ក្រុម​យុវជន​គ្រោង​ធ្វើ​យុទ្ធនាការ​ពាក់អាវ​យឺត​ប្រឆាំង​គម្រោង​សង់​ទំនប់​វារីអគ្គិសនី​ថ្មី​ទៀត​របស់​ឡាវ

ដោយ វ៉ែន សុមេធ
2020-02-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាង​ក្រុម​យុវជន​ការពារ​សង្គម និង​បរិស្ថាន លោក ជុំ ហួត និង ជុំ ហួរ ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៦។
តំណាង​ក្រុម​យុវជន​ការពារ​សង្គម និង​បរិស្ថាន លោក ជុំ ហួត និង ជុំ ហួរ ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៦។
RFA/Men Sothyr

ក្រុម​យុវជន​ការពារ​សង្គម និង​បរិស្ថាន​គ្រោង​ធ្វើ​យុទ្ធនាការ​ពាក់អាវ​យឺត ជំរុញ​ឱ្យ​ពលរដ្ឋ​ចូលរួម​ការពារ​ទន្លេ​មេគង្គ បន្ទាប់ពី​ប្រទេស​ឡាវ​គ្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​លួងប្រាបាង ( LUANG PRABANG) ដែល​ជា​ទំនប់​ថ្មី​មួយទៀត​នៅ​តួ​មេ​ទន្លេ​មេគង្គ។ ពួកគេ​អះអាង​ថា យុទ្ធនាការ​នេះ នឹង​រួមចំណែក​យ៉ាង​សំខាន់​ផ្សព្វផ្សាយ ពី​ប្រយោជន៍​ទន្លេ​មេគង្គ និង​ផល​ប៉ះពាល់​អវិជ្ជមាន​នានា ដោយសារ ការសាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តួ​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​ឡាវ។

ក្រុម​យុវជន​ការពារ​សង្គម និង​បរិស្ថាន ឱ្យ​ដឹង​ថា ពួកគេ​គ្រោង​នឹង​បោះពុម្ព​អាវយឺត​រាប់​រយ​អាវ នៅ​ថ្ងៃ​ទី១២ កុម្ភៈ​ខាងមុខនេះ ដោយ​សរសេរ​ពាក្យស្លោក​ថា «​ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ទន្លេ​មេគង្គ​» ហើយ​«​ទន្លេ​មេគង្គ​ជា​អាយុជីវិត​សត្វ​ផ្សោត និង​ប្រភព​ចំណូល​សហគមន៍​» ក្នុង​បំណង​ពញ្ញាក់​ស្មារតី​ពលរដ្ឋ​ខ្មែរ និង​យុវជន ឱ្យ​ងាក​មក​ចាប់អារម្មណ៍​ទន្លេ​មេគង្គ ដែល​កំពុង​ទទួលរង​ការ​គំរាមកំហែង ក្រោម​រូបភាព​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តួ​ទន្លេ​មេគង្គ​ផ្នែក​ខាងលើ​របស់​ប្រទេស​ឡាវ។

ក្រុម​យុវជន​បាន​បង្ហាញ​ក្តី​កង្វល់​រួមគ្នា​ទាក់ទិន​បញ្ហា​នេះ និង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ឡាវ ត្រូវ​ទទួលខុសត្រូវ ពី​ផល​ប៉ះពាល់​របប​ជលសាស្ត្រ កែ​លម្អ​លំហូរ​កម្ទេច​កំណក និង​កែ​លម្អ​ការ​បន្លាស់​ទី​ឆ្លងដែន​ទៅមក​ពី​ខ្សែទឹក​ខាងលើ និង​ខ្សែទឹក​ខាងក្រោម​របស់​ត្រី ជាពិសេស​ត្រូវ​ធានា​ឱ្យ​បាន​ពី​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​នាវា​ចរ ដោយ​គ្មាន​ឧបសគ្គ។

ប្រធាន​ក្រុម​យុវជន​ការពារ​សង្គម និង​បរិស្ថាន លោក ជុំ ហួត ឱ្យ​ដឹង​ថា ក្រុម​យុវជន​បារម្ភ​ខ្លាំង ពី​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​លួងប្រាបាង របស់​ឡាវ ដែល​ជា​ទំនប់​ទី ៥ នៅ​តួ​ទន្លេ​មេគង្គ ដែល​គ្រោង​នឹង​សាងសង់​នៅ​ចុង​ឆ្នាំ២០២០។ លោក​ថា ក្រុម​យុវជន និង​សហគមន៍​មូលដ្ឋាន នឹង​ធ្វើ​យុទ្ធនាការ​រួមគ្នា​ពាក់​អាវយឺត ដើម្បី​ទាមទារ​ឱ្យ​ភាគី​ពាក់ព័ន្ធ ជាពិសេស​គណៈកម្មការ​ទន្លេ​មេគង្គ អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ឡាវ ឱ្យ​គោរព​ស្មារតី​កិច្ចព្រមព្រៀង​ទន្លេ​មេគង្គ​ឆ្នាំ ១៩៩៥ និង ត្រូវ​ទទួលខុសត្រូវ​ខ្ពស់ រាល់​ការ​អភិវឌ្ឍ​តាម​ដង​ទន្លេ​មេគង្គ​ដូចជា​ការផលិត​ថាមពល​អគ្គិសនី ក្នុង​ប្រទេស​របស់​ខ្លួន ដែល​ប៉ះពាល់​បរិស្ថាន​ឆ្លងដែន ជីវភាព​ពលរដ្ឋ និង​ប្រាក់ចំណូល​ប្រជាជន​ខ្មែរ​រាប់​លាន​នាក់​។ លោក​ចាត់​ទុក ការសាងសង់​ទំនប់​វារីអគ្គិសនី នៅ​តួ​ទន្លេ​មេគង្គ ជា​ការ​រួមចំណែក​បំផ្លាញ​ទន្លេ​មេគង្គ ជីវិត​សត្វ​ផ្សោត ប្រែប្រួល​គុណភាព​ទឹក និង​ជីវភាព​ប្រជាជន​រាប់​លាន​នាក់៖ «សារ​ទាំង​អស់ហ្នឹង គឺ​បង្ហាញ​ពី​ក្តី​បារម្ភ បង្ហាញ​ពី​ការឈឺចាប់ ដែល​យើង​បាត់បង់ ដែល​យើង​បាត់បង់​ទន្លេ​មេគង្គ និង​បាត់បង់​ផ្សោត ហើយ​នៅ​ពេល​ដែល​ពលរដ្ឋ​គាត់​ឃើញ​សារ​យើង​ទាំងអស់​ហ្នឹង គឺ​គាត់​នឹង​គាត់​នឹង​ចូលរួម​ចំណែក​បរិច្ចាគ​ទិញ​។ នៅ​ពេល​ដែល​ពលរដ្ឋ​ទិញ​ហើយ គឺ​គាត់​ចាប់ផ្ដើម​មានការ​យល់ដឹង​ហើយ​។ កាលណា​គាត់​មានការ​យល់ដឹង​ហើយ គាត់​នឹង​មាន​ការ​ចូល​រួម​ជាមួយ​ពួក​យើង ធ្វើ​កិច្ចការ​ផ្នែក​ទន្លេ​មេគង្គ​ហ្នឹង ហើយ​មួយទៀត​យើង​អាច​មាន​ប្រាក់ចំណូល​គ្រប់គ្រាន់ សម្រាប់​ធ្វើ​យុទ្ធនាការ ដូចជា​ចុះ​ស៊ើបអង្កេត​នៅ​តាម​ដង​ទន្លេ​មេគង្គ»

សមាជិក​ក្រុម​យុវជន​ការពារ​សង្គម និង​បរិស្ថាន លោក ប៊ុត សំបូរ អះអាង​ថា យុទ្ធនាការ​ពាក់អាវ​យឺត របស់​ពួកគេ គឺជា​សញ្ញា​បង្ហាញ​ពី​ការ​ស្រឡាញ់​បរិស្ថាន និង​បង្ហាញ​ពី​ការ​មិន​ពេញចិត្ត គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី លួង​ប្រា​បាង នៅ​ប្រទេស​ឡាវ​។ លោក​ថា ក្រុម​យុវជន​ប្រមាណ​ជិត ១០០​នាក់ នឹង​សហការ​គ្នា​ធ្វើ​យុទ្ធនាការ​ដើម្បី​បង្ហាញ​ក្តី​កង្វល់ ពី​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ ដែល​បង្ក​ការ​លំបាក​បន្ថែម​ទៀត​លើ​ពលរដ្ឋ​ដែល​រស់នៅ​ខ្សែទឹក​ខាងក្រោម បន្ទាប់​ពី​សាងសង់​រួច៖ «សកម្មភាព​យើង​ធ្វើ​ជៀសវាង​មិន​ធ្វើ​។ ប្រសិនបើ​យើង​នៅតែ​សម្ងំ យើង​នៅតែ​មិនបាន​ធ្វើ​អ្វី​សោះ ក៏​វា​នៅតែ​ប៉ុណ្ណឹង​។ ហើយ​ទប់​បាន ឬ​មិនបាន​ដោយ​ប្រការ​ណាមួយ តែ​វា​បាន​បង្ហាញ​ឱ្យ​ឃើញ ពី​សកម្មភាព​របស់​ពួក​យើង​ក្នុង​ការ​ចូលរួម ការពារ​បរិស្ថាន​អស់ហ្នឹង​។ ជាពិសេស​យើង​ឃើញ​ផ្ទាល់​ភ្នែក​រយៈកាល​ប៉ុន្មាន​ឆ្នាំមុន ក៏​យើង​មើល​ឃើញ​ថា វា​គួរ​ឱ្យ​សោកស្ដាយ ប្រសិនជា​មានការ​កសាង​អី អ៊ីចឹង​រហូតដល់​បច្ចុប្បន្ន វា​មាន​ផល​ប៉ះពាល់​ច្រើន​។ យើង​ព្យាយាម​ធ្វើ​នេះ​បន្ត​ទៀត បើ​ទៅជា​បាន​ជោគជ័យ​ប៉ុណ្ណា ក៏​យើង​ទទួលយក​វា​បង»

គម្រោង​ទំនប់​វារីអគ្គិសនី​លួងប្រាបាង (LUANG PRABANG) គឺជា​ទំនប់​ខ្នាត​ធំ​លំដាប់​ទី ៥ របស់​ឡាវ ដែល​នឹង​សាងសង់​នៅ​តួ​មេ​នៃ​ទន្លេ​មេគង្គ បន្ទាប់ពី​ទំនប់​វារីអគ្គិសនី​សាយ៉ាបូរី (Xayaburi) ទំនប់​ប៉ាក់ឡាយ (Pak Lay) ទំនប់​បាក់បេង (Pak Beng) និង​ទំនប់​ដនសាងហុង (Don Sahong)។ ទំនប់​វារីអគ្គិសនី​លួងប្រាបាង​នេះ​អាច​ផលិត​ថាមពល​អគ្គិសនី បាន ១៤៦០ មេហ្កាវ៉ាត់ ដែល​គេ​រំពឹង​ថា នឹង​ចំណាយ​ពេល ៦​ឆ្នាំ ក្នុង​ការ​សាងសង់ និង​ដាក់​ឱ្យ​ដំណើរការ​នៅ​ឆ្នាំ ២០២៧។

ក្រុម​អង្គការ​សង្គម​ស៊ីវិល ៥​ស្ថាប័ន​រួមមាន វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល FACT សមាគម​ថែរក្សា​បរិស្ថាន និង​វប្បធម៌ អង្គការ​ភូមិ​ខ្ញុំ និង​បណ្ដាញ​ការពារ​ទន្លេ​សេសាន ស្រែ​ពក និង​សេកុង បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បង្ហាញ​ពី​ក្តី​ព្រួយបារម្ភ​របស់​ខ្លួន ទាក់ទិន​ការប្រែប្រួល​ទឹកទន្លេ​មេគង្គ​ក្រោម បន្ទាប់ពី​ឡាវ​គ្រោង​សាងសង់​ទំនប់​លួង​ប្រាបាង​នេះ។

សេចក្តី​ថ្លែងការណ៍​បន្ថែម​ថា ប្រសិនបើ​ទំនប់​នេះ​សាងសង់​រួចរាល់ នឹង​បង្ក​ផល​ប៉ះពាល់​ឆ្លងដែន រួមមាន ការ​បន្លាស់​ទី​របស់​ត្រី លំហូរ​ជលសាស្ត្រ និង​កំណក​កករ ជាពិសេស ប៉ះពាល់​លំហូរ​ជលសាស្ត្រ​ទឹកទន្លេ​មេគង្គ​ផ្នែក​ខាងក្រោម នឹង​ជួបប្រទះ​ញឹកញាប់​នូវ​កម្រិត​លំហូរ​ទឹក​ទាប និង​ខ្ពស់។

សេចក្ដី​ថ្លែងការណ៍​ដដែល​បន្ថែម​ថា ករណី​គ្រោះធម្មជាតិ​ដូចជា ទឹកជំនន់ គ្រោះ​រាំងស្ងួត នឹង​កើតមាន​កាន់តែ​ធ្ងន់​មួយ​កម្រិត​ទៀត ខណៈ​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា គម្រោង​នេះ ហាក់​មិនទាន់​មាន​វិធានការ​ច្បាស់លាស់ ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​នៅឡើយ​ទេ។

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ចាត់​ទុក​យុទ្ធនាការ​ពាក់អាវ​យឺត​របស់​ក្រុម​យុវជន គឺជា​សិទ្ធិ​សម្តែង​មតិ​របស់​ពួកគេ​។ លោក​ថា ទន្លេ​មេគង្គ​គ្រប់គ្រង​ដោយ​គណៈកម្មការ​ទន្លេ​មេគង្គ (Mekong River Committee) ហើយ​រដ្ឋាភិបាល​កម្ពុជា​ពិបាក​លូកដៃ​ក្នុង​រឿង​នេះ​ណាស់​។ លោក​ជំរុញ​ឱ្យ​សួរ​ទៅ គណៈកម្មការ​ទន្លេ​មេគង្គ​ជាតិ​កម្ពុជា​វិញ «ជា​សិទ្ធិ​សេរីភាព​ដែល​ពលរដ្ឋ​របស់​យើង​ទទួល​បាន​កិច្ចការពារ​ពី​រដ្ឋធម្មនុញ្ញ​។ ទន្លេ​មេគង្គ​គ្រប់គ្រង​ដោយ​អង្គការ​ទន្លេ​មេគង្គ គណៈកម្មការ​ទន្លេ​មេគង្គ ក្នុង​លក្ខណៈ​ជា​តំបន់ ក៏ដូចជា​លក្ខណៈ​អន្តរជាតិ​។ អាហ្​នឹង​ឱ្យ​យល់​។ រដ្ឋាភិបាល​តែឯង​យើង​ពិបាក​លូកដៃ​លូក​ជើង​ជាមួយ​ណាស់»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ទន្លេ​មេគង្គ​កម្ពុជា លោក តែ ណាវុធ ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល គ្មាន​អ្នកទទួល នៅ​ថ្ងៃទី១១ កុម្ភៈ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​ទន្លេ​មេគង្គ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ​នេះ បង្ហាញ​ថា ភាគី​ពាក់ព័ន្ធ​បង្ហាញ​ក្តី​បារម្ភ​ពី​ផល​ប៉ះពាល់​ឆ្លងដែន បន្ទាប់ពី​ប្រទេស​ឡាវ គ្រោង​សាងសង់​ទំនប់​លួងប្រាបាង។ គណៈកម្មការ​ទន្លេ​មេគង្គ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឡាវ ប្រឹងប្រែង​អនុវត្ត វិធានការណ៍​នានា​ឱ្យ​បាន​ហ្មត់ចត់ ដើម្បី​កាត់​បន្ថយ ផល​ប៉ះពាល់​ឆ្លងដែន​ដែល​អាច​កើតមាន។

នាយក​ប្រតិបត្តិ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី (3 S River Protection Network) លោក លាង ប៊ុនលាភ ថ្លែង​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ប្រកាស​ជំហរ​មិន​គាំទ្រ​គម្រោង​ទំនប់​វារីអគ្គិសនី​លួង​ប្រាបាង​នេះ​ទេ ហើយ​ពួកគេ​ចង់​ឱ្យ​រដ្ឋាភិបាល​ឡាវ គួរ​ពិចារណា​អភិវឌ្ឍន៍​ថាមពល​ប្រភព​ផ្សេងទៀត ដូចជា ថាមពល​ពន្លឺ​ព្រះអាទិត្យ និង​ថាមពល​ខ្យល់​ជាដើម​។ លោក​ថា កិច្ចពិភាក្សា​ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេ​មេគង្គ នៅ​មិនទាន់​ធ្វើឡើង​គ្រប់​ជ្រុងជ្រោយ​ផ្អែក​តាម​កិច្ចព្រមព្រៀង​គណៈកម្មការ​ទន្លេ​មេគង្គ ឆ្នាំ ១៩៩៥ នៅឡើយ​ទេ ទាក់ទិន​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​លួង​ប្រា​បាង​នេះ​៖ «ការសិក្សា​ដោយ​មិនបាន​រួមបញ្ចូល ពី​ផល​ប៉ះពាល់​លំហូរ​ឆ្លងដែន នៅ​ប៉ែក​ខាងក្រោម ឱ្យ​បាន​ទូលំទូលាយ គឺជា​រឿង​មួយ​ដែល​មិន​មាន​យុត្តិធម៌ មិន​មាន​ការប្រើប្រាស់​ស​ម​ភាព​គ្នា​រវាង​ប្រទេស​ខាងលើ ប្រទេស​ខាងក្រោម ក្នុង​ការ​យក​ទន្លេ​មេគង្គ​ទៅ​ប្រើ​ប្រាស់​នោះ​ទេ​។ នេះឯង​វា​ខុស​ពី កិច្ចព្រមព្រៀង​ឆ្នាំ ១៩៩៥ ដែល​យើង​ត្រូវ​ការ​ជជែក ពី​រឿង​គុណភាព​ទឹក​ដែល​មាន​ចំនួន ៦ ទៅ ៧​ចំណុច​។ ការ​សិក្សា​ពី​ការ​លើកឡើង ការ​អភិវឌ្ឍ​ទំនប់​នៅ​លើ​តួ​ទន្លេ គឺជា​រឿង​មួយ​ដែល​យើង​ត្រូវ​ធ្វើ​ឱ្យ​បាន​ល្អិតល្អន់​គ្រប់​ជ្រុងជ្រោយ»

ក្រុម​អង្គការ​សង្គម​ស៊ីវិល ៥​ស្ថាប័ន ស្នើ​ឱ្យ​រដ្ឋាភិបាល​ឡាវ​ដែល​ជា​ម្ចាស់​គម្រោង និង​គណៈកម្មការ​ទន្លេ​មេគង្គ ត្រូវ​ផ្ដល់​ដំណោះស្រាយ​សមស្រប ពី​ផល​ប៉ះពាល់​ឆ្លងដែន ដើម្បី​ធានា​ការប្រើប្រាស់​ទឹកទន្លេ​មេគង្គ​ឱ្យ​មាន​សមភាព និង​សម​ហេតុផល ផ្អែក​តាម​គោលការណ៍​គ្រឹះ​នៃ​កិច្ចព្រមព្រៀង ទន្លេ​មេគង្គ​ឆ្នាំ ១៩៩៥៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល