សកម្មជន​បរិស្ថាន​រក​ឃើញ​ថា​​ ទឹក​ជំនន់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​បណ្ដាល​មក​ពី​លុប​បឹង​ព្រែក​ទប់

ដោយ ហេង រស្មី
2019-08-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រថយន្ត​ដឹកដី​កំពុង​ចាក់​ដី​លុប​បឹងព្រែកទប់ ខេត្តព្រះសីហនុ ក្នុង​ខែមីនា ឆ្នាំ២០១៩។
រថយន្ត​ដឹកដី​កំពុង​ចាក់​ដី​លុប​បឹងព្រែកទប់ ខេត្តព្រះសីហនុ ក្នុង​ខែមីនា ឆ្នាំ២០១៩។
Screenshot from Mother Nature video

សកម្មជន​ឃ្លាំ​មើល​បរិស្ថាន និង​មន្ត្រី​គណបក្ស​ប្រឆាំង​ អះអាង​ថា​ ជំនន់​ទឹក​ភ្លៀង​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​កាលពី​សប្ដាហ៍​មុន ​គឺ​បណ្ដាល​មក​ពី​ការ​លុប​បឹង​ព្រែក​ទប់ ដែល​មាន​ទំហំ​ជាង ២៧០​ហិកតារ ដែល​របប​ក្រុង​ភ្នំពេញ​បាន​ប្រគល់​ទៅ​ឲ្យ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​កាន់​អំណាច ឧកញ៉ា លី យ៉ុងផាត់​ កាល​ពី​ឆ្នាំ​២០១៨ ​មិនមែន​បណ្ដាល​មកពី​ជំនន់​ទឹក​ភ្លៀង​ទេ។ អ្នក​នាំ​ពាក្យ​សាលាខេត្ត​ព្រះសីហនុ​បាន​ច្រាន​ចោល​ការ​លើក​ឡើង​នេះ​ ដោយ​ចាត់​ទុក​ថា​ ជា​ការ​លើក​ឡើង​មិន​ត្រឹមត្រូវ។

អ្នក​ឃ្លាំមើល​បរិស្ថាន​ និង​សកម្ម​ជន​គណបក្ស​ប្រឆាំង​និយាយ​ថា​ បើ​ទោះ​ជា​ជំនន់​ទឹកភ្លៀង​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​បាន​ស្រក​ចុះ​បន្តិច​ហើយ​ក្តី​ មក​ដល់​ថ្ងៃ​ទី១២ ខែ​សីហា ក៏​ពួក​គេ​បាន​បន្ទោស​បញ្ហា​នេះ​ថា បណ្ដាល​មក​ពី​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​បាន​ប្រគល់​បឹង​ធម្មជាតិ​ព្រែក​ទប់​សម្រាប់​រំដោះ​ទឹក​នៅ​ពេល​មាន​ធ្លាក់​ភ្លៀង​ខ្លាំង​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ទៅ​ឲ្យ​​ឧកញ៉ា លី យ៉ុងផាត់។

សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​លោក ថុន រដ្ឋា ដែល​បាន​ចុះ​ទៅ​តំបន់​មាន​ទឹក​ជំនន់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ប៉ុន្មាន​ថ្ងៃ​នេះ​ ប្រាប់​អាស៊ី​សេរី​ថា​ ការ​អភិវឌ្ឍន៍​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​កន្លង​មក ​មិន​បាន​គិតដល់​បញ្ហា​បរិស្ថាន​ឡើយ។​ លោក​សង្កេត​ឃើញ​ថា​ បឹង​ធម្មជាតិ​សំខាន់ៗ​ដូច​ជា​បឹង​ព្រែក​ទប់​សម្រាប់​រំដោះ​ទឹក​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​ចាប់​ចាក់​ដី​លុប​នៅ​ជុំវិញ​មាត់​បឹង​អស់​មួយ​ចំនួន​ធំ​ហើយ។​ លោក​ បញ្ជាក់​ថា​ នៅ​តាម​ព្រែក​មួយ​ចំនួន​ដែល​ជា​តំបន់​ទំនាប​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ ចាប់​ពី​តំបន់​អូរ១​ រហូត​ដល់​អូរ៥ និង​ អូរ​តូចៗ មួយ​ចំនួន​ទៀត​ក៏​អាជ្ញាធរ​បាន​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯក​ជន​ចាក់​ដី​បំពេញ​ដែល​ជាមួយ​ហេតុ​ធ្វើ​ឲ្យ​ទឹក​គ្មាន​កន្លែង​ហូរ​ចេញ​បណ្ដាល​ឲ្យ​ខេត្ត​ព្រះសីហនុ​នៅ​តំបន់​ទាបៗ មាន​ទឹក​ជន់​លិច​នៅ​ពេល​មាន​​ភ្លៀង​ធ្លាក់៖ «គឺជា​ការ​អភិវឌ្ឍន៍​ជ្រុល​ដែល​មិនបាន​គិតគូរ​ពី​បញ្ហា ដែល​កើត​មាន​ដូច​ជា​ការ​លុប​បឹង​ផង លុប​កន្លែង​រំដោះ​ទឹក​មួយ​ចំនួន​ផង​ ។ប៉ុន្តែ​មិន​មាន​ការ​ស្ថាបនា​លូ ប្រព័ន្ធ​លូ ឲ្យ​បាន​ត្រឹមត្រូវ​ហើយ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ប្រាកដ​ថា ធ្វើ​បែប​ណា​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ហ្នឹង​កើត​ឡើង»

ខេត្ត​ព្រះសីហនុ​គឺ​ជា​ខេត្ត​មួយ​នៅ​ជាប់​មាត់​សមុទ្រ​ កាល​ពី​ដើម​សប្ដាហ៍​មុន​នេះ​មាន​ភ្លៀង​ធ្លាក់​បី​ថ្ងៃ​ជាប់ៗ គ្នា​បណ្ដាល​ឲ្យ​ផ្នែក​ទំនាប​ខ្លះ​ចាប់​ពី​តំបន់​អូរ១ រហូត​ដល់​អូរ៥ និង​តំបន់​ខ្លះ​ទៀត​នៅ​ក្នុង​ខេត្ត​នេះ​មាន​ទឹក​ជន់​លិច​ដែល​ធ្វើ​អោយ​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រង​នូវ​ទឹក​ជន់​លិច។

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​និយាយ​ថា មាន​មនុស្ស​ចំនួន ៣នាក់​ស្លាប់​ដោយ​សារ​បាក់​របង​សង្កត់​ពី​លើ​នៅ​ពេល​មាន​ទឹក​ជំនន់​ទឹក​ភ្លៀង។

អតីត​គ្រូបង្រៀន​និង​ ជា​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ លោក​ ស៊ុយ ឌី ប្រាប់​អាស៊ី​សេរី​កាលពី​ថ្ងៃ​ទី១២ សីហា​ថា លោក​រស់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​អស់​រយៈ​ពេល​ជាង ២០ឆ្នាំ​មក​ហើយ​មិនដែល​ឃើញ​ទឹក​ជន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ​ដូច្នេះ​ទេ។ លោក​បញ្ជាក់​ថា​ ខេត្ត​ព្រះសីហនុ​ជា​តំបន់​ជាប់​មាត់សមុទ្រ​មាន​ពេល​ខ្លះ​ភ្លៀង​ធ្លាក់​អស់​រយៈ​ពេល ១០ថ្ងៃ ១០យប់ ក៏​មាន​តែ​គ្មាន​ទឹក​ជំនន់​ដូច​ពេល​នេះ​ទេ។ លោក​បាន​ស្តី​បន្ទោស​ថា ​​បញ្ហា​នេះ​គឺ​ដោយ​សារ​តែ​ការ​លុប​បឹង​ធម្មជាតិ​ព្រែក​ទប់​ និង​ ព្រែក​តូចៗ មួយ​ចំនួន​ទៀត​ដែល​ជា​ប្រភព​រំដោះ​ទឹក​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ត្រូវ​គេ​ចាក់​ដី​លុប​អស់៖ «មាន​បឹង​ព្រែក​ទប់​ បឹង​ក្រោយ​ខ្សាច់​មាស​ហ្នឹង​គេ លុប​អស់​ហើយ​ វា​ផ្ទៃ​បឹង​វា​អស់​រលីង​ហើយ​។អញ្ចឹង​ទឹក​វា​ទៅ​ហ្នឹង​វា​មិន​ដឹង​ទៅ​ទីណា​ ហូរ​ទៅ​មិន​ដឹង​ទៅ​ទី​ណា។ ស្រះ​មួយ​ចំនួន​ បឹង​ និង​ស្រះ​ស្តុក​ទឹក​មួយ​ចំនួន​ដូច​ជា​ស្រះ​ក្រពើ​អី ក្បាលដី​លេខ១០ និង ១០ ៩៩ ជា​កម្មសិទ្ធិ​របស់​រដ្ឋ។ ប៉ុន្តែ​មិន​ដឹង​ហេតុ​ផល​អី​បាន​ជា​ប្រគល់​ឲ្យ​ទៅជា​ប្រគល់​ឲ្យ​បុគ្គល​ឯកជន​។ ឥឡូវ​នេះ​គេ​ធ្វើ​ផ្ទះ​នៅ​ក្នុង​ផ្ទៃ​ស្រះ​ហ្នឹង​តែ​ម្ដង​អ៊ីចឹង​សួរ​ថា​ តើ​ទឹក​ហូរ​ទៅ​ទីណា»

បឹង​ព្រែក​ទប់​ស្ថិត​ក្នុង​សង្កាត់​លេខ៣ ក្រុងព្រះសីហនុ បឹង​នេះ​មាន​ទំហំ ២៧០​ហិកតារ ប៉ុន្តែ​បឹង​នេះ​បាន​រួម​តូច​បន្តិច​ម្តងៗ ដោយសារ​មន្ត្រី​មាន​អំណាច និង​ឈ្មួញ​មាន​ទ្រព្យ​មួយ​ចំនួន​នាំ​គ្នា​ទន្ទ្រាន​យក ក្រោយ​មក​នេះ​នៅ​សល់​ត្រឹម​ផ្ទៃ​បឹង​ចំនួន​ប្រមាណ​ ១៦ហិកតារ​ប៉ុណ្ណោះ។

ចុង​ក្រោយ​បំផុត គឺ​នៅ​ខែ​កុម្ភៈ ឆ្នាំ២០១៨ របប​ក្រុង​ភ្នំពេញ​បាន​ចេញ​អនុក្រឹត្យ​កាត់​ផ្ទៃ​បឹង​ទំហំ​ជាង ១១ហិកតារ​ទុក​ឲ្យ​វិស័យ​ឯកជន​អភិវឌ្ឍន៍​លើ​ដី​បឹង​ដែល​លុប​នោះ។ បើ​តាម​អនុក្រឹត្យ​នេះ​បឹង​ព្រែក​ទប់​នៅ​សល់​ផ្ទៃ​ក្រឡា​ជាង ៤ហិកតារ​ប៉ុណ្ណោះ​ក្រោយ​ពី​របប​ក្រុង​ភ្នំពេញ​បាន​លក់​ទៅ​ឲ្យ​ឧកញ៉ា លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា។

អ្នកនាំពាក្យ​សាលា​ខេត្ត​ព្រះសីហនុ​ លោក ឃាង ភារម្យ បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ពី​សកម្មជន​បរិស្ថាន​ និង​ សកម្មជន​គណបក្ស​ប្រឆាំង​។ ​លោក​ នៅ​តែ​ថ្លែង​ការពារ​ថា​ ទឹក​ជំនន់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​កាល​សប្ដាហ៍​មុន ​គឺ​បាន​កើត​ឡើង​ដោយ​សារ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។ ក៏ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា មាន​ការ​រាំង​ស្ទះ​ចរន្ត​ទឹក​ហូរ​នៅ​តំបន់​អូរ១​ដោយ​សារ​តែ​មាន​សំណង់​ខ្លះ​បាន​សាងសង់​នៅ​លើ​ចំណី​អូរ​ដែល​ធ្វើ​ឲ្យ​ផ្ទៃ​អូរ​រួម​តូច៖ «កាល​លើក​ឡើង​នេះ​អត់​ទាន់​បាន​ត្រឹមត្រូវ​ទេ​បាទ។ បើ​សិន​យើង​មើល​ស្ថានភាព​នៃ​ការ​លិចលង់​នេះ​ តំបន់​បឹង​ព្រែក​ទប់​នេះ​យើង​ឃើញ​ថា​ មិន​មាន​ជំនន់​ទឹក​ភ្លៀង​អី​ធ្ងន់ធ្ងរ​អី​គួរ​ឲ្យ​កត់​សំគាល់​ទេ។ ដោយឡែក​ចំណុច​ដែល​ជន់​លិច​ដែល​យើង​គិត​ថា​ធ្ងន់​ហ្នឹង​គឺ​នៅ​ក្នុង​ភូមិសាស្ត្រ​សង្កាត់​លេខ៤ ដោយសារ​ដី​ទំនាប​មួយ​ចំនួន​ហ្នឹង​គឺ​យើង​មាន​ការ​សាងសង់​អគារ»

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បញ្ជាក់​ថា​ គិត​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ២០១៨ ការ​រីក​ចម្រើន​របស់​វិស័យ​សំណង់​បាន​ជំរុញ​ឲ្យ​អគារ​ខ្ពស់ៗ នៅ​ប្រទេស​កម្ពុជា​កើន​ឡើង​ដល់​ជាង ១ពាន់​ អគារ ដែល​ភាគច្រើន​សំណង់​អគារ​ថ្មីៗ​មាន​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ។ ប៉ុន្តែ​សកម្មជន​បរិស្ថាន និង​សកម្មជន​គណបក្ស​ប្រឆាំង​និយាយ​ថា ការ​រីក​ចម្រើន​វិស័យ​សំណង់​ទាំង​នេះ​បាន​នាំ​មក​នៅ​ទឹក​ជន់​លិច​នៅ​តាម​តំបន់​នានា ក្នុង​ខេត្ត​ព្រះសីហនុ និង​ក្រុង​ភ្នំពេញ​ ដោយ​សារ​តែ​របប​លោក ហ៊ុន សែន មិន​បាន​គិតគូរ​ពី​ប្រព័ន្ធ​លូ​គ្រប់គ្រាន់ និង​ការ​លុប​បឹង​ធម្មជាតិ ដែល​ជា​ប្រភព​រំដោះ​ទឹក​ដ៏ សំខាន់​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល