រដ្ឋាភិបាល​​​ឱ្យ​លុប​​បឹង​តា​មោក ៨៣ហ.ត ​ទៀត ដើម្បី​ធ្វើ​​សួន​ច្បារ និង​អគារ​​​នគរបាល​

ដោយ អាស៊ីសេរី
2020-03-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​បឹង​ធម្មជាតិ ឈ្មោះ​បឹង​តា​មោក ឬ​បឹង​កប់​ស្រូវ ដែល​រដ្ឋាភិបាល​សម្រេច​ឲ្យ​លុប​ជាង ៨០ហិកតារ​ថែម​ទៀត ដើម្បី​បង្កើត​សួន​ឧទ្យាន​ធម្មជាតិ និង​អគារ​អគ្គស្នងការ​នគរបាល​ជាតិ។
ផែនទី​បឹង​ធម្មជាតិ ឈ្មោះ​បឹង​តា​មោក ឬ​បឹង​កប់​ស្រូវ ដែល​រដ្ឋាភិបាល​សម្រេច​ឲ្យ​លុប​ជាង ៨០ហិកតារ​ថែម​ទៀត ដើម្បី​បង្កើត​សួន​ឧទ្យាន​ធម្មជាតិ និង​អគារ​អគ្គស្នងការ​នគរបាល​ជាតិ។
រូប៖ ហ្វេសប៊ុក​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់

រដ្ឋាភិបាល​ សម្រេច​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ លុប​ផ្ទៃ​បឹង​តាមោក ចំនួន ៨៣ហិកតារ បន្ថែម​ទៀត ដើម្បី​ធ្វើជា​សួរ​ច្បារ ឧទ្យាន​ធម្មជាតិ​សាធារណៈ និង​សម្រាប់​ធ្វើ​ទីស្ដីការ​អគ្គ​ស្នងការ​នគរបាល​ជាតិ។ សង្គម​ស៊ីវិល ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​គម្រោង​សិក្សា​លុប​ផ្ទៃ​​បឹង​នោះ ដើម្បី​ឲ្យ​ប្រាកដ​ថា មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​ជីវភាព​ពលរដ្ឋ​នៅ​ក្បែរ​នោះ។

ផ្ទៃ​បឹង​តាម​មោក ឬ​ទំនប់​កប់​ស្រូវ នឹង​ត្រូវ​លុប​បន្ថែម ៨៣ហិកតារ ស្ថិត​នៅ​ក្នុង​សង្កាត់​គោករកា ខណ្ឌ​ព្រែក​ព្នៅ ដោយ ៧៥ហិកតារ លុប​ធ្វើ​ជា​សួន​ច្បារ និង​ឧទ្យាន​ធម្មជាតិ​សាធារណៈ ឯ ៨ហិកតារ ត្រូវ​ធ្វើ​ជា​នាយកដ្ឋាន​កណ្ដាល នៃ​អគ្គ​ស្នងការ​នគរបាល​ជាតិ។

សេចក្ដី​ជូន​ដំណឹង​ស្ដីពី​គម្រោង​លុប​ផ្ទៃ​បឹង​នេះ ត្រូវ​បាន​ផ្សាយ​ចេញ​តាម​រយៈ​សារព័ត៌មាន​ក្នុង​ស្រុក​ និង​សេចក្ដី​ជូន​ដំណឹង​របស់​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី។ អាស៊ី​សេរី បាន​ព្យាយាម​សុំ​ការ​បញ្ជាក់​​ពី​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី​ តែ​គ្មាន​អ្នក​ទទួល​ទូរស័ព្ទ។ ចំណែក​អ្នក​នាំ​​ពាក្យ ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី លោក ឯក ថា ប្រាប់​អាស៊ី​សេរី តាម​ប្រព័ន្ធ​តេឡេក្រាម (Telegram) ថា លោក​​គ្មាន​ជំនាញ និង​មិន​សូវ​ដឹង​រឿង​នេះ​ទេ ប៉ុន្តែ​ លោក​អះអាង​ថា រាល់​ការ​សម្រេច​របស់​រដ្ឋាភិបាល គឺ​ដើម្បី​ពលរដ្ឋ និង​ប្រយោជន៍​សាធារណៈ។

អនុក្រឹត្យ​ចុះ​​​ថ្ងៃ​ទី៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦ បង្ហាញ​ថា ផ្ទៃ​បឹង​តា​មោក មាន​ទំហំ ៣.២៣៩​ហិកតារ ប៉ុន្តែ​ត្រូវ​បាន​រដ្ឋាភិបាល ​សម្រេច​ ឲ្យ​លុប​​យ៉ាង​ហោច​ណាស់ ៤ដង​ហើយ រាប់​ទាំង​លើក​នេះ​ គឺ​មាន​ទំហំ​លុប​សរុប ១៤៧​ហិកតារ​ ទៅ​ហើយ​។ ​លើក​ទី១ រដ្ឋាភិបាល​សម្រេច​ឲ្យ​លុប​បឹង​ទំហំ ៤៥ហិកតារ​ កាល​ពី​​ខែ​តុលា ឆ្នាំ២០១៨ ដើម្បី​យក​ដី ទៅ​ឱ្យ​ឯកជន​ ដោយ​អះអាង​ថា ជា​ម្ចាស់​ដើម​នៃ​ដី។ លើក​ទី២ នៅ​ឆ្នាំ២០១៨ ដដែល រដ្ឋាភិបាល​ សម្រេច​ឲ្យ​លុប​ផ្ទៃ​បឹង​ចំនួន ២០​ហិកតារ​ទៀត​ ទៅ​ឱ្យ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​​អភិវឌ្ឍន៍​ជា​ផ្សារ និង​ចំណត​រថយន្ត ដែល​គ្រោង​រើ​ចេញ​ផ្នែក​ខ្លះ ពី​ផ្សារ​ដើម​គ នៅ​ខណ្ឌ​ទួល​គោក។ សេចក្ដី​សម្រេច​ឲ្យ​លុប​លើក​ទី​២​នេះ ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ នៅ​​ពាក់​កណ្ដាល​ឆ្នាំ២០១៩។ ឯ​ករណី​​ការ​សម្រេច​លុប​បឹង​លើក​ទី៣ និង​លើក​ទី៤ គឺ​ការ​សម្រេច​លុប​​៨៣​ ហិកតារ​លើក​នេះ គណៈរដ្ឋមន្ត្រី​អះអាង​ថា ដើម្បី​បង្កើត​ជា​សួនច្បារ​ ឧទ្យាន​ធម្មជាតិ និង​អគារ​អគ្គ​ស្នងការ​នគរបាល​ជាតិ។

ទោះ​ជា​បែប​ណា ព័ត៌មាន​ស្ដីពី​ការ​លុប និង​គម្រោង​លុប​ផ្ទៃ​បឹង​តា​មោក ដែល​ជា​បឹង​ធម្មជាតិ​ធំ​ចុង​ក្រោយ​គេ នៅ​ក្រុង​ភ្នំពេញ​នេះ មិន​ត្រូវ​បាន​រដ្ឋាភិបាល​តាំង​បង្ហាញ​ជា​សាធារណៈ ឬ​ជូន​ជា​ដំណឹង​ឲ្យ​ជាក់​លាក់ ដល់​ពលរដ្ឋ​ទេ ខណៈ​ពលរដ្ឋ​អះអាង​ថា បាន​ឃើញ​ឡាន​ដឹក​ដី​ បាន​ធ្វើ​សកម្មភាព​ដឹក​ដី​ចាក់​លុប​ផ្ទៃ​បឹង​សឹង​តែ​រាល់​ថ្ងៃ។

នាយក​ប្រតិបត្តិ នៃ​អង្គការ​សមាគម​ធាងត្នោត សឿង សារ៉ន យល់​ថា រដ្ឋាភិបាល​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ និង​ត្រូវ​ធ្វើ​យ៉ាង​ណា ត្រូវ​ធានា​ថា ការ​លុប​ផ្ទៃ​បឹង​តា​មោក នឹង​មិន​ធ្វើ​ឲ្យ​ជះឥទ្ធិពល​មិន​ល្អ ដល់​ជីវភាព​ពលរដ្ឋ​ ដែល​រស់​នៅ​ម្ដុំ​មាត់​បឹង របរ​នេសាទ និង​បរិស្ថាន។ លោក​សង្ឃឹម​ថា រដ្ឋាភិបាល នឹង​បង្ហាញ​របាយការណ៍​ជា​សាធារណៈ អំពី​គម្រោង​​លុប​បឹង និង​ស្ដីពី​ស្ថានភាព​ពលរដ្ឋ​រស់​នៅ​តំបន់​នោះ​ ឲ្យ​លំអិត និង​ជាក់​លាក់៖ «រាជ​រដ្ឋាភិបាល លោក​គួរ​តែ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ ទៅ​លើ​សង្គម និង​បរិស្ថាន​ឲ្យ​បាន​ច្បាស់​លាស់​សិន មុន​នឹង​លោក​ធ្វើ​ការ​​ចេញ​សេចក្ដី​សម្រេច​បែប​ហ្នឹង។ ប្រសិន​បើ​បាន​ធ្វើ​ការ​សិក្សា​ហើយ គួរ​តែ​បាន​ដាក់​ផ្សាយ​ជា​សាធារណៈ ដើម្បី​ឲ្យ​សាធារណៈ​ជន​ គាត់​បាន​មើល ហើយ​នឹង​អាច​ផ្ដល់​​យោបល់​ដែរ។ ប៉ុន្តែ​វា​ហាក់​ដូច​អត់​បាន​ឃើញ​របាយការណ៍​ហ្នឹង។ ​បាន​ឃើញ​តែ​ ស..​ណ ចេញ​ដោយ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី ទាក់​ទង​នឹង​ការ​​កាត់​ផ្ទៃ​​បឹង​តា​មោក​ហ្នឹង»

សមាគម​ធាងត្នោត ធ្លាប់​ចេញ​របាយការណ៍ ផ្សាយ​ចេញ កាល​ពី​ខែ​មករា ​បង្ហាញ​ថា បឹង​តា​មោក ឬ​បឹង​កប់​ស្រូវ ជា​បឹង​មួយ​ធំ​ជាង​គេ​ ក្នុង​រាជធានី​ភ្នំពេញ មាន​ប្រជាជន​រស់​នៅ​ជុំវិញ​បឹង ៣១៩​គ្រួសារ។ បឹង​នេះ អាច​ការពារ​ទឹក​ជំនន់ និង​ជា​អាង​ស្តុក​ទឹក​ស្អាត​លក្ខណៈ​ធម្មជាតិ ធនធាន​ត្រី និង​បក្សី​ ផង​ដែរ។

បឹង​នេះ ស្ថិត​នៅ​ផ្នែក​ខាង​លិច​ឆៀង​ខាង​ជើង​រាជធានី​ភ្នំពេញ ស្ថិត​នៅ​ចន្លោះ​ខណ្ឌ​ព្រែក​ព្នៅ និង​ខណ្ឌ​សែន​សុខ ​មាន​ភូមិ​ចំនួន​១៩​។ ពលរដ្ឋ រស់​នៅ​ជុំវិញ​បឹង​នេះ​ ប្រកប​របរ​ធ្វើ​ស្រែ រក​ត្រី ដាំ​ដំណាំ និង​ខ្លះ​ជា​កម្មករ​រោងចក្រ។ កាល​ពី​រដ្ឋាភិបាល​ មិន​ទាន់​លុប​បឹង​ក្នុង​ក្រុង​ភ្នំពេញ បឹង​តា​មោក មាន​សភាព​ថ្លាឆ្វង់​។ ប៉ុន្តែ​បច្ចុប្បន្ន​បឹង​តា​មោក ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ យក​ធ្វើ​ជា​ទីតាំង​សម្រាប់​បង្ហូរ​ទឹក​ស្អុយ និង​ជា​កន្លែង​រំដោះ​ជំនន់​ទឹក​ភ្លៀង​ចេញ ពី​ភ្នំពេញ ដែល​ធ្វើ​ឲ្យ​ផ្ទៃ​បឹង​ទាំងស្រុង ​ប្រែ​ក្លាយ​ជា​​ពណ៌​ខ្មៅ ធំ​ក្លិន​ស្អុយ​ និង​បែក​ពពុះ ​ហើរ​ពាសពេញ​លើ​ផ្លូវ​ថ្នល់​ព័ទ្ធ​ជុំវិញ​បឹង​។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ធ្លាប់​លើក​ឡើង​ថា ផ្ទៃ​បឹង​តា​មោក នឹង​ត្រូវ​លុប​តែ​ត្រង់​កន្លែង​ណា ដែល​ជា​ជម្រក​មូស​ប៉ុណ្ណោះ។ ឯ​ផ្ទៃ​បឹង ស្ដុក​ទឹក នឹង​មិន​លុប​ទេ ហើយ​សន្យា​ជីក​ជម្រៅ​ឲ្យ​ជ្រៅ​ជាង​នេះ​ទៀត៖ «តា​មោក (ផ្ទៃ​បឹង) មិន​ត្រូវ​ឱ្យ​បាត់​ទេ ព្រោះ​តា​មោក​ជា​ធារទឹក​មួយ គឺ​មានតែ​ធ្វើ​ឱ្យ​ជ្រៅ​ថែម។ អ៊ីចឹង​ទេ ជីក​ឱ្យ​ជ្រៅ​ថែម កុំ​ឱ្យ​បាត់បង់​បឹង​តា​មោក។ អា​ហ្នឹង​វា​ជា​ចំណុច​ដែល​យើង (របប​ក្រុង​ភ្នំពេញ) បាន​ខិតខំ។ ឯ​កន្លែង​ខ្លះ វា​គ្រាន់​តែ​ជា​កន្លែង កន្លែង​ខ្លះ វា​មិនមែន​ជា​កន្លែង​តម្កល់​ធារទឹក​ទេ។ វា​ក្លាយទៅជា​តំបន់​ដែល​បញ្ចេញ​មូស​ខ្លា។ អ៊ីចឹង​ទេ អា​តំបន់​ហ្នឹង លុប​វា​ចោល​ទៅ លុប​វា​ចោល​ទៅ»

សម្រាប់​សកម្មជន​ស្រលាញ់​បរិស្ថាន​វិញ បង្ហាញ​ក្ដី​បារម្ភ និង​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​លុប​ផ្ទៃ​បឹង​​តា​មោក និង​បឹង​ផ្សេង​ទៀត ក្នុង​ក្រុង​ភ្នំពេញ ដោយ​ស្នើ​ឲ្យ​លើក​យក​គម្រោង​ផ្សេងៗ ទៅ​បង្កើត​នៅ​ទីតាំង​ផ្សេង ដើម្បី​បញ្ចៀស​ការ​ប៉ះពាល់​បរិស្ថាន និង​ផល​លំបាក​លិចលង់​ទីក្រុង​ក្នុង​រដូវ​ភ្លៀង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល