អង្គការ​​​ចំនួន៤ ថា គម្រោង​អភិវឌ្ឍន៍​លុប​បឹង​ទំពុន ​ឬ បឹង​​ជើង​ឯក ​ប៉ះពាល់​​បរិស្ថាន​​ និង​​ពលរដ្ឋ​ជាង ១លាន​នាក់

ដោយ សេក បណ្ឌិត
2020-07-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​មក​ពី​សហគមន៍​ភូម​ព្រែកតាគង់១ និង​ភូមិ​ខ្វា ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​មុខ​ក្រុមហ៊ុន អាយ.អិន.ជី (ING HOLDING) ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​នេះ ជួយ​ផ្ដល់​ព័ត៌មាន​លំអិត​ពី​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណបថ្មី នៅ​តំបន់​បឹងទំពុន និង​បឹង​ជើងឯក កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
ពលរដ្ឋ​មក​ពី​សហគមន៍​ភូម​ព្រែកតាគង់១ និង​ភូមិ​ខ្វា ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​មុខ​ក្រុមហ៊ុន អាយ.អិន.ជី (ING HOLDING) ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​នេះ ជួយ​ផ្ដល់​ព័ត៌មាន​លំអិត​ពី​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណបថ្មី នៅ​តំបន់​បឹងទំពុន និង​បឹង​ជើងឯក កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
RFA

អង្គការ សមាគម ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​បណ្ដាញ​យុវជន ចំនួន៤ ចេញ​ផ្សាយ​របាយការណ៍​រួម​គ្នា ប្រចាំ​កក្កដា បង្ហាញ​ថា គម្រោង​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ឯកជន នៅ​តំបន់​បឹង​ទំពុន ឬ​តំបន់​បឹង​ជើង​ឯក ស្ថិត​នៅ​ភាគ​ខាង​ត្បូង រាជធានី​ភ្នំពេញ បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​ពលរដ្ឋ។ ក្រុម​អ្នក​ឃ្លាំមើល ចង់​ឲ្យ​រដ្ឋាភិបាល សិក្សា​ពី​ផល​ប៉ះពាល់​នៃ​ការ​អភិវឌ្ឍន៍​បឹង​ទំពុន និង​បឹង​ជើងឯក​ឡើង​វិញ មុន​នឹង​បន្ត​គម្រោង​អភិវឌ្ឍន៍​ត​ទៀត។

អង្គការ​លីកាដូ បណ្ដាញ​យុវជន​កម្ពុជា​ (CYN) អង្គការ​សមធម៌ និង​អង្គការ​សមាគម​ធាង​ត្នោត រក​ឃើញ​ថា ការ​ចាក់​ខ្សាច់​លុប​បឹង​ទំពុន ក្នុង​ទំហំ​យ៉ាង​ធំ ដើម្បី​អភិវឌ្ឍន៍​កន្លង​មក បណ្ដាល​ឲ្យ​បឹង​នេះ ធ្លាក់​ចុះ​សមត្ថភាព​ចម្រុះ​ទឹក​ស្អុយ មុន​នឹង​បង្ហូរ​ចូល​ទន្លេ​មេគង្គ និង​ទន្លេ​បាសាក់។ ក្រុម​អង្គការ​សមាគម​ទាំង៤ ព្រួយ​បារម្ភ​ថា បឹង​ទំពុន​លែង​មាន​សមត្ថភាព​ច្រោះ​ទឹក​ស្អុយ នឹង​បណ្ដាលឲ្យ​គ្រោះថ្នាក់​បរិស្ថាន​ធ្ងន់ធ្ងរ តាម​រយៈ​ការ​បំពុល​ទឹក​ទន្លេ។

ក្រុម​អង្គការ​ទាំង​នេះ រក​ឃើញ​ទៀត​ថា ពលរដ្ឋ​ជាង​មួយ​ពាន់ (.០០០) គ្រួសារ ដែល​កំពុង​រស់​នៅ​ក្នុង​តំបន់​បឹង​ទំពុន កំពុង​ប្រឈម​ការ​បណ្ដេញ​ចេញ ការ​បាត់បង់​ប្រាក់​ចំណូល និង គ្មាន​ចំណី​អាហារ​បរិភោគ​គ្រប់​គ្រាន់ ដោយសារ​ការ​លុប​ដី​បឹង អភិវឌ្ឍ​គម្រោង​របស់​ក្រុមហ៊ុន​ឯក​ជន​ធំៗ ដូចជា អាយ​អិន​ជី ស៊ី​ធី (ING City​) ជីប​ម៉ុង (Chipmong) អ៊ីអន ម៉ល (EAON Mall) អ័រគីដេ វីឡា (Orkiday Vila) និង​គម្រោង​បុរី​ប៉េង​ហួត ជា​ដើម។

របាយការណ៍​បង្ហាញ​ថា ក្រៅពី​ពលរដ្ឋ​ជាង​មួយ​ពាន់​នាក់ រស់​នៅ​ក្នុង​តំបន់​បឹង​ទំពុន​ផ្ទាល់ ពលរដ្ឋ​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ ចន្លោះ​ពី​មួយ​លាន (.០០០.០០០) ទៅ​ពីរ​លាន (.០០០.០០០) នាក់ ក៏​កំពុង​រង​ផល​ប៉ះពាល់ ដោយ​ការ​ប្រឈម​ការ​លិចលង់​ទីក្រុង និង​ការ​បំពុល​ទឹក​ទន្លេ ព្រោះ​ការ​ចាក់​ខ្សាច់​លុប​បឹង​ទំពុន។

អង្គការ​ទាំង៤ រក​ឃើញ​ថា ផ្ទៃ​បឹង​ទំពុន ឬ​ជើង​ឯក មាន​ទំហំ​យ៉ាង​ហោច​ណាស់​មួយ​ពាន់​ប្រាំ​រយ (.៥០០) ហិកតារ លាត​សន្ធឹង​ក្នុង​ខណ្ឌ​មានជ័យ ជាប់​ក្រុង​តា​ខ្មៅ។ របាយការណ៍​ដដែល​បង្ហាញ​ថា តាម​រយៈ​រូបភាព​ផ្កាយ​រណប​បង្ហាញ​ថា ផ្ទៃ​បឹង​ទំពុន​មួយ​ភាគ​បី ត្រូវ​បាន​ចាក់​ខ្សាច់​លុប ដើម្បី​គម្រោង​អភិវឌ្ឍន៍​ឯកជន​នានា ដោយ​បច្ចុប្បន្ន នៅសល់​ផ្ទៃ​បឹង​ទំហំ​ប្រហែល​មួយ​ពាន់ (.០០០) ហិកតារ។

នាយក​ប្រតិបត្តិ​អង្គការ​សមធម៌ លោក អៀង វុទ្ធី ប្រាប់​អាស៊ី​សេរី​ថា ក្រុម​អង្គការ​សមាគម​ទាំង៤ ចង់​ឲ្យ​រដ្ឋាភិបាល សិក្សា​បន្ថែម​ពី​លើ​របាយការណ៍​រួម​នេះ ដើម្បី​រក​វិធី​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន និង​ភាព​ប្រឈម​របស់​ពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​បឹង​ទំពុន។ លោក អៀង វុទ្ធី បន្ត​ថា បើ​តាម​ការ​ស្រាវជ្រាវ ពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​បឹង​ទំពុន មិន​បាន​ទទួល​ផល​ប្រយោជន៍​តិចតួច​បំផុត​ពី​ការ​ចាក់​ខ្សាច់​លុប​បឹង​ទេ តែ​បែរ​បាត់បង់​ជីវភាព​ធ្លាប់​បេះ​ត្រកួន រក​ត្រី និង​ប្រឈម​ការ​បណ្ដេញ​ចេញ​ទៅ​វិញ៖ «របាយការណ៍​យើង យើង​ចង់​ឲ្យ​ក្រសួង​ពាក់ព័ន្ធ ក៏ដូចជា​រដ្ឋាភិបាល ធ្វើការ​សិក្សា​ឲ្យបាន​ស៊ីជម្រៅ​ទៅលើ​តំបន់​អភិវឌ្ឍន៍​នោះ​ណា ដើម្បីឲ្យ​មានការ​កាត់បន្ថយ ការ​ប៉ះពាល់ ឲ្យ​ប្រសើរ​ជាង​នេះ»

ចំណែក​នាយក​ប្រតិបត្តិ​អង្គការ​សមាគម​ធាង​ត្នោត លោក សឿង សារ៉ន ព្រួយ​បារម្ភ​ថា បើ​ការ​បន្ត​លុប​បឹង​ទំពុន លើស​ពី​ហាសិប (៥០) ភាគ​រយ​នៃ​ផ្ទៃ​បឹង នឹង​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង​សិទ្ធិ​របស់​ពលរដ្ឋ នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ តាម​រយៈ​ការ​ជន់​លិច និង​ការ​បំពុល​ទឹក​ជា​ដើម។

លោក សឿង សា​រ៉ន បន្ត​ថា របាយការណ៍​នេះ មាន​គោលបំណង​ឲ្យ​អាជ្ញាធរ និង​រដ្ឋាភិបាល គិតគូរ​ឡើងវិញ ពី​ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព និង​កាត់បន្ថយ​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​ពលរដ្ឋ។ តែ​យ៉ាងណា ក្រុម​អង្គការ​ទាំង៤ គ្មាន​បំណង​ដាក់​របាយការណ៍​នេះ ជូន​រដ្ឋាភិបាល​ទេ គ្រាន់តែ​ផ្ដល់​ជា​អនុសាសន៍​ក្នុង​របាយការណ៍ និង​បង្ហោះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​សាធារណៈ៖ «តាម​ការ​រក​ឃើញ​របស់​យើង បើ​សិន​ការអភិវឌ្ឍន៍​លើស ៥០ភាគ​រយ នៅ​ក្នុង​តំបន់​បឹងទំពុន​ហ្នឹង វា​នឹង​មានផល​ប៉ះពាល់​ច្រើន​ទៅលើ​ប្រជាពលរដ្ឋ នៅ​ក្នុង​ក្រុងភ្នំពេញ និង​តាខ្មៅ ដូច​យើង​លើកឡើង វា​នឹង​មាន ១លាន​នាក់​ជាង»

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ខាង​ភាគី​រដ្ឋាភិបាល និង​អាជ្ញាធរ​បានទេ ដោយសារ​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត ភក្ត្រា និង អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្ដី មិន​ទទួល​ទូរស័ព្ទ។ ប៉ុន្ត លោក ផៃ ស៊ីផាន ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក (Thmey Thmey) ថា ការ​អភិវឌ្ឍ​ក្រុង ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​អ្នក​មក​រស់នៅ​ក្នុង​ទីក្រុង។ ចំណែក​អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី លោក ឯក ថា ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា រាល់​គម្រោង​លុប​បឹង ដើម្បី​អភិវឌ្ឍន៍​នានា គឺ​រដ្ឋាភិបាល​តែងតែ​គិតគូរ ល្អិតល្អន់​ជានិច្ច។

ពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​បឹងទំពុន​ម្នាក់ ក្នុង​ភូមិ​ព្រែក​តាគង់ សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ​លោកស្រី ឡាយ សាម៉េត ប្រាប់​ថា ចាប់​តាំង​ពី​ក្រុមហ៊ុន សម្រុក​ចាក់​ដី​លុប​បឹងទំពុន ក្នុង​អំឡុង​ឆ្នាំ២០១២ មក លោកស្រី បាន​បោះបង់​មុខរបរ​បេះ​ត្រកួន ព្រោះ​ទីតាំង​ដែល​ធ្លាប់​ដាំ​ត្រកួន​បណ្ដែត​ទឹក ត្រូវ​បាន​គេ​ចាក់​លុប​អភិវឌ្ឍន៍​ជា​អគារ​ធំៗ។

លោកស្រី​បន្ត​ថា គ្រួសារ​លោកស្រី ធ្លាក់​ចុះ​ជីវភាព​យ៉ាប់​យឺន​ជាង​មុន ឯ​ប្ដី​លោកស្រី ដែល​ធ្លាប់​នេសាទ​ក្នុង​បឹង​ទំពុន ប្ដូរ​អាជីព​ធ្វើជា​កម្មករ​សំណង់ នៃ​គម្រោង​អភិវឌ្ឍន៍ លើ​បឹង​ទំពុន​វិញ។ លោកស្រី បន្ថែម​ថា ជាង​នេះ​ទៅ​ទៀត គ្រួសារ​លោកស្រី កំពុង​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ពី​ក្នុង​បឹង ដោយសារ​អាជ្ញាធរ មិនព្រម​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ៖ «ពួក​ខ្ញុំ នៅ​ហ្នឹង យូរឆ្នាំហើយ មិនមែន​តិច​ឆ្នាំ​ទេ ម្នាក់​សុទ្ធតែ​ជាង​ម្ភៃ​ឆ្នាំ​ហើយ តតាំង​ពី​កូន​រហូតដល់​ចៅ​ហើយ។ អ៊ីចឹង​គួរតែ​គាត់​គិតគូរ​ផង​អ៊ីចឹង​ណា។ អ៊ីចឹង សំណូមពរ​អាជ្ញាធរ​គ្រប់​ស្ថាប័ន​ហ្នឹង ធ្វើ​ប័ណ្ណ ប្លង់​កម្មសិទ្ធិ​ឲ្យ​ពួក​ខ្ញុំ​ផង»

បឹងទំពុន ឬ​ជើង​ឯក ជា​បឹងធំ​ទី២ នៅ​ក្នុង​ភ្នំពេញ បន្ទាប់ពី​បឹង​តា​មោក ឬ​បឹង​ទំនប់​កប់​ស្រូវ ដែល​កំពុង​រង​ការ​ចាក់​លុប ក្រោម​ហេតុផល​អភិវឌ្ឍន៍​ដូចគ្នា។ អង្គការ​ទាំង៤ គណនា​ថា តម្រូវការ​ខ្សាច់ ចាក់​លុប​បំពេញ​បឹងទំពុន ប្រហែល ៧កោដិ ៧លាន (៧៧.០០០.០០០) ម៉ែត្រគូប ដែល​បាន​មក​ពី​ការ​បូម​ខ្សាច់​ក្នុង​ទន្លេ​មេគង្គ និង​បាសាក់ ហើយ​ការ​បូម​ខ្សាច់​ក្នុង​កម្រិត​សន្ធឹក​សន្ធាប់​នេះ បាន​បណ្ដាល​ឲ្យ​បាក់​ច្រាំង​ទន្លេ និង​ប៉ះពាល់​ដល់​ពលរដ្ឋ​រស់នៅ​តាម​ដងទន្លេ។ ចំនួន​ខ្សាច់ ដែល​ត្រូវ​បូម យក​ចាក់​លុប​បឹង​ទំពុន​នេះ ច្រើន​ជាង​គម្រោង​អភិវឌ្ឍន៍​គ្រប់​កន្លែង​ទាំង​អស់​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល