ក្រុម​ជនជាតិ​ដើម​ភាគតិច​ថា ឈ្មួញ​មានអំណាច​កំពុង​រក​មធ្យោបាយ ច្បាម​យក​ដែន​ជម្រក​សត្វ​ធ្វើ​អាជីវកម្ម ឯកជន

ដោយ សេក បណ្ឌិត
2020-04-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​ជនជាតិដើម​ភាគតិចព្នង ខេត្ត​មណ្ឌលគិរី លើក​គ្នា​ឃាត់​គ្រឿងចក្រ​ឈូសឆាយ ធ្វើ​ផ្លូវ​ចូល​ដែន​ជម្រក​សត្វព្រៃកែវសីមា កាល​ពី​ថ្ងៃ​ទី១៩ ខែ​មេសា ឆ្នាំ​២០២០។
ក្រុម​ជនជាតិដើម​ភាគតិចព្នង ខេត្ត​មណ្ឌលគិរី លើក​គ្នា​ឃាត់​គ្រឿងចក្រ​ឈូសឆាយ ធ្វើ​ផ្លូវ​ចូល​ដែន​ជម្រក​សត្វព្រៃកែវសីមា កាល​ពី​ថ្ងៃ​ទី១៩ ខែ​មេសា ឆ្នាំ​២០២០។
រូប​សហគមន៍

ក្រុម​ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី បង្ហាញ​ក្តី​បារម្ភ ពី​ជោគវាសនា​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា ដែល​ជា​ជម្រក​សត្វព្រៃ​ច្រើន​ប្រភេទ​ស្នាក់អាស្រ័យ កំពុង​ទទួលរង​ការ​គំរាមកំហែង គ្រប់​រូបភាព ពី​ឈ្មួញ​មាន​ឥទ្ធិពល​។ អ្នកភូមិ​ថា អ្នកមាន​អំណាច​ខ្លះ កំពុង​រក​វិធី​ដើម្បី​ច្បាម​គ្រប់គ្រង​តំបន់​ទឹកជ្រោះ និង​ព្រៃឈើ​មួយ​ផ្នែក ឋិត​នៅ​តំបន់​នោះ ដែល​អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង ដល់​ជីវិត​សត្វព្រៃ គម្រោង​ឥណទាន​កាបូន និង​ព្រៃឈើ​ជាដើម។

ពលរដ្ឋ​ជិត ១០០​គ្រួសារ (៧០) រស់នៅ​ភូមិ​ដូង​ក្រឡឹង ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ប្រកាស​ជំហរ​ថា នឹង​បន្ត​ទាមទារ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​មណ្ឌលគិរី បញ្ឈប់​ការ​ឈូស​ឆាយ​ផ្លូវ​មួយ​ខ្សែ តម្រង់​ចូល​តំបន់​ទឹកជ្រោះ​មួយ​កន្លែង ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា។
ពួកគេ​ចាត់​ទុក​ការ​ឈូស​ឆាយ​នេះ ផ្តល់​ភាព​ងាយស្រួល​ដល់​ក្រុម​ជនល្មើស កាប់​បំផ្លាញ​ធនធានធម្មជាតិ ប៉ះពាល់​រុក្ខជាតិ​ជាង ៦០​ប្រភេទ ដែល​ស្ថិត​ក្នុង​បញ្ជី​ក្រហម​របស់ អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​អភិរក្ស​ធម្មជាតិ (International Union for Conservation of Nature )​។ អង្គការ​មួយ​នេះ រក​ឃើញ​ថា រុក្ខជាតិ​កម្រ ៦០ ប្រភេទ ដែល​ដុះ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា ជា​ប្រភេទ​រុក្ខជាតិ​រង​ការ​គំរាមកំហែង​ឈាន​ទៅ​រក​ការ​ផុត​ពូជ​លើ​ពិភពលោក។

ក្រុម​ជនជាតិ​ដើម​ភាគតិច​ព្នង​ថា អ្នក​មាន​អំណាច​មួយ​ចំនួន ដែល​ពួកគេ​មិន​ស្គាល់​អត្តសញ្ញាណ បាន​យក​គ្រឿងចក្រ​ឈូស ឆាយ​ព្រៃ ធ្វើ​ផ្លូវ​មាន​ប្រវែង​ទទឹង​ជាង ៤​ម៉ែត្រ បណ្ដោយ​ប្រមាណ ៤​គីឡូម៉ែត្រ តម្រង់​ចូល​តំបន់​ទឹកជ្រោះ​លែងក្លាង ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា។

កាលពី​ព្រឹក​ថ្ងៃ​ទី១៤ មេសា ២០២០ ក្រុម​ពលរដ្ឋ​ជិត ៥០ នាក់ បាន​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ បាន​ឃាត់ អេស្កាវ៉ាទ័រ ២​គ្រឿង ដែល​កំពុង​ឈូស​ឆាយ​ព្រៃ ធ្វើ​ផ្លូវ ឆ្ពោះ​ចូល​ចំណុច​អូរ​ពណ៌ ក្នុង​ព្រៃ​អភិរក្ស​នេះ។ជនជាតិ​ដើម​ភាគតិច​ព្នង លោក សុខា ថុត ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៩ មេសា ក្រុម​ឈ្មួញ​កំពុង​ប្រើ​ល្បិច ជួល​ពលរដ្ឋ​ប្រមាណ ៤​គ្រួសារ ឱ្យ​លក់​ដី​ព្រៃ​អភិរក្ស​មួយ​ផ្នែក ឋិត​នៅ​តំបន់​ដែល​កំពុង​ឈូស​ឆាយ​នោះ​។ លោក​ថា ពលរដ្ឋ ៤​គ្រួសារ​នោះ បាន​ទទួល​ប្រាក់​កក់ ពី​ក្រុម​ឈ្មួញ​រួចហើយ ខ្លះ​ទទួល​បាន ៤​រយ​ដុល្លារ និង​ខ្លះ​ទៀត ២​ពាន់​ដុល្លារ ដែល​មាន​អាជ្ញាធរ​ភូមិ ជួយ​សម្របសម្រួល​។ លោក​ព្រមាន​ថា ក្រុម​ពលរដ្ឋ​នឹង​ផ្តិត​មេដៃ ដាក់​ញត្តិ​ទាមទារ ឱ្យ​អាជ្ញាធរ​ដកហូត​ដី​ព្រៃ​អភិរក្ស ដែល​ឈ្មួញ​ប៉ុន​បង​រំលោភ​ទាំងនោះ ជា​សម្បត្តិ​រដ្ឋ​វិញ និង​បញ្ឈប់​ការ​ឈូស​ឆាយ​ស្ថាបនា​ផ្លូវ​ជាបន្ទាន់ ដើម្បី​រក្សា​ព្រៃ​ឱ្យ​គង់ ទុកជា​ជម្រក​សត្វព្រៃ​រស់នៅ និង​ចិញ្ចឹមជីវិត​៖ «ព្រោះថា គេ​រក​លេស​របស់​គេ ដើម្បី​ឱ្យ​គេ​មាន​សិទ្ធិ​ដើរ​ទិញ​ពី​ប្រជាពលរដ្ឋ កុំ​ឱ្យ​គេ​ថា ឈូស​ឆាយ​វា​ខុស​។ ដល់ពេល​អ៊ីចឹង​គេ​ទុក​ឱ្យ​ពលរដ្ឋ ២ ទៅ ៣​គ្រួសារ សម្រាប់​ឈរ​ធ្វើជា​ម្ចាស់​ដី អ៊ីចឹង ដើម្បី​គេ​នឹង​ទិញ​ពី​ពលរដ្ឋ ហើយ​គេ​នឹង​ឈូស​ឆាយ​បន្ត​ទៀត​។ ឥឡូវ​ប៉ះ ៤​ទៅ ៥​គ្រួសារ ខ្លះ​ទទួល​លុយកាក់ ខ្លះ ២​ពាន់ ៥​រយ​ដុល្លារ និង​ខ្លះ​ទៀត ៧ ទៅ ៨​រយ​ដុល្លារ»

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី លោក គ្រើ​ង តុលា អះអាង​ថា ការ​ឈូស​ឆាយ​ផ្លូវ​មាន​ប្រវែង ៤​គីឡូម៉ែត្រ ទទឹង ៤​ទៅ ៥​ម៉ែត្រ តម្រង់​ចូល​ព្រៃ​អភិរក្ស គឺជា​រូបភាព ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ និង​អំពើពុករលួយ ព្រោះ​ការ​អភិវឌ្ឍ​នេះ គ្មាន​អនុក្រឹត្យ​បង្ហាញ​ពី​ការសិក្សា​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​ត្រឹមត្រូវ​ទេ។
លោក​ថា ក្រុម​ពលរដ្ឋ​កំពុង​ពិភាក្សា​រឿង​នេះ នឹង​ត្រៀម​តវ៉ា​ស្នើ​ឱ្យ​អាជ្ញាធរមាន​សមត្ថកិច្ច វែកមុខ​ជនល្មើស មក​អនុវត្ត​តាមច្បាប់ ព្រោះ​ការ​ឈូស​ឆាយ​ផ្លូវ​នេះ ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ព្រៃឈើ ជម្រក​សត្វព្រៃ និង​គម្រោង​ឥណទាន​កាបូន៖ «ចំពោះ​ការយល់ឃើញ របស់ខ្ញុំ​មានការ​ខុសច្បាប់​ធំធេង​មែនទែន​។ ខុសច្បាប់​ដោយសារ​អី រាល់​ការ​​អភិវឌ្ឍ រាល់​ការ​វិនិយោគ ត្រូវ​មាន​អនុប្បយោគ និង​អនុក្រឹត្យ​ជាដើម​។ ឥឡូវ​អត់​មាន​អនុប្បយោគ និង​អត់​មាន​អនុក្រឹត្យ​អី​ទាំងអស់ អ៊ីចឹង​វា​ស្មើ​នឹង​លក់​សម្បត្តិ​របស់​ជាតិ​តែម្ដង​។ ការយល់​របស់ខ្ញុំ​ក្រុម​ហ្នឹង លក់​សម្បត្តិ​ជាតិ គឺ​អំពើពុករលួយ​តែម្ដង»
អ្នកនាំពាក្យ​សាលាខេត្ត​មណ្ឌលគិរី លោក សុក សេរ៉ា មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​រឿង​រាវ​ទាំងនេះ​ច្បាស់លាស់​នៅឡើយ​ទេ​។ តែ​យ៉ាងណា​លោក​ពន្យល់​ថា ការ​ឈូស​ឆាយ​ផ្លូវ​ដែល​គ្មាន​ការអនុញ្ញាត ពី​អាជ្ញាធរ​ថ្នាក់លើ គឺជា​ទង្វើ​ល្មើសច្បាប់​។ លោក​ថា ក្រុម​មន្ត្រី​ជំនាញ​ក៏​កំពុង​ចុះ​សិក្សា​ស្រាវជ្រាវ​រឿង​នេះ​ដែរ​៖ «តាម​ច្បាប់ បើ​មិន​មាន​ការអនុញ្ញាត​ពី​រដ្ឋបាល​ខេត្ត និង​មិន​មាន​ការអនុញ្ញាត​សិក្សា​ច្បាស់លាស់ ត្រឹមត្រូវ ដោះស្រាយ​ផល​ប៉ះពាល់​យ៉ាងណា​នោះ អា​ហ្នឹង​គឺ​វា​ខុស​ហើយ​។ ក៏ប៉ុន្តែ​ការ​អភិវឌ្ឍ បើកាលណា មាន​ផល​ប៉ះពាល់​យើង​ត្រូវ​ដោះស្រាយ»

ចំណែក​ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​មណ្ឌលគិរី លោក កែវ សុភគ៌ មាន​ប្រសាសន៍ថា ការ​ស្ថាបនា​ផ្លូវ​នេះ ដើម្បី​ងាយស្រួល​ចូល​ទៅ​កម្សាន្ត​តំបន់​ទឹកជ្រោះ ឋិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា។ លោក​បញ្ជាក់​ថា មន្ត្រី​ជំនាញ​បាន​សម្រេច​ផ្អាក គ្រឿងចក្រ​ទាំងនោះ​ជា​បណ្ដោះ​សិន ប៉ុន្តែ​នៅ​មិនទាន់​រក​ឃើញ ម្ចាស់​គ្រឿងចក្រ​នៅឡើយ​ទេ​៖ «របៀប​ដូច​មាន​អ្នក​គេ​ជួយ​អ៊ីចឹង ដើម្បី​ជួយ​សម្រួល​ផ្លូវ​ឱ្យ​ស្រូល ចូល​ទៅ​កន្លែង​ទឹកជ្រោះ​។ មិនមែន​ទៅ​ធ្វើ​លក្ខណៈ​ផ្លូវ​ធំ​ទេ វាង​ៗ​ដើមឈើ អ៊ីចឹង កន្លែង​ណា​គេ​ឃើញ​ប្រឡោះ ដើម្បី​ឱ្យ​ម៉ូតូ​ឡាន​អ៊ី​ចូល​បាន»

អង្គការ​សង្គ្រោះ​សត្វព្រៃ ( WCS ) រក​ឃើញ​ថា ដែន​ជម្រក​សត្វព្រៃ​កែវសីមា គឺជា​ព្រៃ​ដ៏​អស្ចារ្យ​មួយ និង​ស្រស់​ស្អាត​។ ក្រៅពី​សម្បូរ​ទៅ​ដោយ​សត្វព្រៃ​សំខាន់ៗ ព្រៃ​អភិរក្ស​មួយ​នេះ ក៏​មាន​ប្រភេទ​រុក្ខជាតិ​កម្រ និង​ផ្កា​ព្រៃ​ចម្រុះ​ពណ៌ ពិសេស​ទឹកធ្លាក់​ធម្មជាតិ​ជាង ១០​កន្លែង ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ។តែ​ទោះ​យ៉ាងណា ក្រុម​ជនជាតិ​ដើម​ភាគតិច​បារម្ភ​ខ្លាំង ពី​អនាគត​ព្រៃ​អភិរក្ស​មួយ​នេះ ព្រោះ​ពួកគេ​សង្កេត​ឃើញ​ថា សកម្មភាព​កាប់​ទន្ទ្រាន​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ ឋិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា កំពុង​កើតឡើង​ច្រើន បណ្ដាល​ឱ្យ​ប៉ះពាល់​គម្រោង​ឥណទាន​កាបូន ដែល​គម្រោង​នេះ​បាន​ផ្តល់​ប្រយោជន៍​ច្រើន ដល់​ពលរដ្ឋ​មូលដ្ឋាន​ព្រៃឈើ និង​សត្វព្រៃ។
មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​មណ្ឌលគិរី លោក អ៊ាង ម៉េងលី សង្កេតឃើញ អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​ស៊ើបអង្កេត​រក​អ្នក​នៅ​ពី​ក្រោយខ្នង និង​អ្នក​ពាក់ព័ន្ធ​ឱ្យ​មក​ទទួលខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ទាក់ទិន​ការ​ឈូស​ឆាយ​ផ្លូវ​ចូល​ព្រៃ​អភិរក្ស​៖ «អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ចាត់វិធានការ​ផ្លូវច្បាប់ បើសិនជា​ករណី​រក​ឃើញ​ថា មាន​ចេតនា​មួយ អភិវឌ្ឍន៍​ទៅ វា​ប៉ះពាល់​ព្រៃ​តំណម និង​ព្រៃ​អភិរក្ស ក្នុង​ការ ការពារ​តំបន់ កែវ​សីមា​ហ្នឹង»

ដែន​ជម្រកសត្វព្រៃ​កែវសីមា មាន​ផ្ទៃដី​ជិត ៣០​ម៉ឺន​ហិច​តា គ្របដណ្ដប់​ក្នុង​ឃុំ​ចំនួន ៤ ក្នុងស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​។ ព្រៃ​អភិរក្ស​នេះ ត្រូវ​បាន​អ្នកស្រាវជ្រាវ​រក​ឃើញ​ថា មាន​សារៈសំខាន់​ជា​សាកល សម្រាប់​ការ​អភិរក្ស​ប្រភេទ ស្វា​កន្ទុយ​ស ទោច​ថ្ពាល់​លឿង ពពួក​ខ្លា​ព្រៃ ដំរី​ព្រៃ សត្វ​ខ្ទីង គោព្រៃ និង​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​ផ្សេង​ទៀត៕
កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល