ក្រសួង​ធនធាន​ទឹក​ជូន​ដំណឹង​ថា បណ្ដា​រាជធានី​ខេត្ត​មួយ​ចំនួន​បន្ត​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​រយៈ ៧ថ្ងៃ​ជាប់​គ្នា

ដោយ ខែ សុណង
2019-09-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ភ្លៀង​ធ្លាក់​ខ្លាំង​ពី​ថ្ងៃ​ទី២២ កញ្ញា បណ្ដាល​ឲ្យ​ទឹក​ជន់​លិច​ផ្ទះ និង​ចម្ការ​ដំណាំ​ជា​ច្រើន នៅ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន នៅ​ថ្ងៃ​ទី២៣ ខែ​កញ្ញា ឆ្នាំ២០១៩។
ភ្លៀង​ធ្លាក់​ខ្លាំង​ពី​ថ្ងៃ​ទី២២ កញ្ញា បណ្ដាល​ឲ្យ​ទឹក​ជន់​លិច​ផ្ទះ និង​ចម្ការ​ដំណាំ​ជា​ច្រើន នៅ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន នៅ​ថ្ងៃ​ទី២៣ ខែ​កញ្ញា ឆ្នាំ២០១៩។
រូប៖ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម

ស្ថានភាព​ទឹក​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ជាប់ៗ គ្នា នៅ​បណ្ដា​រាជធានី ​និង​ខេត្ត​មួយ​ចំនួន​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​ ចាប់​ពី​ថ្ងៃ​ទី២៣ ដល់​ថ្ងៃ​ទី២៩ ខែ​កញ្ញា​នេះ។ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ជូន​ដំណឹង​ថា ភាគ​ត្បូង​នៃ​ប្រទេស​កម្ពុជា បាន​រង​ឥទ្ធិពល​អាកាសធាតុ​សម្ពាធ​ខ្ពស់​ពី​ភាគ​ខាង​លើ​ធ្លាក់​ចុះ​លើ​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ធ្លាក់​រំកិល​ចុះ​មក​ក្រោម​អូស​បន្លាយ​មក​លើ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​កម្ពុជា​សា​ជា​ថ្មី។

សេចក្ដី​ជូន​ដំណឹង​ចុះ​ថ្ងៃ​ទី២៣ ខែ​កញ្ញា​ដដែល​ឲ្យ​ដឹង​ទៀត​ថា ស្ថានភាព​បែប​នេះ នឹង​ធ្វើឲ្យ​បណ្ដា​រាជ​ធានី ខេត្ត​មួយ​ចំនួន មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​នៅ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន និង​ផ្នែក​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង។ នៅថ្ងៃទី២៤និងថ្ងៃទី២៥ ខែកញ្ញា ភ្លៀង​មាន​ភាព​រអាក់រអួល​បន្តិច។ ដោយឡែក នៅ​តំបន់​មាត់​សមុទ្រ​អាច​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ។

នៅ​ខេត្ត​មួយ​ចំនួន​នៅ​ភាគ​ពាយព្យ ក៏​កំពុង​ជួប​គ្រោះ​ទឹក​ជំនន់​ដោយ​សារ​ទឹក​ភ្លៀង​នេះ​ដែរ។

កាល​ពី​ថ្ងៃ​ទី២២ ខែ​កញ្ញា កម្លាំង​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ បាន​ជម្លៀស​ទៅ​ប្រជាពលរដ្ឋ​មួយ​ចំនួន នៅ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ កាន់​ទី​ទួល​មាន​សុវត្ថិភាព​ជា​បណ្ដោះអាសន្ន បន្ទាប់​ពី​ជំនន់​ទឹក​ភ្លៀង​បាន​ធ្លាក់​ជាប់ៗ មក​នេះ។

គ្រោះ​ទឹកជំនន់​នេះ ក៏​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​ក្នុង​ខេត្ត​ចំនួន​ ៨ តាម​ដង​ទន្លេ​មេគង្គ​ និង​ ជាប់​ដង​ទន្លេ​សាប​ផង​ដែរ។ របាយការណ៍​របស់​រដ្ឋាភិបាល​ដែល​កំពុង​បូកសរុប​ទំហំ​ផល​ប៉ះពាល់ បង្ហាញ​ថា មាន​ពលរដ្ឋ​ជាង​ ១ម៉ឺន (១០.៨៥៧) គ្រួសារ​ហើយ​ ដែល​ត្រូវ​បាន​អាជ្ញាធរ​ជម្លៀស​ចេញ​ពី​តំបន់ ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់ ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​ គិត​ចាប់​ពី​ចុង​ខែ​សីហា​មក​ទល់​ពេល​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល