សង្គម​ស៊ីវិល​ថា បទល្មើស​ព្រៃឈើ​កើន​ឡើង​នៅ​តំបន់​ដែន​ជម្រក​សត្វព្រៃ​ជួរ​ភ្នំក្រវាញ​កណ្ដាល

ដោយ ជាតិ ចំណាន
2020-04-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឈើ​ដែល​ដឹក​ចេញ​ពី​តំបន់​ឧទ្យានជាតិ​ជួរភ្នំក្រវាញ​កណ្តាល ឆ្លង​កាត់​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ត្រូវ​អាជ្ញាធរ​ឃាត់​ចាប់​បាន កាល​ពី​ថ្ងៃទី៤ ខែ​មេសា ឆ្នាំ​២០២០។
ឈើ​ដែល​ដឹក​ចេញ​ពី​តំបន់​ឧទ្យានជាតិ​ជួរភ្នំក្រវាញ​កណ្តាល ឆ្លង​កាត់​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ត្រូវ​អាជ្ញាធរ​ឃាត់​ចាប់​បាន កាល​ពី​ថ្ងៃទី៤ ខែ​មេសា ឆ្នាំ​២០២០។
រូប​លោក ជា ហ៊ាន

អ្នកឃ្លាំមើល​បរិស្ថាន​អះអាង​ថា បទល្មើស​ព្រៃឈើ​នៅតែ​បន្ត​កើតមាន​ច្រើន នៅ​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្ដាល ដែល​ឋិត​នៅ​ចន្លោះ​ខេត្ត​កំពង់ស្ពឺ ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កោះកុង ក្នុង​អំឡុងពេល​ផ្ទុះ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីដ-១៩ ក៏​ប៉ុន្តែ​មន្ត្រី​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ បាន​ច្រាន​ចោល​ការ​លើក​ឡើង​នេះ។

ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៩ មេសា​ថា ប្រភេទ​ឈើ ចំបក់ ផ្ចឹក ឈើទាល និង​សក្រំ មានមុខ​កាត់​ចាប់ពី ៣​តឹក​ឡើង​ទៅ ត្រូវ​បាន​គេ​កាប់​ផ្ដួល និង​ដឹកជញ្ជូន​ចេញពី​ចំណុច​ខ្នងភ្នំ​ក្រពើ ក្នុង​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្ដាល ឆ្លងកាត់​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ដើម្បី​លក់​បន្ត​ឱ្យ​ឈ្មួញ​ដែល​ចាំ​ទិញ​នៅ​ខេត្ត​កំពង់ស្ពឺ។

ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​បំផ្លាញ​ធនធានធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ លោក ជា ហ៊ាន អះអាង​ថា ក្រុម​អ្នក​កាប់​ឈើ និង​អ្នក​ដឹកជញ្ជូន​ឈើ នៅតែ​បំផ្លាញ​ព្រៃឈើ​កាន់តែ​ខ្លាំង អំឡុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ​-១៩​។ លោក​ថា ស្ទើរ​ជា​រៀងរាល់ថ្ងៃ មាន​គោយន្ត​ដឹក​ឈើ ចេញពី​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្ដាល ឆ្លងកាត់​ស្រុក​ឱរ៉ាល់ មិន​ក្រោម ៣០​គោយន្ត​នោះ​ទេ ដោយ​ក្នុង​មួយ​គោយន្ត​អាច​ផ្ទុក​ឈើ​ជាង ១​ម៉ែត្រគូប និង​មាន​ឈើ​ខ្លះ​ទៀត ត្រូវ​គេ​ដឹក​ឆ្ពោះ​ទៅ​ខេត្ត​កោះកុង ឆ្លង​កាន់​ស្រុក​បទុម​សាគរ និង​ស្រុក​ថ្មបាំង​៖ «បី​មាន​ជំងឺ​កូវីដ​១៩ ក៏ដោយ​ក៏​បទល្មើស​ព្រៃឈើ​នៅតែ​កើតមាន​ដដែល​គឺ​អត់​មាន​ថយ​ចុះ​ទេ។ ជន​ប្រព្រឹត្ត​បទល្មើស​លោក​អត់​មាន​គិត​ពី​បញ្ហា​ជំងឺ​កូវីដ​ទេ។ គាត់​គិត​ពី​ផល​ធ្វើ​យ៉ាងម៉េច​កាប់​បំផ្លាញ​ព្រៃឈើ​ធ្វើ​អាជីវកម្ម​តែម្ដង​។ នៅតែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ដដែល​គឺ​អត់​មាន​ថយ​ទេ។ បទល្មើស​នៅតែ​កើត​ដដែល​។ ក្នុង​មួយថ្ងៃ​យ៉ាងហោចណាស់​មាន​ទៅ ៣០ ទៅ ៤០​គោយន្ត​ដែរ»

លោក ជា ហ៊ាន សង្កត់​ធ្ងន់​ថា មន្ត្រី​ជំនាញ​មួយ​ចំនួន​នៅតែ​ពាក់ព័ន្ធ​ជាមួយ​ជនល្មើស​ធ្វើ​អាជីវកម្ម​ឈើ​ខុសច្បាប់ ធ្វើ​ឱ្យ​ជនល្មើស​មិន​ខ្លាច​ច្បាប់ ហើយ​នៅតែ​បន្ត​សកម្មភាព​កាប់​ឈើ​លក់ ចិញ្ចឹមជីវិត​ដដែលៗ​។ លោក​ជឿ​ថា ប្រសិនបើ មន្ត្រី​ឧទ្យានុរក្ស និង​សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ពាក់ព័ន្ធ​អំពើពុករលួយ បទល្មើស​ព្រៃឈើ មិន​អាច​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​សមត្ថកិច្ច​នោះ​ទេ ព្រោះ​ក្រុម​អ្នក​ដឹក​ឈើ​ភាគច្រើន ឆ្លងកាត់​ស្នាក់​ការ​មន្ត្រី​បរិស្ថាន និង​ប៉ុស្តិ៍​នគរបាល​៖ «គាត់​ខ្ចី​លុយ​ធនាគារ​ដើម្បី​ទិញ​គោយន្ត ទិញ​រណា​យន្ត​ទៅ ធ្វើ​សកម្មភាព​នៃ​ការ​កាប់​ឈើ​។ អ៊ីចឹង​បើ​គាត់​ខ្លាច​កូវីដ ១៩​ហ្នឹង គឺថា ដល់​ខែ​ដល់​ថ្ងៃ​គឺ​ត្រូវ​ធនាគារ​រឹបអូស​ហើយ បើសិនជា​គាត់​អត់​មាន​លុយ​បង់»

កាល​ពី​សប្ដាហ៍​មុន ក្រុម​ពលរដ្ឋ​ជិត ១០០​នាក់ បាន​លើកគ្នា​ទៅ​រំដោះ​គោយន្ត​ចំនួន ២០​គ្រឿង ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​អង្គការ​សង្គម​ស៊ីវិល ដែល​ឃាត់​ចាប់​បទល្មើស​ព្រៃឈើ​នៅ​ចំណុច​ឃុំ​ត្រពាំង​ជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ​។ ប្រតិបត្តិ​ការ​បង្ក្រាប​នេះ អាជ្ញាធរ​ជំនាញ​រឹបអូស​ឈើ​បាន​ជិត ២០​ម៉ែត្រគូប ដែល​ឈើ​ទាំងនេះ មាន​ប្រភព​មកពី ដែន​ជម្រក​សត្វព្រៃ​ជួរ​ភ្នំក្រវាញ​កណ្ដាល។

អនុប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​កំពង់ស្ពឺ លោក នៅ ណាក់ ឱ្យ​អាស៊ីសេរី​ដឹង​ថា មក​ទល់​ពេល​នេះ អាជ្ញាធរ​បាន​ឃាត់ខ្លួន​មនុស្ស ៥​នាក់ បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​សំណុំ​រឿង​នេះ​។ ទោះជា​យ៉ាងណា លោក​បដិសេធ​ថា រយៈពេល ៥​ខែ​ចុង​ក្រោយនេះ ពុំ​មាន​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​នោះ​ទេ ព្រោះ​មន្ត្រី​ឧទ្យានុរក្ស បាន​សហការ​ជាមួយ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ចុះ​ល្បាត និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជា​ហូរហែ។ លោក​ថា ស្ថាប័ន​ជំនាញ កំពុង​ពង្រឹង​ការអនុវត្ត​ច្បាប់​ទប់ស្កាត់ ការ​បង្ក្រាប​ធនធានធម្មជាតិ​គ្រប់​រូបភាព ពុំ​មាន​បទល្មើស​ធំដុំ​នោះ​ទេ ក៏ប៉ុន្តែ​លោក​ថា មាន​បទល្មើស​ព្រៃឈើ​តិចតួច​បំផុត​ដែល​ពលរដ្ឋ​លួច​ឆ្មក់​ម្ដងម្កាល​៖ «បញ្ហា​នេះ​ខ្ញុំ​បាន​ពង្រឹង​ការអនុវត្ត​ច្បាប់​មិន​ឱ្យ​មាន​បទល្មើស​ធនធាន​ធម្មជាតិ​។ អ៊ីចឹង​យើង​បាន​ធ្វើ​ការ​ច្រើន​ហើយ មក​ដល់​បច្ចុប្បន្ន​នេះ​បទល្មើស​ដូចជា​អត់​សូវ​មាន រយៈពេល ៤ ទៅ ៥​ខែ ក្រោយ​មក​គឺ​យើង​បាន​ទប់ស្កាត់​អស់»

សកម្មជន​បរិស្ថាន លោក ហេង ស្រស់ ឱ្យដឹង​ថា ក្រុម​យុវជន​មាន​គម្រោង​ធ្វើ​យុទ្ធនា​ការ​ចុះ​ផ្សព្វផ្សាយ និង​សិក្សា​ស្វែងយល់ ពី​ស្ថានភាព​ព្រៃឈើ​នៅ​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្ដាល ក្នុង​ខេត្ត​កំពង់ស្ពឺ នៅ​ពេល​ឆាប់ៗ​នេះ​។ លោក​ថា ពលរដ្ឋ​នៅ​មូលដ្ឋាន ភ័យខ្លាច​ក្នុង​ការ​ចូលរួម​ការពារ​ធនធានធម្មជាតិ ព្រោះ​ក្រសួង​បាន​រឹតត្បិត និង​គំរាមកំហែង​លើ​សកម្មជន​ព្រៃឈើ​មួយ​ចំនួន ហេតុដូច្នេះ​ពួកគេ​កំពុង​រក​វិធីសាស្ត្រ ជំរុញ​ឱ្យ​ពលរដ្ឋ​ទាំងអស់ ត្រូវ​បង្កើន​ភាព​ក្លាហាន​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​សល់​ចុងក្រោយ​៖ «ខ្លាច​តែ​រដ្ឋាភិបាល​មិនបាន​ស្រែក​គាត់​បែរជា​បណ្ដែតបណ្ដោយ​ឱ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ ហើយ​មន្ត្រី​មួយ​ចំនួន រាយការណ៍​កុហក​រដ្ឋាភិបាល អានេះ​ហើយ​ជា​វិនាសកម្ម​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា​។ អ្នក​កាប់​ឈើ​ទាំងអស់​ហ្នឹង វា​មិនដែល​ខ្លាច​ជំងឺ​ហ្នឹង​ទេ គឺ​ពួកគេ​កំពុងតែ ស្រក់ទឹកមាត់ គឺ​វា​ជា​ឱកាស​របស់​ពួកគេ ក្នុង​ការ​ចូល​ទៅ​កាប់​និង​ដឹកជញ្ជូន ចូល​ក្នុង​តំបន់​ព្រៃ​ការពារ​ទាំងអស់​ហ្នឹងហើយ»

តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្ដាល ដែល​ឋិត​នៅ​ចន្លោះ​ខេត្ត​កោះកុង ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​ពោធិ៍សាត់ ជា​តំបន់​ការពារ​ដោយ​ព្រះរាជ្យក្រឹត្យ មាន​ផ្ទៃដី​រាប់​សែន​ហិកតារ​។ ព្រៃ​អភិរក្ស​មួយ​នេះ ទទួលរង​ការ​កាប់​ឈើ​មាន​តម្លៃ និង​កាប់​រុករាន​ទន្ទ្រានព្រៃ​យក​ដី​ធ្វើ​ចម្ការ ជាច្រើន​ឆ្នាំ​មក​ហើយ។

អ្នកឃ្លាំមើល​បរិស្ថាន​អះអាង​ថា ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ និង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​សំកុស ក៏​ទទួល​រង​ការ​កាប់​ឈើ​មាន​តម្លៃ​ខុស​ច្បាប់ មាន​ការ​កើន​ឡើង​ដូចគ្នា​ដែរ អំឡុង​ពេល​រីក​រាលដាល​ជំងឺ​ដ៏​សាហាវ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល