សហគមន៍​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ​ថា មន្ត្រី​បរិស្ថាន​គំរាម​ពួក​គេ​មិន​ឱ្យ​ចុះ​ល្បាត​ព្រៃ

ដោយ ជាតិ ចំណាន
2020-02-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​សមាជិក​សហគមន៍​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ លោក ហឿន សុភាព ពេល​ចុះ​ល្បាត​ការពារ​ព្រៃឡង់ កាល​ពី​ថ្ងៃ​ទី២០ ខែ​សីហា ឆ្នាំ២០១៧។
ក្រុម​សមាជិក​សហគមន៍​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ លោក ហឿន សុភាព ពេល​ចុះ​ល្បាត​ការពារ​ព្រៃឡង់ កាល​ពី​ថ្ងៃ​ទី២០ ខែ​សីហា ឆ្នាំ២០១៧។
រូប៖ ហ្វេសប៊ុក​លោក ហឿន សុភាព

សហគមន៍​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ​ព្រួយ​បារម្ភ​ជា​ថ្មី​ទៀត ពី​ការ​កើន​ឡើង​បទ​ល្មើស​ព្រៃ​ឈើ ក្នុង​តំបន់​ព្រៃ​ការពារ​ដោយ​អនុក្រឹត្យ នៅ​គ្រា​ដែល​ឆ្មាំ​ឧទ្យានុរក្ស របស់​ក្រសួង​បរិស្ថាន បាន​រារាំង និង​គំរាម​ពួក​គេ​មិន​ឱ្យ​ចុះ​ល្បាត​ព្រៃ​ឡង់​បន្ត​ទៀត។ សហគមន៍​ចាត់​ទុក​ការ​គំរាម​នេះ ជា​ការ​រឹតត្បិត​សេរីភាព​អ្នក​អភិរក្ស​ព្រៃ​ឈើ​ខុស​ច្បាប់ និង​ផ្ដល់​ឱកាស​ឱ្យ​ក្រុម​ជន​ល្មើស​បន្ត​សកម្មភាព​កាប់​ឈើ​កាន់​តែ​ច្រើន​ឡើង។

អ្នក​សម្របសម្រួល​សហគមន៍​ព្រៃ​ឡង់ ខេត្ត​កំពង់ធំ លោក ហឿន សុភាព ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១០ កុម្ភៈ​ថា នា​យក​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ លោក លី ស្រេង  បាន​ហាម​ពួក​គេ​មិន​ឱ្យ​ចុះ​ល្បាត​ព្រៃ​ឡង់​ជា​ដាច់ខាត ហើយ​ប្រសិន​បើ​សហគមន៍​មិន​អនុវត្ត​តាម​ទេ មន្ត្រី​ជំនាញ​នឹង​ចាប់​ខ្លួន។ លោក​ថា ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ សហគមន៍​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ ខក​ខាន​មិន​បាន​ចុះ​ល្បាត​ព្រៃ​នោះ​ទេ ព្រោះ​ភ័យខ្លាច​ការ​គំរាម​ចាប់​ខ្លួន របស់​មន្ត្រី​បរិស្ថាន។ ពួក​គេ​ស្នើ​ឱ្យ​ក្រសួង​បរិស្ថាន​ពិនិត្យ​ករណី​នេះ​ឡើង​វិញ និង​មេត្តា​បើក​ចិត្ត​ទូលាយ​ផ្ដល់​លទ្ធភាព​ឱ្យ​សហគមន៍​ចូល​រួម​ការពារ​ព្រៃ​ស្រប​តាម​រដ្ឋធម្មនុញ្ញ៖ «មិន​អាច​ឱ្យ​យើង​ចុះ​បាន​ទេ​ ប្រសិន​ជា​យើង​ចុះ​ក្នុង​ព្រៃ​គេ​នឹង​ចាប់​ខ្លួន​គេ​និយាយ​ដូច្នេះ​តែ​ម្តង។ ខ្ញុំ​គិត​ថា រឿង​ទង្វើ​ការ​ឆ្លើយ​តប​ពី​ក្រុម​បរិស្ថាន (មន្ត្រី​បរិស្ថាន) ទាំង​អស់​នេះ គឺ​ជា​ទង្វើ​មួយ​ខុស​លើ​ច្បាប់។ ការ​ចូល​រួម​ចុះ​ល្បាត ការ​ចូល​រួម​ឃ្លាំមើល ការ​ការពារ​ធនធាន​ធម្មជាតិ ដូច​ជា មិន​មាន​ច្បាប់​ណា ហាម​ឃាត់​មិន​ឱ្យ​ពលរដ្ឋ​ចូល​ល្បាត​ទេ ចូល​រួម​ការពារ​ទេ»

លោក ហឿន សុភាព បន្ថែម​ថា ការ​ហាមឃាត់​សហគមន៍​ព្រៃ​ឡង់​មិន​ឱ្យ​ចុះ​ល្បាត​ព្រៃ គឺ​ផ្តល់​ឱកាស ឱ្យ​ក្រុម​ជន​ល្មើស​នៅ​តែ​បន្ត​សកម្មភាព​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ឥត​ស្រាកស្រាន្ត។ លោក​ថា ការ​រឹតត្បិត​ពួក​គេ​មិន​ឱ្យ​ចុះ​ល្បាត​ព្រៃ ជា​ទង្វើ​ផ្ទុយ​ពី​អនុសាសន៍ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ សហការ​ជាមួយ​ពលរដ្ឋ​ចូល​រួម​ការពារ​ព្រៃ​ឈើ។ ទន្ទឹម​នឹង​នេះ ការ​រារាំង​នេះ ក៏​ជា​ការ​លាក់បាំង​ព័ត៌មាន​ពី​បទ​ល្មើស​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ ដែល​កំពុង​កើត​មាន​ទាំង​យប់​ថ្ងៃ៖ «ប្រជាពលរដ្ឋ​មួយ​ចំនួន​កំពុង​តែ​លួច​កាប់​ឈើ ទង្វើ​ទាំង​អស់​នេះ ដែល​គេ​មិន​ចង់​ឱ្យ​យើង​ឃើញ ហើយ​វា​ស្រប​ទៅ​នឹង​របាយការណ៍ ពួក​ខ្ញុំ​ឃើញ​ថា យើង​ចូល​ទៅ​ចាប់​បាន​ម៉ាស៊ីន​អារ​ឈើ យើង​ចាប់​បាន​គោយន្ត ជូន​កាល​យើង​ឃើញ​ឈើ​ថ្មីៗ ដែល​កំពុង​ដួល។ សកម្មភាព ដែល​គេ​មិន​ចង់​ឱ្យ​យើង​ធ្វើ ខ្ញុំ​គិត​ថា ការ​រឹតត្បិត ប្រសិន​បើ​មាន​សកម្មភាព​ពួក​ខ្ញុំ​នឹង​ចេញ​របាយការណ៍។ របាយការណ៍​ទាំង​អស់​ហ្នឹង​ហើយ ដែល​គេ​មិន​ចង់​ឱ្យ​យើង​ចូល​ទៅ វា​បាន​របាយការណ៍​មួយ​ចំនួន​ឃើញ​បទ​ល្មើស​កំពុង​ធ្វើ។ អ៊ីចឹង​បាន​ជា​មាន​ការ​រារាំង​រឹតត្បិត​សកម្មភាព​របស់​ពួក​ខ្ញុំ​ទាំង​អស់»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង នាយក​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ លោក លី ស្រេង ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន​នៅ​ថ្ងៃ​ទី១០ កុម្ភៈ។

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភត្ត្រា ក៏​មិន​អាច​ទាក់ទង​បាន​ដែរ ដោយសារ​លោក​មិន​ទទួល​ទូរស័ព្ទ​នៅ​ថ្ងៃ​ដដែល​នេះ។

អនុ​ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា លោក សរ ម៉ូរី ចាត់ទុកថា ការ​គំរាម និង​ហាម​សហគមន៍​ព្រៃ​ឡង់​មិន​ឱ្យ​ចុះ​ល្បាត គឺ​ជា​រូបភាព​គំរាមកំហែង​លើ​សិទ្ធិ​សេរីភាព សហគមន៍​ព្រៃ​ឡង់​ដែល​កំពុង​បំពេញ​បេសកកម្ម​ការពារ​ព្រៃ​ឈើ​ស្រប​តាម​ច្បាប់។ លោក​ថា បញ្ហា​នេះ គឺ​ជា​ចេតនា​លាក់​បាំង​ព័ត៌មាន បង្ហាញ​អំពី​ភាព​អសកម្ម​របស់​មន្ត្រី​បរិស្ថាន ក្នុង​ការ​ការពារ​ព្រៃ​ឡង់ ខណៈ​បច្ចុប្បន្ន​បើ​ទោះ​បី​ព្រៃ​ឡង់ បាន​ដាក់​បញ្ចូល​ជា​ដែន​ជម្រក​សត្វ​ព្រៃ​ក្តី ក៏​ប៉ុន្តែ​សកម្មភាព​កាប់​ឈើ​ធ្វើ​អាជីវកម្ម​នៅ​តែ​បន្ត​កើត​មាន​ច្រើន ហើយ​យន្តការ​អនុវត្ត​ច្បាប់ របស់​មន្ត្រី​បរិស្ថាន ដែល​ឈរ​ជើង​ការពារ​ព្រៃ​នៅ​តំបន់​នោះ គឺ​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ៖ «ព្រៃ​ឡង់​គំរាមកំហែង​ទាំង​ការ​កាប់​ឈើ ខុស​ច្បាប់​ដើម្បី​អាជីវកម្ម​ផង និង​គំរាមកំហែង​ក្នុង​ការ​កាប់​ទន្ទ្រាន យក​ដី​ពី​ឈ្មួញ​អ្នក​មាន​លុយ​មាន​អំណាច​មួយ​ចំនួន​ផង ហើយ​គម្រប់​ព្រៃ​ឡង់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ កាន់​តែ​រួម​តូច​ទៅៗ។ អ៊ីចឹង​ចាំបាច់​ណាស់ ត្រូវ​ការ​ចូលរួម​ពី​សហគមន៍​មូលដ្ឋាន​បន្ថែម​ទៀត ក្នុង​ការ​ជួយ​ការងារ​មន្ត្រី​ឧទ្យានុរក្ស។ ខ្ញុំ​លើក​ទឹក​ចិត្ត​ឱ្យ​មន្ត្រី​ឧទ្យានុរក្ស គួរ​តែ​ស្វាគមន៍​ចំពោះ​ការ​ចូលរួម​របស់​សហគមន៍​ក្នុង​ការពារ​ព្រៃ​ឡង់»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា  សហគមន៍​ព្រៃ​ឡង់​បាន​ត្អូញត្អែរ​ថា ព្រៃ​ឡង់​នៅ​តែ​ទទួល​រង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទាំង​យប់​ថ្ងៃ។ លោក​ចាត់​ទុក​សកម្មភាព​ល្បាត​ព្រៃ​របស់​សហគមន៍​ព្រៃ​ឡង់ គឺ​ជា​ផ្នែក​មួយ​រួម​ចំណែក ជួយ​ទប់​ស្កាត់ វិនាសកម្ម​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់។ លើស​ពី​នេះ​លោក​បារម្ភ​ថា ប្រសិន​បើ​សហគមន៍​ព្រៃ​ឡង់ មិន​បាន​ចុះ​ល្បាត​ព្រៃ​ដូច​សព្វ​មួយ​ដង​ទេ អនាគត​ព្រៃ​ឡង់​ដែល​នៅ​សេសសល់​ខ្លះ​នេះ​នឹង​រលាយ​សាបសូន្យ។

ព្រៃ​ឡង់​ឋិត​ក្នុង​ចន្លោះ​ខែត្រ​ចំនួន​បួន គឺ​ខែត្រ​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​ខែត្រ​កំពង់ធំ ត្រូវ​រដ្ឋាភិបាល​ប្រកាស​បង្កើត​ជា​ដែន​ជម្រក​សត្វព្រៃ​កាលពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ២០១៦ មាន​ផ្ទៃ​ដី​ជាង ៤សែន​ហិកតារ (៤៣១.៦៨៣) ឋិត​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន ដែល​មាន​កាតព្វកិច្ច​ធានា​គាំពារ​បរិស្ថាន និង​ការ​អភិរក្ស​ជីវចម្រុះ។ សហគមន៍​ការពារ​ព្រៃ​ឡង់​រក​ឃើញ​ថា បច្ចុប្បន្ន​ផ្នែក​ខ្លះ​នៃ​ព្រៃ​ឡង់​បាន​ជំនួស​មកវិញ​នូវ​ដំណាំ​ដំឡូង ស្វាយចន្ទី និង​កៅស៊ូ ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ឯកជន និង​បុគ្គល​ឯកជន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល