ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន​ថា ការ​នាំ​ឈើ​ខុសច្បាប់​ឆ្លងដែន​ទៅ​ក្រៅ​ប្រទេស​កើត​មាន​ច្រើន​អំឡុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ-១៩

ដោយ ហេង រស្មី
2020-04-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ដើម​ឈើ​ទាល ឬ​ដើម​ឈើ​ផលិត​ជ័រទឹក ក្នុង​ព្រៃឡង់​ខេត្ត​ក្រចេះ ត្រូវ​គេ​កាប់​រំលំ កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០២០។
ដើម​ឈើ​ទាល ឬ​ដើម​ឈើ​ផលិត​ជ័រទឹក ក្នុង​ព្រៃឡង់​ខេត្ត​ក្រចេះ ត្រូវ​គេ​កាប់​រំលំ កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០២០។
រូបភាព៖ សកម្មជន​បរិស្ថាន

ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន​អះអាង​ថា សកម្មភាព​ដឹកជញ្ជូន​ឈើចេញពី​ក្រុមហ៊ុន​អង្គរ​ប្លាយវូដ (Angkor Plywood) នៅតែ​កើតមាន​ស្ទើរ​ជា​រៀងរាល់ថ្ងៃ យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ផ្លូវ​ទឹក និង​ផ្លូវគោក អំឡុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ-១៩​។ ពួកគេ​បារម្ភ​ថា បញ្ហា​នេះ​នឹង​ក្លាយ​ជា​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា ខណៈ​ដែល​រដ្ឋាភិបាល​នៅតែ​គ្មាន​ជំហរ​ច្បាស់លាស់ ក្នុង​ការ​អនុវត្ត​ច្បាប់​ព្រៃឈើ​ឱ្យ​គ្រប់​ជ្រុងជ្រោយ​នៅឡើយ។

សកម្មជន​បរិស្ថាន និង​ក្រុម​យុវជន សង្កេត​ឃើញ​ថា អំឡុង​ពេល​ដែល​កម្ពុជា​ផ្ទុះ​ជំងឺ​កូវីដ-១៩ ក្រុម​ឈ្មួញ​បាន​ឆក់​ឱកាស​នេះ បន្ត​ជួញដូរ​ឈើ និង​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​រលូន ពុំ​មាន​ការរារាំង​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​នោះ​ឡើយ​។ ពួកគេ​រក​ឃើញ​ថា រដ្ឋាភិបាល​បាន​ហាម​មិន​ឱ្យ​ប្រជាជន​ដើរហើរ​ច្រើន និង​បិទ​សាលារៀន​ជាដើម ក៏ប៉ុន្តែ​បែរជា មិន​បិទ​រោងចក្រ​អារ​ច្រៀក​ឈើ របស់​ក្រុមហ៊ុន​អង្គរ​ប្លាយវូដ និង​ក្រុមហ៊ុន​ស៊ីងបាយអូថេក (THINK BIOTECH CAMBODIA) ដែល​កំពុង​ប្រមូល​ឈើ​ខុសច្បាប់​ចេញពី​តំបន់​ព្រៃឡង់។

សកម្មជន​បរិស្ថាន ដែល​ចូលរួម​ធ្វើ​យុទ្ធនាការ និង​ជា​កូនប្រុស​លោក ឈុត វុទ្ធី លោក ឆឺយ ឧត្តមរស្មី ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៥ មេសា ថា រដ្ឋាភិបាល​ត្រូវតែ​ផ្អាក​សកម្មភាព របស់ ក្រុមហ៊ុន ស៊ីងបាយអូថេក ដែល​កំពុង​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ រួច​ដឹកជញ្ជូន​ចូល​ដេប៉ូ​ធំ នៅ​ម្តុំ​ព្រែកតាមាក់ ជាយ​ក្រុង​ភ្នំពេញ ដើម្បី​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​។ លោក​សង្កេត​ឃើញ​ថា នៅ​ថ្ងៃ​ទី១៤ និង​ថ្ងៃ​ទី១៥ ខែ​មេសា​នេះ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ក៏​មាន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ដេប៉ូ​របស់​ក្រុមហ៊ុន​អង្គរ​ប្លាយវូដ ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ដែរ​។ លោក​ថា ការ​នាំ​ឈើ​ចេញទៅ​ក្រៅ​ប្រទេស​តាម​ច្រក​ព្រំដែន​អន្តរជាតិ ក្នុងស្រុក​ស្នូល​ខេត្ត​ក្រចេះ និង​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ក៏​នៅតែ​បន្ត​កើតមាន​ច្រើន ដោយ​គ្មាន​អនុវត្ត​ច្បាប់​៖ «ដោយសារ​តែ​មាន​រោគ​ជំងឺ​កូវីដ១៩ ហ្នឹង​ចូល​មក ធ្វើ​ឱ្យ​ជន​ឆ្លៀតឱកាស​មួយ​ចំនួន នៅតែ​បន្ត​ធ្វើ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ហើយ​ដែល​រដ្ឋាភិបាល​មិនបាន​យកចិត្តទុកដាក់ ពី​បញ្ហា​ហ្នឹង​។ អ៊ីចឹង​ហើយ ធ្វើ​ឱ្យ​ការ​កាប់​បំផ្លាញ​ហ្នឹង កាន់តែ​ងាយស្រួល កាន់តែ​រលូន​ទៅទៀត​។ រោងចក្រ​អារ​ឈើ នៅតែ​បើក ហើយ​ការ​ដឹកជញ្ជូន​ទៅ​វៀតណាម នៅ​តែ​មាន ទោះ​ពី​មានការ​បិទ​ព្រំដែន​ម៉េច​ក៏ដោយ»

ចំណែក សកម្មជន​បរិស្ថាន​ម្នាក់ទៀត លោក ហេង ស្រស់ ឱ្យដឹង​ថា ក្រុមហ៊ុន​អង្គរ​ប្លាយវូដ ទទួល​សិទ្ធិ​នាំ​ឈើ​យក​ទៅ​លក់ នៅ​ក្រៅ​ប្រទេស ហើយ​ឈើ​ដែល​នាំទៅ​ក្រៅ​ប្រទេស​ភាគច្រើន មាន​ប្រភព​ពី​ដែន​ជម្រក​សត្វព្រៃ​ឡង់ ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្ដាល និង​ព្រៃ​អភិរក្ស​ផ្សេងទៀត ដែល​គេ​បន្លំ​ជា​ឈើ​ស្របច្បាប់​។ លោក​យល់ថា ក្រុមហ៊ុន​អង្គរ​ប្លាយវូដ ក្រុមហ៊ុន​ធីង៉ា (THY NGA CO., LTD. DEVELOPMENT AND INVESTMENT) និង​ក្រុមហ៊ុន​ស៊ីងបាយអូថេក ហាក់បីដូច​ជា​មាន​ម្ចាស់​តែមួយ កំពុង​ធ្វើ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ ក្នុង​ព្រៃ​អភិរក្ស​ទ្រង់ទ្រាយ​ធំ​៖ «រាជរដ្ឋាភិបាល​ហាក់បីដូចជា គ្មាន​ឆន្ទៈ​បង្ក្រាប​ទាល់តែសោះ ទោះបីជា​ក្រុម​សកម្មជន អ្នក​ដែល​ស្រឡាញ់​បរិស្ថាន​គាត់​ទាមទារ​យ៉ាងណាក៏ដោយ ប៉ុន្តែ​ហាក់​បី​ដូច​ពួកគាត់​ធ្វើ​ព្រងើយកន្តើយ ហាក់បីជា មិន​ហ៊ាន​ធ្វើ​អី​ទៅ​អ្នក​ដែល​កាប់​បំផ្លាញ​ព្រៃឈើ​ហ្នឹង​។ ជាពិសេស​ក្រសួងបរិស្ថាន និង​ក្រសួង​កសិកម្ម ហាក់​បី​ជា​មិន​អើពើ​ចំពោះ​ក្រុមហ៊ុន​ទាំងនោះ ទោះបីជា មាន​ព័ត៌មាន អន្តរជាតិ និង​ថ្នាក់​ជាតិ គាត់​ខំប្រឹង​ស្រែក​យ៉ាង​ណា​ក៏​ដោយ ហាក់បីដូចជា មិន​អើពើ​ចំពោះ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ហ្នឹង»

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា អ្នក​ទទួលខុសត្រូវ​ក្នុង​រឿង​នេះ មាន​ក្រសួង​កសិកម្ម និង​ក្រសួងបរិស្ថាន ហើយ​អ្នក​ដែល​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ ឆ្លងដែន​ទៅ​ក្រៅ​ប្រទេស មាន​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ដែល​អនុវត្ត​បទបញ្ជា​របស់​រដ្ឋាភិបាល​។ ចំពោះ​សំណួរ​ថា សកម្មជន​បរិស្ថាន បាន​ចោទ​ក្រសួង​ទាំងនេះ និង​គណៈកម្មការ​ជាតិ​ថា ធ្វេសប្រហែស បណ្តែតបណ្តោយ​ឱ្យ​មាន​បទ​ល្មើស​ព្រៃឈើ តើ​រដ្ឋាភិបាល​គួរតែ​ពិនិត្យ​ឡើង​វិញ ពី​ប្រសិទ្ធភាព​ការងារ​របស់​ក្រសួង​ទាំងនេះ​ឬទេ​? លោក ផៃ ស៊ីផាន ថា លោក​មិន​ឆ្លើយ​សំណួរ​នេះ​ទេ ព្រោះ​លោក​មិន​បាន​ឃើញ​ស្ថានភាព​នេះ​ជាក់ស្ដែង​។ លោក​បន្ថែម​ថា កន្លងមក ស្ថាប័ន​ជំនាញ​ទាំងនេះ​បាន​ទទួល​ខុសត្រូវ​ខ្ពស់ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន និង​បង្ហាញ​របាយការណ៍​ជា​វិជ្ជមាន​រួចហើយ​៖ «អ្នក​ដែល​មាន​ចម្លើយ​មិនមែន​ខ្ញុំ​ទេ គឺ​អ្នក​ទាំង ៣​ហ្នឹង គេ​ជា​អ្នក​អនុវត្ត​បទបញ្ជា​របស់​រដ្ឋាភិបាល​។ រីឯ​បិទ​រោងចក្រ​អារ​ឈើ អា​ហ្នឹង​សិប្បកម្ម​ផង ពាក់ព័ន្ធ ក្រសួងកសិកម្ម​។ ដូច្នេះ សួរ​គេ​ខាង​ហ្នឹង តើ​គាត់​យល់ឃើញ យ៉ាងម៉េច​? អ្នក​ទាំងអស់​ហ្នឹង​គាត់​សំណូមពរ​ឱ្យ​បិទ​រោងចក្រ​ហ្នឹង?»

អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី បាន​ផ្ដាច់​ទូរស័ព្ទ នៅ​ពេល​អាស៊ីសេរី​សួរ​រឿង​នាំ​ឈើ​ទៅ​ក្រៅ​ប្រទេស។

រីឯ​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម លោក ស្រី វុឌ្ឍី មិន​ដែល​លើក​ទូរស័ព្ទ ឆ្លើយ​តប​រឿង​បទល្មើស​ព្រៃឈើ​ជាមួយ​អាស៊ីសេរី​នោះ​ទេ មក​ដល់​ពេល​នេះ។

សកម្មជន​បរិស្ថាន រក​ឃើញ​ថា មក​ទល់​ពេល​នេះ មាន​ក្រុមហ៊ុន​ធំៗ​ចំនួន ៣ មាន​រោងចក្រ​អារ​ឈើ​ខ្នាត​ធំ​ជាប់​ព្រៃឡង់ គឺ​ក្រុមហ៊ុន​ស៊ីងបាយអូថេក ក្រុមហ៊ុន​អង្គរ​ប្លាយវូដ និង​ក្រុមហ៊ុន​ធីង៉ា អភិវឌ្ឍន៍ និង​វិនិយោគ។ ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន​ទាំងនេះ កំពុង​ដំណើរ​ការ​ធ្វើ​អាជីវកម្ម​ឈើ​យ៉ាង​សស្រាក់សស្រាំ ដឹក​ចេញពី​តំបន់​ព្រៃ​ឡង់ យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស។

ក្រុម​សកម្មជន​អះអាង​ថា មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ដែល​ឈរជើង នៅ​តំបន់​នោះ មិន​ហ៊ាន​អនុវត្ត​ច្បាប់ លើ​ក្រុមហ៊ុន​ទាំង​នោះ​ទេ ព្រោះ​មាន​អ្នក​មាន​អំណាច កាង​នៅ​ពី​ក្រោយ​ខ្នង។

អាស៊ីសេរី​នៅ​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​តំណាង​ក្រុមហ៊ុន ទាំងនេះ​នៅឡើយ​ទេ នៅ​ថ្ងៃ​ដដែល​នេះ ក៏ប៉ុន្តែ​ក្រុមហ៊ុន​ស៊ីងបាយអូថេក ធ្លាប់​បាន​បដិសេធ​ថា ក្រុមហ៊ុន​មិន​ពាក់ព័ន្ធ​នឹង​ការ​កាប់​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល