អ្នកឃ្លាំមើល​បរិស្ថាន​រក​ឃើញ​ដី​ព្រៃ​អភិ​រក្ស​ក្នុង​ខេត្ត​មណ្ឌលគិរី ដែល​មាន​ទំហំ​ជាង ២០គីឡូ​ម៉ែត្រ​ក្រុមហ៊ុន​ព័ទ្ធ​របង

ដោយ ខែ សុណង
2020-11-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបសំណាក​គោព្រៃ ២​ក្បាល ជា​និមិត្តរូប​សម្រាប់​សម្គាល់​ខេត្ត​មណ្ឌលគិរី
រូបសំណាក​គោព្រៃ ២​ក្បាល ជា​និមិត្តរូប​សម្រាប់​សម្គាល់​ខេត្ត​មណ្ឌលគិរី
RFA

អ្នកឃ្លាំមើល​បរិស្ថាន​​និង​ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ខេត្ត​មណ្ឌលគិរី​ ​រក​ឃើញ​ថា​ ​ដែន​ជម្រក​សត្វព្រៃ​ ​កែវ​សីមា​ ​គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន​ប្រវែង​ជាង ២០គីឡូ​ម៉ែត្រ​ ​ត្រូវ​បាន​ក្រុមហ៊ុន​ឯកជន​ ​អ៊ូ​ជឺ​សាន អិល អេស គ្រុប (WUZHISHAN L.S GROUP) ហ៊ុមព័ទ្ធ​របង​ ​និង​ ​រឹតត្បិត​មិន​ឱ្យ​អ្នក​ខាង​ក្រៅ​ចេញចូល​តំបន់​នោះ។ ពួក​គេ​ថា ក្នុង​តំបន់​ដែល​ក្រុមហ៊ុន​នេះ​ព័ទ្ធ​របង​ ​គេ​ឃើញ​មាន​ការដ្ឋាន​ស្តុក​ឈើ​ ​និង​មាន​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ ​ធ្វើ​អាជីវកម្ម​ឈើ​ខ្នាត​ធំ​នៅ​ទី​នោះ។

សកម្មជន​បរិស្ថាន និង​ជនជាតិ​ដើម​ភាគតិច​ព្នង​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៣ វិច្ឆិកា​ថា ព្រៃ​អភិ​រក្ស​ចាប់​ពី​ស្រុក​អូរ​រាំង​រហូត​ដល់​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា មាន​ទំហំ​រាប់​ម៉ឺន​ហិកតារ ត្រូវ​បាន​ក្រុមហ៊ុន​ឯកជន អ៊ូជឺសាន អិល អេសគ្រុប (WUZHISHAN L.S GROUP) ហ៊ុមព័ទ្ធ​របង​លួស និង​ស្ថាបនា​ផ្លូវ​ជាច្រើន​ខ្សែ​ ​ដើម្បី​ងាយ​ស្រួល​ដឹក​ជញ្ជូន​ឈើ។ ពួក​គេ​អះអាង​ដី​ចម្ការ​ស្រល់​រាប់​រយ​ហិកតារ ដែល​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ក៏​ឋិត​ក្នុង​របង​ដែល​ក្រុមហ៊ុន​ឯកជន​មួយ​នេះ​គ្រប់គ្រង​ដែរ។

ជនជាតិ​ដើម​ភាគតិច​ព្នង​រស់នៅ​ស្រុក​អូរ​រាំង លោក បូរ៉េត កាំពី បារម្ភ​ថា ដែន​ជម្រក​សត្វ​ព្រែ​កែវ​សីមា ដែល​ក្រុមហ៊ុន​ព័ទ្ធ​របង​គេ​ឃើញ​មាន​គ្រឿងចក្រ​ឈូស​ឆាយ​ព្រៃ​ផ្នែក​ខ្លះ និង​មាន​សកម្មភាព​កាប់​ឈើ​ធ្វើអាជីវកម្ម​ដោយ​រឹតត្បិត​មិន​ឱ្យ​ពលរដ្ឋ​ចេញចូល​តំបន់​នោះ។ លោក​ថា អាជ្ញាធរ​មិន​ទាន់​ផ្សព្វផ្សាយ​ពី​គម្រោង​វិនិយោគ​ខ្នាត​ធំ​នេះ​នៅឡើយ​ទេ៖ «គេ​ព័ទ្ធ​របង​ឈូស​ឆាយ​មិន​ដឹង​ថា ខាង​ក្រុមហ៊ុន​អី? រឿង​ហ្នឹង​យើង​ចេះតែ​បារម្ភ​ហើយ​នៅ​តំបន់​ហ្នឹង​មាន​ព្រៃឈើ​ក្រាស់ឃ្មឹក​ ​និង​មាន​ដើម​ជ័រ​ព្រៃស្រោង។ ខាង​លើ​មាន​រ៉ែ ខាង​ក្រោម​មាន​ព្រៃឈើ​កាលណា​គេ​យក​រ៉ែ​ព្រៃ​ឈើ​ក៏​អស់​ដែរ​ ​អា​ហ្នឹង​យើង​បារម្ភ តែ​ការ​បារម្ភ​តែ​ម្នាក់​ឯង​ម៉េច​កើត។ អ៊ីចឹង​ទាល់តែ​បារម្ភ​ទាំង​អស់​គ្នា»

សកម្មជន​បរិស្ថាន លោក ហេង ស្រស់ មាន​មន្ទិល​ថា ស្លាក​សញ្ញា​ធំ​មួយ ដែល​អាជ្ញាធរ​លើក​ជា​លិខិត​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​មាន​ត្រា​ពី​ក្រសួង​ពាក់ព័ន្ធ​បង្ហាញ​ពី​ ​ទំហំផ្ទៃ​ដី​ជិត ២សែន​ហិកតារ ដែល​ក្រុមហ៊ុន​នេះ​ស្នើសុំ​វិនិយោគ​ក្នុង​ព្រៃ​អភិ​រក្ស តាំងពី​ឆ្នាំ២០០៤ ក៏​ប៉ុន្តែ​ ​អាជ្ញាធរ​ទើប​តែ​លើកស្លា​ក​នា​ពេលថ្មីៗនេះ​ទេ។ លោក​បាន​ចុះ​ដល់​ទីតាំង​នោះ​ជា​ច្រើន​ដង ប្រទះឃើញ​ឈើ​មូល​ធំ​ៗ​ ​និង​ដើម​ស្រល់​ជាច្រើន​ដើម ត្រូវ​គេ​កាប់​ផ្ដួល​ធ្វើអាជីវកម្ម។ លោក​ទាមទារ​ឱ្យ​ក្រសួង​បរិស្ថាន​ ​និង​ក្រសួង​កសិកម្ម​បកស្រាយ​ឱ្យ​ច្បាស់លាស់​បញ្ហា​នេះ៖ «យើង​មើល​ឃើញ​ថា អាជីវកម្ម​ឈើ​នៅ​ហ្នឹង​មាន​តាំងពី​អា​យីឌុប ហើយ​យើង​មើល​ឃើញ​ថា ក្រុមហ៊ុន​ហ្នឹង​មាន​ធ្វើអាជីវកម្ម​អារ​ដើម​ស្រល់​ដែរ​។​ ​បរិវេណ​ដី​ក្រុមហ៊ុន​ហ្នឹង គឺ​មាន​រោងចក្រ​អារ​ឈើ​មួយ​ដែល»

កាល​ពី​ចុង​ខែកញ្ញា​កន្លង​ទៅ ក្រុម​អ្នកឃ្លាំមើល​បរិស្ថាន និង​ប្រជា​សហគមន៍​បាន​ធ្វើដំណើរ​ដល់​តំបន់​នោះ ប្រទះ​ឃើញ​របង​លួស​ហ៊ុមព័ទ្ធ​ដី​ព្រៃ​អភិរក្ស​ជាង ២០គីឡូ​ម៉ែត្រ ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា ជាប់​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច។ ដំណើរ​បេសកកម្ម​នោះ​ពួកគេ​ប្រទះ​ឃើញ​ផ្ទាំង​ប៉ាណូ​បោះ​ជាប់​ទីតាំង​ក្រុមហ៊ុន​ជា​លិខិត​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដែល​ក្រុមហ៊ុន​ឯកជន​អ៊ូជឺសាន ស្នើសុំ​វិនិយោគ​ដី​ព្រៃ​អភិរក្ស​ទំហំ​ជិត ២សែន​ហិកតារ (១៩៩.៩៩៩) ក៏​ប៉ុន្តែ​រដ្ឋាភិបាល​សម្រេច​ឱ្យ​តែ​១ម៉ឺន​ហិកតារ​តែ​ប៉ុណ្ណោះ។ រាជរដ្ឋាភិបាល​បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន ត្រូវ​ដោះស្រាយបញ្ហា​នានា ជា​គោល​នយោបាយ​ដីធ្លី​ស្រប​តាមច្បាប់​ភូមិបាល។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​តំណាង​ក្រុមហ៊ុន​អ៊ូជឺសាន តាម​រយៈ​លេខ​ទូរស័ព្ទ​ក្នុង​គេហទំព័រ​សារ​ជីវកម្ម ក៏​ប៉ុន្តែ​អ្នក​លើ​ក​ទូរស័ព្ទ​ប្រាប់​ថា​ ​គាត់​ឈប់​ធ្វើការ​នៅ​ក្រុមហ៊ុន​នេះ​ហើយ ក៏​ប៉ុន្តែ​នាង​សន្យា​ថា​ ​នឹង​ផ្តល់​លេខ​ទូ​សព្ទ​តំណាង​ក្រុមហ៊ុន​ឱ្យ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា​ខាង​មុខ​នេះ៖ «ខ្ញុំ​ទាក់ទង​ទៅ​ក្រុមហ៊ុន​ហ្នឹង​បាន​ចាំ​ខ្ញុំ​ឱ្យ​គេ​ទាក់ទង​ផ្ទាល់​ទៅ​វិញ ខាន​ទាក់ទង​ទៅ​គេ​យូរ​ដែរ​មិន​ដឹង​ថា គេ​ដូរ​លេខ​ឬ​អត់»

ប្រធាន​បណ្ដាញ​ជនជាតិ​ដើម​ភាគតិច​ព្នង​ខេត្ត​មណ្ឌលគិរី​លោកស្រី ភ្លឹក ភិរម្យ សង្កេតឃើញ​ថា ការ​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ ​នៅ​តំបន់​អភិ​រក្ស គឺ​ធ្វើឡើង​ដោយ​លាក់លៀម និង​ស្ងៀមស្ងាត់​នាំ​ឱ្យ​ជនជាតិ​ដើម​ភាគតិច​ពិបាក​ទទួល​បាន​ព័ត៌មាន​ពី​គម្រោង​វិនិយោគ​ខ្នាត​ធំ​នេះ។ លោកស្រី​បារម្ភ​ថា ផ្ទៃដី​ដែល​ក្រុមហ៊ុន​ទទួល​សិទ្ធ​វិនិយោគ​ជា​ជម្រក​សត្វ​ដំរី​ព្រៃ​រស់នៅ និង​ចិញ្ចឹម​ជីវិត មិន​គួរ​ជា​កម្មវត្ថុ​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​នោះ​ទេ៖ «ដែន​ជម្រក​សត្វ​ព្រែ​កែវ​សីមា​ជា​តំបន់​មួយ​ដែល​យើង​ឃើញ​ថា ព្រៃ​ក្រាស់ ហើយ​ជា​តំបន់​សត្វ​ដំរី​ទៀត បើសិនជា​អស់​ដែន​ជម្រក​ហ្នឹង​អ៊ីចឹង​ខ្ញុំ​គិត​ថា សត្វ​ដំរី​តិចតួច ដែល​អាច​រស់រាន​មាន​ជីវិត ហើយ​វា​នឹង​បាត់បង់​នៅ​ថ្ងៃ​អនាគត​ដោយ​ខ្លី បើសិនជា​បរិស្ថាន​នៅតែ​បណ្ដោយ​អ៊ីចឹង»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ម​ន្រ្តី​រដ្ឋាភិបាល និង​មន្ត្រី​មូលដ្ឋាន ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ពួក​លោក​មិន​លើក​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី៣ វិច្ឆិកា។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​លោក នេត្រ ភក្ត្រា ក៏​មិន​លើក​ទូរស័ព្ទ​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

តែ​យ៉ាង​ណា​លោក នេត្រ ភក្ត្រា ប្រាប់​អាស៊ី​សេរី កាលពី​សប្ដាហ៍​មុន​ថា ការ​លើក​ឡើង​របស់​សកម្មជន​បរិស្ថាន និង​ប្រជា​សហគមន៍ ដែល​ថា មាន​ក្រុមហ៊ុន​ឯកជន បាន​ហ៊ុមព័ទ្ធ​របង​ក្នុង​ព្រៃ​អភិ​រក្ស​រាប់​ម៉ឺន​ហិកតារ​ជា​រឿង​មិន​ពិត​ទេ។ លោក​បញ្ជាក់​ថា ក្រសួង​ពុំ​មាន​ភាព​ចាំបាច់ ដែល​ត្រូវ​ឆ្លើយ​តប​នឹង​ព័ត៌មាន​បំផ្លើស​បែប​នេះ​ទេ ជាពិសេស ការ​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ។

រីឯ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា លោក​មិនទាន់​ដឹងរឿង​រាវ​នេះ​នៅឡើយ​ទេ។ លោក​ថា កន្លងទៅ​រដ្ឋាភិបាល​បាន​ប្រកាស​បិទ​ការ​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ ​និង​បើកផ្លូវ​ឱ្យ​មានការ​ផ្តល់​ដីសម្បទាន​សង្គមកិច្ច​ចែក​ជូន​ពលរដ្ឋ​វិញ៖ «ខ្ញុំ​អត់​ជឿ​ថា​ ​រដ្ឋាភិបាល​នឹង​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ណាមួយ​ឡើយ​ ​ព្រោះ​បិទ​យូរ​ណាស់​ហើយ»

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​នៃ​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ពន្យល់​ថា ការ​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ ​លើស​ពី ១ម៉ឺន​ហិកតារ​ផ្ទុយពី​ច្បាប់​ភូមិបាល។ លោក​ថា ក្រសួង​ពាក់ព័ន្ធ​គួរតែ​ផ្សព្វផ្សាយ​ ​បង្ហាញ​ពី​របាយការណ៍​វាយ​តម្លៃ​ហេតុផល​ប៉ះពាល់​បរិស្ថាន​​ឱ្យ​ពលរដ្ឋ​បាន​ជ្រាប​ ​ដើម្បី​ជម្រះ​មន្ទិល​។​ ​លោក​ស្នើ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ ​គួរតែ​ស៊ើប​អង្កេត​រឿង​នេះ​​ឱ្យ​ច្បាស់លាស់៖ «យើង​រក​ឃើញ​ថា​ ​ក្រុមហ៊ុន​ណា​ក៏ដោយ​ ​ដែល​ទទួល​បាន​លើស​ ​វា​ប្រឆាំង​នឹង​ច្បាប់​ភូមិបាល អ៊ីចឹង​ពលរដ្ឋ​សហគមន៍​ ​មាន​សិទ្ធិ​តវ៉ា​ ​ទៅតាម​ការកំណត់​ក្នុង​រដ្ឋធម្មនុញ្ញ»

សកម្មជន​បរិស្ថាន​ ​និង​ជនជាតិ​ដើម​ភាគតិច​បារម្ភ​ថា គម្រោង​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ដ៏​ធំ​សម្បើម​នេះ​ ​ឋិត​ក្នុង​ភាព​អាថ៌កំបាំង​ច្រើន ខណៈ​ក្រុមហ៊ុន​បាន​ប្រើ​កម្លាំង​សន្តិសុខ​រាប់​សិប​នាក់​យាមល្បាត​ ​យ៉ាង​ប្រុងប្រយ័ត្ន​។​ ​លើស​ពី​នេះ​ទៀត ក្រុមហ៊ុន​អាច​នឹង​វិនិយោគ​លើស​ពី​លិខិត ដែល​រដ្ឋាភិបាល​បាន​អនុញ្ញាត​ ​ព្រោះ​របង​លួស​ ​ដែល​ក្រុមហ៊ុន​ ​ហ៊ុមព័ទ្ធ​មាន​ទំហំ​លើស​ពី ២ម៉ឺន​ហិកតារ។

ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា​ ​ឋិត​ក្នុងស្រុក​កែវ​សីមា មាន​ទំហំ​ជិត​បី​សែន​ហិកតារ (២៩២.៦៩០) ត្រូវ​បាន​រដ្ឋាភិបាល​ប្រគល់​ឱ្យ​ក្រសួង​បរិស្ថាន​គ្រប់គ្រង​ ​កាលពី​ឆ្នាំ២០១៦។ ព្រៃ​អភិ​រក្ស​នេះ​ ​មាន​ចំនួន​ជីវៈ​ចម្រុះ​ច្រើនជាង​គេ​បំផុត​ ​បើ​ប្រៀបធៀប​តំបន់​ការពារ​ធម្មជាតិ​ផ្សេងទៀត​ ​ជាពិសេស​មាន​វត្តមាន​ដំរី​ព្រៃ​ ​និង​សត្វ​ស្វា​ព្រៃ​ជាច្រើន​ប្រភេទ​រស់នៅ​ទីនោះ​។​ ​អ្នកឃ្លាំមើល​បរិស្ថាន​ថា​ ​ព្រៃ​អភិ​រក្ស​នេះ​ ​កំពុង​ប្រឈម​រួម​តូច​ ​បណ្ដាល​ឱ្យ​បាត់បង់​ជម្រក​សត្វព្រៃ​ ​ដោយសារ​សកម្មភាព​កាប់​ឈើ​ខុសច្បាប់​ ​និង​ជួល​ដី​ឱ្យ​ក្រុមហ៊ុន​ឯកជន​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល