មន្ត្រី​បក្ស​កាន់​អំណាច​ថា គោលនយោបាយ​ខ្លួន​មិន​ចាប់​ពលរដ្ឋ​ណា ការពារ​ព្រៃឈើ​នោះ​ទេ

ដោយ ជីវិតា
2020-05-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍ នា​ទី​ស្នាក់​ការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៨។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍ នា​ទី​ស្នាក់​ការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៨។
AFP

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា គោលនយោបាយ​បក្ស​កាន់អំណាច នឹង​មិន​ចាប់ខ្លួន​ពលរដ្ឋ​ណា ដែល​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ ស្របតាម​ច្បាប់​នោះ​ទេ ប្រសិនបើ​ពលរដ្ឋ​បាន​ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ​ច្បាស់លាស់ ពី​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ណាមួយ​នោះ​ទេ​។ ទោះ​មានការ​អះអាង​បែបនេះ​ក្តី មន្ត្រី​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា ពលរដ្ឋ​ដែល​ហ៊ាន​លាតត្រដាង​ពី​បទ​ល្មើស​ព្រៃឈើ និង​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ កំពុង​ប្រឈម​ការ​គំរាមកំហែង ការ​ចាប់ខ្លួន និង​ការ​ប្តឹង​តាម​ប្រព័ន្ធ​តុលាការ។

អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច លោក សុខ ឥសាន ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី១៧ ឧសភា ថា ប្រសិនបើ​ពលរដ្ឋ​ផ្តល់​ព័ត៌មាន​ពិត ពី​បទ​ល្មើស​ព្រៃឈើ ពុំ​មាន​ទោស​ទណ្ឌ​នោះ​ទេ​។ ប៉ុន្តែ​លោក​ថា បើ​ពលរដ្ឋ​និយាយ​មូល​បង្កាច់ និង​បង្កើត​ព័ត៌មាន​ក្លែងក្លាយ គឺជា​អំពើ​ល្មើសច្បាប់​ពី​បទ​ញុះញង់​។ លោក​បញ្ជាក់​ទៀត​ថា គោល​នយោបាយ​បក្ស​កាន់អំណាច ដែល​ដឹកនាំ​រដ្ឋាភិបាល បាន​ប្រឹងប្រែង​អភិរក្ស​ព្រៃឈើ និង​ការពារ​ធនធានធម្មជាតិ មិន​អនុញ្ញាត​ឱ្យ​មាន​ការ​កាប់​ទន្ទ្រាន​បែប​អនាធិបតេយ្យ​នោះ​ទេ ហើយ​ការចូលរួម​ការពារ​ព្រៃឈើ​របស់​ពលរដ្ឋ ត្រូវតែ​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថ្នាក់​មូលដ្ឋាន​ដែរ៖ «គោល​នយោបាយ​របស់​គណបក្ស​កាន់អំណាច​គឺ​ថា រួមគ្នា ដើម្បី​ថែរក្សា​ធនធាន​ធម្មជាតិ យើង​មាន​សិទ្ធិ​ការពារ ក៏ប៉ុន្តែ​របៀប​ការពារ​ឱ្យ​មាន​របៀប​ត្រឹមត្រូវ​តាម​គោលការណ៍​។ បើ​និយាយ​ត្រឹមត្រូវ អត់​មាន​ទោស​ទេ បើ​កាលណា​យើង​និយាយ គ្រាន់តែ​ថា មូល​បង្កាច់ ឬ​មួយ​បង្កើត​ព័ត៌មាន អា​ហ្នឹង​វា​ខុស​ហើយ គេ​ហៅ​ញុះញង់»

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ ជនជាតិ​ដើម​ភាគតិច​ព្នង​ម្នាក់ ដែល​សកម្ម​ក្នុង​ការពារ​ធនធានធម្មជាតិ និង​ហ៊ាន​លាត​ត្រដាង​ពី​ភាព​អសកម្ម​របស់​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី គឺ​លោក គ្រើង តុលា បាន​ទទួល​ការ​គំរាម​ចាប់​ដាក់​គុក និង​ប្រមាថ​អាយុជីវិត ពី​សំណាក់​ប្រធាន​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាមលៀរ គឺ​លោក វុធ សារុំ។ លើស​ពី​នេះ លោក គ្រើង តុលា ត្រូវ​បាន​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​មណ្ឌល​កោះហៅ ចូល​ទៅ​បំភ្លឺ ទាក់ទិន​ពាក្យបណ្ដឹង​របស់​លោក ប៉ែត ភក្ត្រា ប្រធាន​ដែន​ជម្រក​សត្វព្រៃ​ស្រែពក ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ផ្សព្វផ្សាយ​ព័ត​មាន​មិន​ពិត ក្រោយ​ពី​លោក​បាន​លាតត្រដាង​ពី​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​ជាច្រើន​កន្លែង និង​សកម្មភាព​កាប់​ទន្ទ្រានព្រៃ​អភិរក្ស​ជាង ១០០​ហិកតារ ដែល​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​លោក ប៉ែត ភក្ត្រា។

ជនជាតិ​ដើម​ភាគតិច​ព្នង​រស់នៅ​ឃុំ​ប៊ូស្រា លោក គ្រើង តុលាថា ប្តេជ្ញា​ថា លោក​នៅតែ​បន្ត​សកម្មភាព​ការពារ​ព្រៃឈើ ស្របតាម​ច្បាប់ បើ​ទោះ​បី​ជា​រង​ការ​គំរាម និង​ប្ដឹង​លោក ទៅ​តុលាការ ពី​សំណាក់​មន្ត្រី​នគរបាល​យុត្តិធម៌​ក្តី​។ លោក​ថា ភារកិច្ច​ការពារ​ព្រៃឈើ​របស់​លោក ស្របតាម​គោលការណ៍​រដ្ឋធម្មនុញ្ញ និង​គោលនយោបាយ​របស់​រដ្ឋាភិបាល ពុំមាន​អ្វី​ខុសច្បាប់​ទេ​។ លោក​ថា ផ្ទុយ​ទៅ​វិញ មន្ត្រី​នគរបាល​យុត្តិធម៌​ទៅវិញ​ទេ ដែល​ឃុបឃិត​ជាមួយ​ជនល្មើស​បំផ្លាញ​ព្រៃឈើ និង​មិន​អើពើ​បង្ក្រាប​បទល្មើស​ធន​ធាន​ធម្មជាតិ គឺជា​ទង្វើ​ល្មើសច្បាប់​។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​លោក​ចូលរួម​ការពារ​ព្រៃឈើ ដោយសារ​លោក​ពិបាក​បើកភ្នែក​មើល ភាព​អនាធិបតេយ្យ​បទល្មើស​ព្រៃឈើ និង​ភាព​អសកម្ម​របស់​អាជ្ញាធរ​មិន​អនុវត្ត​ច្បាប់​ព្រៃឈើ​៖ «នៅ​ពេល​យើង​រាយការណ៍ សុំ​ឱ្យ​គាត់​អន្តរាគមន៍​សិន យើង​ទៅ​មើល​ទាំងអស់​គ្នា​សិន កុំ​អាង​តែ​យើង​រាយការណ៍​គាត់​ថា គាត់​ថា តុលា​ឯង​អំណាច​ស្អី ជា​តួនាទី​ស្អី​បាន​ខ្ញុំ​សហការ​ជាមួយ​តុលា​ឯង បាន​ខ្ញុំ​អន្តរាគមន៍ តុលា​ឯង​។ ខ្ញុំ​ពលរដ្ឋ​ពេញលេញ អ្នកឯង​ស៊ីប្រាក់ខែ​ពី​ខ្ញុំ​។ ព្រៃឈើ​នៅ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាមលៀរ បើ​និយាយ​ពី​បងប្អូន​ជនជាតិ​ចាម​កាប់​រាប់ពាន់​ហិកតារ​។ ប៉ុន្តែ​អត់​មាន​បរិស្ថាន ចាប់​ទេ បើ​បងប្អូន​ខ្មែរ និង​បងប្អូន​ជនជាតិ​ដើម​ភាគតិច ដែល​គាត់​ទៅ​កាប់​ធ្វើ​ចម្ការ​តិចតួច មក​ចាប់​គ្នា​ដាក់គុក ប៉ុន្មាន​នាក់​ហើយ​។ អ្នក​ដែល​មាន​លុយ​ទៅ​កាប់​អត់​មាន​ទេ»

ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នេះ នាយក​ដែន​ជម្រក​សត្វព្រៃ​ស្រែពក លោក ប៉ែត ភក្ត្រា ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា មូលហេតុ​ដែល​លោក​ប្ដឹង លោក គ្រើង តុលា ដោយសារ​ការ​លើកឡើង​នេះ គឺជា​រឿង​មិន​ពិត​៖ «ខុស​ការពិត​មាន​ន័យថា អ្វី​ដែល​គាត់​ចោទប្រកាន់​វា​អត់​ត្រូវ។ គាត់​គួរតែ​កុំ​បង្ហោះ​សារ​ក្នុង​បណ្ដាញ​សង្គម​។ គាត់​ត្រូវ​រាយការណ៍​ជូន​ជំនាញ​ថា ឥឡូវនេះ នៅ​ទីតាំង​នេះ​មាន​សិប្បកម្ម​នៅ​ទីតាំង​នោះ មាន​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ ដើម្បី​យើង​សហការ​គ្នា​ក្នុង​ការ​ទប់ស្កាត់​។ សារ​យើង​ហ្នឹង​ជូន​កាល​វា អត់​មាន​ការពិត វា​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​អ្នកដទៃ ជាពិសេស​រាជការ​សាធារណៈ​យើង​ហ្នឹងឯង»

ប៉ុន្តែ​មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍ នៃ​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណា​រ៍ យល់ថា ទង្វើ​របស់​លោក គ្រើង តុលា ធ្វើ​ឱ្យ​ប៉ះពាល់​ផលប្រយោជន៍ របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ខេត្ត​នេះ ព្រោះ​អំពើពុករលួយ​រឿង​បទល្មើស​ព្រៃឈើ កំពុង​កើតមាន​ជា​ប្រព័ន្ធ​។ លោក​ចាត់​ទុក ការ​គំរាមកំហែង និង​ការ​ប្តឹង​ពលរដ្ឋ​ទៅ​តុលាការ ពី​សំណាក់​មន្ត្រី​បរិស្ថាន ខេត្ត​មណ្ឌលគិរី ក្នុង​បំណង​បំបាក់​ស្មារតី​ពលរដ្ឋ និង​ការពារ​ផល​ប្រយោជន៍ របស់​មន្ត្រី​ខិលខូច ដែល​ទទួល​សំណូក​ពី​បទ​ល្មើស​ព្រៃឈើ៖ «គោលដៅ​របស់​គាត់​តែមួយ គឺ​ការពារ​ផលប្រយោជន៍​ជាតិ គឺ​ការពារ​ធនធានធម្មជាតិ​ហ្នឹងឯង ធ្វើ​ឱ្យ​ប៉ះពាល់​ផលប្រយោជន៍ បុគ្គល​អ្នក​មាន​អំណាច​មួយ​ចំនួន ដែល​ជា​ប្រព័ន្ធ ប៉ះពាល់​ទទួល​ប្រយោជន៍ ធ្វើ​ឱ្យ​គេ​បាត់បង់​ផលប្រយោជន៍ គេ​ក៏​ប្រើប្រាស់​រូបភាព​គំរាមកំហែង​។ ប្រសិនបើ​អ្នកដឹកនាំ​រដ្ឋ មិន​ផ្ដល់​សិទ្ធិ​អំណាច​ពលរដ្ឋ​ចូលរួម​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ទេ រួម​ទាំង​មិន​ស្វែងរក​មន្ត្រី ដែល​ទទួល​ប្រយោជន៍​ពី​បទ​ល្មើស​ទេ យក​មក​ផ្ដន្ទាទោស​ទេ ព្រៃឈើ​យើង​នឹង​វិនាស»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បន្ថែម​ថា ក្រមព្រហ្មទណ្ឌ​មាត្រា​៥២៨ ចែងថា មន្ត្រីរាជការ​សាធារណៈ មិន​ប្ដឹង​បរិហារ និង​មិន​អើពើ​បង្ក្រាប​បទល្មើស ឋិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ​ដល់ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល​​ដល់ ៦​លាន​រៀល​។ ប៉ុន្តែ​មក​ទល់​ពេល​នេះ លោក​សង្កេត​ឃើញ មិន​ទាន់​ឃើញ មន្ត្រី​នគរបាល​យុត្តិធម៌​ណា​ម្នាក់ ត្រូវ​ជាប់ទោស តាម​អំណាច​ក្រមព្រហ្មទណ្ឌ​នេះ​ទេ បើទោះបីជា​ក្រុម​ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល បាន​ប្ដឹង​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ ទៅ​តុលាការ​ច្រើន​សា​មក​ហើយ​ក្តី ពី​បទ​បណ្ដែតបណ្ដោយ​ឱ្យ​កើតមាន​ឧក្រិដ្ឋកម្ម​ព្រៃឈើ និង​ការ​កាប់​ទន្ទ្រានព្រៃ​អស់​រាប់ពាន់​ហិកតារ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល