សហគមន៍​ព្រះវិហារ​ថា ក្នុង​មួយ​យប់ៗ​មាន​គោយន្ត​មិន​ក្រោម ១០០​គ្រឿង ដឹក​ឈើ​ចេញពី​ព្រៃ​ព្រះរកា

ដោយ ខែ សុណង
2020-11-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃព្រះរកា ក្នុង​ឃុំ​ពោធិ ស្រុក​ត្បែងមានន័យ ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី២៦ ខែ​តុលា ឆ្នាំ​២០១៩។
សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃព្រះរកា ក្នុង​ឃុំ​ពោធិ ស្រុក​ត្បែងមានន័យ ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី២៦ ខែ​តុលា ឆ្នាំ​២០១៩។
រូប៖ សហគមន៍

ប្រជា​សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា ខេត្ត​ព្រះវិហារ អះអាង​ថា បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា ពុំ​ថយ​ចុះ​នោះ​ទេ ដោយ​នៅ​តែ​មាន​ការ​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ចេញ​ក្រៅ មិន​ក្រោម ១​០០​គោយន្ត​ក្នុង​មួយ​យប់ៗ​។ ពួកគេ​អះ​អា​ថា មន្ត្រី​បរិស្ថាន​ដែល​ឈរ​ជើង​ការពារ​ព្រៃ​នៅ​តំបន់​នោះ មិន​ត្រឹមតែ​មិន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​នោះ​ទេ បែរជា​ប្រឹង​ឆ្លើយ​ដោះសា គេច​ពី​ការ​ទទួលខុសត្រូវ​ដដែលៗ។

តំណាង​សហគមន៍​ការពារ​ព្រៃព្រះរកា រស់នៅ​ស្រុក​ឆែប ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី៦ វិច្ឆិកា​ថា ឈើ​ត្រាច ពពេល ស្ទៀង និង​ឈើទាល ដុះ​ក្នុង​ព្រៃ​ព្រះ​រកា កំពុង​ទទួលរង​ការ​កាប់​ផ្ដួល​ធ្វើ​អាជីវកម្ម​យ៉ាង​ពេញទំហឹង នៅ​រយៈពេល ៣​ខែ​ចុង​ក្រោយនេះ​។ លោក​ថា ក្រុម​ឈ្មួញ បាន​ចុះទៅ​ទិញ​ឈើ​ដល់​មូលដ្ឋាន និង​មាន​ឈ្មួញ​ខ្លះ ជួល​ពលរដ្ឋ​កាប់​ឈើ​លក់​ឱ្យ​ខ្លួន។

តំណាង​សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា លោក ណែត ណៃ អង្កេត​ឃើញ​ថា ស្រុក​ឆែប​មាន​ផ្លូវ​ចូល​ព្រៃ​ព្រះ​រកា ៥​កន្លែង ដោយមាន​ការ​ដឹក​ជញ្ជូន​ឈើ ចេញ​ក្រៅ តាម​គោយន្ត​មិន​ក្រោម ១០០​គ្រឿង​នោះ​ទេ ក្នុង​មួយ​យប់ៗ​។ លោក​ស្ដី​បន្ទោស មន្ត្រី​បរិស្ថាន​មួយ​ចំនួន ដែល​ឈរជើង​ការពារ​ព្រៃ​នៅ​តំបន់​នោះ​ថា មាន​ចេតនា​បណ្ដែតបណ្ដោយ​ឱ្យ​កើតមាន​បទល្មើស​ព្រៃឈើ ព្រោះតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​៖ «កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ពេល​យប់ ដឹក​គ្រប់​ច្រកល្ហក​ទាំងអស់​នៅ​ពេល​យប់ ដឹក​ពេលយប់ កាប់​ពេលយប់ ហើយ​ឡាន​ចាំ​ទិញ​នៅ​តាម​ផ្លូវ​ត្រៀប ឃ្លុំ​បួន​ជ្រុង​ក៏​មាន អា​ផ្ចឹក និង​រាំង​ហ្នឹង​។ ដូច​ពិបាក​ថា វារ​លាយ មិន​រលាយ​វា​អស់​។ ពួក​ខ្ញុំ​ធ្លាប់ ទៅ​ល្បាត​ពិនិត្យមើល​ហ្នឹង ឈើ​មានតែ​ដើម​ច្បោះ​ជ័រ​ច្រើន ក្រៅពី​ដើម​ច្បោះ​ជ័រ​ហ្នឹង នៅ​តិច​បំផុត »

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង នាយក​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា លោក យ៉ាន់ ប៊ុនសឿន ដើម្បី​សុំ​ការ​បំភ្លឺ រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង គ្មាន​អ្នកទទួល នៅ​ថ្ងៃ​ទី៦ វិច្ឆិកា​។ ចំណែក​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ក៏​មិន​អាច​ទាក់ទង​បាន​ដែរ ព្រោះ​លោក​មិន​លើក​ទូរ​សព្ទ និង​មិន​ឆ្លើយ​សំណួរ​តាម​បណ្ដាញ​សង្គម​សិកណល (Signal) នៅ​ថ្ងៃ​ដដែល​នេះ។

ទោះ​យ៉ាងណា លោក នេត្រ ភក្ត្រា ប្រាប់​អាស៊ីសេរី កាលពី​ខែ​កក្កដា​ថា ទោះបី​អាជ្ញាធរ​ខំ​ប្រឹងប្រែង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក៏ដោយ ក៏​បទល្មើស​ទ្រង់ទ្រាយ​តូចៗ នៅតែ​កើតមាន​។ លោក​ថា ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​ពាក់ព័ន្ធ បន្ត​អនុវត្ត​វិធានការ អភិរក្ស​តំបន់​ការពារ​ធម្មជាតិ និង​ចាត់​វិធានការ​រាល់​បទល្មើស​ធនធានធម្មជាតិ​គ្រប់​រូបភាព។

នាយក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ សង្កេត​ឃើញ​ថា បទល្មើស​កើន​ឡើង​ខ្លាំង ដោយសារ​ពលរដ្ឋ​រស់​នៅ​ជុំវិញ​តំបន់​ព្រៃ​ព្រះ​រកា មិន​អាច​ចុះ​ល្បាត​ព្រៃ​បាន​ដូច​មុន ហើយ​ពួកគេ​បាន​ត្រឹមតែ​ឃ្លាំមើល​នៅ​ខាងក្រៅ តំបន់​ព្រៃ​អភិរក្ស​តែប៉ុណ្ណោះ​។ លោក​ថា មន្ត្រី​ជំនាញ តែងតែ​ព្យាយាម​ឆ្លើយ​ដោះសា​រថា គ្មាន​បទល្មើស​ព្រៃឈើ ដើម្បី​គេច​ពី​ការទទួលខុសត្រូវ ក៏ប៉ុន្តែ​ជាក់ស្ដែង​បទល្មើស​នៅតែ​កើតឡើង​ច្រើន៖ «បទល្មើស​ហ្នឹង​វា​កើតឡើង វា​ហាក់​ដូចជា​ស្របគ្នា​ជាមួយ​ហ្នឹង មន្ត្រី​ដែន​ជម្រក ដែល​គាត់​ធ្វើ​អ្វីៗ​សព្វបែបយ៉ាង តែ​ផ្ទុយទៅវិញ សម្រាប់​សហគមន៍​នៅ​ជុំវិញ​ព្រៃ​ព្រះ​រកា គាត់​អត់​អាច​ចូលរួម ការពារ​ព្រៃ​បាន​។ មើល​ទៅ​ហាក់​ដូចជា ការ​រួម​ចំណែក​ទៅវិញ ជាមួយ​ជនល្មើស»

ក្នុង​ឯកសារ ព្រៃ​ព្រះ​រកា​មាន​ទំហំ​ជាង ៩​ម៉ឺន​ហិកតារ ស្ថិតនៅ​ចន្លោះ​ព្រំប្រទល់​ស្រុក​ត្បែងមានជ័យ ស្រុក​ជាំ​ក្សាន្ត និង​ស្រុក​ឆែប របស់​ខេត្ត​ព្រះវិហារ​។ កាលពី​ចុងខែ កុម្ភៈ ឆ្នាំ​២០២០ ក្រុម​យុវជន ព្រះសង្ឃ និង​សហគមន៍​ព្រៃ​ព្រះ​រកា បាន​យក​ញត្តិ​មាន​ស្នាម​មេដៃ​១៥៤នាក់ ដាក់​ជូន​ក្រសួង​បរិស្ថាន ស្នើ​ឱ្យ​ចាត់វិធានការ​តាមច្បាប់​ចំពោះ​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​ក្នុង​ព្រៃ​អភិរក្ស​មួយ​នេះ​។ ក៏ប៉ុន្តែ​ក្រុម​អ្នក​ស្រឡាញ់​ធនធានធម្មជាតិ​ទាំងនោះ អះអាង​ថា មកទល់​ពេល​ពេលនេះ ក្រសួង​មិនទាន់​ឆ្លើយតប​នឹង​ញត្តិ​របស់​ពួកគេ​នៅឡើយ​ទេ បើ​ទោះ​បី​ជា​ពួកគេ​មាន​ភស្តុតាង​ជាច្រើន បញ្ហា​ពី​សកម្មភាព​ដឹក​ឈើ អំពើពុករលួយ និង​កាប់​ឈើ​ខុសច្បាប់​ក្នុង​ព្រៃ​អភិរក្ស​យ៉ាង​ណា​ក្តី​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល