ស្ថានភាព​ទឹក​ជំនន់​ឡើង​ខ្ពស់​ខ្លាំង​នៅ​តាម​ដង​ទន្លេ​មេគង្គ

គិត​ត្រឹម​ថ្ងៃ​ទី​២៧ ខែ​កញ្ញា កម្ពស់​ទឹក​នៅ​ដង​ទន្លេ​មេគង្គ បាន​ឡើង​ខ្ពស់​លើស​ពី​កម្រិត​ប្រកាស​អាសន្ន និង​បាន​បណ្ដាល​អោយ​ខេត្ត​ក្រុង​មួយ​ចំនួន​តាម​មាត់​ទន្លេ ត្រូវ​ជន់​លិច ព្រម​ទាំង​អាច​រាល​ដាល​បន្ត​ទៅ​ខេត្ត​ផ្សេង​ទៀត។ ស្ថានភាព​នេះ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ត្រូវ​ជម្លៀស​ចេញ​ពី​លំនៅឋាន ដើម្បី​ស្វែង​រក​ទី​ទួល​សុវត្ថិភាព និង​ដើម្បី​បញ្ចៀស​ពី​គ្រោះថ្នាក់​ផ្សេងៗ។
ដោយ សូត សុខប្រាថ្នា
2013-09-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ថានភាព​ទឹក​ទន្លេ​នៅ​ទី​រួម​ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៣។
ស្ថានភាព​ទឹក​ទន្លេ​នៅ​ទី​រួម​ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៣។
Photo: RFA

ស្រប​ពេល​នេះ រាជ​រដ្ឋាភិបាល និង​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​បំផុត ដើម្បី​កាត់​បន្ថយ​ឲ្យ​បាន​ជា​អតិបរិមា​នូវ​ការ​ប៉ះពាល់​ដល់​អាយុ​ជីវិត គ្រោះថ្នាក់ និង​ការ​ខូចខាត​ផ្សេងៗ ដែល​អាច​កើត​មាន​ឡើង​ជា​យថាហេតុ​ពី​គ្រោះ​ទឹក​ជំនន់។

ឥទ្ធិពល​ទឹក​ជំនន់​ទន្លេ​មេគង្គ នៅ​តែ​បន្ត​កើន​ឡើង ដែល​ធ្វើ​ឱ្យ​ខេត្ត​មួយ​ចំនួន​នៅ​តាម​ដង​ទន្លេ​ទទួល​រង​ការ​គំរាម​កំហែង ដូច​ជា​ខេត្ត​ស្ទឹងត្រែង ក្រចេះ កំពង់ចាម កណ្ដាល និង​ព្រៃវែង ជាដើម។

អភិបាល​ខេត្ត​កំពង់ចាម លោក លន់ លឹមថៃ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី២៧ កញ្ញា ថា សម្ពាធ​ទឹក​ទន្លេ​មេគង្គ នៅ​តែ​បន្ត​កើន​ឡើង។ លោក​បន្ត​ថា មនុស្ស​ចំនួន ១៥​នាក់ ក្នុង​នោះ​ស្រី​ចំនួន ៥​នាក់ និង​កុមារ​ចំនួន ៣​នាក់ ដែល​បាន​ស្លាប់​ដោយ​គ្រោះ​ទឹក​ជំនន់ នៅ​ក្នុង​ខេត្ត​កំពង់ចាម។

លោក​បន្ត​ថា ស្រុក​ចំនួន ១២ និង​ក្រុង​១ ហើយ​មាន ៧២​ឃុំ-សង្កាត់ និង ៤២៥​ភូមិ ត្រូវ​បាន​រង​ការ​គំរាម​កំហែង​ដោយ​ទឹក​ជំនន់​នេះ។ ក្នុង​នោះ មាន​ប្រជាពលរដ្ឋ​ប្រមាណ ២.២០០​គ្រួសារ គិត​ជា​ចំនួន​មនុស្ស​ជិត ៨​ពាន់​នាក់ ដែល​បាន​ជម្លៀស​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព ដែល​មាន​ចំនួន ១២​កន្លែង។

លោក​បញ្ជាក់​ថា បើ​គិត​ពី​ទំហំ​នៃ​ការ​ខូចខាត​សម្រាប់​ខេត្ត​កំពង់ចាម មក​ដល់​ពេល​នេះ គឺ​មាន​ការ​ខូចខាត​មួយ​ចំនួន ដូច​ជា ស្រូវ​ត្រូវ​រង​ការ​លិចលង់​ជាង ៨​ពាន់​ហិកតារ លិច​ផ្លូវ ៣៨​កន្លែង ប្រមាណ​ជាង ៧០​គីឡូម៉ែត្រ។ ក្នុង​នោះ សាលា​រៀន​លិច ១៣៦​កន្លែង វត្ត​អារាម ១២៥​វត្ត លិច​ផ្ទះ​ជាង ៩​ពាន់​ខ្នង ដោយ​មាន​ផ្ទះ​មួយ​ចំនួន​ត្រូវ​ទទួល​ការ​ខូចខាត​ទាំង​ស្រុង។

ដោយ​ឡែក នៅ​ក្នុង​ទី​រួម​ខេត្ត​កំពង់ចាម វិញ ដែល​ទឹក​កំពុង​តែ​ហូរ​ចូល​ជា​បណ្ដើរៗ ហើយ​អាជ្ញាធរ​ខេត្ត​ក៏​បាន​ចាត់​វិធាន​ការ​យ៉ាង​សកម្ម​ចំពោះ​បញ្ហា​នេះ៖ «យើង​ចាត់​វិធាន​ការ​យ៉ាង​ក្តៅ​គគុក​ហើយ ពីព្រោះ​ទឹក​នេះ​យើង​អាច​និយាយ​បាន​ជា​កម្ពស់​ទឹក​ដែល​ឡើង​មាន​កម្ពស់​ប្រហាក់​ប្រហែល​នឹង​កម្ពស់​ទឹក កាល​ពី​ឆ្នាំ​២០០០ ហើយ។ ហើយ​យើង​មាន​ខឿន​របាំង​ទឹក​ទន្លេ ដើម្បី​ទប់ ក៏ប៉ុន្តែ​មិន​អាច​ទប់​បាន​ទេ។ អីចឹង​ទេ ខេត្ត​បាន​បញ្ជូន​កម្លាំង​មន្ត្រី​រាជការ កម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​នៅ​ក្នុង​សាលា​ក្រុង ដើម្បី​ច្រក​បាវ​ខ្សាច់ ដើម្បី​ទប់​បន្ថែម។ ជាមួយ​នោះ យើង​មាន​ម៉ាស៊ីន​បូម​ទឹក និង​ម៉ូទ័រ​បូម​ទឹក​ចំនួន បី​គ្រឿង ដើម្បី​បូម​ទឹក​ចេញ»

ដោយ​ឡែក​នៅ​ក្នុង​ខេត្ត​ក្រចេះ ឯណោះ​វិញ គឺ​មាន​ចំនួន​មនុស្ស​ដែល​ស្លាប់​ដោយ​ទឹក​ជំនន់ ៤​នាក់ ក្នុង​នោះ​ស្រី ២​នាក់។

ចំណែក​ឯ​ខេត្ត​ព្រៃវែង លោក​អភិបាល​ខេត្ត ហាស់ សារ៉េត មាន​ប្រសាសន៍​អោយ​ដឹង​ថា មិន​ទាន់​រាយការណ៍​ស្ដីពី​ចំនួន​អ្នក​ស្លាប់ ហើយ​ការ​ខូចខាត​ក៏​នៅ​មិន​ទាន់​មាន​ភាព​ធ្ងន់ធ្ងរ​នោះ​ទេ៖ «មិន​ទាន់​មាន​អី​ទេ! មិន​ទាន់​មាន​អី​ទេ! គ្រាន់​តែ​ថា គណៈកម្មាធិការ​គ្រោះ​មហន្តរាយ​របស់​ខេត្ត បាន​រៀប​ចំ​លក្ខណៈ​ដើម្បី​ក្នុង​ករណី​ជួយ​ប្រជាពលរដ្ឋ ក្នុង​ករណី​មួយ​ជួយ​ប្រជាពលរដ្ឋ​ក្នុង​ពេល​ដែល​ទឹក​ឡើង​ខ្លាំង​ជាង​នេះ»

ស្រប​ពេល​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​ណែនាំ​ស្ដីពី​ការ​ត្រៀម​វិធាន​ការ​ទុក​ជា​មុន ដើម្បី​បញ្ចៀស និង​កាត់​បន្ថយ​គ្រោះ​មហន្តរាយ ដែល​បណ្ដាល​មក​ពី​គ្រោះ​ទឹក​ជំនន់។ សេចក្តី​ណែនាំ​នោះ​បញ្ជាក់​ថា ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប និង​មាន​ព្យុះ​ទី​២១ ឈ្មោះ វូទីព (WUTIP) បាន​បន្ត​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ជោគជាំ នៅ​ក្នុង​អាង​ទន្លេ​មេគង្គ និង​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ អាស្រ័យ​ហេតុ​នេះ អាជ្ញាធរ​សមត្ថកិច្ច​ក្នុង​ខេត្ត​សំខាន់ៗ​មួយ​ចំនួន ជា​ពិសេស​ខេត្ត​នៅ​តាម​ដង​ទន្លេ​ជាប់​បឹង​ទន្លេសាប និង​ជាប់​ជួរ​ភ្នំ ត្រូវ​ត្រៀម​ជា​ស្រេច​ក្នុង​ការ​ជួយ​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល