សកម្មជន​បរិស្ថាន​ថា គណៈកម្មការ​ជាតិ​អនុវត្ត​ច្បាប់​ព្រៃ​ឈើ​បាន​តែ​មួយ​រយៈ​ពេល​ខ្លី

ដោយ​ សន ចាន់រដ្ឋា
2019-10-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមត្ថកិច្ច​ខេត្ត​កំពង់​ស្ពឺ​ប្រមូល​ឈើ​ប្រភេទ សុក្រំ និង​តាសេក កាប់​ពី​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ យក​ទៅ​រក្សា​ទុក​នៅ​ទីស្នាក់ការ​រដ្ឋបាល​ព្រៃ​ឈើ ស្រុក​ឱរ៉ាល់ នៅ​រសៀល​ថ្ងៃ​ទី១៤ ខែ​តុលា ឆ្នាំ២០១៩។
សមត្ថកិច្ច​ខេត្ត​កំពង់​ស្ពឺ​ប្រមូល​ឈើ​ប្រភេទ សុក្រំ និង​តាសេក កាប់​ពី​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ យក​ទៅ​រក្សា​ទុក​នៅ​ទីស្នាក់ការ​រដ្ឋបាល​ព្រៃ​ឈើ ស្រុក​ឱរ៉ាល់ នៅ​រសៀល​ថ្ងៃ​ទី១៤ ខែ​តុលា ឆ្នាំ២០១៩។
រូប៖ លោក ជា ហ៊ាន

សកម្មជនបរិស្ថាន និងសហគមន៍ជន​ជាតិ​ដើម​ភាគ​តិច នៅ​មិន​ទាន់​ស្ងប់​អារម្មណ៍​ចំពោះការ​ថយ​ចុះ​ទំហំ​ព្រៃ​ឈើ​ជា​បន្តបន្ទាប់ និង​ការ​បាត់បង់​ឈើ​ប្រណិត​នៅ​តំបន់​ព្រៃ​ការពារ​ធម្មជាតិ​គ្រប់​តំបន់។ ពួក​គេ​មើល​ឃើញ​ថា ការ​អនុវត្ត​ច្បាប់របស់​អាជ្ញាធរពាក់ព័ន្ធ និង​​គណៈកម្មការ​​ជំនាញ មិន​ឈរ​លើ​គោលការណ៍​រឹងមាំ និង​​ច្បាស់លាស់​​នៅ​​ឡើយ​ទេ។

ក្រុមយុវជន សហគមន៍ព្រៃឈើ និង សកម្មជនបរិស្ថាន សោកស្តាយ ចំពោះការបាត់បង់​ធនធាន​​ធម្មជាតិ​​បន្តិច​​ម្តងៗ ដោយ​គ្មាន​អ្នក​​ទទួល​ខុស​ត្រូវ និង​គ្មាន​យន្តការ​ទប់ស្កាត់ ឱ្យ​ច្បាស់លាស់ និង​មាន​ប្រសិទ្ធភាពយូរអង្វែង។ ពួក​គេ​មើល​ឃើញ​ថា គណៈកម្មការ​ជាតិ​ទប់​ស្កាត់ និង​​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ មិន​បង្ហាញ​​ជំហរ​​​ស្មោះ​​ត្រង់ ការពារ​​ធនធាន​​ធម្មជាតិ និង​ប្រយោជន៍​​ពលដ្ឋ​ឱ្យ​បាន​ពេញលេញ​តាមបន្ទាត់ច្បាប់នៅឡើយទេ។

សកម្មជន​បរិស្ថាន លោក ហេង ស្រស់ បានហៅប្រសិទ្ធភាពការងារបស់គណៈកម្មការជំនាញ មិន​​ទាន់​​ធ្វើ​ឱ្យ​ពលរដ្ឋ​ស្ងប់​អារម្មណ៍​នោះ​ទេ។ លោក​ថា សកម្មភាព​ដឹក​ជញ្ជូនឈើ និងការលួចចូល​កាប់​ឈើ​ក្នុង​ព្រៃ​អភិរក្ស​នៅ​តែ​កើត​​មាន​​ឡើង​​ដដែល ជា​ទ្រង់ទ្រាយ​តូចៗ។ លោក​ថា ក្រុម​ឧកញ៉ា​ និង​​មន្ត្រី​គ្រាក់ៗ ជា​ច្រើនទៀត មាន​ជាប់​ពាក់ព័ន្ធ​ធ្វើ​អាជីវកម្ម​ឈើ​ខុស​ច្បាប់ នៅ​មិន​ទាន់​ឃើញ​គណៈកម្មការ​មួយ​នេះ​ស៊ើប​អង្កេត និងអនុវត្តច្បាប់នៅឡើយ​ទេ៖ «បើ​គាត់​ខ្លាំង​​ត្រូវ​បង្អាក់​ទ្រព្យ​សម្បត្តិ​អ្នកដែលរកស៊ីឈើទាំងអស់ហ្នឹងទៅ ប្រសិនជាគាត់​បង្កើត​​គណៈកម្មការ​​ហ្នឹង​មក ដើម្បី​​ឲ្យ​​ជា​​ប្រយោជន៍​របស់​​ជាតិ​គាត់​​ស៊ើបអង្កេតអ្នក ដែលជាប់ពាក់ព័ន្ធពីមុនៗមក យក​មក​ផ្តន្ទាទោស​ទៅ។ អាហ្នឹងហើយ បង្កើត​គណៈកម្មការ​មួយ​ដែល​ឯករាជ្យ ដើម្បីផលប្រយោជន៍ជាតិ។ ប្រសិន​​គាត់​​មក​​ធ្វើ​​ទេ គាត់​​បង្កើត​​មក ដើម្បី​​ចែក​​អំណាច​​គ្នា​​កាន់ »

យុវជន​ដែលតែងចុះឃ្លាំមើលការកាប់បំផ្លាញព្រៃឈើ លោក សាន់ ម៉ាឡា ឲ្យដឹង​នៅ​ថ្ងៃ​ទី២៨ តុលា​ថា ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ និង​គណៈកម្មការជាតិ មិនឈរលើមូលដ្ឋានច្បាប់​ជាក់លាក់ និងរឹងមាំនោះទេ។ លោក​ថា សកម្មភាព​បង្ក្រាបបទល្មើស ធ្វើ​ឡើងទាល់តែ​មាន​បទបញ្ជា ពីមេប៉េអឹម លោក សៅ សុខា និង​​​ថ្នាក់​​​ដឹក​​​នាំ​​​កំពូល ទើប​គណៈកម្មកា​រ​មួយ​​នេះ ចេញ​មុខ​អនុវត្តច្បាប់ព្រៃឈើ​មួយ​ប្រាវ ក្រោយ​មក​ក៏​ស្ងាត់​ទៅ​វិញ៖ «ប្រតិកម្ម​ខ្លាំង​ពី​មហាជន ទើប​គណៈកម្មការ និងអាជ្ញាធរគាត់​នាំ​គ្នា​ដុត​ដៃ​ដុតជើង។ ការ​ធ្វើ​សកម្មភាព​បែប​ហ្នឹង​​ចំពោះ​​ពួក​​ខ្ញុំ ខ្ញុំ​​មើល​​ឃើញ​​ថា ពុំ​​មាន​​អី​​ដែល​​ជាក់លាក់ និង​អាច​សង្ឃឹម​ថា ពិត​​ជា​អាច​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​មាន​ប្រសិទ្ធភាព»

ឆ្លើយតបរឿងនេះ អ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក អេង ហ៊ី ចាត់ទុកការលើកឡើង​របស់ក្រុមយុវជន និង​សកម្មជន​បរិស្ថាន គ្រាន់តែជាសិទ្ធសេរីភាព បញ្ចេញមតិប៉ុណ្ណោះ។ លោក​ថា គណៈកម្មការជំនាញកំពុងបន្តអនុវត្តច្បាប់ព្រៃឈើគ្រប់តំបន់ ក៏​ប៉ុន្តែ​លោក​បដិសេធ​មិន​អធិប្បាយ ពីលទ្ធផលនៃការ រឹបអូសវត្ថុតាង និងឃាត់ខ្លួនជនល្មើស ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែចុងក្រោយនេះនោះឡើយ៖ «គាត់​មាន​សិទ្ធិ​ក្នុង​ការ​និយាយ​​ស្តី ក៏ប៉ុន្តែ​គណៈកម្មការ​ជាតិ​របស់​យើង​ថ្នាក់​ខែត្រគេធ្វើរាល់ថ្ងៃហើយ។ គណៈកម្មការ​គេបង្ក្រាប​ឱ្យតែ​មាន​បទ​ល្មើស​អត់​មាន ខែប្រាំង ខែវស្សា និង​ខែ​រងា​អី​ទេ»

សហគមន៍ជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី លោក ក្រើង តុលា មើលឃើញថា អាជ្ញាធរថ្នាក់​ក្រោម​ជាតិ និង​គណៈកម្មការជំនាញមួយនេះ ហាក់​មិន​ស៊ី​ចង្វាក់​គ្នា ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ឱ្យ​បាន​ពេញលេញ​នៅ​ឡើយ​ទេ។ លោកថា មូលហេតុជាច្រើនដែលពលរដ្ឋបង្ខំចិត្តលួចកាប់​ឈើ​លក់​ចិញ្ចឹម​ជីវិត គឺ​ដោយ​សារ​រដ្ឋាភិបាល មិនរកទីផ្សារកសិផល និងមិនបានលើកទឹកចិត្តឱ្យ​ពលរដ្ឋ​ធ្វើកសិកម្ម។ លើសពីនេះ ពលរដ្ឋ​មួយ​ចំនួន​បាន​ជំពាក់​បំណុល​ធនាគារ ត្រូវ​បង្ខំ​ចិត្ត​កាប់ឈើ និងដឹកជញ្ជូនឈើលក់ ហើយ​សមត្ថកិច្ចមូលដ្ឋាន​ អាណិតអាសូរ និង​យល់​មនោសញ្ចេតនា មិន​អនុវត្ត​ច្បាប់៖ «ពិសេសបច្ចុប្បធ្វើតុនិងទូ ពី​ខ្មែរ​​យើង​​នាំ​ទៅ​វៀតណាម​ឧទាហរណ៍។ យើងសំណូមពរទៅថ្នាក់ដឹកនាំ គួរតែមានទីប្រឹក្សា សេដ្ឋកិច្ច​ឲ្យ​ច្រើន កុំមានទីប្រឹក្សាក្រាញអំណាច។ បើ​មាន​ទីប្រឹក្សា​ក្រាញ​អំណាច ប្រទេសជាតិអត់រីកចម្រើន នៅតែប៉ុណ្ណឹង គួរតែក្មាស់ថៃ វៀតណាម និង​ឡាវ »

មន្ត្រីជាន់ខ្ពស់សមាគមអាហុក លោក ប៉ែន ប៊ុណ្ណារ៍ មើលឃើញថា គណៈកម្មការ​ជាតិ​បាន​ខំ​​ប្រឹងប្រែង​​អនុវត្ត​ច្បាប់​ព្រៃ​ឈើកន្លងទៅ រហូត​បញ្ជូន​ឈ្មោះ​មនុស្ស​ជា​ច្រើន​​នាក់ ទៅតុលាការ ក៏​ប៉ុន្តែ​តុលាការ​បែរ​ជា​យឺតយ៉ាវ​ក្នុងការ​អនុវត្ត​​​ច្បាប់​ទៅ​វិញ។ លោក​អំពាវនាវ​ដល់​ក្រសួងយុត្តិធម៌ ឱ្យ​អន្តរាគមន៍​ដោះ​ស្រាយ​រឿង​​នេះ​​ជា​​បន្ទាន់ ទាក់ទិន​ករណី​តុលាការខេត្តមណ្ឌលគិរីយឺតយ៉ាវ មិន​ចាត់​វិធានការ​ច្បាប់​លើ​ក្រុម​ឧក្រិដ្ឋជន​ព្រៃ​ឈើ​មួយ​ចំនួន​​ទៀត៖ «ត្រូវ​ស្រាវជ្រាវ​ថា ហេតុអីបាន​មាន​ការ​យឺតយ៉ាវ មិនចាត់វិធានការនៅស្ថាប័ន​តុលាការ។ គណៈកម្មការ​ជាតិ​ត្រូវ​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ ដើម្បី​ដោះ​បន្ទុក​​ខ្លួន​​ឯង​ថា ខ្លួន​បាន​ធ្វើ​ដែរ តែ​យឺត​នៅ​តុលាការ»

កាលពីពាក់កណ្តាលឆ្នាំ ២០១៩ កន្លងទៅ តុលាការ​ខេត្តមណ្ឌលគិរី បាន​ឃុំ​ខ្លួន​មនុស្ស ១១នាក់ ក្នុង​​នោះ ៥នាក់​​ជន​ជាតិ​​ខ្មែរ​ ៣នាក់​ជា​ជនជាតិ​វៀតណាម​ និង ៣នាក់​ទៀត​ជា​ជនជាតិ​ចិន។ លើសពីនេះ គណៈកម្មករជាតិ​បាន​ឃាត់​ខ្លួន ឧកញ៉ា ២រូបដែល​ល្បីល្បាញ​ខាង​ដឹក​ឈើ​​​ទៅ​លក់​​នៅ​​ប្រទេស​​វៀតណាម គឺ​ឧកញ៉ា សឹង្ហ សំអុល និងឧកញ៉ា គង់ ក្រឹង ហើយបញ្ជូនសំណុំរឿងទៅតុលាការ ដែល​មកទល់ពេលនេះ ឧកញ៉ារកស៊ីឈើទាំងពីរនាក់​នេះ កំពុង​ជាប់​​ឃុំ​ក្នុង​ពន្ធនាគារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល