប​ទំហំ​ផល​ប៉ះពាល់​បង្ហាញ​ថា ទឹក​ជំនន់​បណ្ដាល​ឱ្យ​ខូច​ខាត​លំនៅឋាន​ ឬ​លិច​ផ្ទះ​ជាង ៦ម៉ឺន​ខ្នង​ លិច​សាលារៀន​ជាង​ ២៤៥កន្លែង​ លិច​វត្ត​អារាម​ចំនួន ១៥២​កន្លែង​ និង​ខូចខាត​ស្រូវ​កសិកម្ម​ទំហំ​ជាង ២ម៉ឺន​ហិកតារ (២៦.០០០)

ទន្ទឹម​គ្នា​នេះ អាជ្ញាធរ​ខេត្ត​សៀមរាប​នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា បាន​ជម្លៀស​អ្នក​ជំងឺ​ជាង ៤០នាក់ ពី​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​អង្គរជុំ ទៅកាន់​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ពួក ខណៈ​ជំនន់​ទឹកភ្លៀង​កាល​ពី​ថ្ងៃ​ទី២៣ ខែ​កញ្ញា​ បាន​បង្ក​ឱ្យ​ជន់​លិច​មន្ទីរពេទ្យ សាលារៀន និង​ផ្ទះ​របស់​ប្រជាពលរដ្ឋ ។

(ទឹកលិចចូលក្នុងមន្ទីរពេទ្យបង្អែក​អង្គរជុំ ថ្ងៃ​ទី២៤ ខែ​កញ្ញា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក​មន្ទីរ​ពេទ្យ​បង្អែកអង្គរជុំ)


ប្រធាន​ការិយាល័យ​សុខាភិបាល​ប្រតិបត្តិ​ស្រុក​អង្គរជុំ លោក ម៉ក់ សំអឿន បាន​ឱ្យ​អាស៊ីសេរី​ដឹង​ នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ភ្លៀង​ធ្លាក់​ចាប់​ពី​យប់​ទី២៣ ខែ​កញ្ញា បាន​បង្ក​ឱ្យ​ទឹក​ជន់​លិច​ និង​មាន​ទឹក​ជ្រាប​ពី​ខាង​លើ ដែល​អាច​បង្ក​ការ​លំបាក​ដល់​អ្នក​ជំងឺ ប៉ុន្តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ជំងឺ​ទេ។ លោក​បញ្ជាក់​ថា មក​ទល់​ពេល​នេះ ​ខាង​មន្ទីរពេទ្យ​បង្អែក​ស្រុក​អង្គរជុំ បាន​ជម្លៀស​អ្នក​ជំងឺ​ ចេញ​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពួក​អស់​ហើយ ដោយ​មាន​អ្នក​ជំងឺ​មួយ​ចំនួន​ត្រូវ​បញ្ជូន​តាម​រថយន្ត​សង្គ្រោះ៖ «យើង​បាន​ដឹង Ambulance (រថយន្ត​សង្គ្រោះ) តែ​ប្រាំ​មួយ​នាក់​ទេ ដោយសារ​អ្នក​ទាំង​ប្រាំ​មួយ​នាក់​ហ្នឹង ត្រូវ​ព្យួរ​សេរ៉ូម និង​ដាក់​អុកស៊ីសែន។ មូលហេតុ​នៃ​ការ​បញ្ជូន គឺ​មាន​មូលហេតុ​ពីរ​ទី​មួយ ដោយសារ​ទឹក​ឡើង​ខ្លាំង​ពេក យើង​គិត​ថា អាច​មាន​ខ្សែ​ភ្លៀង​ឆក់ ឆ្លង​ចរន្តអ​គ្គិសនី ដូច្នេះ​យើង​សម្រេច​ចិត្ត​ថា​បិទ​មន្ទីរ​ពេទ្យ​បណ្តោះអាសន្ន។ ទីពីរ កាល​ណា​ទឹក​លិច អាច​មាន​ការ​ចម្លង​រោគ​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ។ ដូច្នេះ យើង​មិន​អាច​ទុក​អ្នក​ជំងឺ​នៅ​កន្លែង​ហ្នឹង​បាន​ទេ»

លោក ម៉ក់ សំអឿន បន្ថែម​ថា រហូត​មក​ទល់​ល្ងាច​ថ្ងៃទី ២៤ ខែ​កញ្ញា​នេះ ស្ថានភាព​ទឹក​បាន​ស្រក​ចុះ​ជាង បី​សង់ទីម៉ែត្រ ទៅហើយ។ លោកថា បើ​តាម​ស្ថាន​ភាព​នេះ ខាង​មន្ទីរ​ពេទ្យ​បង្អែក​អាច​នឹង​ទទួល​យក​អ្នក​ជំងឺ​ត្រឡប់​មក​វិញ នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​បាន។

បណ្ដាញ​សង្គម​របស់​រដ្ឋបាល​ខេត្ត​សៀមរាប​បាន​ឱ្យ​ដឹង​ថា​ជំនន់​ទឹក​ភ្លៀងនេះ បាន​កើត​ឡើង​ចាប់​តាំង​ពី​ម៉ោង ៨យប់ ទី២៣ ខែ​កញ្ញា។ ជំនន់​ទឹក​ភ្លៀង​នេះ បាន​ធ្វើ​ឱ្យ​ជន់​លិច​ផ្ទះ​របស់​ពលរដ្ឋ នៅ​ក្នុង​ឃុំ​ដូនពេង ស្រុក​អង្គរជុំ ជាង​បួន​រយ​ខ្នង (៤២០) ក្នុង​នោះ​មាន​ភូមិ​ចំនួន​ពីរ​ដែល​ជន់​លិច​ខ្លាំង គឺភូមិបេង​ និងភូមិខ្ចាស់៕

(ទិដ្ឋភាព​ជម្លៀស​អ្នក​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​អង្គរជុំ ថ្ងៃ​ទី២៤ ខែ​កញ្ញា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក​លោក មួង ណារិន)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល