សកម្មជន និង​មន្ត្រី​សង្គម​ស៊ីវិល ​រិះគន់​តុលាការ​ខេត្ត​មណ្ឌលគិរី​ថា​ ទន់​ខ្សោយ​ការ​អនុវត្ត​ច្បាប់​ព្រៃ​ឈើ

ដោយ សេក បណ្ឌិត
2019-09-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាលាដំបូងខេត្ត​មណ្ឌលគិរី។
សាលាដំបូងខេត្ត​មណ្ឌលគិរី។
រូប៖ RFA

តំណាង​អយ្យការ​ និង​តុលាការ​ខេត្ត​មណ្ឌលគិរី​ រង​ការ​រិះគន់​ថា​ មាន​ភាព​ទន់​ខ្សោយ​ការ​អនុវត្ត​ច្បាប់​ព្រៃ​ឈើ​ និង​ទន់ខ្សោយ​ផ្នែក​សមត្ថភាព​ដោះ​ស្រាយ​សំណុំរឿង​បទ​ល្មើស​ឧក្រិដ្ឋ​ព្រៃ​ឈើ​ប្រកប​ដោយ​វិជ្ជាជីវៈ​ និង​ក្រម​សីលធម៌។ សកម្មជន​បរិស្ថាន​ និង​មន្ត្រី​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា​ តុលាការ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ ចាត់​វិធានការ​ច្បាប់​លើ​​ក្រុម​ឧក្រិដ្ឋជន​ ប្រព្រឹត្ត​បទ​ល្មើស​ព្រៃ​ឈើ​ជា​ច្រើន​នាក់​ទៀត ខណៈ​ដែល​គណៈកម្មការ​ជាតិ​បាន​ចុះ​បិទ​ក្រុមហ៊ុន​ចំនួន​ ៦ កាល​ពី​ពេល​កន្លង​ទៅ។

សកម្មជន​បរិស្ថាន​ និង​មន្ត្រី​សង្គម​ស៊ីវិល​ថា សមត្ថភាព​អនុវត្ត​ច្បាប់​របស់​ស្ថាប័ន​អយ្យការ និង​តុលាការ​ខេត្ត​មណ្ឌលគិរី​ ខ្វះ​ចន្លោះ​ច្រើន​ និង​គ្មាន​អំណាច​ឯករាជ្យ​អនុវត្ត​ច្បាប់​លើ​ក្រុម​ឧក្រិដ្ឋជន​ និង​អាជ្ញាធរ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ព្រៃ​ឈើ​គ្រប់​ជ្រុងជ្រោយ​នៅ​ឡើយ​ទេ។ ពួក​គេ​សង្កេត​ឃើញ​ថា​ ការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ គឺ​ទាល់​តែ​គណៈកម្មការ​ជាតិ​ចុះ​អនុវត្ត​ជាក់​ស្ដែង និង​បញ្ជូន​សំណុំ​រឿង​ទៅ​អយ្យការ ទើប​ស្ថាប័ន​មួយ​នេះ​ចេញ​មុខ​អនុវត្ត​ច្បាប់។

មន្ត្រី​ជាន់ខ្ពស់​សមាគម អាដហុក (ADHOC) លោក​ ប៉ែន ប៊ុណ្ណារ៍ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២២ កញ្ញា​ថា សំណុំ​រឿង​មនុស្ស ២០នាក់​ ជាប់​ពាក់ព័ន្ធ​ប្រព្រឹត្ត​បទ​ល្មើស​ព្រៃ​ឈើ​ ដែល​អយ្យការ​កោះ​ហៅ​កន្លង​ទៅ​ពុំ​ឃើញ​ឃុំ​ខ្លួន​ជន​សង្ស័យ​ទាំង​នោះ​ទេ។ លោក​ហៅ​ចំណាត់​ការ​របស់​តុលាការ​ថា​ មិន​ផ្ដល់​យុត្តិធម៌​ពិត​ប្រាកដ​ជូន​សង្គម​ជាតិ និង​ពលរដ្ឋ​នោះ​ទេ។ លោក​ថា តុលាការ​អនុវត្ត​ច្បាប់​ហាក់​ស្ទាក់ស្ទើរ​ និង​ធូរ​រលុង​ច្រើន​ទៅ​លើ​បុគ្គល​មាន​អំណាច​ជា​ឧកញ៉ា​ និង​ឈ្មួញ​ដទៃ​ទៀត។ លោក​សង្ស័យ​ថា ស្ថាប័ន​ទាំង​នេះ​អាច​ជាប់​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ៖ «ទាំង​សង្គម​ស៊ីវិល ទាំង​សកម្មជន​ការពារ​បរិស្ថាន ការពារ​ព្រៃ​ឈើ លោក​ប្រតិកម្ម​ពី​ភាព​យឺតយ៉ាវ នៃ​ស្ថាប័ន​តុលាការ​ហ្នឹង។ យើង​គិត​ថា វា​នឹង​ធ្វើ​ឲ្យ​សម្ពាធ​រួម​គ្នា ទាំង​អស់​ហ្នឹង​ធ្វើ​ឲ្យ​ស្ថាប័ន​អយ្យការ​លោក​នឹង​ធ្វើ​ការ​ឲ្យ​មាន​ប្រសិទ្ធភាព ក៏​វា​បង្ហាញ​ថា បើ​មិន​ដំណើរ​ការ​ទេ ប្រាកដ​ជា​មាន​ការ​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ​នៅ​ក្នុង​ហ្នឹង​ហើយ»

កាលពី​ចុងខែ​កក្កដា​ កន្លងទៅ​ តំណាង​អយ្យការ​អម​សាលាដំបូង​ ខេត្ត​មណ្ឌលគិរី​បាន​កោះហៅ​ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ ថៅកែ​ជន​ជាតិ​ចិន​ ឧកញ៉ា​ និង​អ្នក​ពាក់ព័ន្ធ​បទ​ល្មើស​ព្រៃ​ឈើ​ប្រមាណ​ ២០នាក់​ទៀត​ ឱ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ទី៣០ ខែ​សីហា​ ទាក់ទិន​សំណុំ​រឿង​ប្រមូល​ផល​ អនុផល​ព្រៃ​ឈើ​ គ្មាន​លិខិតអនុញ្ញាត។ ចំណែក នៅ​ក្នុង​​សំណុំ​រឿង​ព្រៃ​ឈើ​ដាច់​ដោយ​​ឡែក​មួយ​ទៀត តុលាការ​បាន​ឃុំ​ខ្លួន​មនុស្ស ១១នាក់ ក្នុង​នោះ ៥នាក់​ជនជាតិ​ខ្មែរ​ ៣នាក់​ជា​ជនជាតិ​វៀតណាម​ និង ៣នាក់​ទៀត​ជា​ជនជាតិ​ចិន។

អ្នកនាំពាក្យ​តំណាង​អយ្យការ​ខេត្ត​មណ្ឌលគិរី លោក ម៉ម វ៉ាន់ដា ឱ្យ​ដឹង​ថា​ សំណុំរឿង​ដែល​ព្រះរាជ​អាជ្ញា​ចេញ​បញ្ជា​ឱ្យ​មនុស្ស ២០នាក់​ចូល​ខ្លួន​នោះ មាន​សំណុំរឿង​ខ្លះ​តំណាង​អយ្យការ​កំពុង​ស៊ើប​អង្កេត​ ហើយ​មាន​សំណុំរឿង​ខ្លះ​ទៀត​ បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​រួចហើយ​។ លោក​អះអាង​ថា ចៅក្រម​ស៊ើបសួរ​ បាន​កោះហៅ​មនុស្ស​មួយ​ចំនួន​ទៀត​ ដើម្បី​ស្ដាប់​ចម្លើយ​ ហើយ​ក្នុង​នោះ​មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​ឃុំ​​ខ្លួន​។ លោក​បដិសេធ​មិន​បញ្ជាក់​លម្អិត​ថា​ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ ក្នុងចំណោម​ ២០នាក់​ត្រូវ​បាន​ឃុំ​ក្នុង​ពន្ធនាគារ​ទេ ដោយ​លើក​ហេតុផល​ថា​ សំណុំរឿង​នេះ​ ចៅក្រម​មាន​សិទ្ធិ​ចេញដីកាកោះ​ហៅ​បន្ថែម​ទៀត​៖ «ចំនួន ២០នាក់ហ្នឹង គឺ​យើង​បាន​បំបែក​សំណុំ​រឿង​ហើយ ទៅ​ដល់​ដៃ​តំណាង​អយ្យការ​មួយ​ចំនួន។ មួយ​ចំនួន​ទៀត បាន​ទៅ​ដល់​ដៃ​ចៅក្រម​ស៊ើប​សួរ​ហើយ ហើយ​ចៅក្រម​បាន​សម្រេច អ្នក​ខ្លះ​បាន​ឃុំ​ខ្លួន ក៏​កំពុង​ធ្វើ​ការ​កោះហៅ​បុគ្គល​មួយ​ចំនួន​ទៀត​ផង​ដែរ ដើម្បី​ធ្វើ​ការ​ស្ដាប់​ចម្លើយ។ ខ្ញុំ​អត់​អាច​ជម្រាប​លម្អិត​បាន​ទេ​បង សំណុំរឿង​មួយៗ នេះ ចៅក្រម​មាន​សិទ្ធិ​ចេញ​ដីកា​បន្ថែម​ទៀត តាម​អ្វី​ដែល​គាត់​ចង់​ដឹង ហើយ​តំណាង​អយ្យការ​មួយៗ ហ្នឹង គាត់​ធ្វើ​នៅ​សកម្មភាព​បន្ត​របស់​គាត់​ដែរ»

ក៏​ប៉ុន្តែ អ្នកនាំពាក្យ​តុលាការ​ខេត្ត​មណ្ឌលគិរី​ លោក​ មាស​ ប្រុស​ ប្រាប់​អាស៊ី​សេរី​ថា​ មកទល់​ពេល​នេះ​ មនុស្ស​ទាំង​ ២០នាក់​នោះ​ មិន​ទាន់​មាន​នរណា​ម្នាក់​ ត្រូវ​បាន​ឃុំខ្លួន​នៅ​ឡើយ​ទេ។ លោក​ថា ក្នុង​ចំណោម​មនុស្ស​ ២០នាក់​នោះ​ អយ្យការ​បាន​បញ្ជូន​ ២សំណុំ​រឿង​ មក​ចៅក្រម​ស៊ើបសួរ​ ហើយ​ចៅក្រម​កំពុង​ស៊ើប​អង្កេត​ និង​កោះហៅ​បន្ថែម​ទៀត។ លោក​សង្កត់ធ្ងន់​ថា ប្រសិន​បើ​ចៅក្រម​រក​ឃើញ​ថា​ មាន​បុគ្គល​ណា​ ជាប់​ពាក់ព័ន្ធ​ប្រព្រឹត្ត​បទ​ល្មើស​ព្រៃ​ឈើ​ ពួក​គេ​នឹង​មិន​អាច​គេច​ផុត​ពី​សំណាញ់​ច្បាប់​បាន​ទេ៖ «ឲ្យ​តែ​មាន​ពិរុទ្ធ មាន​បទ​ល្មើស ឲ្យ​តែ​មាន​គាត់​បាន​ប្រព្រឹត្ត​អា​ហ្នឹង​គាត់​ធ្វើ​តាម​ហ្នឹង​ហើយ​បង។ ខ្លាច​តែ​គាត់​មិន​បាន​ប្រព្រឹត្ត​តាម​គេ​ឆ្លើយ​ដាក់ តែ​បើ​គាត់​បាន​ប្រព្រឹត្ត​អត់​រត់​រួច​ពី​សំណាញ់​ច្បាប់​ទេ។ អត់​លើក​លែង​ទេ ! ជន​ដែល​បាន​ប្រព្រឹត្ត បាន​សម​គំនិត​ក្នុង​ការ​ប្រព្រឹត្ត​បទ​ល្មើស​ព្រៃឈើ គឺ​អត់​រួច​ពី​សំណាញ់​ច្បាប់​ទេ ព្រោះ​គណៈកម្មការ​ជាតិ កំពុង​តែ​ដុត​ដៃ​ជើង​ចុះ​មក​បង្ក្រាប»

សកម្មជន​បរិស្ថាន​ លោក​ ហេង​ ស្រស់​ អះអាង​ថា​  ​ប្រសិនបើ​តុលាការ​ ​និង​អយ្យការ​មិន​អនុវត្ត​ច្បាប់ព្រៃ​ឈើ​ឱ្យ​ម៉ឹង​ម៉ាត់​ និង​ចាប់ខ្លួន​ក្រុម​ឧក្រិដ្ឋជន​ មក​ផ្ដន្ទាទោស​នោះ​ទេ​ មានន័យថា​ តុលាការ​បាន​រួមចំណែក​បំផ្លាញ​ធនធាន​ធម្មជាតិ​ និង​ប្រព្រឹត្ត​អំពើពុករលួយ​។ លោក​ថា​ ក្រុម​ឧកញ៉ា​ ៣នាក់​ ដែល​រត់គេច​ ក៏​ពុំ​ទាន់​ឃើញ​ តុលាការ​ចាប់ខ្លួន​មក​ផ្ដន្ទាទោស​នៅឡើយ​ទេ​។ រី​ឯ​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​ជាប់​សង្ស័យ​ថា បាន​​​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​វិញ ក៏​ពុំ​ឃើញ​មាន​ការ​អនុវត្ត​ច្បាប់​បន្ថែម​ទៀត​ដែរ៖ ខ្ញុំ​គិត​ថា ប្រសិន​បើ​គាត់​មិន​បាន​អនុវត្ត​ច្បាប់ ទៅ​តាម​ប្រទេស​កម្ពុជា អា​ហ្នឹង​ហាក់​បី​ដូច​គាត់​ចូល​ដៃ​ជើង ហាក់​បី​ដូច​គាត់​ទទួល​បាន ឆ្អឹង​មួយ​ដុំ ពាំ​ឆ្អឹង​ហ្នឹង​មិន​ខ្ចី​អើពើ អនុវត្ត​ច្បាប់​ថែម​ទៀត ហើយ​បើ​តុលាការ​មិន​ព្រម​ចាត់​វិធានការ​ទេ តុលាការ​បើក​ភ្លើង​ខៀវ ហាក់បីដូចជា តុលាការ​ហ្នឹង ចូលរួម​បំផ្លាញ​ធនធាន​ធម្មជាតិ បំផ្លាញ​សម្បត្តិ​ប្រទេស​ជាតិ ហើយ​អ្នក​ទាំង​អស់​ហ្នឹង​នឹង​ជាប់​ខ្លួន​ប្រវត្តិសាស្ត្រ​ថា ជា​អ្នក​បំផ្លាញ​សម្បត្តិ​ជាតិ​ខ្លួន​ឯង»

មន្ត្រី​នាំ​ពាក្យ​សមាគម អាដហុក លោក​ ស៊ឹង​ សែន​ករុណា​ កត់​សម្គាល់​ថា ​ស្ថាប័ន​តុលាការ​​រង​ការរិះគន់​ថា​ មាន​ភាព​ទន់ខ្សោយ​ខាង​វិជ្ជាជីវៈ​ និង​ឯករាជ​ភាព​របស់​ខ្លួន​ ជាពិសេស​យឺតយ៉ាវ​ ក្នុង​ការវិនិច្ឆ័យ​រឿង​ក្ដី​ទាក់ទិន​បទល្មើស​ព្រៃឈើ​។ លោក​ថា​ បញ្ហា​នេះ​ ជា​ឧបសគ្គ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ច្បាប់​ សិទ្ធិមនុស្ស​ និង​ធនធាន​ធម្មជាតិ​ ដែល​ជាហេតុ​ធ្វើ​ឱ្យ​ជនល្មើស​មិន​រាងចាល​។ លោក​ផ្ដល់​ទស្សនៈ​ថា ប្រសិន​មន្ត្រី​តុលាការ​ណា​ម្នាក់​មិន​ចាត់ការ​សំណុំរឿង​ក្ដី​តាម​នីតិវិធី​កំណត់​ ពលរដ្ឋ​អាច​ប្ដឹង​មន្ត្រី​តុលាការ​នោះ​ទៅ​ស្ថាប័ន​ឧត្ដម​ក្រុម​ប្រឹក្សា​អង្គចៅក្រម​ ដើម្បី​កោះហៅ​មន្ត្រី​តុលាការ​មក​ឆ្លើយ​បំភ្លឺ​ពី​ការ​បំពេញ​តួនាទី​វិជ្ជាជីវៈ​ ដែល​ត្រូវ​បាន​ចោទ​ថា​ មិនបាន​ត្រឹមត្រូវ​តាមច្បាប់​នោះ៖ «ប្រព័ទ្ធ​តុលាការ​នៅ​កម្ពុជា​យើង​ហ្នឹង ពាក់ព័ន្ធ​ផល​ប្រយោជន៍ និង​អំពើ​ពុក​រលួយ​ហ្នឹង​ហើយ ដែល​ជា​បញ្ហា​កំណែ​ទម្រង់​ហ្នឹង​អត់​បាន ជ្រះស្រឡះ អត់​បាន​ងាក​ចេញ​ពី​អំពើ​ពុក​រលួយ។ អ៊ីចឹង​ហើយ រាល់​ដំណើរ​ការ នីតិវិធី​របស់​គណៈកម្មការ​ក្តី និង​តុលាការ​ក្តី យើង​ពិបាក​ជឿ​ទុក​ចិត្ត​ថា ការ​អនុវត្ត​ហ្នឹង​អត់​មាន​អំពើ​ពុក​រលួយ លុះ​ត្រា​តែ​ការ​អនុវត្ត​ហ្នឹង​បាន​បង្ហាញ​ប្រាប់​សាធារណជន​ថា អនុវត្ត​មិន​រើស​មុខ ដោយ​មិន​លម្អៀង​ទៅ​ផ្នែក​ណា​មួយ»

កាលពី​ចុងខែ​សីហា​កន្លងទៅ​ ឧកញ៉ា​ ៣រូប​ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ព្រៃឈើ​ បាន​គេច​ខ្លួន​មិន​ចូល​បំភ្លឺ​នៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​មណ្ឌលគិរី។ ឧកញ៉ា​ ៣នាក់​ រួម​មាន​ ឧកញ៉ា​ វន់​ ប៊ុនថៃ​ ឧកញ៉ា ស្រ៊ុន ម៉េងលាង ជា​ម្ចាស់​ក្រុមហ៊ុន​ ម៉េង លាង (គ្មាន​ភាសា​អង់គ្លេស) និង​ឧកញ៉ា​ តុប​ វីរដា​ ម្ចាស់​ក្រុមហ៊ុន វិជ្ជរី (គ្មាន​ភាសា​អង់គ្លេស) ដែល​ជា​ជន​សង្ស័យ​ទាក់ទិន​សំណុំ​រឿង​ បទល្មើស​ឧក្រិដ្ឋ​ព្រៃ​ឈើ។ អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​ក្រុម​​ឧកញ៉ា​ទាំង​នេះ​បាន​ទេ គិត​ត្រឹម​​ម៉ោង​ផ្សាយ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល