សង្គម​ស៊ីវិល និង​ពលរដ្ឋ​ស្នើ​អាជ្ញាធរ​ឱ្យ​បំភ្លឺ​ករណី​រំលាយ​ភ្នំ​ទ្រូង​អណ្ដើក​នៅ​ខេត្ត​កែប​ជាប់​ខេត្ត​កំពត​

ដោយ វ៉ែន សុមេធ
2019-11-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​អាជីវកម្ម​ថ្ម នៅ​ភ្នំ​ទ្រូង​អណ្តើក ឋិត​ក្នុង​ខេត្ត​កែប នៅ​ថ្ងៃ​ទី១៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩។
ទិដ្ឋភាព​អាជីវកម្ម​ថ្ម នៅ​ភ្នំ​ទ្រូង​អណ្តើក ឋិត​ក្នុង​ខេត្ត​កែប នៅ​ថ្ងៃ​ទី១៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩។
រូប៖ សមាគម អាដហុក

មន្ត្រី​សង្គម​ស៊ីវិល​ និង​ពលរដ្ឋ​រស់​នៅ​ខេត្ត​កែប ជំរុញ​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​ស្រាយ​បំភ្លឺ​ករណីប​ណ្ដោយ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ រំលាយ​ភ្នំ​ទ្រូង​អណ្ដើក ដើម្បី​យក​ដី​ និង​ថ្ម​ធ្វើអាជីវកម្ម​។ ពួកគេ​អះអាង​ថា​ ការ​រំលាយ​ភ្នំ​ធម្មជាតិ​មួយ​នេះ​ អាជ្ញាធរ​ហាក់​លាក់​បាំង​ព័ត៌មាន​ ប៉ុន្តែ អាជ្ញាធរ​ចោទ​ ពលរដ្ឋ​ដែល​រិះគន់​រឿង​នេះ​ថា ជា​ក្រុម​បក្ស​ប្រឆាំង​ទៅ​វិញ។

អង្គការ​សង្គម​ស៊ីវិល​ និង​ពលរដ្ឋ​នៅ​មិន​ទាន់​ស្ងប់​អារម្មណ៍​នៅ​ឡើយ​ទេ​ ករណី​អាជ្ញាធរ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ឯកជន​ ដែល​ពួកគេ​មិន​ស្គាល់​ឈ្មោះ​ និង​ឈ្មួញ​មួយ​ចំនួន​ កាយ​ភ្នំ​ទ្រូង​អណ្ដើក​យក​ដី​ និងថ្ម ធ្វើ​អាជីវកម្ម​ ហើយ​មក​ទល់​ពេល​នេះ​ភ្នំ​ធម្មជាតិ​មួយ​នេះ​ ខូច​រូបរាង​ទាំង​ស្រុង​ហើយ។

មន្ត្រី​សម្របសម្រួល​សមាគម អាដហុក ខេត្ត​កែប​ និង​ខេត្តកំពត​ លោក​ យន់​ ផល្លី​ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៩​ វិច្ឆិកា​ថា​ ការ​រំលាយ​ភ្នំ​ធម្មជាតិ​ ដើម្បី​ធ្វើ​អាជីវកម្ម​ បង្ក​ផល​​ប៉ះពាល់​ផ្នែក​បរិស្ថាន​ និង​សង្គម​ជា​ច្រើន​ ជាពិសេស ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ពលរដ្ឋ​នៅ​តំបន់​នោះ​ផ្ទាល់​តែ​ម្ដង។ លោក​ថា អាជីវកម្ម​កាយ​ដី និង​យក​ថ្ម​​ភ្នំ​នេះ ធ្វើ​ឡើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​ពុំ​ឃើញ​អាជ្ញាធរ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ ពី​គម្រោង​វិនិយោគ​ និង​គោលការណ៍​អនុប្បយោគ​នោះ​ទេ។ លោក​ចាត់​ទុក​​ការ​រំលាយ​ភ្នំ​នេះ​ថា​ ជា​ទង្វើ​ខុស​ច្បាប់៖ «ពលរដ្ឋមួយចំនួនលោកអាស្រ័យផលដោយសារ តំបន់ភ្នំ ឬ​អាស្រ័យអនុផលព្រៃឈើហ្នឹង។ រងការបំផ្លាញទៅពលរដ្ឋរស់នៅជុំវិញហ្នឹង ការអាស្រ័យផល អនុផលព្រៃនៃព្រៃឈើ នៅតំបន់ភ្នំហ្នឹងគឺលែងទទួលបានហើយ អ៊ីចឹងវាអាចធ្វើឱ្យមានការ ចំណាក​ស្រុក​ផ្សេងៗ រកការងារធ្វើនៅឆ្ងាយ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ បន្ថែម​ថា​ ការ​រំលាយ​ភ្នំ​ធម្មជាតិ​មួយ​នេះ​ធ្វើ​ឱ្យ​បាត់បង់​ព្រៃ​ឈើ​ ជម្រក​សត្វ​ព្រៃ​ ហើយ​ពលរដ្ឋ​រាប់​រយ​គ្រួសារ​រស់នៅ​តំបន់​នោះ​ បាត់​បង់​ទី​កន្លែង​អាស្រ័យ​ផល​ជា​ដើម។ លោក​បន្ថែម​ថា ពលរដ្ឋ​ភាគ​ច្រើន​ ខ្លាច​រអា​មិន​ហ៊ាន​ចេញ​មុខ​តវ៉ា​ប្រឆាំង​ការ​រំលាយ​ភ្នំ​ធម្មជាតិ​មួយ​នេះ​ទេ។

ពលរដ្ឋ​រស់​នៅ​ភូមិ​ចម្ការ​ចេក ឃុំ​ពង​ទឹក ស្រុក​ដំណាក់​ចង្អើរ ​លោក ឥន្ទ សុធា មាន​ប្រសាសន៍​ថា ក្រុម​ពលរដ្ឋ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​បំផ្លាញ​ភ្នំ​ធម្មជាតិ​មួយ​នេះ​ទេ និង​ចង់​ឱ្យ​អាជ្ញាធរ​ស្រាយ​បំភ្លឺ។ លោក​ថា ​ភ្នំ​ទ្រូង​អណ្ដើក​កំពុង​រង​ការបំផ្លាញ​ដល់​កម្រិត​កំពូល​ និង​អាច​ឈាន​ទៅ​រក​ការ​បាត់បង់​រូប​រាង​ទាំងស្រុង។ លោក​អះអាង​ថា ការ​ធ្វើ​អាជីវកម្ម​ថ្ម​ភ្នំ​នេះ​ធ្វើ​ឱ្យ​ហុយ​ធូលី​ចូល​ផ្ទះ និង​មាន​សំឡេង​​លាន់​ឮខ្លាំង​ចេញ​ពី​ការ​បំផ្ទុះ​ថ្ម រំខាន​ការ​រស់​នៅ​របស់​អ្នក​ស្រុក​ជា​ច្រើន​គ្រួសារ​រស់​នៅ​តំបន់​នោ៖ «យើង​មាន​ការ​សោក​ស្តាយ​ដែរ កាល​មុន​យើង​ធ្លាប់​រក​ឧស និង​ឃ្វាល​គោ។ កាយ​មក​វា​ប៉ះពាល់ ធ្លាក់​កំទិច​ហ្នឹង​មក ប៉ះពាល់​ដំណាំ​ជិត​ខាង។ ស្តាយ​ខ្លាំង​ដែល ព្រោះ​ភ្នំ​យើង​តាំង​ពីរ​យូរ​លុង​មក​ហើយ ឥឡូវ​គេ​រំលាយ​សាប​សូន្យ ហើយ​វា​ក្បែរ​ថ្នល់​ទៀត។ ក្មេង​ក្រោយៗ វា​បាត់​សាប​សូន្យ​លែង​ស្គាល់​ភ្នំ​ហើយ។ បើ​យើង​គិត វា​មិន​គួរ​រំលាយ​ទេ​បង ក្បែរ​ថ្នល់​ជាតិ​យើង​ទៀត»

ឆ្លើយតប​រឿង​នេះ​ ប្រធានមន្ទីរ​រ៉ែ​ និង​ថាមពល​ ខេត្ត​កែប​ លោក​ យស់​ មុនី​ ចាត់​ទុក​អ្នក​រិះគន់​រឿង​នេះ​ ជា​ក្រុម​បក្ស​ប្រឆាំង។ លោក​ថា អាជ្ញាធរ​ជាតិ​បាន​វិនិយោគ​ភ្នំ​នេះ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ជាង ១០ឆ្នាំ​​មក​ហើយ​ ដើម្បី​យក​ថ្ម​ និង​ដី​ អភិវឌ្ឍ​ផ្លូវ​សំខាន់ៗ ក្នុង​ប្រទេសៗ លោក​បដិសេធ​មិន​បញ្ជាក់​លម្អិត​ថា តើ​រដ្ឋាភិបាល​វិនិយោគ​ភ្នំ​នេះ​ឱ្យ​ក្រុមហ៊ុន​ណា​នោះ​ទេ? ចំពោះ​សំណួរ​ថា តើ​រដ្ឋាភិបាល​បាន​ធ្វើ​អនុប្បយោគ​ភ្នំ​នេះ​ឬទេ​ មុន​សម្រេច​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ លោក យល់ មុនី ឆ្លើយ​ថា លោក​មិន​ដឹង​រឿង​នេះ​ទេ តែ​លោក​គ្រាន់​តែ​ដឹង​ថា ភ្នំ​នេះ​បាន​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ និង​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹម​ត្រូវ៖ «អនុប្បយោគ និង​មិន​អនុប្បយោគ ខ្ញុំ​អត់​ដឹង​ទេ! តែ​អាជ្ញាប័ណ្ណ​ហ្នឹង វា​មាន​ចេញ​ដោយ​ក្រសួងរ៉ែ និង​ថាមពល វា​មាន​ពីរ​ទៅ បី​ក្រសួង​ឯកភាព មុន​គេ​ធ្វើ​អាជីវកម្ម គឺ​មាន​ក្រសួង​កសិកម្ម និង​ក្រសួង​បរិស្ថាន។ ខាង​ក្រសួង​រ៉ែ ដូច​អត់​ធ្វើ​អនុប្បយោគ​ទេ ព្រោះ​ដី​ហ្នឹង​ជា​ដី​រដ្ឋ ដី​ណា​ក៏​ដី​រដ្ឋ​ដែរ តែ​ដី​រដ្ឋ​នេះ អាជីវករ​គេ​ធ្វើ​រ៉ែ»

មន្ត្រី​នាំពាក្យ​សមាគម អាដហុក ADHOCលោក ស៊ឹង សែនករុណា ពន្យល់​ថា ភ្នំ​ធម្មជាតិ​ចាត់​ទុក​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ហើយ​ប្រសិន​បើ​រដ្ឋ​ចង់​វិនិយោគ​ ត្រូវ​ធ្វើ​អនុប្បយោគ​ភ្នំ​នេះ​ ជា​ទ្រព្យ​ឯកជន​របស់​រដ្ឋ​ជា​មុន​សិន។ លោក​ថា លក្ខខណ្ឌ​នៃ​ការ​ធ្វើ​អនុប្បយោគ ត្រូវ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ច្បាស់លាស់ និង​ត្រូវ​គ្រប់គ្រង​ចំណូល​ចំណាយ​ជូន​រដ្ឋ​ជា​ដើម៖ «គេ​ធ្វើ​អនុប្បយោគ​ទៅ​ឱ្យ​ក្រុមហ៊ុន​ណា​មួយ ដី​ទាំង​អស់​ហ្នឹង​គេ​បាន​ធ្វើ​ការ​សិក្សា គេ​វាយ​តម្លៃ​ផល​ប៉ះពាល់​បាន​ត្រឹម​ត្រូវ និង​យក​វា​ប្រើប្រាស់ជា​ប្រយោជន៍ សម្រាប់​សង្គម​ជាតិ​យ៉ាង​ម៉េច​ខ្លះ​អ៊ីចឹង? ក៏​ប៉ុន្តែ​រូប​ភាព​ខ្លះ មិន​មែន​អ៊ីចឹង​ទេ យក​ធ្វើ​អនុប្បយោគ​ហើយ ធ្វើ​ការ​វិនិយោគ​ឱ្យ​ក្រុមហ៊ុន ចេញ​រូបភាព​បំផ្លាញ និង​គ្មាន​ការ​គ្រប់គ្រង​ចំណូល និង​ចំណាយ​ហ្នឹង​គ្មាន​តម្លាភាព​ទេ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ សង្កេត​ឃើញ​ថា​ កន្លង​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​តែង​ធ្វេស​ប្រហែស​ បណ្ដោយ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ និង​ឈ្មួញ​ខ្លះ​បំផ្លាញ​ធនធាន​ធម្មជាតិ ហើយ​ការ​គ្រប់គ្រង​ថវិកា​ បង់​ពន្ធ​ជូន​រដ្ឋ​ ក៏​មិន​ច្បាស់លាស់​ផង​ដែរ។

ច្បាប់​ភូមិបាល​ឆ្នាំ ២០០១ មាត្រា ១៦ ចែង​ថា ទ្រព្យ​សាធារណៈ​របស់​រដ្ឋ​មិន​អាច​លក់​ដូរ​បាន​ទេ ហើយ​ទ្រព្យ​កម្មសិទ្ធិ​ទាំង​នោះ មិន​អាច​កំណត់​អាជ្ញាយុកាល​បាន​ឡើយ៕

(​ភ្នំ​ទ្រូង​អណ្ដើក នៅ​ខេត្ត​កែប ដែល​​អាជ្ញាធរ​​ប​ណ្ដោយ​​ឱ្យ​​ក្រុមហ៊ុន​ឯកជន​ រំលាយ ដើម្បី​យក​ដី​ និង​ថ្ម​ធ្វើអាជីវកម្ម​។ រូប៖ សមាគម​អាដហុក ថ្ងៃ​ទី១៩ ខែ​វិច្ឆកា ឆ្នាំ២០១៩)


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល